ក្រសួង​ការបរទេស​ថ្កោលទោស​លោក សម រង្ស៊ី និង​កុំ​ឱ្យ​បរទេស​លូកដៃ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខ្លួន

ដោយ ថន ថារ៉ូ
2019-02-09
RFA

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ រូប៖ ហ្វេសប៊ុក​​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ


ក្រសួងការបរទេស​នៃ​របប​ក្រុងភ្នំពេញ​ថ្កោលទោស លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដែល​បាន​បង្ហោះ​សារ​អំពាវនាវ​ដល់​កងទ័ព​កម្ពុជា​កុំ​ឱ្យ​ស្ដាប់​បញ្ជា​លោក ហ៊ុន សែន។ ក្រសួង​ការបរទេស ហៅ​សារ​របស់​លោក សម រង្ស៊ី ថា មាន​លក្ខណៈ​ពិសពុល។ លោក សម រង្សី​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ថែមទៀត ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​កង​យោធពល​ខេមរភូមិន្ទ និង​ប្រជាកសិករ​ខ្មែរ​ទាំងអស់​ឱ្យ​ងើប​ក្រោក​ឈរ​ឡើង ដូរ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ចេញពី​អំណាច ដើម្បី​រំដោះខ្លួន​ចេញពី​ការ​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដោយសារតែ​របប​នេះ មិន​អាច​ជួយ​ជីវភាព​កសិករ​ឱ្យ​ល្អ​ប្រសើរ​នោះ​ឡើយ។

សេចក្ដី​ថ្លែងការណ៍​ដដែល​ដែល​ចេញ​កាល​ថ្ងៃ​ទី​៩ កុម្ភៈ ក៏បាន​ចោទប្រកាន់​លោក សម រង្ស៊ី ថា បាន​មើលស្រាល​ចំពោះ​គណបក្ស​នយោបាយ​ចំនួន ១៩​ផ្សេងទៀត ដែល​បាន​ចូលរួម​បោះឆ្នោត និង​បាន​មើលស្រាល​ដល់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ប្រមាណ​ជាង ៨៣​ភាគរយ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​បន្ត​ថា ទោះជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ របប​លោក ហ៊ុន សែន នឹង​ប្រឆាំង​ទប់ស្កាត់​តាម​គ្រប់​មធ្យោបាយ ចំពោះ​រាល់​ការប៉ុនប៉ង​នានា និង​ការធ្វើអន្តរាគមន៍​ពី​ភាគី​ទី​៣ ក្នុង​ការ​បង្ក​អស្ថិរភាព និង​បំផ្លាញ​មាតុភូមិ​ក៏ដូចជា​សុភមង្គល​របស់​ខ្លួន។ ក្រសួង​ការបរទេស ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា កុំ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​និង​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា ដើម្បី​ឱ្យ​កម្ពុជា​អាច​បន្ត​ដំណើរ​លើ​មាគ៌ា​របស់​ខ្លួន ឆ្ពោះ​ទៅ​រក​សាមគ្គី​ភាពជា​តិ ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។

អ្នកវិភាគ​សំដែង​ការ​គាំទ្រ​ការ​ចំពោះ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ហើយ​បាន​លើកឡើង​ថា ប្រសិនបើ​លោក សម រង្ស៊ី ចូល​ស្រុក នឹង​មាន​ការចូលរួម​ពី​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន តវ៉ា​ទាមទារ​ដោយ​សន្តិវិធី​និង​បែបបទ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment