«ដូច​រស់​ក្នុង​ឋាន​នរក» អំពើ​វាយ​ប្រហារ​ដោយ​​ទឹក​អាស៊ីដ​នៅ​កម្ពុជា»

ដោយ ជី វិតា
2019-02-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកស្រី ស៊ុំ សុខនី ដែល​រង​គ្រោះ​ដោយសារ​ប្ដី​ជះ​ទឹក​អាស៊ីដ​ដាក់ ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ (RFA/San Sel)
លោកស្រី ស៊ុំ សុខនី ដែល​រង​គ្រោះ​ដោយសារ​ប្ដី​ជះ​ទឹក​អាស៊ីដ​ដាក់ ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ (RFA/San Sel)


អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) រក​ឃើញ​ថា ជន​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ដោយ​ទឹក​អាស៊ីដ​នៅ​ក្នុង​កម្ពុជា ស្ទើរ​តែ​គ្រប់​ករណី​មិន ដែល​ទទួល​បាន​សេវា​ព្យាបាល​ដោយ​ឥត​បង់​ថ្លៃ និង​មាន​ចំនួន​តិចតួច​ណាស់​ទទួល​បាន​យុត្តិធម៌​ទៅ​តាម​ច្បាប់​កំណត់។ ករណី​ទាំង​នេះ ដោយសារ​អំពើ​ពុក​រលួយ ជន​ល្មើស​មិន​ត្រូវ​បាន​ផ្ដន្ទាទោស និង​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ពី​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទឹក​អាស៊ីដ មាន​កម្រិត​ទាប​នៅ​ឡើយ ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ក្រសួង​យុតិ្តធម៌​ថា របាយការណ៍​របស់​អង្គការ យូមែនរ៉ៃត៍ វច្ឆ មាន​និន្នការ​នយោបាយ​ច្រើន​ជាង។

របាយ​ការណ៍​កម្រាស់ ​៤៨​ទំព័រ​ក្រោម​ចំណង​ជើង​ថា «ដូច​រស់​ក្នុង​ឋាន​នរក» អំពើ​វាយ​ប្រហារ​ដោយ​​ទឹក​អាស៊ីដ​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ ថ្ងៃ​ទី៥ ​ខែ​កុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីស្រាវជ្រាវពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៨។

របាយការណ៍​នេះ បាន​រៀបរាប់​​យ៉ាង​លម្អិត​ពី​ការ​រស់​នៅ​យ៉ាង​ឈឺ​ចាប់​​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត ​ជាមួយ​ស្លាក​ស្នាម​របួស​ជាប់​នៅ​លើ​ដង​ខ្លួន​អស់​មួយ​ជីវិត​របស់​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ និង​រៀប​រាប់​ពី​កិច្ច​ខិតខំ​ស្វះស្វែង​រក​យុត្តិធម៌ និង​ស្វែងរក​សេវា​ថែទាំ​ព្យាបាល​សុខ​ភាព​​ដែល​ជួប​ការ​លំបាក បន្ទាប់​ពី​ពួកគេ​រង​ការ​វាយ​ប្រហារ​ដោយ​​ទឹក​អាស៊ីដ​នីទ្រិក (nitric acid) ​ ឬ​ អាស៊ីដ​ស៊ុលហ្វូរិក (sulfuric acid)

បន្ទាប់​ពី​មានករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​កើត​ឡើង​ជា​ច្រើន​ករណី និង​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​​​យ៉ាង​​ផុលផុស រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត ច្បាប់​ ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង នៅ​ឆ្នាំ​២០១២។ ក្រោយ​ការ​អនុម័ត​ច្បាប់​នេះ អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​បាន​ធ្លាក់​ចុះ ហើយ​​វត្តមាន​អាស៊ីដ​នៅ​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ត្រូវ​បាន​កាត់​បន្ថយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ​រក​ឃើញ​ថា​ ជន​រស់រាន​មាន​ជីវិត​ពី​អំពើ​វាយ​ប្រហារ​ជា​ច្រើន​នាក់ មិន​​ទទួល​បាន​សេវា​ថែទាំ​ព្យាបាល​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ទទួល​សំណង​សមរម្យ​ដែល​ធានា​ដោយ​​ច្បាប់​នោះ​ទេ ហើយ​ជន​ប្រព្រឹត្ត​អំពើ​វាយ​ប្រហារ កម្រ​នឹង​ត្រូវ​បាន​​ផ្ដន្ទាទោស​តាម​ច្បាប់​ដែរ។

ឧបសគ្គ​របស់​ជន​រងគ្រោះ​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព

របាយការណ៍​ដដែល​បង្ហាញ​ថា មាន​ករណី​ជា​ច្រើន​ទៀត ​ដែល​ជន​រងគ្រោះ​ប្រាប់​ថា មន្ទីរពេទ្យ​បាន​បដិសេធ​ផ្ដល់​សេវា​ព្យាបាល​បឋម រួម​ទាំង​ការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ លុះ​ត្រា​តែ​ជន​រងគ្រោះ​អាច​បង្ហាញ​ថា ពួក​គេ​មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​សង្គ្រោះ​នោះ​ភ្លាមៗ។ ការ​អូស​បន្លាយ​មិន​ព្រម​ផ្ដល់​ការ​ព្យាបាល​ភា្លមៗ ក្រោយ​អំពើ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ អាច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ត្រូវ​ការ​ប្រើ​ពេល​យូរ ដើម្បី​បាន​ជា​សះស្បើយ និង​អាច​បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ផង​ដែរ។

ជាក់​ស្ដែង​ជន​រងគ្រោះ​ឈ្មោះ ស៊ុន សុខនី អាយុ ២៣ឆ្នាំ ​ជា​កម្មករ​រោងចក្រ ​ដែល​ត្រូវ​ប្ដី​ជះ​ទឹក​អាស៊ីដ​ដាក់ ក្នុង​ឆ្នាំ២០១៦ ព្រោះ​ជម្លោះ​គ្រួសារ​នោះ រៀបរាប់​ថា មុន​ពេល​នាង​ត្រូវ​បាន​គេ​លើក​ដាក់​ឡាន​សង្គ្រោះ​បន្ទាន់​ អ្នក​បើក​បរ​បាន​ទារ​លុយ​៧០​ដុល្លារ​ពី​បង​ថ្លៃ​របស់​នាង។ នៅ​ពេល​នាង​ត្រូវ​បាន​បញ្ជូន​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ កាល់ម៉ែត​ ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គ្រូពេទ្យ​បាន​សួរ​ថា​ តើ​សមាជិក​គ្រួសារ​មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​ឬ​ទេ ប៉ុន្តែ​ពេល​នោះ​សមាជិក​គ្រួសារ​បង្កើត​របស់​នាង​មិន​ទាន់​ទៅ​ដល់​មន្ទីរពេទ្យ​នៅ​ឡើយ។ គ្រូពេទ្យ​បាន​បញ្ចូល​សេរ៉ូម និង​បាន​រុំ​របួស​ឲ្យ​នាង ប៉ុន្តែ​បាន​ទុក​នាង​ចោល​ដោយ​មិន​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ឬ​បន្ត​ការ​ពិនិត្យ​ព្យាបាល​ដល់​នាង​ឡើយ​ក្នុង​រយៈពេល​ ១៤​ម៉ោង ដែល​ពេល​នោះ​ខ្លួន​ប្រាណ​របស់​នាង​ក្តៅ​ក្រហល់​ក្រហាយ​យ៉ាង​ខ្លាំង។ អ្នកស្រី​ ស៊ុន ​សុខនី ​បន្ត​ថា ​រហូត​ទាល់​តែ​តំណាង​ពី​សហជីព​ក្នុង​រោងចក្រ​ដែល​នាង​ធ្វើ​ការ​មក​ដល់​មន្ទីរពេទ្យ ហើយ​បញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម ឬហៅថា (..) ជា​អ្នក​ទទួល​បន្ទុក​លើ​ការ​ព្យាបាល​នេះ ​ទើប​គ្រូពេទ្យ​ព្រម​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ប្រភេទ​ម័រហ្វីន (morphine) និង​បន្ត​ការ​ព្យាបាល​ត​ទៅ​ទៀត។ រហូត​មក​ដល់​ពេល​នេះ ជន​រងគ្រោះ បាន​ធ្វើការ​វះ​កាត់​ចំនួន៧​លើក​ហើយ ប៉ុន្តែ​នាង​នៅ​តែ​ពិការ​ត្រចៀក​ខាង​ឆ្វេង​ដដែល៖ «ពេល​ហ្នឹង ពេទ្យ​សួរ​ខ្ញុំ​ថា គ្រួសារ​របស់​ខ្ញុំ​ មាន​លទ្ធភាព​មើល​ខ្ញុំ​អត់? ខ្ញុំ​ថា ខ្ញុំ​គ្មាន​លុយ​មើល​ទេ។ ដល់​ពេល​អ៊ីចឹង​ទៅ គេ​ដាក់​តែ​សេរ៉ូម និង​លាង​របួស ហើយ​គេ​ដើរ​ចេញ​ទៅ ដោយ​ទុក​ខ្ញុំ​ចោល​នៅ​ហ្នឹង​ឡើង​មួយ​យប់ ទាល់​តែ​ព្រឹក​ឡើង ខាង​រដ្ឋបាល​រោងចក្រ ខាង ប..ស ទៅ​ដល់ ទើប​គេ​បញ្ជូន​ខ្ញុំ​ទៅ​ព្យាបាល»

ទោះ​ជា​​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​កម្ពុជា​តម្រូវ​ឲ្យ​មន្ទីរ​សុខាភិបាល​រដ្ឋ​ទាំងអស់​​ផ្ដល់​ការ​ព្យាបាល ​និង​ការ​ថែទាំ​ដោយ​មិន​ចាំបាច់​បង់​ប្រាក់​ដល់​ជនរងគ្រោះ​ពី​អំពើ​វាយ​ប្រហារ​ដោយ​អាស៊ីដ​​ក៏​ដោយ ​​គ្មាន​​ជនរងគ្រោះ​ណា​ម្នាក់​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​ចាំបាច់​បង់​ប្រាក់​នោះ​ឡើយ។

ប្រធាន​ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​រលាក និង​បុគ្គលិក​ពេទ្យ​រដ្ឋ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​ធំ​ជាង​គេ​នៅ​កម្ពុជា​ និង​ជា​ពេទ្យ​រដ្ឋ​តែ​មួយ​គត់​ដែល​មាន​ក្រុម​ឯកទេស​ផ្នែក​រលាក ក៏​មិន​ដឹង​ថា ជន​រងគ្រោះ​ដោយសារ​អាស៊ីដ​មាន​សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​នោះ​ដែរ ។

នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ លោក តាន់ សុគន្ធ ប្រាប់​អាស៊ី​សេរី​ថា លោក​ក៏​មិន​បាន​ដឹង​ថា មាន​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ ឆ្នាំ២០១២ នោះ​ដែរ៖ «ខ្ញុំ​ដូច​អត់​ទាន់​ឃើញ​ច្បាប់​នេះ​ផង។ សុំ​ទោស ប្រហែល​ជា​ពួក​ខ្ញុំ​អត់​បាន​ចាប់​ស៊ី​ជម្រៅ​ខាង​ហ្នឹង។ ចាំ​មើល​ខ្ញុំ​សួរ​អ្នក​ជំនាញ​សិន ពីព្រោះ​រឿង អាស៊ីដ​វា​ដូច​ជា​អត់​មាន​ទាក់ទង​នឹង​មន្ទីរពេទ្យ​ទេ។

ចំណែក​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត ឬ​ហៅ​ថា មន្ទីរពេទ្យ​រុស្ស៊ី ដែល​ជា​ពេទ្យ​រដ្ឋ​ដ៏​ធំ​មួយ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ លោក ហេន រ៉ាម៉ានី ហាក់​មិន​បាន​ដឹង​ច្បាស់​អំពី​បញ្ញត្តិ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹង​ថា រដ្ឋាភិបាល​បាន​ចេញ​ប្រកាស​មួយ​ជា​យូរ​មក​ហើយ​ឲ្យ​ព្យាបាល​ជន​ក្រីក្រ​ដោយ​មិន​បាច់​បង់​ថ្លៃ៖ «អា​ហ្នឹង​មិន​មែន​ច្បាប់​ទេ គឺ​ជា​ប្រកាស​របស់​រដ្ឋមន្ត្រី និង​ប្រកាស​របស់​រដ្ឋាភិបាល ឲ្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​អ្នក​ជំងឺ​ដែល​ខ្វះខាត​ក្រីក្រ»

ករណី​ជន​រងគ្រោះ​ ​ឈ្មោះ​ កញ្ញា សា សុខា វ័យ​ ១៨​ឆ្នាំ និង​ជន​រង​គ្រោះ​ឈ្មោះ​លោក គា សំណាង ​អាយុ ២២ឆ្នាំ ជា​គូរ​ដណ្ដឹង​នឹង​គ្នា ហើយ​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ រៀបរាប់​ថា ពួក​គេ​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ហើយ​នៅ​ព្យាបាល​ទី​នោះ​រយៈ​ពេល ២ខែ និង​ទទួល​ការ​វះកាត់​ជា​ច្រើន​លើក ប៉ុន្តែ​ពួក​គេ​អះអាង​ថា គ្មាន​ការ​ព្យាបាល​ណា​មួយ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ។ ករណី​នេះ ជន​រង​គ្រោះ​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​លុយ​ក្នុង​អត្រា​ការ​ប្រាក់​ដ៏​ខ្ពស់​មក​ទូទាត់​ថ្លៃ​ព្យាបាល។

នាយក​មន្ទីរពេទ្យ​ព្រះកុសុមៈ ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ទូទាត់​ថ្លៃ​ព្យាបាល​ពី​ជន​រង​គ្រោះ ពី​ព្រោះ​មន្ទីរពេទ្យ​ខ្វះខាត៖ «បើ​សិន​ខាង​ផ្នែក​អស់​ហ្នឹង អត់​មាន​បង់​ប្រាក់​ខ្លះ ដើម្បី​ជួយ​ពេទ្យ​យើង ព្រោះ​បរិក្ខារ​មួយ​ចំនួន​វា​អត់​គ្រប់ ឧទាហរណ៍​ថា ដូច​ជា​ស្បៃ ហើយ​ស្បែក​សិប្បនិម្មិត ក៏​យើង​អត់​មាន​ដែរ ។ បើ​អ្នក​ជំងឺ​ខ្លួន​គាត់ តើ​យើង​បាន​នរណា​ជួយ​គាត់។ ទៅ​តាម​លទ្ធភាព​ពេទ្យ​វា​ជា​ដែរ ប៉ុន្តែ​វា​ក្រ។ល។ បើ​សិន​ជា​អ្នក​ជំងឺ​ដែល​អត់​លទ្ធភាព មន្ទីរពេទ្យ​ប្រើ​តាម​លទ្ធភាព [របស់​មន្ទីរពេទ្យ] ប៉ុន្តែ​អ្នក​ជំងឺ​ខ្លះ ដែល​ចង់​ឲ្យ​ជា​លឿន ទាល់​តែ​ទិញ​អា​ហ្នឹង​បន្ថែម ព្រោះ​ក្នុង​ទីផ្សារ​មាន តែ​ក្នុង​មន្ទីរពេទ្យ​អត់​មាន»

មាត្រា១១ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង ចែង​ថា មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ ឬ​គ្រឹះស្ថាន​ព្យាបាល​សាធារណៈ​ផ្សេង​ទៀត ត្រូវ​ផ្តល់​ការ​សង្គ្រោះ និង​ព្យាបាល​ជន​រង​គ្រោះ​ដោយ​អាស៊ីដ​ខ្លាំង​ដោយ​ឥត​បង់​ថ្លៃ។

ប៉ុន្តែ​កង្វះខាត​ចំណេះ​ដឹង​ ការ​ផ្គត់ផ្គង់​សេវា​ថែទាំ​តាម​បែប​វេជ្ជសាស្ត្រ​ ព្រម​ទាំង​កង្វះខាត​នូវ​ការ​ណែនាំ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​នៅ​ថ្នាក់​ក្រោម​ជាតិ នាំ​ឲ្យ​ការ​ព្យាបាល​ជន​រងគ្រោះ​ត្រូវ​ពន្យារ​ពេល​ ឬ​ត្រូវ​បាន​មន្ទីរពេទ្យ​បដិសេធ​មិន​ព្យាបាល​ឲ្យ​តែ​ម្ដង​ ដែល​អាច​បណ្ដាល​ឲ្យ​សុខភាព​ជនរងគ្រោះ​ត្រូវ​ខូចខាត ឬ​ពិការ​ជា​រៀង​រហូត។

ឧទាហរណ៍៖ ករណី​​ជន​រងគ្រោះ​ពីរ​នាក់​ឈ្មោះ អ្នកស្រី គង់ ទូច និង​ជន​រងគ្រោះ​ឈ្មោះ សំ ប៊ុណ្ណា​រិទ្ធិ នៅ​ក្នុង​របាយការណ៍ ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​បញ្ហា​ជា​ច្រើន​ដែល​ពលរដ្ឋ​រស់​នៅ​តាម​ខេត្ត តែងតែ​ប្រឈម​ក្នុង​ការ​ស្វែងរក​​សេវា​សុខាភិបាល។ ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ចំ​ពី​មុខ​ដូច​គ្នា​បណ្ដាល​ឲ្យ​អ្នក​ទាំង​ពីរ​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​អស់​មួយ​ជីវិត ដោយ​សារ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ខេត្ត ​ព្យាបាល​មិន​បាន​ត្រឹមត្រូវ ​និង​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជំនាញ ក្នុង​រាជធានី​ភ្នំពេញ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត​ មាន​ប្រសាសន៍​ថា​ ជន​រង​គ្រោះ​ដោយ​ទឹកអាស៊ីត​ជា​ច្រើន​ ក៏​រត់​ទៅ​រក​ជំនួយ​ផ្នែក​ច្បាប់​ និង​ជំនួយ​ផ្នែក​សេវា​ព្យាបាល​សុខភាព​ពី​ខាង​អង្គការ លីកាដូ ដែរ ព្រោះ​តែ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ និង​កង្វះ​ការ​ជួយ​ជ្រោមជ្រែង​ពី​ខាង​រដ្ឋាភិបាល។ លោក​បញ្ជាក់​ថា​ ច្បាប់​គ្រប់គ្រង​អាស៊ីដ ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ​ត្រូវ​សហការ​គ្នា​ជួយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ ដើម្បី​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​នោះ គឺ​មិន​ទាន់​បាន​អនុវត្ត​ឲ្យ​ល្អ​ប្រសើរ​នៅ​ឡើយ៖ «ការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​អាស៊ីដ​នេះ វា​អត់​ទាន់​បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ ការ​បន្ត​តាម​ដាន​សុខភាព​របស់​អ្នក​ជំងឺ ក៏​ត្រូវ​ចំណាយ​ថវិកា​ផង​ដែរ។

ភាព​ឈឺចាប់​ គឺ​ជា​រោគ​សញ្ញា​សំខាន់​​មួយ​ដែល​ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីដ​ត្រូវ​ប្រឈម។ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​នោះ ​ពួក​គេ​ត្រូវ​ការ​ប្រើ​ថ្នាំ​ប្រភេទ​ម័រហ្វីន (morphine) ប៉ុន្តែ គ្មាន​មន្ទីរពេទ្យ​រដ្ឋ​ណា​មួយ ដែល​ស្ថិត​នៅ​ក្រៅ​រាជធានី​ភ្នំពេញ មាន​ថ្នាំ​គ្រាប់​ម័រហ្វីន​ទុក​ក្នុង​មន្ទីរពេទ្យ​ឡើយ។ សូម្បី​តែ​នៅ​រាជ ធានី​ភ្នំពេញ ថ្នាំ​ម័រហ្វីន (morphine) នៅ​មាន​តិចតួច​នៅ​ឡើយ ហើយ​ចំពោះ​ថ្នាំ​គ្រាប់​ មាន​តែ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ឬ ពេទ្យ​រូស្ស៊ី និង​មន្ទីរពេទ្យ​កាល់ម៉ែត​តែ​ប៉ុណ្ណោះ។ មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដែល​ជា​មន្ទីរពេទ្យ​រដ្ឋ​តែ​មួយ​គត់​ដែល​មាន​ផ្នែក​ជំនាញ​ខាង​ព្យាបាល​ការ​រលាក​នោះ មិន​មាន​ថ្នាំ​គ្រាប់​ម័រហ្វីន​រក្សា​ទុក​ទេ។ ចំណែក​ថ្នាំ​ម័រហ្វីន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត និង​មន្ទីរពេទ្យ​កាល់ម៉ែត​ បាន​អស់​ពី​ស្តុក​ក្នុង​អំឡុង​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​កក្កដា ឆ្នាំ​២០១៨​។

អាស៊ី​សេរី ​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​បញ្ហា​ទាំង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ​ជា​ច្រើន​លើក ​ប៉ុន្តែ​លោកស្រី បាន​បិទ​ទូរស័ព្ទ​វិញ​នៅ​ពេល​ឮ​ថា វិទ្យុ​អាស៊ី​សេរី​សុំ​សម្ភាសន៍។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បដិសេធ​មិន​ឆ្លើយ​តប​ដោយ​លោក​ប្រាប់​ថា ជាប់​រវល់៖ «អញ្ជើញ​ខល​មក​ពី​ណា​វិញ។ អាស៊ី​សេរី៖ ខ្ញុំ​ខល​ពី​អាស៊ី​សេរី​ទៅ។ លោក ម៉ម ប៊ុនហេង៖ អូ! ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ សុំ​អធ្យាស្រ័យ។

ដង​ខ្លួន​របស់​មនុស្ស នៅ​ពេល​ណា​ប៉ះ​ជាមួយ​ទឹក​អាស៊ីដ​ខ្លាំង ស្បែក និង​ជាលិកា​ត្រូវ​រលួយ​ភ្លាមៗ ហើយ​បន្ទាប់​មក​ទឹក​អាស៊ីដ​នោះ​ក៏​ជ្រាប​ចូល​ដល់​ឆ្អឹង។ នៅ​ពេល​ជះ​ចំ​មុខ ទឹក​អាស៊ីដ​តែងតែ​ស៊ី​សាច់​ភ្នែក ត្រចៀក ស្បែក និង​ ឆ្អឹង បណ្ដាល​ឲ្យ​រលួយ​សាច់​នៅ​ត្រង់​កន្លែង​ណា​ដែល​វា​ហូរ​ទៅដល់ ដែល​អាច​ធ្វើ​ឲ្យ​មាន​ពិការភាព ឬ​បាត់បង់​ជីវិត។

ឧបសគ្គ​រាំងស្ទះ​ដល់​ការ​ស្វែងរក​យុត្តិធម៌

មាត្រា​១១ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាស៊ីដ​ខ្លាំង​ចែង​ថា៖ «រដ្ឋ​ត្រូវ​ផ្ដល់​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​ដល់​ជន​រង​គ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង»។ ទោះ​បី​ជា​ច្បាប់​ចែង​ដូច្នេះ​ក្ដី ជនរងគ្រោះ​អះអាង​ដូចៗ គ្នា​ថា ពួក​គេ​ពុំ​ដែល​ទទួល​បាន​ជំនួយ​សង្គ្រោះ​ផ្នែក​ច្បាប់​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។ លើស​ពី​នេះ ជន​រង​គ្រោះ ​អះអាង​ថា មន្ត្រី​នគរបាល​ និង​មន្ត្រី​តុលាការ តែងតែ​គំរាមកំហែង​ឲ្យ​ពួកគេ​ដក​ពាក្យ​បណ្ដឹង ឬ​ ឲ្យ​យល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ និង​សំណូក។ ក្នុង​ចំណោម​ករណី​មួយ​ចំនួន​តូច​ដែល​បាន​ប្ដឹង​ទៅ​តុលាការ មាន​ករណី​តិច​តួច​ណាស់ ​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​តុលាការ​ផ្ដន្ទាទោស​ជន​ល្មើស ហើយ​កាន់​តែ​តិចតួច​ទៅ​ទៀត​ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ជន​ល្មើស​អនុវត្ត​ទោស។

ជាក់​ស្ដែង​ ករណី អ្នកស្រី ស៊ុន សុខនី ថ្វី​ដ្បិត​តែ​តុលាការ បាន​កាត់​ទោស​ឲ្យ​ជន​ល្មើស​ជាប់​ពន្ធនាគារ​ជាង ១២ឆ្នាំ និង​សង​ជំងឺ​ចិត្ត ១ម៉ឺន​ដុល្លារ​ក្តី ក៏​ក្នុង​រយៈ​ពេល​ជិត ៤ឆ្នាំ​មក​នេះ អ្នកស្រី​មិន​ដែល​ទទួល​បាន​សំណង​នោះ​ទេ​ ចំណែក​ជន​ល្មើស​ ក៏​មិន​ទាន់​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដែរ។ ​សព្វថ្ងៃ ​អ្នកស្រី ​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជនល្មើស​បន្ត​តាម​ធ្វើបាប៖ «ខ្ញុំ​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ ដើរ​ភ័យៗ និង​ប្រុងប្រយ័ត្ន​ដែរ​ហ្នឹង ព្រោះ​វា​ធ្លាប់​ព្រមាន​ខ្ញុំ​ថា វា​មិន​ឲ្យ​ខ្ញុំ​រស់​នៅ​បាន​សុខ​ទេ។ វា​នៅ​តែ​តាម​ព្យាបាទ​អ៊ីចឹង»

លោក​វេជ្ជ​បណ្ឌិត ហង ឡៃ​រ៉ាប៉ូ ដែល​បាន​បម្រើ​ការងារ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ច្បាប់ និង​ផ្នែក​ព្យាបាល​ នៃ​អង្គការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​កម្ពុជា​ដោយ​អាស៊ីដ ហៅ​កាត់​ថា (CASC) មុន​ពេល​អង្គការ​នោះ​ឈប់​ដំណើរ​ការ បាន​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូម៉ែនរ៉ៃត៍ វច្ឆ ថា លោក​បាន​ទទួល​ការ​គំរាមកំហែង​ជា​ច្រើន​ពី​គ្រួសារ​របស់​ជន​ល្មើស​ និង​មន្ត្រី​តុលាការ​ដែល​បង្ខំ​ឲ្យ​លោក​ទម្លាក់​ចោល​សំណុំ​រឿង​របស់​ជន​រងគ្រោះ​ទាំង​នោះ។

អាស៊ីសេរីមិនអាចសុំ​ការ​ឆ្លើយ​បំភ្លឺ​បញ្ហា​ទាំង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​ទេ ដោយ​លោក​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ។

របាយការណ៍​របស់ យូម៉ែនរ៉ៃត៍ វច្ឆ បន្ត​ថា អំពើ​ពុក​រលួយ​មាន​នៅ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​នៃ​រដ្ឋាភិបាល​កម្ពុជា ហើយ​តុលាការ​មិន​មាន​សមត្ថភាព និង​អព្យាក្រឹតភាព​ទេ។ ជា​លទ្ធផល ជន​រងគ្រោះ​ដែល​គ្មាន​លុយ​ ឬ​អំណាច ទំនង​ជា​មិន​អាច​ទទួល​បាន​ការ​កាត់ក្ដី​ដោយ​យុត្តិធម៌​ ឬ​​អាច​ទទួល​បាន​សំណង​សមរម្យ​ពី​ជន​ល្មើស​ឡើយ។ បញ្ហា​ទាំងនេះ​កាន់​តែ​អាក្រក់​ទៅ​ទៀត ក្នុង​ករណី​ជនល្មើស​មាន​លុយ​ មាន​អំណាច​ ឬ ស្និទ្ធ​នឹង​អ្នក​មាន​លុយ​ មាន​អំណាច។

ករណី​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​អាស៊ីដ​​ ដែល​ល្បី​ខ្ទរខ្ទារ​បំផុត​នៅ​កម្ពុជា ទំនង​ជា​ករណី​របស់​អតីត​តារា​សម្ដែង​ខារ៉ាអូខេ ​អ្នកស្រី​ តាត ​ម៉ារីណា​ ក្នុង​ឆ្នាំ​១៩៩៩ ដែល​កាល​ណោះ​នាង​មាន​វ័យ ​១៦ឆ្នាំ​នៅ​ឡើយ។ អ្នកស្រី តាត ម៉ារីណា រៀបរាប់​ថា លោក ស្វាយ​ ស៊ីថា ដែល​កាល​ណោះ​កាន់​​​តំណែង​​ជា​អនុរដ្ឋលេខាធិការ​​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ និង​ជា​មនុស្ស​ជំនិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​គំរាម​កំហែង​នាង​តាម​ផ្លូវ​វាចា និង​ផ្លូវ​កាយ បង្ខំ​ឲ្យ​នាង​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​ខ្លួន នៅ​ពេល​នាង​ព្យាយាម​សុំ​បែក​គ្នា។ នៅ​ពេល​ភរិយា​របស់​លោក​​ ស្វាយ ស៊ីថា ដែល​មាន​ឈ្មោះ​ថា ឃួន សុផល បាន​ដឹង​ពី​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​នោះ​ក៏ ​បាន​ជួល​បុរស​មួយ​ក្រុម​ឲ្យ​មក​វាយ​ធ្វើ​បាប ម៉ារីណា ​រហូត​ដល់​បាត់បង់​ស្មារតី ហើយ​​ស្រោច​អាស៊ីដ​នីទ្រិក​​លើ​មុខ​របស់​នាង។ រហូត​មក​ដល់​ពេល​នេះ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ ចំពោះ​អំពើ​វាយ​ប្រហារ​លើ​ ម៉ារីណា ​ឡើយ — ទោះ​បី​ជា​អំពើ​វាយ​ប្រហារ​នោះ​បាន​កើត​ឡើង​ទាំង​កណ្ដាល​ថ្ងៃ ​​​នៅ​ទី​​​​ផ្សារ ដែល​មាន​មនុស្សម្នា​យ៉ាង​ច្រើន​​កុះករ ហើយ​ក្រុម​ជន​ល្មើស​ក៏​​បាន​បន្សល់​ទុក​នូវ​ភស្តុតាង ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ពួកគេ​នៅ​ទីកន្លែង​កើត​ហេតុ​ទៀត​ផង​ក៏​ដោយ​ចុះ។ រហូត​មក​ដល់​ពេល​នេះ ​អ្នកស្រី តាត ម៉ារីណា ក៏​មិន​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​អ្វី​សោះឡើយ។ ចំណែក​ លោក ស្វាយ​ ស៊ីថា វិញ​បាន​ទទួល​បុណ្យស័ក្ដិ​កាន់​តែ​ខ្ពស់ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ និង​ជា​ទីប្រឹក្សា​​​នាយក​រដ្ឋមន្ត្រី​ដែល​ជា​តំណែង​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ។

លោក អំ សំអាត នៃ​អង្គការ លីកាដូ អោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​ជន​ល្មើស​តិចតូច​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ករណី​មួយ​ចំនួន​ទៀត បាន​ដំណើរ​ការ​ទៅ​តាម​ផ្លូវ​តុលាការ​ដែរ ប៉ុន្តែ​ជន​ល្មើស​បាន​គេច​ខ្លួន ហើយ​ករណី​ខ្លះ​ទៀត តុលាការ​បាន​កាត់​ទោស ១២ឆ្នាំ ឬ ១៥ឆ្នាំ​អី ប៉ុន្តែ​ជន​ល្មើស​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ ដោយ​សារ​រត់​គេច​ខ្លួន ហើយ​ករណី​មួយ​ចំនួន​ទៀត បើ​សិន​ជា​មាន​សភាព​ស្រាល​ទេ គឺ​គេ​ធ្វើ​ការ​សម្របសម្រួល​គ្នា ហើយ​គេ​ដោះស្រាយ​គ្នា​ដោយ សំណង​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅ»

នៅ​កម្ពុជា​ករណី​វាយប្រហារ​ដោយ​ទឹក​អាស៊ីដ​ដែល​ត្រូវ​បាន​រាយការណ៍ មាន​ចំនួន ៤០​ករណី​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ​២០០០។ ករណី​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា បណ្ដាល​មក​ពី «ការ​យក​គំរូ​តាម» អំពើ​វាយ​ប្រហារ​លើ តាត ម៉ារីណា។ មាន​រលក​នៃ​ការ​វាយ​ប្រហារ​មួយ​ទៀត​នៅ​ឆ្នាំ​២០១០ ដែល​មាន​ជន​រងគ្រោះ​សរុប​ចំនួន ៣៦នាក់។ ភាគ​ច្រើន​នៃ​ករណី​ទាំង​នោះ​កើត​ចេញ​ពី​ជម្លោះ​រវាង​បុគ្គល និង​បុគ្គល​ ហើយ​និង​ការ​ចង​គំនុំ។ ការ​វាយ​ប្រហារ​កើត​មាន​ញឹកញាប់​ជាង​គេ​នៅ​ខេត្ត​កំពង់ចាម ខេត្ត​ត្បូង​ឃ្មុំ និង​រាជធានី​ភ្នំពេញ។ ការ​ដែល​ខេត្ត​ទាំងពីរ​សំបូរ​នូវ​ការ​វាយប្រហារ​បែប​នេះ ដោយ​សារ​ខេត្ត​នេះ​មាន​ការ​ប្រើប្រាស់​អាស៊ីដ​ច្រើន​នៅ​ក្នុង​ផលិត​កម្ម​កៅស៊ូ និង​ដោយ​មិន​ទាន់​មាន​ការ​ទប់​ស្កាត់​គ្រប់​គ្រាន់​ពី​ក្រសួង​មហាផ្ទៃ។

ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ ជិន​ ម៉ាលីន​ មានប្រសាសន៍ថា រដ្ឋាភិបាល​មិន​ទាន់​អាច​វាយ​តម្លៃ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អាស៊ីដ​នេះ​ទេ ដោយសារ​មិន​ទាន់​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ តែ​សម្រាប់​របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែនរ៉ៃត៍ វច្ឆ លោក​ថា អាច​បង្កើត​ឡើង ដើម្បី​បន្តុះបង្អាប់​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា លោក​ថា លោក​នឹង​អាន​របាយការណ៍​នោះ៖ «ការ​សន្និដ្ឋាន និង​ការ​ស្រាវជ្រាវ​របស់​គាត់​ដោយ​ផ្អែក​តែ លើ​ករណី​ប៉ុន្មាន​នេះ ហើយ​មក​វាយ​តម្លៃ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ទាំង​មូល គឺ​វា​មិន​មែន​ជា​ការ វាយ​តម្លៃ​ស្រាវជ្រាវ​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ។ បើ​សិន​ជា​វាយ​តម្លៃ​តែ​ប៉ុន្មាន​ករណី​នេះ គឺ​ធ្វើ​ដូច​គាត់​បាន ក្នុង​គោល​បំណង​តែ​ធ្វើ​ការ​រិះគន់​បង្អាប់ បន្ថោក​រដ្ឋាភិបាល។ ប៉ុន្តែ​សួរ​ខាង​រដ្ឋាភិបាល​វិញ​ថា តើ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា? ខ្ញុំ​អត់​ទាន់​វាយ​តម្លៃ​បាន​ទេ ព្រោះ​មិន​ទាន់ ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា ខ្លួន​បាន​ចំណាយ​ពេល ៥ឆ្នាំ​ធ្វើការ​ស្រាវជ្រាវ​មុន​នឹង​ចេញ​របាយការណ៍​នេះ ដែល​ក្នុង​នោះ​បាន​ជួប​សម្ភាសន៍​មនុស្ស​ចំនួន ៨១នាក់ រួម​មាន​ជន​រស់​រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ចំនួន ១៧នាក់​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កំពង់​ចាម​ សាច់​ញាតិ​របស់​ពួក​គេ​​ មេធាវី អ្នក​ជំនាញ​ដែល​ធ្វើ​ការងារ​ផ្ដោត​លើ​បញ្ហា​អំពើ​ហិង្សា​ដោយ​អាស៊ីដ និង​អាជីវករ​លក់​អាគុយ​ម៉ូតូ​តាម​ផ្លូវ​ ព្រម​ទាំង​អ្នក​ លក់​អាស៊ីដ​ដទៃ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូង​ឃ្មុំ។

មាត្រា១៦ នៃ​ច្បាប់​នៃ​ការ​គ្រប់គ្រង​ទឹក​អាស៊ីដ​ចែង​ថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​អាស៊ីដ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ឆ្នាំ​ដល់ ៥ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥លាន​រៀល​ដល់​ ១០លាន​រៀល។ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​ក្លាយ​ទៅ​ជា​ជន​ពិការ​អស់​មួយ​ជីវិត ឬ​រហូត​ដល់​ស្លាប់​នោះ ជន​ល្មើស​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣០ឆ្នាំ ដល់​មួយ​ជីវិត ដោយ​មិន​ទាន់​គិត​ពី​សំណង​ជា​ប្រាក់​សម្រាប់​ជន​រង​គ្រោះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែនរ៉ៃត៍ វច្ឆ (Human Rights Watch) ផ្ដល់​អនុសាសន៍​ថា ការ​រារាំង​ដល់​ដំណើរ​​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ទឹក​អាស៊ីដ គួរ​តែ​ដាក់​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ក្នុងរួម​បញ្ចូល​​​ទាំង​ការ​អន្តរាគមន៍​ដោយ​មិន​ត្រឹមត្រូវ​ពី​សំណាក់​​នគរបាល មន្ត្រី ចៅក្រម​ ឬ​ ព្រះ​រាជ​អាជ្ញា។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រសួង​យុត្តិធម៌​​កម្ពុជា​គួរ​តែ​រួសរាន់​ធ្វើ​ឲ្យ​ សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​ការពារ​ជន​រងគ្រោះ និង​សាក្សី ដែល​បាន​សន្យា​ជា​យូរ​មក​ហើយ​នោះក្លាយ​ជា​ច្បាប់។

រឿង​សំខាន់​មួយ​ទៀត «រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ទំនាក់ទំនង​ឲ្យ​បាន​ច្បាស់​ជាមួយ​មន្ទីរ​ពេទ្យ​រដ្ឋ​ទាំង​អស់ អំពី​បញ្ញត្តិ​នៃ​ច្បាប់​ដែល​តម្រូវ​ឲ្យ​​​​ផ្ដល់​ការ​ព្យាបាល​​ដល់​ជន​រងគ្រោះ​ដោយ​សារ​អាស៊ីដ​ខ្លាំង ដោយ​ឥត​គិត​ថ្លៃ និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទូទាត់​ថ្លៃ​ចំណាយ​ដល់​មន្ទីរពេទ្យ»«រដ្ឋាភិបាល​គួរ​តែ​ធ្វើ​បច្ចុប្បន្នភាព​ចំពោះ បទប្បញ្ញត្តិ​ស្ដី​ពី​​​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ខ្លាំង (opioid analgesics) ដើម្បី​ធានា​ថា ថ្នាំ​កាត់​បន្ថយ​ការ​ឈឺចាប់​ប្រភេទ​នេះ​មាន​គ្រប់គ្រាន់ និង​អាច​ឲ្យ​ជន​រង​គ្រោះ​ទាំង​ឡាយ ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ​​​​មាន​លទ្ធភាព​ទទួល​បាន​នៅ​ពេល​ពួក​គេ​ត្រូវ​ការ​ ដើម្បី​ជួយ​ឲ្យ​ជន​រស់​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​ដោយ​អាស៊ីដ​ អាច​រួច​ផុត​ពី​ជីវិត ដែល​ពោរពេញ​ដោយ​ក្ដី​ឈឺ​ចាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment