​មន្ត្រី​នគរបាល​ជាតិថា នឹង​បញ្ជូន​សកម្មជនបក្ស CNRP នៅខេត្តស្វាយរៀង ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​នេះ


|
https://www.vodhotnews.com

​លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក Kong Mas

អ្នក​នាំ​ពាក្យ​នគរបាលជាតិបានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញភស្តុតាងជាច្រើន​ពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការ​ទៅលើអតីតសកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ ជុំវិញបទប្រមាថថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ព្រមទាំងញុះញង់ឱ្យមានការរើសអើង។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ឱ្យ​ដឹងថា សមត្ថកិច្ចកំពុងសាកសួរដើម្បីបញ្ចប់នីតិវិធី ហើយ​នឹង​បញ្ជូន​អតីតសកម្មជនបក្សប្រឆាំងរូប​នេះទៅតុលាការនៅរសៀលថ្ងៃនេះ។

លោកមានប្រសាសន៍ថា៖ «មានឯកសារ​ភស្តុតាងជាច្រើនទៀត មិនមែនយកអាហ្វេសប៊ុកជាផ្លូវការទេអូន។ នៅមានឯកសារភស្តុតាងជាច្រើនទៀត ដែលសមត្ថកិច្ចបានរកឃើញ ហើយធ្វើចំណាត់ការតាមផ្លូវច្បាប់។ យើងនឹងខិតខំបញ្ចប់ឱ្យបាន ព្រោះយើងមិនចង់ឱ្យលើសនីតិវិធីទេ»

មេធាវីការពារក្តី​ឱ្យលោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ឱ្យវីអូឌីដឹងថា កូនក្តីរបស់លោកកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃនៅឡើយប៉ុន្តែលោក​ថា នឹង​ជជែក​ជាមួយ​កូន​ក្ដី​របស់​លោក​អំពី​ការ​ស្នើ​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់។

លោកមានប្រសាសន៍ថា៖ «បើតាមនីតិវិធី ប៉ូលិស ឬ​សមត្ថកិច្ចនឹងបញ្ជូនកូនក្តីរបស់ខ្លួនមកតុលាការ ហើយដល់តុលាការ ខ្ញុំជាមេធាវីការពារ ខ្ញុំនឹងអមគាត់ក្នុងការសួរយកចម្លើយពីខាងអយ្យការ។ យើងសុំឱ្យអយ្យការធ្វើការទម្លាក់បទចោទទៅតាមនីតិវិធីច្បាប់ ឬក៏តម្កល់រឿងទុកមិនចាត់ការ»

លោក គង់ ម៉ាស់ ត្រូវបានអាជ្ញាធរចាប់ខ្លួន​អំឡុង​ពេល​លោក​កំពុង​អង្គុយពិសារ​កាហ្វេជាមួយមិត្តភក្តិ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពីថ្ងៃម្សិលមិញពោល​គឺ​តែ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​កម្ទេច​បក្ស​ប្រឆាំង ប្រសិនបើសហគមន៍អន្តរជាតិ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។

លោក ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល(ផ្លូវជាតិ៤-ផ្លូវជាតិ១) ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន/ Screenshot)


លោក ហ៊ុន សែន ថ្លែង​ថា៖ «ហើយខ្ញុំ​ចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយ​ប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអីដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែង​ថែម »។

អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ថា ជារឿងនយោបាយ ​ហើយ​លោកថានឹងគ្មានផលល្អសម្រាប់ពលរដ្ឋកម្ពុជា​ទេបើសិនរូបភាពកម្ចេចបក្សប្រឆាំងនៅតែកើតមានបន្តទៀត។

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)


លោកបន្ថែមថា៖ «បើសិនជាមានសភាពបែបហ្នឹងមែន ខ្ញុំជឿថា វាធ្វើឱ្យប្រទេសយើងកាន់តែទ្រុឌទ្រោម មិនបានប្រយោជន៍ដល់ប្រជាជាតិយើងទាំងមូលទេ ហើយវាធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ បើយើងសុខចិត្តកម្ចេចគ្នាឯង ហើយសុខចិត្តឱ្យបាត់ប្រយោជន៍ ដែលយើងត្រូវទទួលពីសហគមន៍អន្តរជាតិ»

មន្ត្រីអង្កេតជាន់ខ្ពស់និងជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បាន​ចាត់​ករណីនេះថាជាការគំរាមកំហែងដល់សិទ្ធិ​បញ្ចេញមតិ និងជាការរំលោភសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិផងដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា


លោកឱ្យដឹងថា៖ «បើសិននរណាឃើញ​ការដឹកនាំហ្នឹងវាមិនត្រឹមត្រូវ គ្រប់គ្រងរដ្ឋមិនល្អ អាចមានសិទ្ធិក្នុងការលើកឡើង។ នៅក្នុងមាត្រា៤១ ហ្នឹង យើងមើលឃើញទាំងអស់គ្នា។ ហើយការដែលចាប់ខ្លួននេះ គឺវាជារឿងមួយដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាយើង ហើយក៏ផ្ទុយទៅនឹង​គោលការណ៍សង្គមលទ្ធិប្រជាធិបតេយ្យ​សេរីដែរ»

លោក គង់ ម៉ាស់ គឺជាសមាជិក​ក្រុមការងារ​នៃ​អតីតគណបក្សសង្គ្រោះ​ជាតិ​​​ប្រចាំ​ខេត្ត​ស្វាយរៀង​ហើយ​ក៏​ជា​អនុ​ប្រធាន​នាយក​ដ្ឋាន​កិច្ចការ​បោះ​ឆ្នោត និង​នីតិកម្ម​ផង​ដែរ។ លោកធ្លាប់បានរិះគន់បក្សកាន់អំណាចនិងរដ្ឋាភិបាលជាច្រើន ពាក់ព័ន្ធរឿងអសកម្ម បញ្ហាព្រំដែន បញ្ហាកសិផលគ្មានតម្លៃជាដើម។

ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧លោកបានរត់ភៀសខ្លួនទៅប្រទេសថៃមួយរយៈពេល ដោយមានការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរនិងបន្ទាប់ពីលោកបដិសេធ​ចុះចូលជាមួយគណបក្សកាន់អំណាច៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles