Freedom House រក​ឃើញ​ថា កម្ពុជា​នៅតែ​ជា​ប្រទេស​គ្មាន​សេរីភាព​ដដែល

ដោយ មាន ឫទ្ធិ
2019-02-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​របាយការណ៍​សេរីភាព​ពិភពលោក​ឆ្នាំ ២០១៩ របស់​អង្គការ​ឃ្លាំមើល​សេរីភាព Freedom House ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ​២០១៩។ Screenshot
​របាយការណ៍​សេរីភាព​ពិភពលោក​ឆ្នាំ ២០១៩ របស់​អង្គការ​ឃ្លាំមើល​សេរីភាព Freedom House ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ​២០១៩។ Screenshot


អង្គការ Freedom Houseចាត់ចំណាត់ថ្នាក់កម្ពុជានៅតែជាប្រទេសគ្មានសេរីភាព


កម្ពុជា​នៅតែ​ជា​ប្រទេស គ្មាន​សេរីភាព​ដដែល​សម្រាប់ ២០១៨។ នេះ​បើ​តាម​របាយការណ៍​សេរីភាព​ពិភពលោក​ឆ្នាំ ២០១៩ របស់​អង្គការ​ឃ្លាំមើល​សេរីភាព Freedom House ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៥ កុម្ភៈ នេះ។ អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់​ទុក​របាយការណ៍​របស់​អង្គការ​នេះ​ថា មាន​លក្ខណៈ​នយោបាយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថា រដ្ឋាភិបាល មិន​ឱ្យ​តម្លៃ ឬ​គោរព​ចំពោះ​ការ​ដាក់​លេខ​រៀង អំពី​ការអនុវត្ត​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ដោយ​អង្គការ​នេះ​ទេ ព្រោះ​លោក​ចោទ​ថា អង្គការ​នេះ​មាន​ចរិត​នយោបាយ៖ «យើង​ធ្វើការ​មិនមែន​ធ្វើការ​តម្រូវ​ចិត្ត​របស់​អង្គការ​ដែល​មាន​និន្នាការ​នយោបាយ​នោះ​ទេ។ យើង​ធ្វើការ​ទៅតាម​ច្បាប់​ប្រទេស​កម្ពុជា ដែល​ត្រូវតែ​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក៏ដូចជា​ច្បាប់​ដែល​នៅ​មាន​ជា​ធរមាន។ ហើយ​ការងារ​អនុវត្ត និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ គឺ​មិន​ស្ថិត​នៅចាំ​ការ​ដាក់​ខ្នោះ ឬ​ទម្លាក់​ចំណាត់ថ្នាក់​របស់​អង្គការ​នោះ​ទេ។ អង្គការ​នេះ គ្រាន់តែ​ជា​ការ​បង្កើត​ដោយ​ខ្លួនឯង ដាក់ឈ្មោះ​អន្តរជាតិ​តែប៉ុណ្ណោះ ដូចជា​គ្មាន​លក្ខខណ្ឌ​អ្វី ដែល​គួរ​ឱ្យ​យើង​គោរព​នោះ​ទេ»

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House រក​ឃើញ​ថា សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា បាន​បន្ត​រអិល​ធ្លាក់​ចុះ និង​រង​ការ​រឹតត្បិត​ថែមទៀត​នៅ​ឆ្នាំ២០១៨ ធៀប​នឹង​ឆ្នាំ២០១៧ កន្លង​ទៅ។ សម្រាប់​ឆ្នាំ​២០១៩ នេះ ពិន្ទុ​សេរីភាព​កម្ពុជា ធ្លាក់​ចុះ ៤ ពិន្ទុ មក​នៅ​ត្រឹម ២៦​ពិន្ទុ លើ ១០០ ពិន្ទុ គឺ​អន់​ជាង​កាលពី​ឆ្នាំ​២០១៨ ទៅទៀត ដែល​កាលនោះ អង្គការ​នេះ ក៏​ចាត់ទុកថា កម្ពុជា​គ្មាន​សេរីភាព​ដែរ ហើយ​កម្ពុជា​ទទួល​បាន ៣០ ពិន្ទុ​លើ ១០០​ពិន្ទុ​។ ពិន្ទុ ១០០ មានន័យថា​មាន​សេរី​ភាព​ល្អ​បំផុត​។ នៅ​ក្នុង​តំបន់ សេរីភាព​កម្ពុជា នៅ​ទាប ឬ​អន់​ជាង សេរីភាព​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) និង​ថៃ (Thailand) នៅឡើយ តែ​ប្រសើរ​ជាង​នៅ​ប្រទេស​ប្លុក​កុម្មុយនិស្ត រួមមាន​ឡាវ (Laos) វៀតណាម (Vietnam) និង​ចិន (China)​។ អង្គការ Freedom House បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៤១ គឺជា​អង្គការ​ឃ្លាំមើល​ពិភពលោក​ឯករាជ្យ​មួយ​របស់​សហរដ្ឋអាមេរិក ធ្វើការ​ផ្ដោត​លើ​ការពង្រីក​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​ជុំវិញ​ពិភពលោក។

សម្រាប់​ឆ្នាំ​២០១៩ នេះ ប្រទេស​ចំនួន ៥ ដែល​មាន​សេរីភាព​អាក្រក់​បំផុត​នៅ​ទូទាំង​ពិភពលោក រួមមាន ប្រទេស ស៊ីរី (Syria) តួមេនីស្ថាន (Turkmenistan) អេរីត្រេ (Eritrea) ស៊ូដង់​ខាងត្បូង (South Sudan) និង​ប្រទេស​កូរ៉េខាងជើង (North Korea)។ រីឯ ប្រទេស​ដែល​មាន​សេរីភាព​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក រួមមាន​ប្រទេស​ហ្វាំងឡង់ (Finland) ន័រវេ (Norway) ស៊ុយអែត (Sweden) កាណាដា (Canada) និង​ហូឡង់ (Netherlands)​។ ជា​រួម អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក Freedom House សន្និដ្ឋាន​ថា ការវាយប្រហារ​ជា​សាកល​ប្រឆាំង​នឹង​និយាម​ប្រជាធិបតេយ្យ នាំមុខ​ដោយ​ប្រទេស​កុម្មុយនិស្ត​ចិន កំពុងតែ​ក្លាយ​ជា​បញ្ហា​ប្រឈម​ដល់​ការ​រីក​លូតលាស់​នៃ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក។

របាយការណ៍ Freedom House រក​ឃើញ​ថា មានការ​ធ្លាក់​ចុះ​ខ្លាំង​ខាង​ការអនុវត្ត​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ មូលហេតុ​ដែល​នាំ​ឱ្យ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា មានការ​ធ្លាក់​ចុះ​អន់​ជាង​ឆ្នាំ​កន្លងទៅ គឺ​ដោយសារតែ​អង្គការ​នេះ​ថា មេដឹកនាំ​រដ្ឋាភិបាល​សព្វ​ថ្ងៃ គឺ​លោក ហ៊ុន សែន ព្រមទាំង​តំណាងរាស្ត្រ​ទាំង ១២៥​រូប ក្នុង​អាណត្តិ​ថ្មី​នេះ មិន​ត្រូវ​បាន​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​មួយ​ដែល​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។ របាយការណ៍​សរសេរ​ថា ការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ពុំបាន​ផ្ដល់​នូវ​ជម្រើស​ប្រកបដោយ​អត្ថន័យ​មួយ​សម្រាប់​អ្នកបោះឆ្នោត​នោះ​ទេ ដោយសារតែ​គ្មាន​វត្ថ​មាន​គណបក្សប្រឆាំង​ធំ​ជាង​គេ ហើយ​ការបោះឆ្នោត​នេះ ធ្វើឡើង​ក្នុង​បរិយាកាស​ប្រកបដោយ​ការ​រឹតត្បិត​ខ្លាំង​បំផុត ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប ពុំ​មាន​លក្ខណៈ​ឯករាជ្យ និង​អព្យាក្រឹត្យ ដោយសារតែ​គណៈកម្មាធិការ​នេះ គ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ អង្គការ​នេះ​ថា ការចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​ជាច្រើន​ទៀត​នៅ​ក្នុង​ការបោះឆ្នោត​នេះ គ្រាន់តែ​ជា​ការ​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ថា មានការ​ប្រកួតប្រជែង​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​គណបក្ស​ទាំងនោះ​មាន​ប្រភព​គួរ​ឱ្យ​សង្ស័យ ខណៈ​គណបក្សប្រឆាំង​ត្រូវ​បាន​រម្លាយ​ចោល។

របាយការណ៍​សរសេរ​បន្ត​ថា គណបក្ស​កាន់អំណាច មិន​បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​ការទទួលខុសត្រូវ​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ឡើយ។ មេដឹកនាំ​កំពូល ជាពិសេស​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ស្ថាប័ន​ប៉ូលិស និង​កងកម្លាំង​ប្រដាប់អាវុធ ធ្វើជា​ឧបករណ៍​សម្រាប់​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង។ យោធា ជា​អ្នក​ឈរ​នៅ​យ៉ាង​រឹងមាំ​ពីក្រោយ​លោក ហ៊ុន សែន ការ​គំរាមកំហែង​ដោយ​ហិង្សា និង​ការ​បង្ក្រាប​របស់​លោក​មក​លើ​សំឡេង​ប្រឆាំង។

ចំពោះ​ការ​ដំណើរការ​រដ្ឋាភិបាល​វិញ របាយការណ៍​គូស​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​បន្ត​ពង្រឹង​អំណាច​ស្នូល​របស់​ខ្លួន និង​ថា​បុគ្គល​ដែល​នៅ​ក្រៅ​រង្វង់​មនុស្ស​ជិតដិត​របស់​លោក មាន​ឥទ្ធិពល​តិច​តួច​ណាស់​មក​លើ​ការ​ធ្វើ​គោលនយោបាយ។ មាន​របាយការណ៍​ខ្លះ​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជួរ​យោធា។ របាយការណ៍​លើកឡើង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ មិន​ត្រូវ​បាន​គេ​ពង្រឹង​ឱ្យ​ត្រឹមត្រូវ​ឡើយ ហើយ​អំពើពុករលួយ​នៅតែ​ជា​បញ្ហា​ប្រឈម ខ្លាំង​នៅ​កម្ពុជា ខណៈ​ប្រព័ន្ធ​សែស្រឡាយ និង​បក្សពួកនិយម កំពុង​ធ្វើ​ឱ្យ​ទន់ខ្សោយ​ដល់​ដំណើរការ​ប្រព័ន្ធ​ការិយាធិបតេយ្យ​ប្រកប​ដោយ​តម្លាភាព។

ចំពោះ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​វិញ កម្ពុជា​នៅតែ​ទទួល​បាន​ពិន្ទុ​ទាប​ដដែល ជាពិសេស​ទាក់ទង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ដោយសារតែ​មានការ​បង្ក្រាប​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកកាសែត​ឯករាជ្យ តាមរយៈ​ការ​ប្ដឹងផ្ដល់​តាម​ផ្លូវ​តុលាការ ការ​កាត់ទោស​ឱ្យ​ជាប់​បទឧក្រិដ្ឋ ការ​យក​ពន្ធ​ច្រើន​លើសលប់ និង​ជួនកាល​មានការ​វាយប្រហារ​ដោយ​ហិង្សា ដើម្បី​ជា​ការ​បំភិតបំភ័យ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ អង្គការ​នេះ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​អនុវត្ត​ជំនឿ​សាសនា​ដោយ​សេរី ក៏ប៉ុន្តែ​នៅ​តែ​មាន​ការរើសអើង​ផ្នែក​សង្គម​ទៅលើ​អ្នកប្រតិបត្តិ​សាសនា​ដទៃ​ក្រៅពី​ពុទ្ធសាសនា​ថេរវាទ និង​ក្រុម​ជនជាតិភាគតិច។ ទាក់ទង​នឹង​សេរីភាព​ផ្នែក​អប់រំ​វិញ អង្គការ​នេះ រក​ឃើញ​ថា ក្រុម​គ្រូបង្រៀន និង​សិស្ស​និស្សិត​កម្ពុជា បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ខ្លួនឯង​ក្នុង​ការ​ពិភាក្សា​អំពី​រឿង​នយោបាយ និង​ប្រវត្តិសាស្ត្រ​នោះ​ឡើយ ខណៈ​ដែល​រាល់​ការរិះគន់​នាយករដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​របស់​គាត់ តែង​ទទួលរង​នូវ​ការ​ផ្ដន្ទាទោស។

សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា ក៏​ទទួល​បាន​ពិន្ទុ​ទាប​ដែរ ដោយសារតែ​អាជ្ញាធរ​បាន​បង្ហាញ​នូវ​ភាព​ជា​សត្រូវ​ជា​ចំហ​ប្រឆាំង​នឹង​ការអនុវត្ត​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​នានា ជាក់ស្ដែង​ដូច​ករណី​បង្ក្រាប​ដោយ​ហិង្សា​លើ​ករណី​តវ៉ា​ជុំវិញ​ជម្លោះដីធ្លី​នៅ​ខេត្ត​ក្រចេះ កាលពី​ខែ​មីនា ឆ្នាំ​២០១៨ ជាដើម។ អង្គការ​នេះ​ថា សកម្មជន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព ដែល​ធ្វើការ​ផ្ដោត​ទៅ​លើ​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ តែង​ទទួលរង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ខ្លាំង​ពី​ភ្នាក់ងារ​រដ្ឋអំណាច​។ អង្គការ​នេះ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​រារាំង​ដោយ​អំពើពុករលួយ និង​កង្វះ​ឯករាជ្យ​ភាព។ ចំណែក​ភាព​ស្មើភាព​គ្នា​នៃ​ឱកាស និង​សេរីភាព​រួចផុត​ពី​ការ​កេងប្រវ័ញ្ច​ផ្នែក​សេដ្ឋកិច្ច​វិញ អង្គការ​នេះ​ថា សមភាព​នៃ​ឱកាស គឺ​នៅ​មានការ​រឹតត្បិត​ខ្លាំង​នៅ​កម្ពុជា ដោយសារតែ​ក្រុម​អ្នក​មាន​អំណាច គ្រប់គ្រង​ភាគច្រើន​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles