លោក ​ស ​ខេង ​គាំទ្រ​សំណើ​សុំ​​ធ្វើ​វិសោធកម្ម​មាត្រា ​ដែល​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ​រឹត​ដ្បិត​

ដោយ អេង គីមហុង
17/01/2019
RFI

media
លោក ឧបនាយករដ្ឋ​មន្រ្តី ​ស ខេង ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា
@facebook/នគរបាលជាតិ


លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​គាំទ្រ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល ដែល​សមាគម និង​អង្គការ​ទាំង​នោះ​យល់​ថា រឹត​ដ្បិត​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​។ ការ​គាំទ្រ​នេះ​ធ្វើ​ឡើង​ ក្នុង​វេទិកា​ស្តី​ពី​ភាព​ជា​ដៃ​គូ​រវាង​រាជ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​នេះ នា​ក្រសួង​មហាផ្ទៃ​។ 

តាម​រយៈ​វេទិកា​ស្តី​ពី​ភាព​ជា​ដៃ​គូ​រវាង​រាជ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​ផ្ដល់​ក្បាល​មេក្រូ​ដល់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឬ​សមាគម​លើក​ឡើង​ឲ្យ​អស់​នូវ​អ្វី ដែល​ពួក​គេ​ចង់​ឲ្យ​រដ្ឋាភិបាល​ពិសេស​ក្រសួង​មហាផ្ទៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​។ ក្នុង​នោះ​ក្រសួង​មហាផ្ទៃ​នឹង​ទទួល​យក​យោបល់​ទាំង​នោះ​មក​កែ​លម្អ​។

ទន្ទឹម​នឹង​ការ​គាំទ្រ​ក្នុង​ការ​ធ្វើ​វិសោធកម្ម​មាត្រា​មួយ​ចំនួន ដែល​សង្គម​ស៊ីវិល​ឬ​សមាគម​យល់​ថា រឹត​ដ្បិត លោក ស ខេង ក៏​បាន​រំឭក​ឲ្យ​ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ប្រយោជន៍​រួម។ សម្រាប់​រដ្ឋមន្ត្រី្ក​ក្រសួង​មហាផ្ទៃ ទោះ​បី​គាំទ្រ​ក៏​ដោយ មិន​មែន​មាន​ន័យ​ថា សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ ឬ​សមាគម​ត្រូវ​បាន​រឹត​ដ្បិត​ទាំង​ស្រុង​នោះ​ទេ ពោល​គឺ​តែង​មាន​ចន្លោះ​ប្រហោង​នៅ​ថ្នាក់​មូល​ដ្ឋាន​ចៀស​មិន​ផុត​ឡើយ​។

សូមជម្រាបថា ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មានអាយុកាល៤ឆ្នាំហើយគិតមកដល់ពេលនេះ ក្រោយ​ត្រូវ​បាន​អនុម័ត​​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​​២០១៥​។ នៅ​មុន​ពេល​មាន​ការ​អនុម័ត​ច្បាប់​នេះ ​មាន​អង្គការ​សង្គម​ស៊ីវិល​ សហជីព​ និង​កម្មករ​ជាច្រើន​រួម​ទាំង​តំណាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ ​បាន​ស្នើ​ទៅ​រដ្ឋសភា​ឲ្យ​​កែប្រែ​មាត្រា​មួយ​ចំនួន​លើ​ច្បាប់​ស្តី​ពី​ «​សមាគម​ និង​អង្គការ​» មួយ​នេះ​។ នេះក៏ដោ​យសារតែពួកគេយល់ថា ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ជា​​ឧបករណ៍​មួយ​ប្រើ​សម្រាប់​រឹត​បន្តឹង​លំហសកម្មភាព​ការងារ​របស់​​សង្គម​ស៊ីវិល​ជាពិសេស​​អង្គការ​សិទ្ធិ​មនុស្ស​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​។ ជាក់​ស្ដែង​វិសោធកម្ម​ពីរ​ចំណុច ដែល​លោក​ចង់​ឲ្យ​កែ​សម្រួល​គឺ​វិធាន​ការណ៍​ផ្នែក​រដ្ឋបាល ដែល​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មុន​ធ្វើ​សកម្មភាព​ និង​ការ​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​។ ការ​បង់​ពន្ធ​ប្រចាំ​ឆ្នាំ បើ​តាម​លោក សន ជ័យ ជា​បន្ទុក​មួយ​ធ្ងន់​សម្រាប់​អង្គការ​និង​សមាគម ព្រោះ​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​បាន​រក​ប្រាក់​ចំណេញ​ឡើយ​។

ប៉ុន្តែ​យ៉ាង​ណា​ក្ដី លោក ស ខេង បញ្ជាក់​ជា​ថ្មី​បន្ថែម​ពី​លើ​សេចក្ដី​ជូន​ដំណឹង​កន្លង​មក ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិល ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន​ធ្វើ​សកម្មភាព​ទៀត​ឡើយ​។ ក្នុង​នោះ​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រូល​ដល់​អង្គការ​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការ​លំអៀង​។ លើស​ពី​នេះ សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តជាតិ ក៏​ត្រូវ​បន្ត​ផ្ដល់​ការ​គាំទ្រ​មក​កម្ពុជា​វិញ​ដែរ ខណៈ​បច្ចុប្បន្ន អង្គការ និង​សមាគម​ជាង​៥ពាន់ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​៕

What Next?

Recent Articles