តុលាការ​បង្គាប់​ឱ្យ​អ្នក​ឡពាង​រក​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ពី​៥​ឆ្នាំ​មុន​ប្រគល់​ឱ្យ​ខ្លួន​រយៈពេល​៣​សប្ដាហ៍

ដោយ សន ចាន់រដ្ឋា
2019-01-19
RFA

ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ Photo: RFA
ប៉ូលិស​ឈរ​ការពារ​នៅ​ខាង​មុខ​ច្រក​ចូល​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ Photo: RFA


សហគមន៍​ឡពាង​ដែល​មកពី​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០​នាក់​ប្រមូល​ផ្ដុំ​គ្នា​មុខ​តុលាការ​ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ មករា ខណៈ​តំណាង​របស់​ពួកគេ ៣​នាក់ ចូលខ្លួន​បំភ្លឺ​មុខ​ចៅក្រម​ស៊ើបសួរ លើ​បណ្ដឹង​សុំ​មោឃភាព​កិច្ចព្រមព្រៀង និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ទទួល​ស្គាល់​ដីធ្លី​របស់​ពួកគាត់។ ដោយ​មិន​មាន​ឯកសារ​នៃ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៤ ជាមួយ​អ្នកស្រី ជា ខេង ដែល​ត្រូវជា​ប្រពន្ធ​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នោះ ចៅក្រម​សម្រេច​ទុក​ពេល​ឱ្យ​អ្នកភូមិ​ឡពាង ៣​សប្ដាហ៍ ក្នុង​ការ​ស្វះស្វែង​រក​លិខិតស្នាម និង​ឯកសារ​ផ្លូវច្បាប់​ផ្សេងទៀត ដាក់​ជូន​តុលាការ​ជាថ្មី។

ក្រោយ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ តំណាង​ពលរដ្ឋ ២២​គ្រួសារ លោកស្រី កែង វណ្ណៈ ប្រាប់​អាស៊ីសេរី ថា បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ដាក់​ជូន​តុលាការ​សុំ​មោឃភាព​កិច្ចព្រមព្រៀង តុលាការ​អាច​នឹង​មិន​ចាត់ការ ប្រសិនបើ​ពួកគាត់​មិន​អាច​រក​បាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​កាល​ឆ្នាំ​២០១៤។ តំណាង​ពលរដ្ឋ​រូប​នេះ​រៀបរាប់​ថា ពួកគាត់​ទាំង ២២​គ្រួសារ មិន​មាន​កិច្ចព្រមព្រៀង​ជាប់​នឹង​ខ្លួន​ទេ ក្រោយពេល​ទទួល​បាន​លុយ​ពី​ខាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​សាលាស្រុក​រលាប្អៀរ កាល​ខែ​ដើម​មេសា ឆ្នាំ​២០១៤។

លោកស្រី កែង វណ្ណៈ ឱ្យ​ដឹង​ថា លុយ​ដែល​ពួកគាត់​ទទួល​បាន​នៅ​ពេល​នោះ អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ប្រាប់​ពួកគាត់​ថា គឺ​លុយ​សម្រាប់​ទុក​ធ្វើបុណ្យ​ចូលឆ្នាំ​ខ្មែរ មិនមែន​ជា​ការដោះដូរ ឬ​ទិញ​លក់​ដី​ឡើយ។ ពលរដ្ឋ​ខ្លះ​ទទួល​បាន​លុយ ៦​លាន​រៀល ពលរដ្ឋ​ខ្លះ​ទៀត​បាន ១០​លាន​រៀល ទៅតាម​ទំហំ​ដី មាន ៣​ហិកតារ ៦​ហិកតារ និង​៨​ហិកតារ ជាដើម។ ក្រោយពី​ទទួល​លុយ​ហើយ ខាង​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ពលរដ្ឋ​ផ្ដិត​ស្នាម​មេដៃ៖ «និយាយ​រួម ខ្ញុំ​អត់​មាន​ព្រមព្រៀង​ទេ គាត់​បង្ខំ​ឱ្យ​ខ្ញុំ​ចូល​ទៅ ឱ្យ​យក​លុយ។ គាត់​បង្ខំ​ឱ្យ​ខ្ញុំ​យក​លុយ ៦​លាន​រៀល ហើយ​គាត់​សួរ​ថា ដី​បង​មាន​ប៉ុន្មាន ៣​ហិកតារ​កន្លះ ហើយ​កាល​នោះ គេ​ដាក់​តម្លៃ​ប៉ុន្មាន​បង ខ្ញុំ​ថា នៅ​ក្នុង​ដី​គាត់​ដាក់​ក្នុង​តម្លៃ​បង់​ហ្នឹង គឺ​១​ហិកតារ ១​ម៉ឺន​រៀល។ ហើយ​ដល់​គាត់​សួរ​ថា បើ​បច្ចុប្បន្ន​មានការ​ចរចា តើ​បង​គិត​យ៉ាង​មិច​? ខ្ញុំ​ថាបើ​មានការ​ចរចា ឱ្យ​ជំទាវ​ស្គាល់​ដី​ខ្ញុំ​ទៅ ឬ​មួយ​ក៏​ឱ្យ​តម្លៃ​ទីផ្សារ បាន​ខ្ញុំ​ព្រម»

តំណាង​ពលរដ្ឋ លោកស្រី កែង វណ្ណៈ ឱ្យ​ដឹង​ទៀត​ថា ពេល​តំណាង​ពួកគាត់ ចូល​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ ពួកគាត់​មិន​ឃើញ​មាន​វត្តមាន​អ្នកស្រី ជា ខេង ឬក៏​តំណាង​ក្រុមហ៊ុន​ចូលខ្លួន​បំភ្លឺ​ឡើយ។

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ពន្យល់​ថា កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ចាត់ទុកថា ស្របច្បាប់ គឺជា​កិច្ចព្រមព្រៀង​មួយ ដែល​មាន​ចុះ​ហត្ថលេខា ឬ​ផ្ដិត​ស្នាម​មេដៃ រវាង​ភាគី​ទាំងពីរ ហើយ​ឯកសារ​ទាំងនោះ មាន​ទុក​នៅ​ភាគី​ទាំង​សង​ខាង ហើយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ដឹងឮ​រឿង​នោះ។ ទាក់ទង​នឹង​បណ្ដឹង​ពលរដ្ឋ​សុំ​មោឃភាព​កិច្ចព្រមព្រៀង​នេះ លោក អំ សំអាត យល់ថា ពលរដ្ឋ​គួរ​សហការ​ជាមួយ​មេធាវី ដើម្បី​ស្វែងរក​លិខិតស្នាម​ទាំងអស់​នោះ ដាក់​ជូន​តុលាការ ដើម្បី​ឱ្យ​លោក​ចៅក្រម ពិនិត្យ​និង​សម្រេច​ទៅតាម​ផ្លូវច្បាប់៖ «កន្លងមក​ឱ្យ​តែ​ពាក់ព័ន្ធ​នឹង​បញ្ហា​រឿង​ដីធ្លី​ធំៗ ហើយ​ជាមួយ​នឹង​ក្រុមហ៊ុន ហើយ​ជាមួយ​អ្វី​ផ្សេងៗ​ហ្នឹង យើង​ថា លទ្ធភាព​របស់​ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​កម្រ​ណាស់ មាន​តិច​ណាស់ ដែល​អាច​នឹង​តទល់​ជាមួយ​នឹង​ក្រុមហ៊ុន​បាន​នោះ។ ប៉ុន្តែ​សង្ឃឹមថា ករណី​នេះ លោក​ចៅក្រម​លោក​នឹង​ពិចារណា ដិតដល់​ដើម្បី​ផ្ដល់​យុត្តិធម៌​សម្រាប់​ភាគី​ទាំងពីរ​នោះ»

អាស៊ីសេរី មិន​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បី​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ពលរដ្ឋ​បានទេ។ ប៉ុន្តែ​កាល​ពី​ពេល​កន្លងទៅ លោក ថៃ ហ៊ី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ភាគី​ក្រុមហ៊ុន​នៅតែ​ប្រកាន់​ជំហរ​ដោះស្រាយ​ជូន​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ ក្នុង​ចំណោម ៥២​គ្រួសារ ដែល​នៅ​សេសសល់​ពី​ការ​ដោះស្រាយ​កន្លង​ទៅ។ លោក​ថា អ្នក​ដែល​ទទួល​សំណង​ហើយ​នៅ​បន្ត​តវ៉ា និង​អ្នកប្ដឹង​ថ្មី គឺជា​មនុស្ស​ខូច​លោភលន់ និង​ពុំ​មាន​ឯកសារ​កាន់កាប់​លើ​ដី​ដែល​ខ្លួន​កំពុង​ទាមទារ​នោះ​ត្រឹមត្រូវ​ឡើយ។

ពលរដ្ឋ ២២​គ្រួសារ ថា ពួកគាត់​នឹង​ប្រមូល​គ្នា​ទៅ​សាលាស្រុក​រលាប្អៀរ និង​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ស្នើសុំ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី កាលពី​ឆ្នាំ​២០១៤ ពី​អភិបាលស្រុក និង​អភិបាលខេត្ត ដើម្បី​ដាក់​ជូន​ឱ្យ​ទាន់​ពេល​វេលា តាម​ការ​បង្គាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles