អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​ប្រកាស​ត្រៀម​កម្លាំង​ទទួល ​លោក ​សម ​រង្ស៊ី ​ចូល​ស្រុក​វិញ​

ដោយ អ៊ឹង ប៊ុនថន
21/01/2019
RFI

media
លោក សម រង្ស៊ី ស្ថិតនៅក្នុងអង្គប្រជុំ
@FB


គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​សម្រេច​ត្រៀម​កម្លាំង​មនុស្ស​ទៅ​ទទួល លោក សម រង្ស៊ី ពេល​វិល​ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ នេះបើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សន្និសីទ​កាសែត​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ឯទីក្រុង​ឡូវែល​ រដ្ឋម៉ាស្សាជូសេត សហ​រដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ២០ មករា ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ សម រង្ស៊ី ផង​ដែរ​។ 

លោក អេង ឆៃអ៊ាង បានថ្លែងថា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះគឺ គណបក្សសង្គ្រោះជាតិ ដាក់ចេញ​នូវ​ផែនការ​ចំនួន៥ ​ដែល​ត្រូវ​ធ្វើ​ក្នុង​ពេល​លោក សម រង្ស៊ី វិល​មក​កាន់​ប្រទេស​កម្ពុជាវិញ​នៅពេលឆាប់ៗនេះ។

កិច្ចការសំខាន់ទាំងនោះ គឺការ​ត្រៀម​កម្លាំង​មនុស្ស​ទៅ​ទទួល​ លោក សម រង្ស៊ី មកកាន់​កម្ពុជាវិញ ការ​ពង្រីក​យុទ្ធសាស្ត្រការទូត​ ការ​ពង្រីក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំ​វិញ​បញ្ហា ​ដែល​កម្ពុជា​កំពុងជួបប្រទះ​​ក្រោយ​រំលាយគណបក្ស​សង្រ្គោះជាតិ និង​ការ​ត្រៀម​ថវិកា​ជាដើម។ នេះគឺជាការគូសបញ្ជាក់​របស់ ​លោក អេង ឆៃអ៊ាង។

លោក អេង ឆៃអ៊ាង ក៏បានអំពាវនាវ​ផងដែរ​ឲ្យ​កសិករ និង​កម្មករ​ត្រូវ​ហ៊ាន​ងើបឡើងនិយាយជាមួយរដ្ឋាភិបាល​កម្ពុជា​អំពី​ផល​ប៉ះពាល់​របស់​ពួកកគេ បន្ទាប់ពី​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​ការ​នាំអង្ករ​ទៅ​លក់នៅ​ទី​ផ្សារ​លោក​សេរីនេះ ដើម្បី​បញ្ជៀសការ​ដាក់ទណ្ឌកម្ម​​ដោយ​ផ្តាច់​ការ EBA។

បើតាម​ លោក សម រង្ស៊ី ដែល​បានចូល​រួម​កិច្ច​ប្រជុំ​នេះ​ក្នុង​នាមជាប្រធានស្តីទី​អតីត​គណបក្សសង្រ្គោះជាតិ​លោក​បាន​អះអាង​ថា ការ​សម្រេច​បែប​នេះ គឺ​មាន​សមាជិក ១៥រូប លើ ២៤ នៃ​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ បាន​ចូល​រួម​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុង​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ​។

ទាក់ទង​នឹង​ការ​ប្រកាស​វិល​ត្រឡប់​របស់ ​លោក សម រង្ស៊ី មកកាន់កម្ពុជានៅពេល​ខាង​មុខនេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយ​តប​ថា «មិន​បាច់​ត្រៀម​ស្អី​ទេ​ ទ្វារ​បាន​បើក​ចំហរ​រួច​ហើយ​ មាន​ខ្នោះ​ដៃ​និង​គុក​រង់​ចាំ​ទទួល​រួច​ជា​ស្រេច​មិន​ពិបាក​ទេ​ បើ​ពិបាក​ ពិបាក​រក សម​ រង្សី​ដាក់​ខ្នោះ​មិន​បាន​ ដោយសារ​ទណ្ឌិត សម​ រង្សី​ ជា​មនុស្ស​កំសាក​មិន​ហ៊ាន​មក​ឡើយ​»។

លោក សុខ ឥសាន បាន​ព្រមាន​ទៀត​ថា រាល់​សកម្មភាព​របស់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​នេះ​ជា​ទង្វើ​ខុស​ច្បាប់​ដោយ​សារ​ប្រឆាំង​នឹង​សាល​ដីកា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​ ហើយ​ថា អ្នក​ប្រឆាំង​នឹង​ត្រូវ​មាន​ទោស​៕

What Next?

Recent Articles

One Response to "អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​ប្រកាស​ត្រៀម​កម្លាំង​ទទួល ​លោក ​សម ​រង្ស៊ី ​ចូល​ស្រុក​វិញ​"

  1. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែ ចេះតែព្រុសអត់បានការ ។
    ពួកអាថោកជាងឆ្កែអ្ហែងអស់ហ្នឹង ខ្នោះកំពុងរង់ចាំពួកអ្ហែងយូរហើយអាកំសាក ។
    គុកព្រៃស រង់ចាំស្វាគមន៍ពួកអ្ហែងជានិច្ច

Leave a Reply

Submit Comment