អ្នកវិភាគ​រិះគន់​របប​លោក ហ៊ុន សែន ដែល​យក​មុខមាត់​ស្ថាប័ន​បរទេស​ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ

ដោយ មាន ឫទ្ធិ
2019-01-16
RFA

លោក ហ៊ុន សែន (រូប​កណ្ដាល​លើក​ដៃ) ចូលរួម​ក្នុង​កម្មវិធី​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ហៅ​កាត់​ថា ACC នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩។ Photo courtesy of Hun Sen Facebook Page
លោក ហ៊ុន សែន (រូប​កណ្ដាល​លើក​ដៃ) ចូលរួម​ក្នុង​កម្មវិធី​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ហៅ​កាត់​ថា ACC នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩។ Photo courtesy of Hun Sen Facebook Page


អ្នកវិភាគ​លើកឡើង​ថា របប​លោក ហ៊ុន សែន កំពុង​ព្យាយាម​ប្រើប្រាស់​រូបភាព​នៃ​ការចូលរួម​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​បរទេស ដែល​មាន​កេរ​ឈ្មោះ​ស្រពិចស្រពិល​នៅ​លើ​ឆាក​អន្តរជាតិ ធ្វើជា​យុទ្ធសាស្ត្រ​នយោបាយ​ក្នុង​គោលដៅ​បោក​បញ្ឆោត​ប្រជារាស្ត្រ​ខ្មែរ ឲ្យ​យល់ថា របប​ខ្លួន​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ​ពិតប្រាកដ​កំពុង​ថ្កោលទោស​ជុំ​ទិស។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​របប​លោក ហ៊ុន សែន ទើបនឹង​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ដំបូងបង្អស់​រយៈពេល​ពីរ​ថ្ងៃ នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ហៅ​កាត់​ថា ACC ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា (ICAPP) រួចមក។អ្នកវិភាគ​នយោបាយ​បណ្ឌិត មាស នី មើល​ឃើញ​ថា ក្រោយ​របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត​ដ៏​ចម្រូងចម្រាស ដែល​រង​ការរិះគន់​ជុំ​ទិស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​បាន​ដោយ​ជោគជ័យ​រួចមក​នោះ របប​នេះ​បាន​សម្រុក​ធ្វើ​យុទ្ធ​ការ​ការទូត​យ៉ាង​សកម្ម​ទាំង​ក្នុង និង​ក្រៅ​ស្រុក ជាពិសេស​តាមរយៈ​រូបភាព​នៃ​សកម្មភាព​ចូលរួម ឬ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជាមួយ​បរទេស ដើម្បី​អួតអាង​ប្រាប់​ពលរដ្ឋ​ថា របប​របស់​ខ្លួន​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ៖ «បើ​យើង​មើល​ពី​របៀប​ដែល​រដ្ឋាភិបាល​ធ្វើជា​វិធីសាស្ត្រ​ក៏បាន ឬ​ជា​យុទ្ធសាស្ត្រ​ក៏បាន ក្រោយពី​ការប្រកាស​ថា​បាន​ជាប់ឆ្នោត ឆ្នាំ​២០១៨ ភ្លូក​ទឹក​ភ្លូក​ដី​គឺ​យើង​ឃើញ​ថា រដ្ឋាភិបាល​បាន​បញ្ជូន​គណៈប្រតិភូ​ទៅ​ក្រៅ​ច្រើន​មែនទែន គឺ​ពេលខ្លះ​ស្ទើរ​តែ​រាល់​អាទិត្យ។ ការ​ធ្វើ​បែបនេះ គឺ​មិន​មាន​អ្វី​ក្រៅពី​ការ​បង្ហាញ​ពី​មោទនភាព​របស់​ខ្លួន​ដើម្បី​ឌឺដង​ជាមួយ​គណបក្សប្រឆាំង​ថា រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​ទទួលស្គាល់ ព្រោះ​បក្ស​ប្រឆាំង​និយាយ​ថា រដ្ឋាភិបាល​នេះ​ជា​រដ្ឋាភិបាល​ខុសច្បាប់។ អ៊ីចឹង​សម្រាប់​ការ​ភ្ជាប់​ខ្លួន​ជាមួយ ICAPP នេះ​មិន​ខុស​អ្វី​ពី​ទិដ្ឋភាព​ដែល​ខ្ញុំ​បាន​លើកឡើង​នេះ​ទេ គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​បង្ហាញ​មក​ឲ្យ​ពលរដ្ឋ​មើល​ថា …​កុំ​ចេះតែ​ចោទ​ថា រដ្ឋាភិបាល​ហ្នឹង​មិនបាន​ត្រូវ​អន្តរជាតិ​ទទួលស្គាល់​អីចឹង»

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន ទើបបាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ដំបូងបង្អស់​រយៈពេល​ពីរ​ថ្ងៃ នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ហៅ​កាត់​ថា ACC ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី ហៅ​កាត់​ថា ( ICAPP ) ដែល​មាន​កេរ​ឈ្មោះ​ដ៏​ស្រពិចស្រពិល​នៅ​លើ​ឆាក​អន្តរជាតិ​រួចមក។ របប​ក្រុងភ្នំពេញ​អះអាង​ថា កិច្ចប្រជុំ​នេះ មាន​អ្នកចូលរួម​ជាង ៨០០​នាក់ ដោយមាន​តំណាង​មក ២៦​ប្រទេស នៅ​ទូទាំង​ទ្វីប​អាស៊ី ជាពិសេស​ចិន រុស្ស៊ី និង​វៀតណាម​ជាដើម។ លោក ហ៊ុន សែន បាន​ក្លាយ​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ACC ដែល​ទើបបាន​ប្រកាស​បង្កើត​ជា​ផ្លូវការ។ របប​ក្រុងភ្នំពេញ បាន​ហៅ​ការ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ គឺជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​វិស័យ​ការទូត​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ដោយ​អះអាង​ថា កម្ពុជា​កាន់តែ​មានការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ និង​ថា​ព្រឹត្តិការណ៍​នេះ ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផ្នែក​វប្បធម៌​ទាំង​រូបិយ និង​អ​រូបិយ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​ផង។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត គឺ​លោក គឹម សុខ មើល​ឃើញ​ថា ស្ទើរ​តែ​គ្រប់​ដំណាក់កាល​ទាំង​អស់​ដែល​លោក ហ៊ុន សែន ជួប​វិបត្តិ​ក្នុង​រឿង​គ្មាន​ការ​ទទួលស្គាល់​របប​ថ្មីថ្មោង​របស់​លោក ពោល​តាំងពី​ពេល​ដែល​លោក ហ៊ុន សែន បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដណ្ដើម​អំណាច​កាលពី​ឆ្នាំ១៩៩៧ មក​ម្ល៉េះ ហើយ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ លោក ហ៊ុន សែន តែង​ព្យាយាម​បង្កើត​បក្សពួក​ជាមួយ​ប្រទេស​ដទៃ​ទៀត ជាពិសេស​ក្រុម​ប្រទេស​ប្លុក​កុម្មុយនិស្ត ដើម្បី​បន្លំ​ពលរដ្ឋ​ថា មាន​បរទេស ឬ​អន្តរជាតិ​នៅ​គាំទ្រ​លោក​ជានិច្ច។ លោក​ថា លោក ហ៊ុន សែន ធ្វើ​ដូច្នេះ ដើម្បី​ទប់ស្កាត់​ប្រតិកម្ម​ប្រឆាំង​របស់​ពលរដ្ឋ​មក​លើ​ការ​គ្រប់​គ្រប់បែប​ផ្ដាច់ការ និង​ហិង្សា​របស់​លោក​ដោយ​ប្រការ​ណាមួយ​នោះ៖ «ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​ទៀត គាត់​រឹតតែ​ត្រូវការ​គឺថា ទោះបីជា​អង្គការ​នោះ មាន​កម្រិត​នៃ​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​កម្រិត​ណា​ក៏ដោយ មានការ​ទទួលស្គាល់​ក្នុង​តំបន់​កម្រិត​ណា​ក៏​ដោយ ឬក៏​គ្មាន​ការ​ទទួលស្គាល់​សោះ​ក៏ដោយ ហើយក៏​ជា​សម្ពន្ធភាព​នៃ​ក្រុម​ប្រទេស​កុម្មុយនិស្ត​កម្រិត​ណា​ក៏​ដោយ ឲ្យ​តែ​មាន​មុខ​ថា​បរទេស ដើម្បី​គាត់​អាច​យក​ទៅ​បន្លំ​ប្រជាជាតិ​ឯង។ នេះ​ជា​វិធី​ធ្វើ​នយោបាយ​របស់​គាត់​តាំង​ពី​ដើម​មក​អ៊ីចឹង»

លោក គឹម សុខ ថ្លែង​បន្ត​ថា យុទ្ធសាស្ត្រ​នយោបាយ​រៀបចំ​ព្រឹត្តិការណ៍​របស់​លោក ហ៊ុន សែន នេះ មិន​ត្រឹមតែ​ដើម្បី​បន្លំ​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ដើម្បី​បន្លំ​ប្រទេស​ក្នុង​តំបន់​ថែម​ទៀត ព្រមទាំង​ក្លាយ​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​មនុស្ស​ជាតិ​ផង ដែល​កំពុង​រង​ទុក្ខ​ដោយសារតែ​របប​ផ្ដាច់ការ​ដូច​របប​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៖ «នេះ​ជា​គំរូ​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​ជោគជ័យ​បន្តបន្ទាប់​កន្លងមក ហើយ​ឥឡូវនេះ​ភូមា​កំពុងតែ​យក​ទៅ​អនុវត្ត​តាម។ គំរូ​នេះ​ហើយ​ជា​គំរូ​ដ៏​អាក្រក់​បំផុត គំរូ​បំផ្លាញ​ជាតិ​ឯង​ផង គំរូ​បំផ្លាញ​មនុស្សជាតិ​ផង ពីព្រោះ​កាលណា​វា​ត្រូវ​បាន​ចម្លង​ដោយ​មេដឹកនាំ​យោធា មេដឹកនាំ​ដែល​គិតតែ​ពី​អំណាច​នៃ​ប្រទេស​ផ្សេងៗ វា​ធ្វើ​ឲ្យ​មនុស្សជាតិ​នៃ​ជាតិ​សាសន៍​ផ្សេងៗ​រងគ្រោះ​ដែរ។ ដូច្នេះ មាន​ន័យ​ថា វា​ជា​ការ​បង្កើត​នូវ​ផល​អាក្រក់​សម្រាប់​ប្រទេសជាតិ​ខ្លួនឯង ប៉ុណ្ណឹង​មិន​អស់​ទេ ក៏​ជា​ការ​បង្កើត​គំរូ​អាក្រក់​ធ្វើ​ឲ្យ​មនុស្សជាតិ​នៃ​បណ្ដា​ជាតិ​សាសន៍​ផ្សេងៗ​រង​ទុក្ខ​រង​សោក​ក្នុង​ល្បែង​នយោបាយ​ដើម្បី​តែ​អំណាច​របស់​មនុស្ស​ប្រភេទ ហ៊ុន សែន»

នៅមុន និង​ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​ថ្ងៃទី២៩ កក្កដា ឆ្នាំ​២០១៨ អង្គការ​សន្និសីទ​អន្តរជាតិ នៃ​បណ្ដា​គណបក្ស​នយោបាយ​នៅ​អាស៊ី (ICAPP) បាន​ចេញ​មុខ​ចេញ​មាត់​ដាក់​អ្នកសង្កេតការណ៍ ឲ្យ​មក​សង្កេត​ការ​ការបោះឆ្នោត ដ៏​ចម្រូងចម្រាស បើ​ទោះ​បី​ជា​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី រួម​ទាំង​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ព្រឹត្តិការណ៍​នេះ ហើយ​មិនបាន​បញ្ជូន​អ្នក​សង្កេតការណ៍​ណា​ម្នាក់​មក​ចូលរួម​ក៏ដោយ។ កាលណោះ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣​ស្ថាប័ន​ធំៗ ដែល​អាច​ជឿ​ទុកចិត្ត​បាន បាន​នាំគ្នា​ថ្កោលទោស​របប​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ថា បាន​ទទួល​ស្គាល់​ក្រុម​អ្នកសង្កេតការណ៍​ការ​បោះ​ឆ្នោត ដែល​មាន​ភាព​លម្អៀង បន្លំ​ខ្លួន​ធ្វើជា​អ្នកសង្កេតការណ៍។ ស្ថាប័ន​ទាំងនោះ បាន​ហៅ​ក្រុម​អ្នក​សង្កេតការណ៍​ដែល​សង្ស័យ​ថា របប​លោក ហ៊ុន សែន បាន​ជួល​មក​នោះ រួម​ទាំង​អង្គការ ICAPP ផង​ថា ជា​ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ក្លែងក្លាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles