ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​សង្ស័យ​ថា​ កម្ពុជា​អនុញ្ញាត​វត្តមាន​កងទ័ព​ចិន​ក្នុង​ខេត្ត​កោះកុង​

ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​សង្ស័យ​ថា​ កម្ពុជា​អនុញ្ញាត​វត្តមាន​កងទ័ព​ចិន​ក្នុង​ខេត្ត​កោះកុង


By

ឌឹ ខេមបូឌា ដេលី

ប្រធាន​ផ្នែក​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​លោក ​Dan Coats ​អះអាង​ថា​ កម្ពុជា​អាច​ផ្តល់​លទ្ធភាព​ឲ្យកង​ទ័ពចិន​បោះទី​តាំង​យោធា​ក្នុង​ទឹក​ដី​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។​

លោក ​Dan Coats ​បាន​និយាយ​នៅក្នុង​របាយ​ការណ៍​កម្រាស់​៤២​ទំព័រ​របស់​ការិយាល័យ​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ថា​ ក្រោយពី​ការ​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​បាន​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ​ ​គណបក្ស​មួយ​នេះ​អាច​ធ្វើ​អ្វីៗ​តាម​ទំនើង​ចិត្ត​បាន​ទាំងអស់​ទៅ​លើ​អំណាច​នីតិប្បញ្ញត្តិ។​ លោក​បន្ត​បញ្ហា​នេះ​ហើយ​ដែល​កម្ពុជា​អាច​ធ្វើ​វិសោធន​កម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​យ៉ាង​ងាយ​ស្រួល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ។​

អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន បាន​ប្រាប់​សារ​ព័ត៌មាន​ The Cambodia Daily​ នៅមុន​ការ​ផ្សាយ​នេះ​បន្តិច​​ថា ​កម្ពុជា​គោរព​ម៉ឺងម៉ាត់​​ចំពោះអ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​កម្ពុជា​ជា​ដាច់ខាត។​

សារ​ព័ត៌មាន​ The Asia Times​ កាលពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​កន្លង​ទៅ ​បាន​ចុះ​ផ្សាយ​ថា ​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​ ដោយ​សារ​កម្ពុជា​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ចិន​បោះ​ទីតាំង​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង​តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុនចិន​​ UDG ដែល​មាន​ទំហំ​ជាង​៤​ម៉ឺន​ហិកតា​រយៈពេល​៩៩​ឆ្នាំ​ដើម្បី​សង់​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ​ដែល​អាច​ឲ្យ​នាវា​ចម្បាំង​របស់​ចិន​ចូល​ចត​បាន។​

កាសែត​ដដែល​បាន​ចុះផ្សាយ​ថា​លោក ​Mike Pence ​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​លោក​ ហ៊ុន សែន ​ថា​ ប្រសិន​បើពិត​ដូច​ការ​ចុះផ្សាយ​របស់​ព័ត៌មាន​នេះ​មែន​ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​

ទោះជាយ៉ាង​ណាក៏​ដោយ​លោក​ សុខ ឥសាន អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​អ្នក​រាយ​ការណ៍​បរទស​និង​សារ​ព័ត៌មាន​ចុះទៅ​ពិនិត្យ​នៅ​តាម​តំបន់​ដី​សម្បទាន​របស់ក្រុមហ៊ុន​ UDG​ ក្នុង​ខេត្ត​កោះកុង​ ដើម្បីឲ្យ​បាន​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ។​ ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់​នៃ​សភា​តំណាង​រាស្រ្ត​របស់​សហ​រដ្ឋ​អាមេរិក​កាលពី​ដើម​ខែ​មករា​បាន​ប្រាប់ ​The Cambodia Daily​ ថា​ ប្រព័ន្ធ​ផ្កាយ​រណប​ពាណិជ្ជ​កម្ម​របស់​អាមេរិក​បាន​រក​ឃើញថា​​ទីតាំង​របស់​ក្រុមហ៊ុន ​UDG ពិតជា​មាន​តម្រុយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ជើងទឹក​ចិន​ក្នុង​ទឹក​ដី​កម្ពុជា៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​​អាមេរិក​សង្ស័យ​ថា​ កម្ពុជា​អនុញ្ញាត​វត្តមាន​កងទ័ព​ចិន​ក្នុង​ខេត្ត​កោះកុង​"

  1. Sam says:

    ឆ្ងល់អើយសែនឆ្ងល់​​​​​ អាគាំងវាថ្លន់ទេដឹង​ប្រាប់វាប៉ុន្មានដងហើយថាកម្ពុជាឥតមានអោយទ័ពចិនសុីក្តាមប្រៃមកបោះទីតាំងនៅស្រុកខ្មែរទេ មើលមានឯណាសូមអពើា្ជញមើលឥតមានទេបាទ៕
    ហើយកុំនិយាយថា​ ១០ ឆ្នាំទៀត​ប្រហែលជាមាន​​ កម្ពុជានិយាយតែពេលនេះ ចាប់១០ ឆ្នាំសុំមកនិយាយទៀត បើមានគង់តែដឹងទេ។