បទ​វិភាគ៖ ហ៊ុនសែនូបនីយកម្ម​នៃ​កម្ពុជា តើ​អាច​ជា​បញ្ហា​សម្រាប់​ប្រទេសជាតិ​ដែរ​ឬទេ?

ដោយ ជុន ច័ន្ទបុត្រ
2019-02-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។ Photo: RFA
(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។ Photo: RFA


លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្ដោបក្ដាប់​អំណាច​នៅ​កម្ពុជា​អស់​រយៈពេល​៤០​ឆ្នាំ​ហើយ។ ក្នុង​រយៈពេល​៤០​ឆ្នាំនេះ សមិទ្ធផល​ដែល​លោក ហ៊ុន សែន និង​បក្ខពួក សម្រេច​បាន​លេចធ្លោ​ជាងគេ​នោះ គឺ​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​កម្មសិទ្ធិ​របស់​លោក ហ៊ុន សែន និង​គ្រួសារ​របស់​លោក ឬ​ការ​ធ្វើ​ហ៊ុនសែនូបនីយកម្ម លើ​ប្រទេស​កម្ពុជា។

តើ​ការ​យក​កម្ពុជា​ឱ្យ​ទៅ​ក្ដោបក្ដាប់​សម្រាប់​ខ្លួនឯង​និង​ក្រុម​គ្រួសារ ត​វង្ស ត​ត្រកូល​បែបនេះ អាច​បង្ក​ជា​បញ្ហា​សម្រាប់​ប្រទេសជាតិ​ដែរ​ឬទេ?

លោក ជុន ច័ន្ទបុត្រ សូម​ជូន​បទ​វិភាគ​មួយ​អំពី​រឿង​នេះ៖

ការ​ត្រៀម​បម្រុង​កាន់អំណាច​ត​ពូជ​របស់​ត្រកូល ហ៊ុន លេច​តម្រុយ​ចេញ​កាន់តែ​ច្បាស់ នៅ​ពេល​ដែល​លោក ហ៊ុន សែន បញ្ចូល​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ទៅ​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស កាលពី​ថ្ងៃ​២០ ធ្នូ កន្លង​ទៅ​នេះ។ លោក ហ៊ុន ម៉ានិត កូនប្រុស​ទីពីរ ទទួល​តំណែង​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផ្ទៃក្នុង របស់​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​របស់​លោក ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្ដាល។

ក្នុង​សន្និបាត​វិសាមញ្ញ​កាល​ពី​ដើម​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បញ្ចូល​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ចំនួន​ជាង បី​រយ​នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​កើន​ឡើង​ជិត ៩០០​នាក់។ ភាគច្រើន​នៃ​ចំនួន​ដែល​បញ្ចូល​ថ្មី​នេះ​ សុទ្ធសឹងតែ​ដៃជើង ឬក៏​ជា​កូនជឹង​ដៃ​ឆៅ​របស់​កូនៗ​លោក ហ៊ុន សែន។ អំពើ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​ត្រកូល ហ៊ុននៅ​ក្នុង​ជួរ​ផ្ទៃក្នុង​គណបក្ស។

ក្រៅពី​តំណែង​ក្នុង​ជួរ​បក្ស កូនប្រុស​ទាំង​បី​របស់​លោក សុទ្ធតែ​ត្រូវ​បាន​លោក​តែងតាំង​ឱ្យ​កាន់​តំណែង​ដែល​មាន​អំណាច​ប្រើ​អាវុធ និង​តំណែង​ជា​គន្លឹះៗ​ក្នុង​ស្ថាប័ន​យោធា។

កូនប្រុស​ច្បង លោក ហ៊ុន ម៉ាណែត មាន​តំណែង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ហើយក៏​ជា​មេ​បញ្ជាការ​រង​កង​អង្គរក្ស។

កូនប្រុស​ទី​ពីរ គឺ​លោក ហ៊ុន ម៉ានិត ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច ក្រសួង​ការពារជាតិ។

កូនប្រុស​ពៅ លោក ហ៊ុន ម៉ានី ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មការ​ទី៧ នៃ​រដ្ឋសភា​ទទួលបន្ទុក​ការងារ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ព្រមទាំង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ក្នុង​ជួរ​កងទ័ព​វិញ លោក ហ៊ុន ម៉ានី មាន​ឋានន្តរសក្ដិ ថ្នាក់​វរសេនីយ៍​ឯក ដែល​ជា​នាយទាហាន​ការពារ​ផ្ទាល់ នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស។

មិន​ត្រឹម​តែ​មាន​តំណែង​ខ្ពស់ៗ​សំខាន់ៗ​ក្នុង​ជួរ​បក្ស និង​ផ្នែក​យោធា​ទេ សែស្រឡាយ​ត្រកូល​ហ៊ុន រាប់​តាំងពី​កូនបង្កើត កូនប្រសា បងប្អូន​ប្រុស​ស្រី ព្រមទាំង​ក្មួយៗ​របស់​លោក ស្រវា​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ជាតិ និង​ផ្នែក​ធំៗ​នៃ​ធនធាន​ជាតិ​ស្ទើរតែ​ទាំងស្រុង។ ពួកគេ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ប្តី ទាំង​ប្រពន្ធ មាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ។ ការស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បង្ហាញ​ថា គ្រួសារ​ត្រកូល​ហ៊ុន មាន​លុយ​សរុប​ទាំងអស់​ប្រមាណ​ពី ៥០០​លាន ទៅ​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ម្នាក់ៗ​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ និង​ប្រកប​របរ​រកស៊ី​ស្ទើរ​គ្រប់​ប្រភេទ រាប់​តាំងពី​ដណ្ដើម​ដី​អ្នក​ស្រុក រត់ពន្ធ​ថ្នាំញៀន បើក​បន​ល្បែងស៊ីសង និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស្ទើរ​គ្រប់មុខ ចំនួន​ជាង​មួយ​រយ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា រាប់​តាំងពី​ក្រុមហ៊ុន​ស្រោមអនាម័យ គ្រឿង​ស្រវឹង គ្រឿង​សំអាង ក្រុមហ៊ុន​នាំ​ស្រូវ​អង្ករ​ចេញ ក្រុមហ៊ុន​អគ្គិសនី ទូរស័ព្ទ ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​រុករក​រ៉ែ កាប់​ឈើ បូម​ខ្សាច់ ជាដើម។

របាយការណ៍ Global Witness សរសេរ​ថា ដោយសារ​ត្រកូល ហ៊ុន ក្ដោបក្ដាប់​សេដ្ឋកិច្ច​ស្ទើរ​គ្រប់មុខ​បែបនេះ ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នករងគ្រោះ​ពី​ត្រកូល​ហ៊ុន​នេះ​សោះ បែរជា​នាំគ្នា​ផ្តល់​ប្រាក់​ចំណេញ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នេះ​មួយថ្ងៃ​ពីរ​បី​ដង​ទៅវិញ។ មូលហេតុ គឺ​ដោយសារ​ពួកគេ​ពិបាក​នឹង​ចៀស​ផុត​ពី​ការ​ចំណាយ​ទៅលើ​មុខទំនិញ​ទាំងឡាយ ដែល​សុទ្ធតែ​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន។ បន្តិច​ម្តងៗ ប្រទេស​កម្ពុជា​ទាំងមូល ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​ត្រកូល​ហ៊ុន។

ទន្ទឹម​នឹង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ម្នាក់ៗ​មាន​កប់​ក្ដោង ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន សុទ្ធ​តែ​ជា​អ្នកក្រ។ ទោះបីជា​លោក ហ៊ុន សែន ខ្ចី​លុយ​បរទេស ចំនួន​ជិត ១​ម៉ឺន​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​កាប់​ព្រៃឈើ លក់​ធនធានធម្មជាតិ និង​សម្បត្តិ​ជាតិ​ស្ទើរ​រលាយ​ហិនហោច​ក្តី អ្នក​ជំនាញ​សេដ្ឋកិច្ច​ចាត់ទុកថា កម្ពុជា​កំពុង​ឋិត​ក្នុងចំណោម​ប្រទេស​ដែល​ក្រីក្រ​ខ្លាំង​ជាងគេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា បាន​ថយ​ចុះ​មែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តែ​អ្នក​ជំនាញ​រក​ឃើញ​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ មាន​អ្នកក្រ និង​អ្នក​ជិត​ក្រ ជាង ៨​លាន​នាក់។ បើ​តាម​តួលេខ​នេះ ពលរដ្ឋ​កម្ពុជា ជាង​ពាក់​កណ្តាល​នគរ​សុទ្ធតែ​ជា​អ្នកក្រ និង​អ្នក​ហៀប​តែ​នឹង​ធ្លាក់ខ្លួន​ក្រ។

ពុករលួយ

ការសិក្សា​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រ រក​ឃើញ​ថា អំពើពុករលួយ​បង្កឡើង និង​ការពារ​ដោយ​ក្រុម​អ្នក​ដឹកនាំ​ប្រទេស និង​ការបែងចែក​ភាគ​ផល​មិន​ស្មើគ្នា​នៅ​ក្នុង​ប្រទេស​នេះ​តែម្ដង គឺជា​ដើមចម​សំខាន់​មួយ ដែល​ធ្វើ​ឱ្យ​ខ្មែរ​ក្រ។ ឈ្មួញ​ធំៗ​ស្ទើរតែ​ទាំងអស់​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក ហ៊ុន សែន និង​មាន​លោក ហ៊ុន សែន ការពារ​ពីក្រោយ។

អ្នកការទូត​បរទេស​ប្រចាំ​ក្រុងភ្នំពេញ សង្កេត​ឃើញ​ថា គឺ​ទំនាក់ទំនង​រវាង លោក ហ៊ុន សែន ជាមួយ​នឹង​មេ​ឈ្មួញ​ធំៗ​នេះ​ហើយ ដែល​បង្ក​ឱ្យ​មាន​អំពើពុករលួយ​ពេញ​ប្រទេស។ យោង​តាម​ការ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​វិគីលីក (WikiLeaks) ដែល​បាន​ចុះផ្សាយ​នូវ​កំណត់សម្គាល់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពី​ចន្លោះ​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១០ ប្រមុខ​អ្នកការទូត​អាមេរិក​សរសេរ​ថា “​ឈ្មួញ​រកស៊ី​ធំៗ​នៅ​កម្ពុជា សុទ្ធ​តែ​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​យ៉ាង​ជិតដិត​ជាមួយ​លោក ហ៊ុន សែន និង​ជាមួយ​មន្ត្រី​គ្រាក់ៗ​ក្នុង​របប​លោក ហ៊ុន សែន”។ ឯកសារ​បែក​ធ្លាយ​នោះ​បន្ត​ថា “​លោក ហ៊ុន សែន ត្រេកត្រអាល​នឹង​ទំនាក់ទំនង​ជាមួយ​មហា​សេដ្ឋី​ទាំងនេះ​ណាស់ ដ្បិត​ពួកគេ​បាន​ផ្ដល់​លុយ​ដល់​លោក​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​មកវិញ​នូវ​ការ​គាំទ្រ​ពី​លោក ក្នុង​មុខ​ជំនួញ​របស់​គេ”។ អ្នក​ការទូត​អាមេរិក​រូប​នោះ​សន្និដ្ឋាន​ថា “​គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​បែប​នេះ​ហើយ ដែល​បាន​បង្កើត​ឡើង និង​ពង្រឹង​នូវ​វប្បធម៌​និទ្ទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា ហើយ​ព្រមទាំង​បាន​រារាំង​សកម្មភាព​ទប់ស្កាត់​អំពើពុករលួយ​នៅ​ក្នុង​ប្រទេស”។

លោក ហ៊ុន សែន ខ្លួនឯង​ក៏បាន​សារភាព​អំពី​ការ​ការពារ​ឈ្មួញ​រកស៊ី​ធំៗ នៅ​ក្នុង​សារ​សំឡេង​បែក​ធ្លាយ​មួយ​នា​ពេល​ថ្មីៗ​នេះ។ ថ្វី​ដ្បិតតែ​លោក​មិនបាន​សារភាព​ថា ឈ្មួញ​ដែល​លោក​ការពារ​នោះ រកស៊ី​ខុសច្បាប់​ក្ដី លោក​បញ្ជាក់​ថា បើ​ឈ្មួញ​នោះ​ប្រឆាំង​នឹង​លោក មុខរបរ​រកស៊ី​របស់​គេ​ក៏​អាច​ជួប​បញ្ហា​ដែរ។

សំឡេង លោក ហ៊ុន សែន៖ «ម៉េង (លោក គិត ម៉េង) សាកល្បង​ជាមួយ​ខ្ញុំ ម៉េង​ក្លាយ​ជា​សត្រូវ​របស់ខ្ញុំ។ ហើយ​តើ​មុខរបរ​របស់​ម៉េង នឹង​ជួបប្រទះ​អ្វីខ្លះ នៅ​ក្នុង​ស្ថានភាព​ដែល​ទទួល​ការ​គាំទ្រ​ពី​ខ្ញុំ​ផ្នែក​មុខរបរ​…​អាហ្នឹង​និយាយ​ឱ្យ​វា​ច្បាស់​អំពី​កន្លែង​ហ្នឹង។ បើ គិត ម៉េង បន្ត​ទៅតាម​សំណូមពរ​របស់​លោក គិត ម៉េង នឹង​ខ្ញុំ ក្លាយ​ជា​សត្រូវ។ ហើយ​តើ​អ្វី​វា​នឹង​កើត​ចំពោះ គិត ម៉េង។ ចំពោះ​មុខរបរ​របស់​គិត ម៉េងលោក​ត្រូវ​ដឹង​ហើយ ហ៊ុន សែន ជា​អ្វី​។ លោក​ត្រូវ​ដឹង​។ បើ​ទោះ​គ្រាន់តែ​មេ​បក្ស​ប្រឆាំង ក៏​ហ៊ាន​ដាក់​ខ្នោះ​ទាំង​យប់​ដែរ វា​រឿង​អី​ដែល​ត្រូវ​ពិបាក»

បង្កើត​ច្បាប់​ជា​ឧបករណ៍​ការពារ​ក្រុម​គ្រួសារ​និង​បក្ខពួក​ខ្លួន

ប្រាកដ​ណាស់​សកម្មភាព​របស់​លោក ហ៊ុន សែន កន្លង​មក បង្ហាញ​ថា គ្មាន​អ្វី​ដែល​លោក​មិន​ហ៊ាន​ធ្វើ​នោះ​ទេ ជាពិសេស​ឱ្យ​តែ​អំពើ​នោះ ធ្វើឡើង​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ដល់​គ្រួសារ និង​បក្ខពួក​របស់​លោក។ លោក​អាច​បញ្ជា​ឱ្យ​សភា​ជាតិ បង្កើត​ច្បាប់​ថ្មីស្រឡាង​មួយ រួច​បញ្ជា​ឱ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ថលេខា​លើ​ច្បាប់​ថ្មី​នោះ​បាន បើ​ទោះ​បី​ជា​ច្បាប់​នោះ​អាច​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ ឬ​បំផ្លាញ​អ្នកណា​ក៏​ដោយ​ចុះ។

នៅ​ពេល​ដែល​លោក​ដឹង​ថា គណបក្ស​ប្រឆាំង​អាច​មាន​ប្រៀប​លើ​លោក ប្រសិនបើ​គណបក្ស​នេះ​ចូលរួម​ការបោះឆ្នោត លោក​បង្កើត​ច្បាប់​រំលាយ​ចោល​ភ្លាម។ មេ​គណបក្ស​ប្រឆាំង ដូច​សម្ដី​របស់​លោក​បាន​និយាយ ក៏​លោក​ហ៊ាន​ចាប់​ដាក់​ខ្នោះ​ទាំង​យប់​ដែរ។

នៅ​មាន​ឧទាហរណ៍​ដទៃ​ទៀត​រាប់​មិន​អស់ ដែល​លោក ហ៊ុន សែន បង្កើត​ច្បាប់ និង​យក​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​សម្រាប់​បម្រើ​ផលប្រយោជន៍​គ្រួសារ និង​បក្ខ​ពួក​លោក ព្រមទាំង​ធ្វើ​ទោស​ទណ្ឌ​អ្នក​ដែល​ប្រឆាំង​នឹង​លោក។

និទ្ទណ្ឌភាព

ដោយ​បាន​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅ​ជា​របស់​ត្រកូល​ហ៊ុន ឬ​ការ​ធ្វើ​ហ៊ុនសែនូបនីយកម្ម​បាន​សំរេច​បែប​នេះ ក្រុម​គ្រួសារ​នេះ អាច​ធ្វើ​អ្វី​បាន​តាម​ទំនើងចិត្ត ទោះ​បំពាន​ច្បាប់​ក្ដី។ ឥទ្ធិពល​លុយ និង​អំណាច ផ្ដល់​លទ្ធភាព​ឱ្យ​ត្រកូល​ហ៊ុន​អាច​ពង្រីក​បណ្ដាញ “​កូនជឹង​ដែល​មាន​ភក្ដីភាពនឹង​ត្រកូល​នេះ​បាន​គ្រប់​លំដាប់​ថ្នាក់។ ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ​សំខាន់ៗ សុទ្ធតែ​ត្រូវ​បាន​កាន់កាប់​ដោយ “​អ្នក​ដែល​មាន​ភក្ដីភាព​នឹង​ត្រកូល​ហ៊ុន។ បើ​មិន​ដាក់ខ្លួន​ធ្វើជា​កូនជឹង​របស់​ត្រកូល​ហ៊ុន និង​បក្ខពួក​ទេ ពលរដ្ឋ​និង​យុវជន​ទូទៅ កម្រ​នឹង​មានឱកាស​ទទួល​បាន​ការងារ និង​តួនាទី តាម​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ណាស់។ ជា​លទ្ធផល ស្ថាប័ន​សំខាន់ៗ តួនាទី​ធំៗ បាន​តែ​ទៅ​លើ​អ្នក​ដែល “​កូនជឹង​ដែល​មាន​ភក្ដីភាព​នឹង​ត្រកូល​ហ៊ុន និង​បក្ខពួក​តែប៉ុណ្ណោះ។ ដល់​អ៊ីចឹង​ទៅ ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន គ្មាន​ហេតុផល​អ្វី​នឹង​ខ្លាច​ការ​ដាក់ទោស​ទណ្ឌ​ពី​អាជ្ញាធរ ឬ​ពី​ស្ថាប័ន​តុលាការ ក្នុង​ការ​រំលោភបំពាន​ច្បាប់​នោះ​ឡើយ។

ក្មួយៗ​របស់​លោក ហ៊ុន សែន ដូចជា នឹម ពិសី នឹម សុភា និង នឹម ចាន់ថាណា ត្រូវ​គេ​ដឹង​ថា តែង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ទំនើបៗ បាញ់​បោះ ប្រើ​អំពើ​ហិង្សា​ដោយ​គ្មាន​ខ្លាចក្រែង​ច្បាប់​ឬ​អាជ្ញាធរ​ឡើយ។ ខ្លះ​បើកឡាន​បុក​គេ​ ហើយ​ថែមទាំង​បាញ់រះ​ធ្វើ​ឱ្យ​អ្នកដំណើរ​ដែល​មិន​មាន​ពាក់ព័ន្ធ​នឹង​ខ្លួន​សោះ​ស្លាប់ និង​របួស​ថែម​ទៀត​ផង។ ពួកគេ​មិន​ត្រឹមតែ គ្មាន​តុលាការ​ណា​យកទោស​យក​ពៃរ៍​ទេ ថែមទាំង​មាន​អាជ្ញាធរ​ចេញមុខ​ការពារ​ទៀត​ផង។ កូនក្មួយ​លោក ហ៊ុន សែន ត្រកូល​នឹម​នេះ មាន​ឈ្មោះ​ជា​ក្រុម​ជន​កាច​សាហាវ ប៉ះ​ដៃ​យកដៃ ប៉ះ​ជើង​យក​ជើង។ សូម្បីតែ​អ្នកទេសចរ​បរទេស​ជនជាតិ​ជប៉ុន ក៏​ក្មួយប្រុស​ម្នាក់​របស់​លោក​ឈ្មោះ នឹម ចាន់ថាណា ធ្លាប់​ចាក់​ឱ្យ​របួសធ្ងន់​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ប្រើ​អំបែង​ដប​ទឹក​ម្ទេស និង​ដប​ទឹក​ស៊ីអ៊ីវ។

ទោះជា​មាន​ត្រកូល នឹម តែ​ជន​ទាំងនេះ​មាន​ជាប់​សាច់ឈាម​ជិតដិត​នឹង​លោក ហ៊ុន សែន។ ពួកគេ​គឺជា​កូន​របស់​លោក នឹម ច័ន្ទតារា និង​លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​របស់ លោក ហ៊ុន សែន។

កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ម្នាក់ ដែល​ជា​តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​សភា​ទទួល​បន្ទុក​ការងារ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ ក៏​ធ្លាប់​មាន​ព័ត៌មាន​បែក​ធ្លាយ​ថា ជា​មេ​ទិញដូរ​ផ្លូវ​ភេទ យក​ទៅ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ក្រុម​យុវតី​ស្អាតៗ ដែល​ជា​តារា​ចម្រៀង និង​ពិធីការិនី​ជាដើម។ ទោះបីជា​ព័ត៌មាន​បែក​ធ្លាយ​នោះ មានឈ្មោះ​និង​រូបថត​មនុស្ស​ដែល​ពាក់ព័ន្ធ​ពិតប្រាកដ មាន​អត្តសញ្ញាណ មាន​សំឡេង​របស់​ជន​រងគ្រោះ​ក៏ដោយ ក៏​គ្មាន​ឃើញ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ណាមួយ​ហ៊ាន​បើក​ការស៊ើបអង្កេត​ឡើយ។

អំពើ​មួយ​ចំនួន​ដែល​នរណា​ក៏​ដឹង​ថា បាន​បំពាន​ច្បាប់ ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន ផ្ទាល់ ក៏​មិន​ត្រូវ​បាន​តុលាការ ឬ​អាជ្ញាធរ​ណា​ហ៊ាន​ចាប់ទោស​អូស​ដំណើរ​ដែរ។ ជា​ញឹកញយ លោក ហ៊ុន សែន តែង​សាប​ព្រួស​អំពើ​ហិង្សា ប្រើ​សម្ដី​អសីលធម៌ ជេរប្រមាថ​ពលរដ្ឋ គំរាម​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ដាក់​មេក្រូ។ ពេលខ្លះ លោក​ថែមទាំង​ហ៊ាន​គំរាម​រំលាយ​ស្ថាប័ន​ព្រះមហាក្សត្រ​ចោល និង​ជេរប្រមាថ​ដល់ “​ឪ​ស្ដេច​ម៉ែ​ស្ដេច​ទៀត​ផង ក៏​គ្មាន​នរណា​ហ៊ាន​ក្អក​ឡើយ។ នេះ​ក៏​ព្រោះតែ​លោក ហ៊ុន សែន បាន​ប្រែក្លាយ​កម្ពុជា ឱ្យ​នៅ​ក្នុង​កណ្ដាប់ដៃ​លោក រួច​ទៅ​ហើយ។

ដោយ​ហាក់​បាន​ចាត់ទុកថា កម្ពុជា​ទាំងមូល​ជា​របស់​ក្រុម​គ្រួសារ​លោក លោក​អាច​ប្រគល់​តំណែង​ធំៗ​សំខាន់ៗ​នៅ​ក្នុង​របប​លោក ដល់​សាច់ញាតិ មិត្តភ័ក្ដិ និង​កូនជឹង​របស់​លោក ដោយ​មិន​ខ្វល់​គិត​ពី​សមត្ថភាព​ជំនាញ​ក្នុង​ការ​ផ្តល់​ប្រយោជន៍​ដល់​ជាតិ​ឡើយ។ មិន​ថា​អ្នក​កំប្លែង អ្នកនិពន្ធ ឬ​អ្នកកាសែត​ទេ ឱ្យ​តែ​ចេះ​និយាយ ឬ​សរសេរ​លើកជើង ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ពួកគេ​អាច​បាន​តំណែង​ធំ បាន​ផ្កាយ​ពាក់​លើ​ស្មា​ព្រោងព្រាត។

អ្នក​ដែល​និយាយ​ពិត​ដើម្បី​ប្រយោជន៍​ជាតិ​វិញ ត្រូវ​បាន​លោក ហ៊ុន សែន និង​បក្ខពួក​ចាត់ទុកជា​សត្រូវ ជា​ក្រុម​អគតិ ឬ​ក្បត់​ជាតិ ហើយ​ត្រូវ​ក្រុម​លោក​ចាប់​ដាក់គុក និង​ត្រូវ​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​រស់នៅ​បែកបាក់​គ្រួសារ​ជាដើម។

អស្ថិរភាព​នយោបាយ

ទោះបី​ជារឿយៗ​លោក ហ៊ុន សែន ធ្លាប់​អួតអាង​ពី​ភាព​រឹងមាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​របប​ដឹកនាំ​របស់​លោក​ក្តី ការ​បញ្ចូល​កូនៗ​របស់​លោក​ទៅ​ក្នុង​ក្បាលម៉ាស៊ីន​គណបក្ស​ប្រជាជន​កម្ពុជា និង​ដំឡើង​ឱ្យ​កាន់​តំណែង​កំពូលៗ​ក្នុង​ស្ថាប័ន​យោធា វា​គឺជា​សូចនាករ​មួយ ដែល​អាច​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​ការភ័យខ្លាច​ចំពោះ​ការប៉ុនប៉ង​ផ្ដួល​រំលំ​លោក ពី​សំណាក់​ផ្ទៃក្នុង​បក្ស ហើយក៏​ជា​ការ​បង្ហាញ​ថា លោក ហ៊ុន សែន មិន​ទុកចិត្ត​មនុស្ស​អ្នកណា​ទាំងអស់ ទាំង​អ្នក​នៅ​ផ្ទៃក្នុង​គណបក្ស និង​ផ្ទៃក្នុង​រដ្ឋាភិបាល។ លោក​ទុកចិត្ត តែ​កូន​ៗ​ខ្លួនឯង​ប៉ុណ្ណោះ។

និយាយ​ឱ្យ​ងាយ​ស្ដាប់ ការតែងតាំង​កូនៗ​ខ្លួន​ទៅ​ក្នុង​ក្បាលម៉ាស៊ីន​គណបក្ស និង​ក្នុង​ស្ថាប័ន​យោធា ប្រៀប​បាន​ដូចជា​លោក ហ៊ុន សែន ត្រៀមខ្លួន​ទិញ​បាន​ប័ណ្ណ​ធានា​រ៉ាប់រង ដើម្បី​ធ្វើជា​របាំង​ការពារ ពី​គ្រោះភ័យ​ដែល​អាច​កើតមាន​ឡើង​ដល់​លោក​នៅ​ថ្ងៃ​ណាមួយ។

ភស្តុតាង​មួយទៀត​ដែល​បង្ហាញ​ពី​ការ​មិនទុកចិត្ត​មន្ត្រី​នៅ​ជុំវិញ​ខ្លួន​នេះ គឺ​លោក ហ៊ុន សែន តែង​ចេញ​បញ្ជា​ឱ្យ​លើក​ពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​រៀងរាល់ថ្ងៃ​សុក្រ​ជានិច្ច នៅ​ពេល​ដែល​លោក​ចេញទៅ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ម្តងៗ​។ ក្នុង​អំឡុង​ពេល​ដែល​លោក ហ៊ុន សែន ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នា​ពេល​នេះ ជា​ឧទាហរណ៍​ស្រាប់ លោក​មិន​បាន​តែងតាំង​នាយករដ្ឋមន្ត្រី​ស្ដីទី ឱ្យ​ធ្វើ​ការងារ​ជំនួស​លោក​ទេ ហើយ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​កាលពី​ថ្ងៃ​សុក្រ​ទី​១៨ មករា កន្លង​ទៅ ក៏​ត្រូវ​បាន​លើក​ពេល​ដែរ។ ថ្ងៃ​ណាមួយ​លោក​អាច​ប្រហែល​នឹង​រក​វិធី ឬ​បង្កើត​ច្បាប់​ថ្មី​មួយ តែងតាំង​កូន​ណាមួយ​របស់​លោក​ឱ្យ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍ ក្នុង​ពេល​អវត្តមាន​របស់​លោក​ផង​ក៏​មិន​ដឹង។ អ្វី​ក៏​លោក ហ៊ុន សែន មិន​ពិបាកធ្វើ​ដែរ។

នាង​រត់​រក​អ្នក មនុស្ស​ខាតលក្ខណ៍ រត់​អ្នក​កំបាក់​អន្សា

ពាក្យចាស់​បុរាណ​ខ្មែរ​ពោល​ថា នាង​រត់រក​អ្នក មនុស្ស​ខាតលក្ខណ៍ រត់​អ្នក​កំបាក់​អន្សា។ របប​លោក ហ៊ុន សែន ទើប​បាន​ទទួល​ចំណាត់ថ្នាក់​ពី​ក្រុម​អ្នកស្រាវជ្រាវ​អំពី​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ថា ជា​ប្រទេស​ដែល​មាន​របប​គ្រប់គ្រង​ផ្ដាច់ការ។ ប្រាកដ​ណាស់​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​របប​ផ្ដាច់ការ​នេះ ក៏​រត់​ទៅ​សេពគប់​តែ​ជាមួយ​របប​ផ្ដាច់ការ​ដូចគ្នា ហើយ​ផាត់​ចោល​ប្រទេស​ទាំងឡាយ​ណា​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស បើ​ទោះ​បី​ជា​ប្រទេស​ទាំងនោះ មាន​តួនាទី​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ក៏ដោយ។

លោក​ខឹង​នឹង​សហរដ្ឋអាមេរិក​ដែល​តែង​ក្រើនរំលឹក​លោក​ឱ្យ​គោរព​សិទ្ធិមនុស្ស និង​លើកស្ទួយ​ប្រជាធិបតេយ្យ រហូតដល់​លោក​ប្រកាស​ថា នឹង​សុំ​ដក​សញ្ជាតិ​អាមេរិក​ពី​ចៅ​របស់​លោក ដែល​បាន​កើត​នៅ​សហរដ្ឋអាមេរិក ហើយ​បាន​ទទួល​សញ្ជាតិ​អាមេរិក​ពី​កំណើត​ផង។

ក្នុង​ខណៈ​ដែល​អវសានវាទ នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ពី​សហភាព​អឺរ៉ុប​កាន់តែ​ខិតចូល​មកដល់ ហើយ​សហភាព​អឺរ៉ុប​កាន់តែ​បង្ហាញ​ជំហរ​ច្បាស់​ថា គេ​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ លោក ហ៊ុន សែន កាន់តែ​ខិតខំ​រត់​ទៅ​លន់តួ​ចិន​រក​ជំនួយ ទោះបីជា​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បញ្ជាក់​ច្បាស់​ថា ការ​សេពគប់​ជាមួយ​ប្រទេស​ចិន តែងតែ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ វិនាស​អន្តរាយ​ក៏​ដោយ​ចុះ។

ប្រសិនបើ​លោក ហ៊ុន សែន ពិត​ជា​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ដែល​លោក​ហៅថា​គោល​នយោបាយ ឈ្នះ ឈ្នះ មែន​នោះ នេះ​គឺជា​ឱកាស​មាស​ដ៏​កម្រ​មួយ​ដែល​លោក ហ៊ុន សែន យក​គោលនយោបាយ​ឈ្នះ ឈ្នះ​នេះ​មក​អនុវត្ត។ ដ្បិត​វា​អាច​ធ្វើ​ឱ្យ​មនុស្ស​ទាំងអស់​គ្នា​ក្នុង​សង្គម និង​ភាគី​ពាក់ព័ន្ធ ឈ្នះ​ទាំងអស់​គ្នា។

កម្មករ កសិករ ក៏​ឈ្នះ​ដ្បិត​ផលិតផល​របស់​គេ មាន​ស្រូវ​អង្ករ សំលៀកបំពាក់​ជាដើម អាច​នាំទៅ​លក់​នៅ​សហភាព​អឺរ៉ុប​ដោយ​មិនបាច់​បង់ពន្ធ។ ប្រជាជាតិ​ខ្មែរ​ទាំងមូល​ក៏​ឈ្នះ ដ្បិត​អ្នកនយោបាយ​ខ្មែរ​អាច​ជា​នា​នឹង​គ្នា​ឡើងវិញ។ លទ្ធិ​ប្រជាធិបតេយ្យ​ក៏​អាច​រីក​ដុះដាល​បាន​ឡើងវិញ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ក៏​អាច​ដំណើរការ​បាន ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ។ សហភាព​អឺរ៉ុប​ក៏​ឈ្នះ ដ្បិត​ពួកគាត់​អាច​នៅ​ជួយ​ពលរដ្ឋ​ខ្មែរ​ដ៏​ក្រីក្រ​បន្ត​ទៀត​បាន។

ក៏ប៉ុន្តែ​ការ​ដែល​លោក ហ៊ុន សែន ខំ​ទៅ​លន់តួ​ចិន​នៅ​ពេល​នេះ ប្រហែលជា​លោក​មិន​ចង់​ឱ្យ​នរណា​ឈ្នះ ក្រៅ​តែ​ពី​ក្រុម​គ្រួសារ​លោក​ឡើយ។ បើ​បក្ស​ប្រឆាំង​រស់​ឡើងវិញ បើ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​អាច​ដំណើរការ​និយាយ​ការពិត​វិញ​បាន អំណាច​របស់​លោក និង​ក្រុម​គ្រួសារ​លោក អាច​នឹង​ត្រូវ​ថមថយ។ មហិច្ឆតា​យក​កម្ពុជា​ឱ្យ​ទៅ​ជា​របស់​ត្រកូល ហ៊ុន អាច​នឹង​ជួប​បញ្ហា។

ដូច្នេះ តើ​ការ​ធ្វើ​ហ៊ុនសែនូបនីយកម្ម​នៃ​កម្ពុជា ឬ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យ​ទៅ​ជា​របស់​លោក ហ៊ុន សែន អាច​ជា​បញ្ហា​សម្រាប់​ប្រទេសជាតិ​ដែរ​ឬទេ? ប្រសិនបើ​របៀប​ដឹកនាំ​ដោយ​យក​ប្រជាជាតិ​ទាំងមូល​យក​ទៅ​ធ្វើជា​ទ្រព្យសម្បត្តិ​របស់​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​ខ្លួន​នោះ អាច​ផ្ដល់​មេរៀន​ឱ្យ​ពលរដ្ឋ​ទាំងអស់​គ្នា​ដកស្រង់​បាន នោះ​គឺថា​ការដឹកនាំ​បែបនេះ បង្ក​ឱ្យ​មាន​បក្ខពួក​និយម​គ្រួសារ​និយម មិនបាន​ផ្ដល់​ឱ្យ​ពលរដ្ឋ និង​យុវជន​ទូទៅ​មានឱកាស​ស្មើគ្នា​បាន​ឡើយ។ វា​អាច​បង្ក​ឱ្យ​មាន​អំពើ​ពុករលួយ ខាត​ប្រយោជន៍​ជាតិ។ ប្រទេសជាតិ​នឹង​មិន​អាច​ក្លាយ​ជា​ប្រទេស​នីតិរដ្ឋ​បាន​ឡើយ ដ្បិត​អ្នកដឹកនាំ​បង្កើត​ច្បាប់​ជា​ឧបករណ៍​សម្រាប់​តែ​ការពារ​ក្រុម​គ្រួសារ និង​បក្ខពួក​ខ្លួន។ លើស​ពី​នេះ អំពើ​បំពាន​ច្បាប់ អង្គុយ​លើ​ច្បាប់ ឬ​និទ្ទណ្ឌភាព នឹង​មិន​អាច​លុបបំបាត់​បាន​ឡើយ។ ចំពោះ​ទំនាក់ទំនង​អន្តរជាតិ​វិញ របប​ផ្ដាច់ការ​តែងតែ​រត់​ទៅ​សេពគប់​តែ​របប​ផ្ដាច់ការ​ដូចគ្នា។ ប្រទេស​ជាតិ​នឹង​ជួប​ប្រទះ​តែ​នឹង​វិបត្តិ​សង្គម និង​វិបត្តិ​នយោបាយ ដ្បិត​នៅ​មាន​ការជិះជាន់​អ្នក​ងើប​ប្រឆាំង និង​មិន​មាន​យុត្តិធម៌​សង្គម។ ជា​ផលវិបាក ពលរដ្ឋ​មួយ​ភាគ​ធំ​ដែល​មិន​ចំណុះ ឬ​ដែល​មិន​មាន​សែស្រឡាយ​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន អាច​នឹង​បន្ត​រង​ទុក្ខសោក ហើយ​អ្នក​ដែល​សប្បាយ​លើ​គំនរ​ទុក្ខ​ពលរដ្ឋ គឺ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន នេះ​តែម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles