តំណាងសហជីព និងអតីតចៅសង្កាត់បក្សប្រឆាំងត្រូវអាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួនជុំវិញរឿងវិវាទដីធ្លី


|
https://www.vodhotnews.com

តំណាងសហជីព និងអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ រូបភាព៖ ផ្ដល់ឲ្យ

តំណាងសហជីព និងអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេ​នាំគ្នាតវ៉ាជំទាស់​ទៅ​នឹង​អាជ្ញាធរដែល​ចុះ​ទៅ​ហាម​ឃាត់​ពួកគេ​ឲ្យផ្អាកសកម្មភាពកាយព្រំដី ដែលអះអាងថា ធ្វើឲ្យប៉ះពាល់ដីរបស់ពួកគេ។

មន្រ្តីសម្របសម្រួលការិយាល័យសហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា ប្រាប់ វីអូឌី ថា មន្រ្តីរបស់សហភាពការងារ ១រូប លោក ទេព សុផា និងអតីតចៅសង្កាត់រង​មក​ពី​អតីត​គណបក្សសង្គ្រោះជាតិ លោក ឆាយ រ័ត្ន ត្រូវបានសមត្ថកិច្ច​ខេត្ត​នេះ ចាប់ខ្លួននៅថ្ងៃនេះ ក្រោយចូលរួមតវ៉ាដីធ្លីជាមួយពលរដ្ឋនៅក្រុម ១៨ ភូមិ១ សង្កាត់១។

លោក អាន រ៉ាម៉ា ឲ្យដឹងថា នៅព្រឹកមិញនេះ​ អាជ្ញាធរខេត្តព្រះសីហនុបានដាក់កម្លាំងសមត្ថកិច្ចចម្រុះនិងគ្រឿងចក្រចុះកាយព្រំដី តំបន់ការពារទឹកស្អាតនៅ​តំបន់​ក្បាលឆាយ ធ្វើឲ្យ​ប៉ះពាល់ដីពលរដ្ឋនៅតំបន់នោះទើបបណ្តាលឲ្យមានការតវ៉ា​ពី​ពលរដ្ឋបែបនេះ។

លោកបន្ថែមថា៖ «ព្រឹកមិញហ្នឹង គេដាក់កម្លាំងចម្រុះចុះទៅគេមានអាអ៊ិចអី។ ដល់អញ្ចឹងហើយប្រជាពលរដ្ឋហ្នឹងក៏លើកដៃសំពះសំណូមពរទៅខាងសាលាខេត្តហ្នឹងដំណើរការហ្នឹងសិនទៅ និយាយគ្នារកដំដោះស្រាយសិន។ដល់ប្រជាពលរដ្ឋពន្យល់ណែនាំ លើកដៃសំពះចុះឡើងៗទៅ។ ពួកនោះដូចគេថា គេធុញគេក៏ចាប់ប្រជាពលរដ្ឋក្របួចកអាវ ដេញបាញ់រត់ប្រសេចប្រសាចពេញហ្នឹង»

ភរិយាលោក​ ឆាយ រ័ត្ន គឺអ្នកស្រី សំ សារ៉ាត់ បញ្ជាក់​ថា ស្វាមីគាត់មិនបានទៅរារាំងឬញុះញង់ពលរដ្ឋឲ្យតវ៉ារារាំងអាជ្ញាធរមិនឲ្យធ្វើការងារនោះទេគឺគ្រាន់តែឃើញមានពលរដ្ឋតវ៉ា ហើយដើរចូលទៅមើលក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment