អ្នក​ជំនាញ បង្ហាញ​ពី​របៀប​សម្គាល់​ឱសថ​ក្លែងក្លាយ

ដោយ ទីន ហ្សាការីយ៉ា
2019-01-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ថ្នាំមិនស្គាល់ឈ្មោះ ដែល​អ្នក​លក់​ថ្នាំ​នៅ​ឱសថស្ថាន​មួយ​កន្លែងក្នុង​ក្រុង​ភ្នំពេញ​ផ្សំ​ឲ្យ​អ្នក​​ជំងឺ។ RFA
ថ្នាំមិនស្គាល់ឈ្មោះ ដែល​អ្នក​លក់​ថ្នាំ​នៅ​ឱសថស្ថាន​មួយ​កន្លែងក្នុង​ក្រុង​ភ្នំពេញ​ផ្សំ​ឲ្យ​អ្នក​​ជំងឺ។ RFA


អាជ្ញាធរ និង​អ្នក​ជំនាញ​ក្នុង​វិស័យ​សុខាភិបាល សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ចរាចរណ៍​ឱសថ ក្លែងក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខុមាលភាព​ប្រជាជន និង​សង្គម។ ក្តី​បារម្ភ​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​របៀប​សម្គាល់​ឱសថ​ក្លែងក្លាយ ដែល​រៀបចំ ដោយ​វិទ្យុ​ផ្កាឈូក កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា។

អាជ្ញាធរ និង​អ្នក​ជំនាញ​ផ្នែក​វិស័យ​សុខាភិបាល លើក​ឡើង​ថា សព្វថ្ងៃ​នេះ ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រជាពលរដ្ឋ និង​គ្រូពេទ្យ​មួយ​ចំនួន មិន​បាន​ដឹង​ថា ឱសថ​ដែល​ខ្លួន​បាន​ទិញ​យក​ទៅ​ប្រើ និង​ដាក់​លក់​នោះ ជា​ឱសថ​ពិត ឬ​ក្លែងក្លាយ​នោះ​ទេ។ ពួកគេ ព្រមាន​ថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខុមាលភាព អាយុ​ជីវិត​របស់​មនុស្ស​ជាតិ និង​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ​លោក លាវ សុផាន់​ណារិទ្ធិ ​មានប្រសាសន៍ថា ​មូលហេតុ​នៃ​ការ​កើន​ឡើង​ឱសថ​ក្លែងក្លាយ​នេះ ​ព្រោះ​មាន​តម្រូវ​ ការ​ច្រើន ហើយ​ឈ្មួញ និង​ជន​ទុច្ចរិត បាន​ឆ្លៀត​ឱកាស​លួច​ផលិត និង​ចរាចរ​ចែកចាយ​ឱសថ​ក្លែងក្លាយ ដើម្បី​ចង់​ប្រាក់​ចំណេញ​ច្រើន។ លោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នេះ មិន​ត្រឹមតែ​មិន​ព្យាបាល​ជំងឺ​នោះ​ទេ តែ​ថែម​ទាំង​ខាត​បង់​ប្រាក់​កាស និង​អាច​សម្លាប់​អ្នក​ប្រើប្រាស់​ថែម​ទៀត។

លោក​ណែនាំ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ពិគ្រោះ​យោបល់ ពិនិត្យ​ជំងឺ និង​ពិនិត្យ​ឈាម​ជាមួយ​វេជ្ជបណ្ឌិត ជា​មុន​សិន មុន​នឹង​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន និង​គ្លីនិក​មួយ​ចំនួន៖ «ឱសថ​ក្លែងក្លាយ​ពេល​ខ្លះ​រូបភាព​ខាង​ក្រៅ ពេល​ខ្លះ​ការ​វេច​ខ្ចប់​វា​អាច​ដូច​គ្នា វា​អាច​ខុស​គ្នា ហើយ​បើ​និយាយ​ពី​សារធាតុ​ផ្សំ​វិញ អាច​ខុស​គ្នា វា​អាច​ខ្វះ​វា​អាច​លើស​ទៀត លើស​ថ្នាំ​គេ​ពិត​ប្រាកដ​ទៀត។ អ៊ីចឹង​នេះ​ហើយ​គឺ​ជា​និយមន័យ​ឱសថ​ក្លែងក្លាយ។ ដក​ចេញ ឬ​ក៏​ដាក់​ថែម​បញ្ចូល​ខុស​ពី​ទ្រង់ទ្រាយ​ដើម គឺ​នោះ​ហើយ​ជា​ការ​ក្លែងក្លាយ។ អ៊ីចឹង មិនមែន»

លោក​បន្ត​ថា ទោះ​បី​ជា​ថ្នាំ​ពេទ្យ​ខ្លះ​ពិត ឬ​មិន​ក្លែងក្លាយ​ក្តី ប៉ុន្តែ​ប្រសិន​បើ​ថ្នាំ​ពេទ្យ​នោះ ដឹកជញ្ជូន និង​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ ក៏​បណ្ដាល​ឲ្យ​ថ្នាំ​ពេទ្យ​នោះ អន់​គុណភាព គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ដែរ៖ «បើ​សិន​គាត់​ទុក​ក្រោម​កម្ដៅ​ថ្ងៃ ឬ​ខាង​ក្រោយ​ផ្ទះ​គាត់​គឺ​ធម្មតា​ឱសថស្ថាន​នៅ​តាម​ផ្ទះ​ល្វែង​ពេល​ខ្លះ​គាត់​ធ្វើ​សំយាប​នៅ​ខាង​ក្រោយ ដើម្បី​ទុក​ដាក់​ឱសថ​របស់​គាត់ ប៉ុន្តែ​ពេល​ប៉ះ​កម្ដៅ គឺ​ទោះ​បី​ជា​ឱសថ​ពិត​ប្រាកដ ក៏​នឹង​ធ្លាក់​គុណភាព​ដែរ។ឥឡូវ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក គេ​ឯកភាព​គ្នា​បង្កើត​ពាក្យ​មួយ គឺ​គេ​ហៅ​ថា ឱសថ​អន់​គុណភាព»

ទន្ទឹម​គ្នា​នេះ លោក​ក៏​ព្រួយ​បារម្ភ​អំពី​ចរាចរណ៍​ឱសថ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​ដែរ។ លោក​ថា ឱសថ​លក់​តាម​អនឡាញ ឬ​ហ្វេសប៊ុក ប្រមាណ ៥០ភាគ​រយ គឺ​ជា​ឱសថ​ក្លែងក្លាយ។

អ្នក​ជំនាញ​ឱសថ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​ លោក ឯម វុទ្ធី ​ថ្លែង​ក្នុង​សិក្ខាសាលា​ថា ដើម្បី​សម្គាល់​ឱសថ​ក្លែងក្លាយ​នោះ គឺ​មាន​ការ​ពិបាក​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល មិន​មាន​ចំណេះ​ដឹង និង​ជំនាញ។ លោក បញ្ជាក់​ថា ឱសថ​ក្លែងក្លាយ គឺ​មាន​សារធាតុ​សកម្ម មិន ត្រឹម​ត្រូវ​តាម​រូប​មន្ត​កំណត់។ ចំណែក​ការ​វេច​ខ្ចប់ និង​ស្លាក​សញ្ញា​នៃ​ឱសថ​ក្លែង​ក្លាយ​ភាគ​ច្រើន​មាន​ស្លាក​សញ្ញា​មិន​ល្អ​ស្អាត​ដូច​ផលិត​​ដើម ឬ​អាច​គ្រាន់​តែ​ស្រដៀង​នឹង​ផលិតផល​ពិត។ លក្ខណៈ​ពិសេស​មួយ​ទៀត​ គឺ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​នោះ​ទេ​ ហើយ​អាច ដាក់​លក់​ក្នុង​តម្លៃ​ទាប​ផង​ដែរ៖ «ដើម្បី​ទិញ​ឱសថ​ឲ្យ​បាន​ពិតប្រាកដ​នោះ ​គឺ​ទី១ ត្រូវ​ដឹង​ថា តើ​ឱសថ​នោះ​លក់​នៅ​កន្លែង​ណា? តើ​កន្លែង​នោះ​មាន​ឱសថការី​ច្បាស់លាស់​អត់? តើ​ហាង​លក់​ថ្នាំ​នោះ​មាន​ផ្លាក​គ្រប់គ្រាន់​អត់ និង​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ហើយ​នៅ? បន្ទាប់​មក​ទៀត ត្រូវ​ដឹង​ថា តើ​ទិញ​ឱសថ​នោះ មាន​បិទ​វីញ៉ែត​នៅ​លើ​ប្រអប់​ថ្នាំ លើ​កំប៉ុង​ជា​ដើម។ បន្ទាប់​មក​ទៀត ត្រូវ​ពិនិត្យ​មើល​ទៀត កុំ​ទុក​ចិត្ត​គាត់ (អ្នក​ផ្ដល់​ថ្នាំ) មាន​កាល​បរិច្ឆេទ​ច្បាស់លាស់​អត់ ហើយ​បើ​កៀក​ថ្ងៃ​កំណត់​ពេក ត្រូវ​សុំ​ដូរ​គាត់​វិញ។ ទាំង​នេះ អាច​កាត់​បន្ថយ​ឱសថ​ក្លែងក្លាយ​បាន​មួយ​កម្រិត​ធំ»

ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​ជប៉ុន (CJBI) លោក អៀង សុធារ៉ា ដែល​ចូលរួម​ជា វាគ្មិន​ក្នុង​សិក្ខាសាលា​ស្តីពី​របៀប​សម្គាល់​ឱសថ​ក្លែងក្លាយ​ រំពឹង​ថា ​សិក្ខាសាលា​នេះ ​នឹង​ផ្តល់​ចំណេះ​ ដឹង​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ជៀសវាង​ការ​ទិញ និង​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ។

លោក​យល់​ថា ប្រសិន​បើ​អ្នក​ជំងឺ ​ទៅ​រក​ទិញ​ថ្នាំ​ប៉ះ​ចំ​គ្រូពេទ្យ​គ្មាន​សមត្ថភាព និង​គុណធម៌ ​ហើយ​ទទួល​បាន​ថ្នាំ​ក្លែងក្លាយ និង​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​ថែម​ទៀត​ គឺ​ពិត​ជា​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​ដល់​សុខភាព​អ្នក​ជំងឺ គ្រួសារ​អ្នក​ជំងឺ និង​សង្គម​ជាតិ៖ «ខ្ញុំ​ធ្លាប់​ទៅ​បរទេស ហើយ​មាន​មន្ទីរពេទ្យ​នៅ​ស្រុក​យើង​មួយ​ចំនួន​ដែរ គឺ​ថ្នាំ​ដែល​គេ​ឲ្យ គេ​មិន​ដែល​បក​ស្រោម​ចេញ​ទេ។ គេ​មិន​ដែល​ឲ្យ​ថ្នាំ​លាត​ទេ ហើយ​យើង​ដែល​មិន​សូវ​យល់​ដឹង គឺ​ថា ថ្នាំ​លាត​នោះ ក៏​យក​មក​ប្រើ​ដែរ។ នៅ​ស្រុក​ក្រៅ គ្រូពេទ្យ​មាន​សិទ្ធិ​តែ​ត្រឹម​សរសេរ​ថា ឲ្យ​ទៅ​បើក​ថ្នាំ​ពី​ឱសថស្ថាន​តែ​ប៉ុណ្ណឹង នៅ​ពេល​ទៅ​ដល់​ឱសថស្ថាន​នោះ មាន​ប្រាប់​យើង​ច្បាស់​ទៀត​ថា ប្រើ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ហើយ​អត់​ដែល​មាន​ថ្នាំ​ណា​មួយ​ដែល​អត់​មាន​ឈ្មោះ​ទេ គឺ​សុទ្ធ​តែ​មាន​ឈ្មោះ។ ដោយ​ឡែក​នៅ​ស្រុក​យើង​វិញ ប្រើ​ថ្នាំ​ដាក់​កញ្ចប់ ហើយ​មួយ​ថ្ងៃ ៣លេប ហើយ​លេប ៣ថ្ងៃ ៩ដង​ទៅ ដឹង​ថា​ជា​ហើយ ប៉ុន្តែ​ថ្នាំ​នោះ​អត់​ស្គាល់​ឈ្មោះ​ទាំង​អស់ ហើយ​ដាក់​ថង់​ប្លាស្ទិក​ហើយ​ស្រេច។ ខ្ញុំ​ថា គួរ​តែ​ចៀសវាង»

ជា​ញឹកញាប់ គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ជំនាញ​តែងតែ​រឹប​អូស​យក​ផលិតផល​ខូច​គុណភាព និង​ឱសថ​ក្លែងក្លាយ​ទៅ​បំផ្លាញ​ចោល​ចាប់​ពី​រាប់​សិប​តោន​ដល់​រាប់​រយ​តោន។ ជាក់​ស្ដែង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរ​ជំនាញ បាន​រឹបអូស​ឱសថ​ខុស​ច្បាប់ និង​ក្រោម​គុណភាព​ប្រមាណ ៤០តោន ។

ស្ថាបនិក និង​ជា​ប្រធាន​មូលនិធិ​បណ្ណាល័យ​ជីវិត ព្រះតេជព្រះគុណ អឿន សំអាត មាន​សង្ឃ​ដីកា​ថា​ ទោះ​បី​ជា​មនុស្ស​ខ្លះ ​មិន​ជឿ​លើ​បុណ្យ​បាប ហើយ​ប្រកប​របរ​ទុច្ចរិត​នោះ គឺ​ពួក​គេ​តែងតែ​ប្រឈម​នឹង ផ្លូវ​ច្បាប់​របស់​ប្រទេស​ និង​ទទួល​បាបកម្ម​ចំពោះ​ទង្វើ​របស់​ពួក​គេ។ ព្រះតេជព្រះគុណ​បន្ត​ថា គ្រូ​ពេទ្យ​ ឬ​ឱសថស្ថាន គួរ​តែ​គោរព​វិជ្ជាជីវៈ ក្រម​សីលធម៌ និង​មាន​អំពើ​មនុស្សធម៌​ក្នុង​ខ្លួន​ ដោយ​មិន​ត្រូវ​គិត​ តែ​ពី​រឿង​ផល​ចំណេញ​ផ្ទាល់​ខ្លួន ​ហើយ​ជួញ​ដូរ​ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ និង​អន់​គុណភាព បង្ក​ក្ដី​អន្តរាយ​ ដល់​ពលរដ្ឋ​ផ្សេង​ទៀត និង​សង្គម​ជាតិ​នោះ​ទេ។ ការ​ជួញ​ដូរ​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​នេះ គឺ​ប្រៀប​ដូច​ជា ជំនួញ​ថ្នាំ​ពុល​ដែល​ព្រះពុទ្ធ​សាសនា​ហាម​ដាច់ខាត៖ «បើ​សិន​ជា​ឱពុក ឬ​ក៏​ម្តាយ ដែល​ជា​អ្នក​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ស្រាប់​តែ​មាន​សុខភាព​មិន​ល្អ ទៅ​រក​ថ្នាំ តែ​ប៉ះ​ចំ​ថ្នាំ​ក្លែង ក្លាយ​ហើយ​ស្លាប់ ដូច្នេះ​កូន​របស់​គាត់​ដែល​កំពុង​តែ​រៀន នឹង​ត្រូវ​បោះបង់​ការ​រៀន​សូត្រ ហើយ​មិន​ដឹង​ថា រក​មុខ​របរ​អី​បាន​ចិញ្ចឹម​ជីវិត​ត្រឹម​ត្រូវ​ល្អ។ ស្រួល​មិន​ស្រួល​ក្លាយ​ជា​ជន​ឧក្រិដ្ឋ ទៅ​លួច ទៅ​ឆក់​ប្លន់ សម្លាប់​អ្នក​ដទៃ។ ដូច្នេះ​បើ​ករណី​នេះ មាន​ច្រើន​អាច​ក្លាយ​ជា​វិបត្តិ​សង្គម»

របាយការណ៍​របស់​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បង្ហាញ​ថា ក្នុង​ ១​ឆ្នាំ​ ពល​រដ្ឋ​ជាង ​១លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​កា​រ​ប្រើប្រាស់​ថ្នាំ​ក្លែង​ក្លាយ​នេះ​ ក្នុង​នោះ​មាន​ប្រជាជន​កម្ពុជា​ជាង​ ២ពាន់​នាក់ ឬ​ស្មើ​នឹង ៦នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ស្លាប់។

លោក ​លាវ​ សុផាន់​ណារិទ្ធិ ​មានប្រសាសន៍ថា ​បច្ចុប្បន្ន អាជ្ញាធរ​កំពុង​ចុះ​ត្រួត​ពិនិត្យ នៅ​តាម​ក្រុម ហ៊ុន ​និង​ឱសថស្ថាន​នានា ​ដើម្បី​ធានា​គុណភាព​ឱសថ​វេជ្ជសាស្ត្រ​ទាំង​អស់​នោះ។ ទោះ​យ៉ាង​ណា​ក្តី លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ចូលរួម​សហការ​គ្នា ​ដើម្បី​លុប​បំបាត់​ ឱសថ​ក្លែងក្លាយ៖ «រដ្ឋាភិបាល​យើង​កំពុង​តាក់តែង​ច្បាប់ ពង្រឹង​ច្បាប់ ធ្វើ​វិសោធនកម្ម​ច្បាប់​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ច្បាប់​យើង​មាន​ការ​រឹត​បណ្ដឹង ហើយ​ធ្វើ​ឲ្យ​ជន​ល្មើស ខ្លាច​រអា​មិន​បង្ក​បទល្មើស​ផ្សេងៗ នៅ​ក្នុង​ប្រទេស»

ភាព​អនាធិបតេយ្យ​នៃ​ការ​លក់​ថ្នាំ​ពេទ្យ​ក្លែងក្លាយ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា គឺ​ជា​ភាព​បរាជ័យ​ធំ​មួយ​ទៀត នៃ​ការ​គ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល។

កន្លង​មក ​ក្រសួង​សុខាភិបាល​បាន​ត្រឹម​តែ​ចេញ​សេចក្ដី​ជូន​ដំណឹង​ហាម​ឃាត់​ការ​លក់​ដូរ និង​ចរាចរណ៍​ផលិត​ផល​ឱសថ​ក្លែង​ក្លាយ​ ប៉ុន្តែ​មិន​បាន​ចាត់​វិធានការ​តាម​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ចំ​ពោះ​​ក្រុម​ហ៊ុន​ ឬ​អ្នក​នាំ​ចូល​ផលិតផល​ឱសថ​ក្លែង​ក្លាយ​នេះ។

យោង​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​របរ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ្នក​ប្រកបរបរ វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល ចែង​ថា អ្នក​លក់​ឱសថ​ក្លែង​ក្លាយ ត្រូវ​ទទួល​ទោស​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ហើយ​ក្នុង​ករណី​ឱសថ​ក្លែង​ក្លាយ​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​អចេតនា អ្នក​លក់​ត្រូវ​មាន​ទោស ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ​ទៅ ៣ឆ្នាំ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment