លោក ស ខេង អះ​អាង​ជា​ថ្មីថា គ្មានសង្គមស៊ីវិលណាស្ថិតក្នុងបញ្ជីខ្មៅទេ


|
https://www.vodhotnews.com

លោក ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អញ្ជេីញជាអធបតី​ ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង​ រាជរដ្ឋាភិបាល​ និងអង្គការសង្គមសុីវិល​ (លេីកទី២)​ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២កេីត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ត្រូវនឹងថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩​ នៅទីស្ដីការក្រសួងមហាផ្ទៃ​ ។ រូបភាំព៖ ហ្វេសប៊ុក លោក ស ខេង

រដ្ឋាភិបាលបានច្រានចោលក្ដីកង្វល់របស់ក្រុម​សង្គមស៊ីវិលក្នុងស្រុកដែលបាន​លើក​ឡើង​អំពី​ការគំរាមកំហែង ការដាក់ឲ្យស្ថិតក្នុងបញ្ជីខ្មៅ និងការចោទថាចូលរួមក្នុងបដិវត្តន៍ពណ៌។

នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះក្រសួងមហាផ្ទៃបានរៀបចំវេទិកាមួយស្ដីអំពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាលើកទី២ដោយថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងភាគីពាក់ព័ន្ធ។ 

ថ្លែងបើកនៅក្នុងពិធីនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានបដិសេធ​ថា រដ្ឋាភិបាលមិនបានរារាំង លាបពណ៌ ឬដាក់សង្គមស៊ីវិលណាមួយចូលទៅក្នុងបញ្ជីខ្មៅដូចការចោទប្រកាន់ឡើយ។ លោកអះអាងថា វិធានការទាំងឡាយរបស់រដ្ឋាភិបាលកាលពីពេលកន្លងមក គឺជាការអនុវត្តច្បាប់ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

លោក ស ខេង ថ្លែងបន្ដថា រដ្ឋាភិបាលបានបន្ដពង្រឹងលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនៅក្រោយពេលឈ្នះឆ្នោតដូចជា អនុញ្ញាតឲ្យអ្នកជាប់បំរាមអាចមានសិទ្ធិធ្វើនយោបាយឡើងវិញ​លើកកម្ពស់ភាពជាដៃគូជាមួយសង្គមស៊ីវិល ធានាសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិនិងសហជីពជាដើម។

ក្នុងពិធីនេះ លោក ស ខេង ថ្លែងថា៖ «មានការលើកឡើងថា អង្គការមួយចំនួនស្ថិតក្នុងបញ្ជីខ្មៅ មិនដឹងថា អង្គការស្ថិតក្នុបញ្ជីខ្មៅ ឬស្ថិតក្នុងបញ្ជី ស មិនដឹង [….] លើកលែងតែមានការសុំពីអង្គការសាមីណាមួយនោះដែលសុំលុបចេញពីបញ្ជីខ្មៅ យើងខ្ញុំលុបតាមសំណូមពរ ប៉ុន្ដែ អង្គការទាំងអស់ដែលអត់មានសំណូមពរ គឺនៅក្នុងបញ្ជីស្របច្បាប់ទាំងអស់។ បើនៅក្នុងបញ្ជីស្របច្បាប់ យើងមិនអាចនិយាយថា នៅក្នុងបញ្ជីខ្មៅទេ»។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយវេទិកានេះនាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្ដិការដើម្បីកម្ពុជា លោក សឿង សារឿនមានប្រសាសន៍ថា បើទោះបីជារដ្ឋាភិបាលបានចេញ​សេចក្ដីណែនាំមួយចំនួនក៏ដោយ ប៉ុន្ដែ សង្គមស៊ីវិលនិងអាជ្ញាធរនៅថ្នាក់មូលដ្ឋាននៅតែមានការខ្វែងគំនិតគ្នា។

លោក សឿង សារឿន ក៏ស្នើឲ្យរដ្ឋាភិបាលកែលម្អចំណុចមួយចំនួន ដើម្បីធានាការចូលរួមរបស់ភាគីសង្គមស៊ីវិលដូចជា កែច្បាប់ និងលុបចោលបទប្បញ្ញត្តិដែលរារាំងសកម្មភាពរបស់ពួកគេ ឲ្យសង្គមស៊ីវិលធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែង និងរៀបចំកិច្ចពិភាក្សាជាប្រចាំ ដើម្បីជជែក និងដោះស្រាយបញ្ហាដែលពួកគេជួបប្រឈម។

លោកបន្ដថា៖ «សង្គមស៊ីវិលយើងមានបទពិសោធន៍ច្រើននៅពេលយើងធ្វើសកម្មភាពនៅមូលដ្ឋាន អាជ្ញាធរមូលដ្ឋានមួយចំនួនគាត់នៅមិនទាន់យល់ ការអនុវត្តរបស់គាត់ក៏មិនបានពេញលេញទៅនឹងសេចក្ដីណែនាំ […] ហើយក្នុងសំណើទាំង១២ចំណុច ចំណុចទី១ គឺស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ ដើម្បីបើកទូលាយឲ្យអង្គការ សមាគម ធ្វើសកម្មភាព»។

មន្ត្រី​ឃ្លាំ​មើ​លការបោះឆ្នោតនៅអង្គការ​ខុមហ្វ្រែល លោកកន​ សាវាង្ស រំលឹកថា កន្លងមក ក្រុមអង្គការសង្គមស៊ីវិល ជាពិសេស អតីតបន្ទប់ស្ថានការណ៍បោះឆ្នោតបានទទួលរងការគំរាមកំហែង
និងតាមដានពីសំណាក់អាជ្ញាធរ បន្ទាប់ពីរដ្ឋាភិបាលចោទប្រកាន់ជាចំហរថា ពួកគេចូលរួមក្នុងចលនាបដិវត្តន៍ពណ៌។

លោក កន សាវាង្ស លើក​ឡើងថា រដ្ឋាភិបាលត្រូវមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះនិងបើកចំហរឲ្យសង្គមស៊ីវិលទាំងអស់អាចចូលរួម និងធ្វើសកម្មភាពដោយសេរីដើម្បីពង្រឹងភាពជាដៃគូ និងចូលរួមក្នុងការអភិវឌ្ឍជាតិ។

លោក កន សាវាង្ស ប្រធានផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល


លោកបន្ដថា៖ «មិនមែនត្រឹមខ្ញុំទេ ប៉ុន្ដែ អតីតបន្ទប់ស្ថានការណ៍ជាង ៤០ស្ថាប័ន សុទ្ធតែត្រូវបានតាមដានអំពីការលើកឡើងរបស់នាយករដ្ឋមន្ដ្រីកន្លងមក ក្រោយឆ្នាំ២០១៧ហ្នឹង។ ក្នុងហ្នឹង មានអង្គការមួយចំនួនក៏ត្រូវបានសៀវភៅ «ស» កត់ទៅជាអ្នកចូលរួមក្នុងបដិវត្តន៍ពណ៌ […] យើងទាំងអស់គ្នាមិនមែនត្រឹមតែខ្ញុំមួយទេ សង្ឃឹមថា រដ្ឋាភិបាលធ្វើកិច្ចការមួយដោយតម្លាភាព កុំយកសង្គមស៊ីវិលធ្វើជាសត្រូវរបស់ខ្លួន»។

កាលពីខែកុម្ភៈ​ឆ្នាំមុន រដ្ឋាភិបាលបានចេញផ្សាយសៀវភៅ «ស» ដែលអះអាងថា កម្ពុជាកំពុងកើតមាននូវបដិវត្ដន៍ពណ៌មួយដែលរៀបចំឡើងដោយអតីតគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្នុងសៀវភៅនោះ រដ្ឋាភិបាលក៏បានចោទប្រកាន់អង្គការជាង ៣០០ថា បានចូលរួមក្នុងបដិវត្តន៍នោះផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles