មន្ត្រី​បក្ស​ប្រឆាំង​ការពារ​ជំហរ​តស៊ូ​ដោយ​អហិង្សា​ដើម្បី​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​ថា ​ស្របតាម​រដ្ឋធម្មនុញ្ញ

ដោយ មួង ណារ៉េត
2019-02-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និង​អ្នកស្រី មូរ សុខហួរ ក្នុង​កិច្ច​ពិភាក្សា​អំពី​ការ​បង្កើត​ទស្សនវិស័យ និង​គោល​ដៅ​ចលនា​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៨។ Photo courtesy of Sam Rainsy Facebook's page
ពី​ឆ្វេង៖ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និង​អ្នកស្រី មូរ សុខហួរ ក្នុង​កិច្ច​ពិភាក្សា​អំពី​ការ​បង្កើត​ទស្សនវិស័យ និង​គោល​ដៅ​ចលនា​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​តិចសាស់ (Texas) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៨។ Photo courtesy of Sam Rainsy Facebook’s page


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ការពារ​ជំហរ​តស៊ូ​ដោយ​អហិង្សា ដើម្បី​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ ថា​ជា​ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ខ្មែរ ស្រប​តាម​រដ្ឋធម្មនុញ្ញ ក្រោយ​របប​លោក ហ៊ុន សែន ចាត់​ទុក​ការ​អំពាវនាវ ឱ្យ​ពលរដ្ឋ​ក្រោក​ប្រឆាំង​របប​នេះ គឺជា​អំពើ​ខុសច្បាប់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង លើកឡើង​ថា ការ​តស៊ូ​នយោបាយ នៅ​ក្នុង​សង្គម​មួយ ដែល​អយុត្តិធម៌ និង​មាន​មេដឹកនាំ​ផ្ដាច់ការ​ដូច​សព្វថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​រើ​បម្រាស់ តាម​មធ្យោបាយ​ផ្សេងៗ ដោយ​សន្តិវិធី ដើម្បី​ផ្លាស់ប្ដូរ​មេដឹកនាំ​បែបនេះ។ សិទ្ធិ​នេះ លោក​បញ្ជាក់​បន្ថែម​ថា មាន​ធានា​ទាំង​ក្នុង​ច្បាប់​កំពូល​របស់​កម្ពុជា និង​ច្បាប់​អន្តរជាតិ៖ «ការ​តស៊ូ​ដោយ​អហិង្សា​ហ្នឹង គឺជា​ការ​តស៊ូ​ដោយ​ត្រឹមត្រូវ ស្របតាម​ច្បាប់​របស់​កម្ពុជា គឺ​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា សន្ធិសញ្ញា ឬ អនុសញ្ញា​ស្ដីពី​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ របស់​អង្គការសហប្រជាជាតិ»

បើ​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ សិទ្ធិ​នយោបាយ និង​ការ​តវ៉ា​ដោយ​សន្តិវិធី​នេះ មាន​ចែង​ក្នុង​មាត្រា ៣៥ និង មាត្រា ៣៧ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែងថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ​។ សេចក្ដី​ស្នើ​ទាំងឡាយ របស់​ប្រជាពលរដ្ឋ រដ្ឋ​ត្រូវតែ​ទទួល​យមក​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​។ ពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជាប់​កាតព្វកិច្ច អនុវត្ត​តាម​ច្បាប់​ជាតិ​នោះ​ទេ កម្ពុជា​ជាប់​កាតព្វកិច្ច​អនុវត្ត​ច្បាប់​អន្តរជាតិ​ផង ព្រោះ​ប្រទេស​នេះ បាន​ចុះ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​អន្តរជាតិ​ជាច្រើន។ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា ត្រូវ​គោរព​តាម ក្នុង​ច្បាប់​អន្តរជាតិ គឺ​មាន​ចែង​ក្នុង​មាត្រា៣ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ ដែល​ចែងថា​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​នេះ ត្រូវ​ធានា​សិទ្ធិ​ស្មើគ្នា​របស់​ពលរដ្ឋ​ខ្លួន ដើម្បី​ឱ្យ​ពួកគាត់ អាច​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ឱ្យ​បាន​ពេញលេញ។

ប្រតិកម្ម​របស់​មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ ធ្វើឡើង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​របប​លោក ហ៊ុន សែន ដែល​ចាត់​ទុក​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ដែល​បំផុស​មហាជន ឱ្យ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន ដោយ​ក្រោក​ឡើង​ទាំងអស់​គ្នា ដើម្បី​ផ្លាស់ប្ដូរ​របប​សព្វថ្ងៃ ថា ជា​អំពើ​ខុសច្បាប់។

ការិយាល័យ​អ្នកនាំពាក្យ​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃទី៨ ខែ​កុម្ភៈ ចាត់​ទុក​សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង នៅ​ឯ​នាយ​សមុទ្រ ដល់​កងកម្លាំងប្រដាប់អាវុធ កុំ​ឱ្យ​បាញ់​បង្ក្រាប​អ្នក​តវ៉ា​ដោយ​សន្តិវិធី ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ក្រោក​តវ៉ា​របស់​កសិករ កម្មករ និង ពលរដ្ឋ​ខ្មែរ​ទូទៅ ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នេះ ថា ជា​សកម្មភាព​ភេរវកម្ម​នយោបាយ ដែល​ញុះញង់​កម្លាំង​មហាជន​ប្រឆាំង​នឹង​ច្បាប់។ ការិយាល័យ​អ្នកនាំពាក្យ​ដដែល អះអាង​បន្ថែម​ថា រដ្ឋាភិបាល​សព្វថ្ងៃ កើត​ចេញ​ពី​ការបោះឆ្នោត​ស្របច្បាប់។ ដូច្នេះ​សកម្មភាព​ទាំងឡាយ​ណា ដែល​ប្រឆាំង​នឹង​នីត្យានុកូលភាព​នេះ គឺជា​ការ​ញុះញង់ និង​ជា​សកម្មភាព​ឧក្រិដ្ឋ។ របប​លោក ហ៊ុន សែន ថែមទាំង​ព្រមាន​ចាត់វិធានការ យ៉ាង​ម៉ឺងម៉ាត់ លើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនេះ។

ការបោះឆ្នោត​កាលពី​ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែល​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស ពី​សហគមន៍​អន្តរជាតិ ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ពិតប្រាកដ របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប មិន​ទទួលស្គាល់​ការបោះឆ្នោត​នោះ​ដែរ​។ ប្រទេស​ទាំងនេះ ថែមទាំង​បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្ដើរៗ និង ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ស្ថានភាព​អាក្រក់​នៅតែ​បន្ត​ដូច្នេះ។

លោក អេង ឆៃអ៊ាង ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​របស់​របប​លោក ហ៊ុន សែន បែបនេះ ថា​ជា​ការ​បង្ហាញ​ចរិត​ធម្មជាតិ របស់​ជន​ផ្ដាច់ការ ដែល​មាន​អាកប្បកិរិយា​ហិង្សា គំរាម​កំហែង សម្លុត​បំភ័យ និង រំលោភ​ស្មារតី​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​រំលោភ​ស្មារតី នៃ​ច្បាប់​អន្តរជាតិ​ផង។ លោក​បន្ថែម​ថា ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យសេរី​និយម​ពហុបក្ស គេ​មិន​ជ្រើស​រើស​យក​វិធីសាស្ត្រ​បែបនេះ ដើម្បី​បន្ត​ក្រាញ​អំណាច​នោះ​ឡើយ ពោល​គឺ​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន មាន​សិទ្ធិ​ពេញលេញ ក្នុង​ជីវភាព​នយោបាយ។ ទោះជា​យ៉ាង​នេះ​ក្តី លោក​ថា នេះ​បង្ហាញ​ពី​ភាព​ភ័យ​ខ្លាច​របស់​របប​លោក ហ៊ុន សែន ភ័យខ្លាច​បាត់បង់​អំណាច​ផ្ដាច់ការ ដោយសារ​តែ​អំពើ​របស់​ខ្លួន ក្បត់​ឆន្ទៈ​រាស្ត្រ​ពាក់​កណ្ដាល​ប្រទេស និង​ខ្វះ​ការ​គាំទ្រ និង​ការ​ទទួល​ស្គាល់​ជាទូទៅ​បែបនេះ៖ «ពួក​របប​លោក ហ៊ុន សែន ហ្នឹង​ដោយសារ​ខ្លួនឯង​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ចំពោះ​ប្រទេសជាតិ​របស់​ខ្លួន គឺ​ភិតភ័យ។ ភិតភ័យ​ការ​ងើបឡើង របស់​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​ឱ្យ​មានការ​ផ្លាស់ប្ដូរ ដោយ​កម្លាំង​ប្រជាពលរដ្ឋ​។ ភ័យខ្លាច​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌​។ អ៊ីចឹង​ហើយ បានជា​តែងតែ​ព្យាយាម​យាយី រារាំង​មិន​ឱ្យ​លោក សម រង្ស៊ី ចូល​ទៅ​ដឹកនាំ នយោបាយ ក្នុង​ប្រទេស​ទេ ព្រោះ​គេ​ដឹង​ថា បើកាលណា​លោក សម រង្ស៊ី ចូល​ទៅ​ដឹកនាំ ហើយ​លោក កឹម សុខា មាន​សេរីភាព និង​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ របប​ពួកគេ​នឹង​ចាញ់»

រយៈពេល​ចុងក្រោយ​នេះ របប​លោក ហ៊ុន សែន ចាប់ផ្ដើម​បញ្ចេញ​សារ និង​សេចក្ដី​ថ្លែងការណ៍​ជាច្រើន ដើម្បី​ទប់ទល់​ទៅ​នឹង​ស្ថានការណ៍ ដែល​អាច​មាន​ចលនា​មហាជន ក្រោក​ឡើង​ទាមទារ ឱ្យ​មានការ​ផ្លាស់ប្ដូរ​របប​សព្វថ្ងៃ ក្រោយ​លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​ខ្មែរ​វិញ ឱ្យ​ខាង​តែ​បាន នៅ​ក្នុង​ឆ្នាំ២០១៩ នេះ​។ លោក សម រង្ស៊ី ក៏បាន​ថ្លែង​ផង​ដែរ​ថា នៅ​ពេល​ដែល​លោក វិលត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ លោក​នឹង​ដឹកនាំ​ពលរដ្ឋ​ខ្មែរ ទៅ​ចាប់ខ្លួន​លោក ហ៊ុន សែន កាត់ទោស​ពី​បទ​ក្បត់ជាតិ។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​ផ្ញើ​សារ​អំពាវនាវ ដល់​កសិករ​ខ្មែរ​ទាំងអស់ នាំគ្នា​ងើបឡើង​ប្ដូរ​របប​សព្វថ្ងៃ​ចេញ ដើម្បី​រំដោះខ្លួន​ចេញពី​បំណុល។

អ្នកវិភាគ​បាន​ព្រមាន​របប​លោក ហ៊ុន សែន ថា​ចលនា​មហាជន ដែល​មិន​ពេញចិត្ត​របប​ដឹកនាំ​បែប​ផ្ដាច់ការ​សព្វថ្ងៃ​នេះ នឹង​ផ្ទុះឡើង​ជាក់​ជាមិនខាន ប្រសិនបើ​របប​នេះ មិន​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​រៀបចំ​ឱ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles