កសិករ​នៅ​ខេត្ត​ភាគ​ឦសាន​ថា អឺរ៉ុប​យក​ពន្ធ​​អង្ករ​កម្ពុជា ​គឺសម្លាប់​​ចំណូល​របស់​កសិករ

ដោយ ថន ថារ៉ូ
2019-01-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កសិករ​នៅ​ខេត្ត​សៀមរាប ប្រមូល​ផល​កសិកម្ម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨។ Photo: RFA
កសិករ​នៅ​ខេត្ត​សៀមរាប ប្រមូល​ផល​កសិកម្ម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨។ Photo: RFA


កសិករ និង​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខេត្ត​ភាគ​ឦសាន ព្រួយចិត្ត​ពី​វិបត្តិ​នយោបាយ ដែល​នៅតែ​អូស​​បន្លាយ ​​ធ្វើ​​ឱ្យ​ប៉ះពាល់​ជីវភាព​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​ការស្វែងរក​ប្រាក់​ចំណូល កាន់តែ​ធ្លាក់​ចុះ​ខ្លាំង។ ក្រុម​កសិករ​បាន​ចាត់​ទុក ការសម្រេច​យកពន្ធ​គយ​របស់​សហភាព​អឺរ៉ុប​ចំពោះ​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ គឺជា​បន្ទុក​បន្ថែម​ទៀត បាន​រុញច្រាន​​ឱ្យ​ជីវភាព​ពួកគាត់​ធ្លាក់​ចុះ​ខ្លាំង ដែល​ជា​មូលហេតុ​នាំ​​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ ក៏​ជា​បន្ទុក​បន្ថែម​ទៀត នាំ​​ឱ្យ​ពួកគេ​កាន់តែ​ផុងខ្លួន នឹង​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

កសិករ និង​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី ត្អូញត្អែរ​ថា ផលវិបាក​នៃ​ឥទ្ធិពល​វិបត្តិ​​នយោបាយ​ គឺជា​ឃាតក​បំផ្លាញ​ប្រាក់ចំណូល​ពួកគេ ស្រប​ពេល​ដែល​របប​ក្រុងភ្នំពេញ នៅតែ​មានៈ​មិន​បន្ទន់​ឥរិយាបថ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ។ ពួកគេ​បារម្ភ​ថា បំណុល​ធនាគារ និង​ការស្វែងរក​ប្រាក់ចំណូល​ធ្លាក់​ចុះ​ខ្លាំង បង្ក​​ឱ្យ​កសិករ​ខ្លះ​បាក់​ទឹកចិត្ត បោះបង់​របប​កសិកម្ម និង​លក់​ទ្រព្យសម្បត្តិ​សង​ម្ចាស់បំណុល។ រីឯ​កសិករ​ខ្លះ​ទៀត​រត់ចោលស្រុក ព្រោះ​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល នៅ​គ្រា​ដែល​មុខ​របប​កសិកម្ម និង​ការស្វែងរក​ប្រាក់ចំណូល​របស់​ពួកគេ​ត្រូវ​បរាជ័យ និង​គ្មាន​ទីផ្សារ​កសិផល​ជាដើម។

កសិករ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ឱ្យ​ដឹង​នៅ​ថ្ងៃទី១៩ មករា​ថា គ្រួសារ​របស់​លោក​បាន​ខ្ចី​ប្រាក់​ពី ធនាគារ ៥ពាន់​ដុល្លារ ដោយ​ពឹងផ្អែក​ទាំងស្រុង​លើ​ផល​កសិកម្ម តែ​បើ​តម្លៃ​កសិកម្ម​មាន​បញ្ហា​ហើយ​នោះ​គ្រួសារ​លោក នឹង​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល​វិញ។ លោក​កត់សម្គាល់​ថា មុន​ឆ្នាំ ២០០៨ ជនជាតិ​ដើម​ភាគតិច​មាន​ជីវភាព​ពឹងផ្អែក​ការស្វែងរក​អនុផល​ព្រៃឈើ ដូចជា ដង​ជ័រទឹក រក​ថ្នាំ​បុរាណ និង​រក​ឃ្មុំ​ជាដើម តែ​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ព្រៃ​សហគមន៍​ដែល​ជា​កន្លែង​ពួកគេ​ប្រមូល​ផល ត្រូវ​គេ​កាប់​បំផ្លាញ​អស់ទាំង​ស្រុង ហើយ​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ចាប់​យក​មុខ​របប​ធ្វើស្រែ​ចម្ការ ចិញ្ចឹមជីវិត​តែមួយ​មុខ ក៏ប៉ុន្តែ​បើ​តម្លៃ​ស្រូវ​ជួប​បញ្ហា​ហើយ​នោះ សេដ្ឋកិច្ច​របស់​កសិករ​ចៀស​មិន​ផុត​នឹង​ជួប​ការ​លំបាក​នោះ​ទេ៖ «

បុរស​ដដែល​បន្ថែម​ថា កាលពី​ដើមឡើយ ជនជាតិ​ដើម​ភាគតិច​មាន​ជីវភាព​ក្រីក្រ អាច​ស្វែងរក​អនុផល​ព្រៃឈើ ដូចជា បោច​វល្លិ រក​បន្លែ​ផ្លែឈើ និង​ដង​ជ័រទឹក​ក្នុង​ព្រៃ ព្រោះ​ត្បិត​តំបន់​ពួកគេ​រស់នៅ ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ រីឯ​ទឹកអូរ​ធម្មជាតិ និង​ទន្លេ​ក៏​សំបូរ​ត្រី​សាច់ ផ្ទុយ​ពី​បច្ចុប្បន្ន​ព្រៃឈើ​ត្រូវ​គេ​កាប់​អស់ ទឹកអូរ​ធម្មជាតិ​រីង​រាក់ គ្មាន​ត្រី​សាច់ ដោយសារ​អស់​ព្រៃ រីឯ​ទឹកទន្លេ​ក៏​ពុំ​សូវ​មាន​ត្រី​ដែរ ដែល​ជា​មូលហេតុ នាំ​​ឱ្យ​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​ជួប​ការ​លំបាក។ លោក​ថា ប្រសិនបើ អ្នក​នយោបាយ​នៅតែ​មានៈ​មិន​ចាប់​ដៃ​គ្នា អភិវឌ្ឍន៍​ប្រទេសជាតិ​ស្មោះត្រង់​ទេ ពលរដ្ឋ​ក្រីក្រ​នឹង​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត៖ «

ជនជាតិ​ដើម​ភាគតិច​ម្នាក់ទៀត រស់នៅ​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ឱ្យ​ដឹង​ថា បច្ចុប្បន្ន​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​ត្រឹម ៥០០​រៀល ទៅ ៦០០រយ​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​កសិករ​ខ្លះ​បាក់​ទឹកចិត្ត ព្រោះ​ពួកគេ​បាន​ចំណាយ​ធនធាន​ច្រើន ទិញ​ជីគីមី​ដើម្បី​បង្កើន​ទិន្នផល​ស្រូវ។ លើស​ពី​នេះ កសិករ​ភាគច្រើន​បាន​ខ្ចីបុល​ពី​ធនាគារ​មក​ធ្វើ​កសិកម្ម ដែល​រំពឹង​ថា ផល​កសិកម្ម​នឹង​បង្វិល​សង​ម្ចាស់បំណុល​វិញ ក៏ប៉ុន្តែ​បើ​ស្រូវ​ធ្លាក់​ថ្លៃ​ខ្លាំង​ហើយ​នោះ នឹង​​ធ្វើ​​ឱ្យ​ពួកគេ​ខាត់​បង់​ច្រើន។ លោក​គិត​ថា នៅ​គ្រា​ដែល​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធគយ នាំចូល​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ មិន​ត្រឹមតែ​ធ្វើ​​ឱ្យ​ជីវភាព​កសិករ​ធ្លាក់​ចុះ​ទេ បទល្មើស​ព្រៃឈើ​នឹង​កើតមាន​ច្រើន​ឡើង ដោយសារតែ​កសិករ​ខ្លះ​បោះបង់​របប​ធ្វើស្រែ​ចម្ការ ចូល​ព្រៃ​កាប់​ឈើ​ចិញ្ចឹមជីវិត៖ «

លោក ក្រើង តុលា អំពាវនាវ​​ឱ្យ​របប​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ក្នុង​ការ​ពូន​ជ្រំ​លទ្ធិប្រជាធិបតេយ្យ និង​ដោះស្រាយ​វិបត្តិ​នយោបាយ តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ចៀសវាង​មានៈ​យកឈ្នះ​តែ​ខ្មែរ​គ្នាឯង ដោយ​មិន​គិត​ពី​ទុក្ខវេទនា​ពលរដ្ឋ។ លោក​យល់ថា ដំណោះស្រាយ​បញ្ហា​នេះ គ្មាន​អ្វី​ពិបាក​ទេ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​មាន​ឆន្ទៈ​ដោះស្រាយ ព្រោះ​ទណ្ឌកម្ម​អន្តរជាតិ គឺ​ឋិត​ក្នុង​កណ្ដាប់​ដៃ​ថ្នាក់ដឹកនាំ​រដ្ឋ។ លោក​ថា តម្លៃ​កសិផល​ត្រូវ​ឈ្មួញ​ទម្លាក់​តាម​អំពើ​ចិត្ត ចុះ​ទម្រាំ​សហគមន៍​អឺរ៉ុប​សម្រេច​យកពន្ធ​អង្ករ​ថែមទៀត នឹង​ធ្វើ​​ឱ្យ​កសិករ​កាន់តែ​លំបាក​មួយ​កម្រិត​ទៀត៖ «

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី​ថា កម្ពុជា​នឹង​តវ៉ា ចំពោះ​សេចក្ដី​សម្រេច​ដំឡើងថ្លៃ​ពន្ធគយ​នាំ​អង្ករ​ចេញ​នេះ តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ក្នុង​បំណង​តម្កល់​ប្រយោជន៍​ជាតិ។ តែ​ទោះ​យ៉ាង​ណា លោក​មិនបាន​បញ្ជាក់​លម្អិត​ថា កម្ពុជា​នឹង​តវ៉ា​របៀប​ណា​នោះ​ទេ៖ «

កាលពី​ថ្ងៃទី១៧ មករា ក្រសួង​ពាណិជ្ជកម្ម បាន​ចាត់​ទុក​ការ​យក​ពន្ធ​អង្ករ​របស់​អឺរ៉ុប​ថា​មិនបាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​លើ​ទិដ្ឋភាព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ បទដ្ឋាន​បច្ចេកទេស និង​សច្ចភាព​នោះ​ទេ​។ លើស​ពី​នេះ វិធានការ​នេះ​មាន​ឥទ្ធិពល​ដកហូត​ចំណូល​កសិករ​ក្រីក្រ​កម្ពុជា និង​ជា​អាវុធ​ធ្វើឃាត​ជីវភាព​កសិករ ដែល​កំពុង​ជាប់​បំណុល​ជាមួយ​ស្ថាប័ន​ឥណទាន ផ្ដល់​ប្រាក់​កម្ចី។ ទន្ទឹម​នឹង​នេះ ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ក្រសួង​កំពុង​ផ្ទៀងផ្ទាត់​សេចក្តី​សម្រេច​នេះ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​បន្ត​ការ​តវ៉ា ចំពោះ​សេចក្តី​សម្រេច​នេះ ដែល​ក្រសួង​ចាត់ទុកថា គ្មាន​សុក្រិតភាព។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ថា របប​ក្រុងភ្នំពេញ នឹង​ត្រៀម​ទប់ទល់​បាតុភាព​នេះ ដែល​អាច​​ឱ្យ​កម្ពុជា​ខាតបង់​ប្រាក់ ៥០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។ ការ​ឆ្លើយ​តប​របស់​មន្ត្រី​របប​លោក ហ៊ុន សែន មិនទាន់​ធ្វើ​​ឱ្យ​សង្គម​ស៊ីវិល​អស់​ក្តី​បារម្ភ​នោះ​ទេ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ចាត់​ទុក​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​នឹង​ប៉ះពាល់​ដល់​ក្រុម​កសិករ​ជាច្រើន ខណៈ​ផលិតផល​កសិកម្ម​ចាំបាច់​ត្រូវ​នាំចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ព្រោះ​ទីផ្សារ​អង្ករ​អន្តរជាតិ​គឺជា​មុខសញ្ញា​ដ៏​សំខាន់ ក្នុង​ការ​នាំ​អង្ករ​ចេញ ផ្ដល់​ប្រយោជន៍​ដល់​កសិករ និង​សេដ្ឋកិច្ច​កម្ពុជា។ លោក​គិត​ថា ការ​យកពន្ធ​អង្ករ​របស់​សហភាព​អឺរ៉ុប គឺ​ស្រប​ពេល​ដែល​កម្ពុជា មាន​វិបត្តិ​នយោបាយ ដែល​អាច​ជាប់​ទាក់ទិន និង​ទម្រង់​ដែល​សហគមន៍​អឺរ៉ុប គ្រោង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំពោះ​ការនាំចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ជាដើម​ពី​កម្ពុជា ដែល​លោក​ចាត់ទុកថា នឹង​បង្ក​ផល​ប៉ះពាល់​ធំធេង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា​ទាំងមូល៖ «

ចំណែក​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី យល់ថា ការសម្រេច​របស់​សហភាព​អឺរ៉ុប​បែបនេះ នឹង​នាំ​ក្ដី​លំបាក​ដល់​ប្រទេសជាតិ​កម្ពុជា​ទាំងមូល ជាពិសេស​កសិករ​កម្ពុជា ដែល​អាច​ប្រឈម​នឹង​វិបត្តិ​សង្គម​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​ខាងមុខ។ លោក​ថា ប្រសិនបើ​ប្រមុខ​ដឹកនាំ​រដ្ឋ​នៅតែ​មានៈ​រឹងរួស មិន​ព្រម​បន្ទន់​ឥរិយាបថ រុញច្រាន​កម្ពុជា​​ឱ្យ​មាន​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ ប្រជាជន​កម្ពុជា នឹង​មិន​ទទួល​បាន​ការ​រីកចម្រើន​សេដ្ឋកិច្ច​ពិតប្រាកដ​នោះ​ទេ៖ «

លោក មួង សូនី យល់ថា ការ​ចាប់​ដៃ​ចិន មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង មិនមែន​ជា​ដំណោះស្រាយ​នយោបាយ​ត្រឹមត្រូវ​ពេញលេញ​ស្របតាម​បន្ទាត់​ច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​នឹង​ធ្វើ​​ឱ្យ​កម្ពុជា កាន់តែ​ផុងខ្លួន​នឹង​អន្ទាក់​បំណុល​បរទេស ដែល​លោក​បារម្ភ​ថា គឺជា​ដើមហេតុ នាំ​ឱ្យ​កើន​ឡើង​អយុត្តិធម៌​សង្គម វិបត្តិ​ដីធ្លី និង​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម។ លោក​ថា សហភាព​អឺរ៉ុប​បាន​កំណត់​ពន្ធ​ប្រមាណ ២០០​ដុល្លារ សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ​ទី​១ និង​បាន​ទម្លាក់​ពន្ធ​មក​នៅ​ត្រឹម​តែ ១៣២​ដុល្លារ នៅ​ឆ្នាំ​ទី២ និង​នៅ​ត្រឹម ១០៩​ដុល្លារ នៅ​ឆ្នាំ​ទី៣ ធ្វើ​​ឱ្យ​កម្ពុជា ខាត​បាត់​ចំណូល​សេដ្ឋកិច្ច​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles