បក្ស​កាន់​អំណាច​បដិសេធ​សេចក្ដី​ថ្លែងការណ៍​ដែល​ថា ផ្ទៃក្នុង​បក្ស​មិន​ពេញចិត្ត​លោក ហ៊ុន សែន

ដោយ សុ ជីវី
2019-02-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)
នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពី​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)


គណបក្ស​កាន់​អំណាច​បដិសេធ​សេចក្ដី​ថ្លែងការណ៍​មួយ ផ្សាយ​ចេញពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ជា​ឯកសារ​ក្លែងក្លាយ មាន​គោលបំណង​ចង់​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស បង្ក​ភាព​វឹកវរ​សង្គម និង​បំផ្លាញ​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ។ អ្នកវិភាគ​ជឿ​ថា នោះ​ជា​ឯកសារ​ក្លែងក្លាយ ព្រោះ​បើ​ទោះ​ជា សមាជិក​បក្ស​មិន​ពេញចិត្ត​ការ​ដឹកនាំ​របស់ លោក ហ៊ុន សែន ក៏​ពួកគេ​មិន​ហ៊ាន​ចេញ​លិខិត ជា​ចំហ​បែប​នេះ​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស ប្ដឹង​ដល់​ស្ថាប័ន​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ឱ្យ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​វែកមុខ​រក​ជន​ពាក់ព័ន្ធ ប្រព្រឹត្តិ​ល្មើស​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់។ គណបក្ស​នេះ អះអាង​ថា គ្មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​ទេ គឺ​ឯកភាព​ផ្ទៃក្នុង​ខ្ពស់ និង​គោរព​តួនាទី របស់​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ដើមហេតុ​នៃ​រឿង​នេះ គឺ​ផ្ដើម​ចេញ​ពី​សេចក្ដីថ្លែងការណ៍ ដែល​មាន​រូប​សញ្ញា គណបក្ស​ប្រជាជន​កម្ពុជា មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​ត​គ្នា​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​គណនី​ហ្វេសប៊ុក របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរ​ក្នុង​ន័យ​ថា ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ភាគច្រើន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​កណ្ដាល​បក្ស គឺ ពួកគេ​មាន​ទឹកចិត្ត ដូច​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​ដែរ គឺ​ខកចិត្ត និង​ព្រួយបារម្ភ​យ៉ាង​ក្រៃលែង ចំពោះ​ទង្វើ​ផ្ដាច់ការ និង​ក្បត់ជាតិ​របស់​បុគ្គល ហ៊ុន សែន។

ក្រោយ​លោក សម រង្ស៊ី ចែកចាយ​បាន​បន្តិច សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​តួនាទី​ខ្ពស់ៗ​ក្នុង​បក្ស ហើយ​កំពុង​កាន់​តួនាទី​តាម​ស្ថាប័នរដ្ឋ ដូចជា លោក ជា សុផារ៉ា អ្នកស្រី ម៉ែន សំអន បាន​ចេញ​លិខិត​បដិសេធ ភាព​បែកបាក់​នេះ​ភ្លាម និង​ថ្កោលទោស​សេចក្ដី​ថ្លែងការណ៍​នោះ ថា​បង្កើត​ឡើង​ដើម្បី​ញុះញង់ បង្ក​ភាព​វឹកវរ​សង្គម​ជាដើម។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​ក្នុង​បណ្ដាញ​សង្គម តេឡេក្រាម (Telegram) ថា លោក សម រង្ស៊ី បាន​ងាក​មក​ប្រើ​ឧបាយកល​ចាស់​គំរឹល បង្កើត​ព័ត៌មាន​ក្លែងក្លាយ បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី លោក សម រង្ស៊ី បានទេ នៅ​ថ្ងៃ​ទី៨ កុម្ភៈ ជុំវិញ​ការចែក​ផ្សាយ​សេចក្ដីថ្លែងការណ៍ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ហៅថា ជា​ឯកសារ​ក្លែងក្លាយ​នេះ។សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា ស្ថានភាព​ផ្ទៃក្នុង​គណបក្ស​កាន់អំណាច​សព្វថ្ងៃ មិន​ទាន់​មាន​ការ​បែក​បាក់​ផ្ទៃក្នុង​ទេ ព្រោះ​ប្រព័ន្ធ​ដឹកនាំ​បក្ស​នេះ បាន​យក​តាម​ប្រព័ន្ធ​ផ្ដាច់ការ។ គណបក្ស​នេះ បាន​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់ ដាក់​សាច់ញាតិ ឬ​មនុស្ស​ជំនិត ឱ្យ​គ្រប់គ្រង​ពីលើ ដែល​មិន​អាច​ឱ្យ​ផ្ទៃក្នុង​បក្ស​ណា​ម្នាក់ អាច​រើខ្លួន​ប្រឆាំង​បាន​ឡើយ។ ប៉ុន្តែ​លោក បុង ដែត នៅតែ​ជឿ​ថា អាច​មាន​បុគ្គល​ក្នុង​បក្ស​ខ្លះ មិន​ពេញចិត្ត នឹង​ការដឹកនាំ​របស់ លោក ហ៊ុន សែន តែ​គេ​មិន​អាច​បង្ហាញ​អាការៈ​បាន​ទេ៖ «លិខិត​មួយ​សន្លឹក​នេះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​កម្ពុជា​ធ្ងន់ធ្ងរ​មែនទែន​។ ចំណុច​ដែល​ថា ធ្ងន់ធ្ងរ គឺ​វា​ធ្វើ​ឱ្យ​មាន​បញ្ហា​ចលាចល ក្នុង​ថ្នាក់ដឹកនាំ​បក្ស។ ប៉ុន្តែ វា​(​ឯកសារ​ក្លែងក្លាយ​) មិនមែន​ចេញពី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា​ទេ យោង​តាម​កត្តា​មួយ​ចំនួន ក្នុង​របប​ផ្ដាច់ការ ខ្ញុំ​និយាយ​តាម​ត្រង់​តែម្ដង គឺ​ក្នុង​របប​ផ្ដាច់​ការដែល​ដឹកនាំ​ដោយ​របប​ឯក​បក្ស​មួយ​ចំនួន គឺ​តែងតែ​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ប្រព័ន្ធ​ត្រួត​លើ​គ្នា ដើម្បី​ចាប់​អ្នក​ណាមួយ​ដែល​មាន​និន្នាការ​ប្រឆាំង អ៊ីចឹង​ទៅ​»

ទោះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា អ្នក​ដែល​បង្ហោះ​សារ​ជេរ​លោក នឹង​ត្រូវ​ប្រើ​ពេល​តែ ៧ ទៅ ៨​នាទី នឹង​ចាប់​ខ្លួន​បាន ប៉ុន្តែ រហូត​មក​ដល់​ម៉ោង​នេះ សមត្ថកិច្ច​មិនទាន់​ចាប់​បាន​អ្នក​បង្ហោះ​សារ និង​អ្នក​ចែក​ផ្សាយ​បន្ត គឺ លោក សម រង្ស៊ី បាន​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "បក្ស​កាន់​អំណាច​បដិសេធ​សេចក្ដី​ថ្លែងការណ៍​ដែល​ថា ផ្ទៃក្នុង​បក្ស​មិន​ពេញចិត្ត​លោក ហ៊ុន សែន"

  1. so chết says:

    សត្រូវដ៏អាក្រក់បំផុតរបស់អ្នកគឺជាមិត្តល្អបំផុតរបស់អ្នក
    your worst enemy is your best friend