លោក សម រង្ស៊ី ស្នើ​អន្តរជាតិ​ចាត់​ទុក​របប​លោក ហ៊ុន សែន ជា​របប​ខុសច្បាប់​ដូច​នៅ​វេណេហ្ស៊ុយអេឡា

ដោយ មួង ណារ៉េត
2019-02-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន (ឆ្វេង) និង​មេដឹកនាំ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) (ស្ដាំ)។ Photo Facebook
មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន (ឆ្វេង) និង​មេដឹកនាំ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) (ស្ដាំ)។ Photo Facebook


លោក សម រង្ស៊ី ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ចាត់​ទុក​របប ហ៊ុន សែន ជា​របប​ខុសច្បាប់​ដូច​របប​លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នៃ​របប​ក្រុងភ្នំពេញ ឆ្លើយតប​ថា កម្ពុជា និង​វេណេហ្ស៊ុយអេឡា ខុសគ្នា​ដាច់ និង​ចោទ​ប្រកាន់​ថា សំដី​លោក សម រង្ស៊ី គឺជា​ភាសា​ញុះញង់។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ថា​របប​លោក ហ៊ុន សែន គ្មាន​ភាព​ស្របច្បាប់​ទេ ព្រោះ​របប​នេះ​កើត​ចេញ​ពី ការ​បោះឆ្នោត​ឆ្នាំ​២០១៨ កន្លងទៅ ដែល​មិន​មាន​ភាព​ស្របច្បាប់។ លោក​លើកឡើង​ថា ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ បាន​ដក​ភាព​ស្រប​ច្បាប់​ពី​របប​លោក នីកូឡា ម៉ាឌូរ៉ូ ដែល​បាន​រារាំង​មិន​ឱ្យ​គណបក្សប្រឆាំង​ធំៗ ចូលរួម​ក្នុង​ការ​បោះឆ្នោត ក្នុង​ឆ្នាំ​២០១៨ ដូច​នៅ​កម្ពុជា​ដែរ។

ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​ដែល​ត្រៀមខ្លួន​ចូល​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ថ្ងៃ​ទី​៣១ មករា និង​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា លើស​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា ប្រទេស​កម្ពុជា មាន​កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដែល​តម្រូវ​ឱ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ ដោយ​សេរី និង​យុត្តិធម៌ ហើយ​ឱ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី ពហុបក្ស គឺ​មិនមែន​ដូច​របប​ផ្ដាច់ការ​បក្ស​តែមួយ​ដែល​មាន​សព្វថ្ងៃ​នេះ​ទេ។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ការ​ប្រៀបប្រដូច​ប្រទេស​កម្ពុជា​សព្វថ្ងៃ ទៅ​នឹង​ប្រទេស​វេណេហ្សុអេឡា។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេ​ក្រាម​របស់​លោក​ថា នៅ​កម្ពុជា មាន​សន្តិភាព ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ល្អ ប៉ុន្តែ វេណេហ្ស៊ុយអេឡា អស្ថិរភាព​នយោបាយ។

លោក​អួតអាង​ទៀត​ថា សេដ្ឋកិច្ច​រីកចម្រើន​ថេរ​ក្នុង​រង្វង់ ៧ភាគរយ អតិផរណា​កម្រិត​ទាប លុយ​រៀល​មាន​ស្ថិរភាព ប៉ុន្តែ វេណេហ្ស៊ុយអេឡា សេដ្ឋកិច្ច​ធ្លាក់​ចុះ អតិផរណា​ខ្ពស់ រូបិយប័ណ្ណ​ធ្លាក់​ថ្លៃ​ខ្លាំង។ ទាក់ទង​ជីវភាព​របស់​ពលរដ្ឋ លោក សុខ ឥសាន ថា ជីវភាព​ប្រជាជន​កម្ពុជា​មាន​ការ​រីកចម្រើន ប៉ុន្តែ​នៅ​វេណេហ្ស៊ុយអេឡា ជីវភាព​រស់នៅ​របស់​ប្រជាជន​ធ្លាក់​ដុនដាប នាំ​ឱ្យ​មាន​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​នាំ​ឱ្យ​បក្ស​ប្រឆាំង​ឡើង​កូដ។

ដោយឡែក អ្នកវិភាគ​នយោបាយ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ ថា សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​របប​លោក ហ៊ុន សែន ថា ជា​របប​ស្របច្បាប់​យូរ​មក​ហើយ​ទើប​បាន​ជា​ពួកគេ​ដាក់​ទណ្ឌ​លើ​របប​នេះ ជា​បន្តបន្ទាប់ និង​តែងតែ​ទាមទារ​ឱ្យ​របប​នេះ កែខ្លួន​ឡើងវិញ។

លោក​បន្ត​ថា បើ​របប​លោក ហ៊ុន សែន មិន​កែខ្លួន​ទេ របប​នេះ​គឺ​ជៀស​មិន​ផុត​ពី​ទណ្ឌកម្ម​ដោយ​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប នឹង​GSP របស់ អាមេរិក​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ចលាចល៖ «នៅ​ពេល​មាន​វិធានការ​យកពន្ធ​អង្ករ​កម្ពុជា​នាំទៅ​ទីផ្សារ​អឺរ៉ុប ក៏​អាច​នឹង​មាន​វិធានការ​ផ្តាច់ EBA របស់​សហភាព​អឺរ៉ុប នឹង​GSP របស់ អាមេរិក គេ​ហៅ​សម្ពាធ​ជា​បន្តបន្ទាប់​លើ​ទំនាក់ទំនង​អន្តរជាតិ គេ​ចាត់​ទុក​របប​ភ្នំពេញ​ហ្នឹង​ខុសច្បាប់»

ការ​អំពាវនាវ​របស់ លោក សម រង្ស៊ី ស្នើ​ទៅ​សហគមន៍​អន្តរជាតិ ​​របប ហ៊ុន សែន ជា​របប​ខុសច្បាប់ ដូច​របប​លោក នីកូឡា ម៉ាឌូរ៉ូ នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា ខណៈ​សហគមន៍​អន្តរជាតិ​ពី​អឺរ៉ុប​លើកលែងតែ​ប្រទេស​កុម្មុយនិស្ត ប្រកាស​មិន​ទទួលស្គាល់​លោក នីកូឡា ម៉ាឌូរ៉ូ ជា​មេដឹកនាំ​ប្រទេស​នេះ​ស្របច្បាប់។ ប៉ុន្តែ ពួកគេ​ប្រកាស​ទទួលស្គាល់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ហ័ន ក្វៃដូ (Juan Guaidó) ជា​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ស្នើ​អន្តរជាតិ​ចាត់​ទុក​របប​លោក ហ៊ុន សែន ជា​របប​ខុសច្បាប់​ដូច​នៅ​វេណេហ្ស៊ុយអេឡា"

  1. Anonymous says:

    Veneazela have a big oil reserve and now down to feet’ what a bout cambodia?? have a big mountain debt of reserve haha