ប្រទេស​មហា​អំណាច​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ​ដោះ​លែង​លោក ​កឹម សុខា​

ប្រទេស​មហា​អំណាច​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ​ដោះ​លែង​លោក ​កឹម សុខា


By
ឌឹ ខេមបូឌា ដេលី

ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ បញ្ឈប់​ការ​យាយី​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើង​វិញ។​ ការ​ជំរុញ​របស់​ប្រទេស​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​កាលពី​ម្សិលមិញ។​

លោក ​Jason Ross Mack ​ដែលជា​តំណាង​របស់​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​អះអាង​ថា​ សហគមន៍​អន្តរ​ជាតិ​មាន​ក្ដី​បារម្ភ​​ជា​ខ្លាំង​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ក្រុម​បក្ស​​ប្រឆាំង​ បណ្តាញ​សារ​ព័ត៌មាន​ឯករាជ្យ​ និង​សង្គមស៊ីវិល។​ ​ចំណែក​តំណាង​របស់​ចក្រភព​អង់គ្លេស​វិញ​ទាមទារ​ឲ្យ​របប​លោក​ ហ៊ុន សែន​ ដោះលែង​លោក​ កឹម សុខា​ អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ និង​ស្តារ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​ឡើង​វិញ។ ​ជាងនេះ​ទៅ​ទៀត​តំណាង​ចក្រភព​អង់គ្លេស​លោក Bob Last​ ក៏​បាន​ប្រកាស​ផង​ដែរ​ថា ​ការ​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​ កន្លង​ទៅ​ធ្វើឡើង​មិន​ស្រប​ច្បាប់។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក ​កែវ រ៉េមី ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​របស់​កម្ពុជា​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ពិភព​លោក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែរ​នោះ​ ព្រមាន​ថា​ ប្រទេស​ទាំង​ឡាយ​មិន​ត្រូវ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​នោះ​ឡើយ។​

ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អះអាង​ថា​ សម្តី​របស់​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ដែល​មិន​ឲ្យ​បរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ ​សូម្បី​លោក​លោក​ អៀង សារី​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​កាលពី​ឆ្នាំ​១៩៧៨​ក៏​ធ្លាប់​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​ មិនឲ្យ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ដែរ។​

លោក​បន្ត​ថា​ ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​សព្វថ្ងៃ​នៅ​តែ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដដែល​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​សន្យា​ថា​ អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ឲ្យបាន​ខ្ជាប់​ខ្ជួន​នោះ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ប្រទេស​មហា​អំណាច​ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ​ដោះ​លែង​លោក ​កឹម សុខា​"

  1. Anonymous says:

    NO way cambodia respected international ‘ cambodia is the country in the hand of Veitcong mafia dictator’ and will hand this country to his son and groups of mafia so it no way ‘