អង្គការ​មាតា​ធម្មជាតិ​បង្កើត​យន្ត​ការ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ និង​យុវជន ទាក់ទង​នឹង​បទល្មើស​នានា​

ដោយ ជុន ច័ន្ទបុត្រ
2019-02-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​ អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ប្រធាន​អង្គការ​មាតា​ធម្មជាតិ​។ Mother Nature Cambodia
លោក​ អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ប្រធាន​អង្គការ​មាតា​ធម្មជាតិ​។ Mother Nature Cambodia


អង្គការ​មាតា​ធម្មជាតិ​ចេញ​ផ្សាយ​វីដេអូ​ខ្លី​មួយ នៅ​ថ្ងៃ​ទី៧ កុម្ភៈ ស្នើសុំ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​យុវជន​ ផ្ដល់​​ព័ត៌មាន​ឱ្យ​ខ្លួន ទាក់ទង​នឹង​​បទល្មើស​ធន​ធាន​ធម្មជាតិ និង​ការ​បំផ្លិច​បំផ្លាញ​ផល​ប្រយោជន៍​ជាតិខ្មែរ។ ស្ថាបនិក​​​អង្គការ​នេះ​អះអាង​ថា មាន​តែ​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ និង​យុវជន​នោះ​ទេ ទើប​អាច​ជួយ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ សកម្មជន​បរិស្ថាន និង​អ្នកឃ្លាំមើល​សង្គម​ គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ ដើម្បី​ជួយ​ឱ្យ​មាន​តម្លាភាព​ក្នុង​សង្គម។

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ លោក​ អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ថ្លែង​ថា ការ​បង្កើត​យន្ត​ការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការ​បំផ្លិចបំផ្លាញ​ធន​ធាន​ធម្មជាតិ អំពើ​ពុករលួយ និង​បទ​ល្មើស​នានា​នេះ គឺ​ដើម្បី​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​​​​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ ដែល​ពលរដ្ឋ​​​អាច​​ផ្ដល់​ព័ត៌មាន​ជូន​បាន​ក្នុង​លក្ខខណ្ឌ​អនាមិក ឬ​មិន​បង្ហាញ​អត្តសញ្ញាណ។ លោក​ថា យន្ត​ការ​នេះ​មាន​ធ្វើ​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ ប៉ុន្តែ​នៅ​កម្ពុជា​​មិន​ទាន់​ឃើញ​មាន​នៅឡើយ៖ «ឧទាហរណ៍​នៅ​ក្នុង​ដៃ​របស់​អ្នក​មាន​វីដេអូ​សកម្មភាព​កាប់​ឈើ អាជីវកម្ម​រ៉ែ​មាស ឬ​ខ្សាច់ ការ​បំពុល​ទឹក ការ​បំផ្លាញ​ទន្លេ ឬ​សមុទ្រ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ផ្សេងៗ ឬ​ក៏​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ជាតិ​ បង​ប្អូន​អាច​ទាក់ទង​ពួក​យើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​មាតា​ធម្មជាតិ ហើយ​យើង​សន្យា​ថា ​នឹង​​រក្សា​ភាព​អនាមិក​ជូន​បង​ប្អូន​ឱ្យ​បាន​ល្អ ជាពិសេស​សម្រាប់​មន្ត្រី​រាជការ ឬ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ។ សូម​ចូល​រួម​ជាមួយ​ពួក​យើង​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់»

លោក​ អាឡិច អះអាង​ថា រាល់​ព័ត៌មាន​ដែល​ពលរដ្ឋ និង​យុវជន​ផ្ដល់​មក​ឱ្យ​អង្គការ​មាតា​ធម្មជាតិ​ នឹង​ត្រូវ​រក្សា​ការ​សម្ងាត់ ហើយ​អង្គការ​នេះ​នឹង​ស្រាវជ្រាវ ឬ​ស៊ើបអង្កេត​ករណី​ទាំងនោះ ដើម្បី​លាត​ត្រដាង​ឱ្យ​សាធារណជន​បាន​ដឹង​ឮ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ​លោក​ជឿជាក់​ថា យន្ត​ការ​នេះ​នឹង​ជួយ​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​សង្គម​ជាង​មុន​ ខណៈ​របប​ក្រុង​ភ្នំពេញ​បាន​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ លុប​បំបាត់​អំពើ​ពុក​រលួយ និង​បទល្មើស​នានា​ជាច្រើន​ទៀត។

សកម្មជន​រូប​នេះ​អះអាង​ថា ការ​តស៊ូ​មតិ​របស់​អង្គការ​មាតា​ធម្មជាតិ​​រឿង​អាជីវកម្ម​ខ្សាច់​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង​កាល​ពី​ពេល​កន្លង​ទៅ​នោះ គឺ​ផ្ដើម​ចេញ​ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​សម្ងាត់​ពី​ពលរដ្ឋ​នេះ​ឯង។ លោក​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ថ្មីៗនេះ អង្គការ​មាតា​ធម្មជាតិ​​ក៏បាន​​ទទួលយក​វីដេអូ​​របស់​សកម្មជន​បរិស្ថាន​ទាក់ទង​នឹង​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​មក​ផ្សព្វផ្សាយ​បន្ត​ផង​ដែរ ដើម្បី​ជួយ​ជំរុញ​ឱ្យ​មាន​​ការ​អនុវត្ត​ច្បាប់​លើ​ជន​ល្មើស៖ «អតីត​បុគ្គលិក​ក្រុមហ៊ុន LYP (លី យ៉ុងផាត់) គាត់​បាន​និយាយ​ក្នុង​ភាព​អនាមិក​ បាន​បកស្រាយ​ពី​ចំនួន​ខ្សាច់​ដែល​បាត់ ហើយ​ក៏​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​យើង។ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ហ្នឹង​ យើង​ចាប់​ផ្ដើម​ស៊ើបអង្កេត​ ហើយ​លាត​ត្រដាង អ៊ីចឹង​កន្លងមក​ វា​មាន​ ហើយ​មាន​ច្រើន​ណាស់។ មួយ​អាទិត្យ​មាន​មួយ​ពីរ​អ៊ីចឹង​ទៅ ប៉ុន្តែ​យន្ត​ការ​ដែល​យើង​ចាប់​ផ្ដើម​ថ្ងៃហ្នឹង គឺ​ធ្វើ​យ៉ាងណា​ឱ្យ​វា​ស្រួល ឱ្យ​វា​រលូន​ជាង​មុន​ ហើយ​ប្រសិន​បើ​យើង​ឃើញ​ថា ហួស​សមត្ថភាព​យើង យើង​អាច​បញ្ជូន​ទៅ​ស្ថាប័ន​ផ្សេង»

សកម្មជន​បរិស្ថាន​ លោក ថុន រដ្ឋា ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​អង្គការ​មាតា​ធម្មជាតិ​នេះ។ លោក​បញ្ជាក់​ថា លោក​​បាន​សហការ​ផ្ដល់​ព័ត៌មាន និង​វីដេអូ​ដែល​លោក​បាន​ផលិត​ទាក់ទង​នឹង​ការ​បំពុល​បរិស្ថាន​នៅ​ខេត្ត​ព្រះសីហនុ ទៅ​ឱ្យ​អង្គការ​មាតា​ធម្មជាតិ​ជួយ​ផ្សព្វផ្សាយ ដោយសារ​គេហទំព័រ​របស់​អង្គការ​មាតា​ធម្មជាតិ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើន​។ លោក​ជំរុញ​ឱ្យ​​ពលរដ្ឋ និង​យុវជន​ដែល​មាន​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​រឿង​​ផល​ប្រយោជន៍​របស់​ជាតិ ឬ​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​គួរ​តែ​ផ្ដល់​ព័ត៌មាន​ទាំងនោះ​ទៅ​ឱ្យ​អង្គការ​មាតា​ធម្មជាតិ​ ប្រសិន​បើ​ពួក​គេ​មិន​ហ៊ាន​បញ្ចេញ​ព័ត៌មាន​ទាំងនោះ​ជា​សាធារណៈ​ដោយ​ខ្លួន​ឯង៖ «ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ រួម​ទាំង​មន្ត្រីរាជការ​ផង​ដែរ គាត់​ប្រាកដ​ជា​មាន​ព័ត៌មាន​សម្ងាត់​ណា​មួយ​ដែល​គាត់​ចង់​បញ្ចេញ​ ប៉ុន្តែ​គាត់​មិន​ទុក​ចិត្ត​ស្ថាប័ន​ណាមួយ​ដែល​អាច​ថា ផ្សាយ​ព័ត៌មាន​ទៅ​មាន​ប្រសិទ្ធភាព ឬក៏​ពេល​ផ្សាយ​ព័ត៌មាន​ទៅ​អាច​ជួយ​លាក់​ការ​ឱ្យ​គាត់។ អ៊ីចឹង​ខ្ញុំ​គិត​ថា ជម្រើស​ដែល​មាតា​ធម្មជាតិ​កំពុង​តែ​ធ្វើ​នេះ គឺជា​ជម្រើស​​ល្អ​មែន​ទែន​​ បើក​ឱកាស​ឱ្យ​សាធារណជន​បាន​បញ្ចេញ​ព័ត៌មាន​ដែល​ពួក​គាត់​លាក់​ទុក ហើយ​វា​ជា​ព័ត៌មាន​ដែល​សំខាន់​ចាំបាច់​សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ទាំងមូល»

ស្រដៀង​គ្នា​នេះ​ ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ការ​បង្កើត​យន្ត​ការ​ណា​មួយ​ដែល​អាច​ជួយ​ដល់​ការ​ប្រឆាំង​អំពើ​ល្មើស​ច្បាប់​ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​ពុក​រលួយ​នោះ គឺ​ជា​រឿង​ដ៏​ប្រសើរ៖ «យើង​មើល​ឃើញ​ថា ការ​តាម​ដាន​បទ​ល្មើស ឬ​ក៏​មធ្យោបាយ​នៃ​ការ​រាយការណ៍​ហ្នឹង វា​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ ហើយ​យើង​ស្វាគមន៍​រាល់​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​រាយការណ៍​ពី​បទ​ល្មើស​ទាក់ទង​ធនធាន​ធម្មជាតិ ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ដើម»

អង្គការ​មាតា​ធម្មជាតិ (Mother Nature) ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​សកម្មជន​ពីរ​នាក់​របស់​​អង្គការ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​សារ​បាន​ចុះទៅ​ស៊ើបអង្កេត​រឿង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដែល​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។

ក៏​ប៉ុន្តែ​លោក អាឡិច អះអាង​ថា នេះ​មិន​មែន​ជា​ឧបសគ្គ​ដែល​រារាំង​លោក​មិន​ឱ្យ​បន្ត​សកម្មភាព​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ឡើយ។ លោក​បញ្ជាក់​ថា លោក​បាន​ចុះបញ្ជី​អង្គការ​មាតា​ធម្មជាតិ​នៅ​ក្រៅ​ប្រទេស​រួច​ហើយ ហើយ​អង្គការ​នេះ​នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន​តទៅ​ទៀត​។ លោក​បញ្ជាក់​​ថា លោក​គ្មាន​ជំនឿ​លើ​របប​ក្រុង​ភ្នំពេញ​រឿង​លុប​បំបាត់​អំពើ​ពុករលួយ និង​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​នោះ​ឡើយ​ ដូច្នេះ​លោក​ស្នើ​ឱ្យ​សាធារណជន​ ពិសេស​យុវជន រួម​គ្នា​ធ្វើ​សកម្មភាព​នេះ​ដោយ​ខ្លួន​ឯង និង​​ផ្តល់​ព័ត៌មាន​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​ដឹង​មក​អង្គការ​មាតា​ធម្មជាតិ៖ «យន្ត​ការ​ដែល​យើង​បង្កើត​ថ្ងៃ​ហ្នឹង គឺ​ជា​យន្តការ​មួយ​ល្អ​ដែល​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​អាច​​ចូល​រួម​បាន​ ហើយ​មាន​សុវត្ថិភាព​ ៩៩% ហើយ​ក៏​អាច​មាន​ប្រសិទ្ធភាព​ដែរ អ៊ីចឹង​ខ្ញុំ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ យុវជន​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន មន្ត្រី​រាជការ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រសួង​ពាក់ព័ន្ធ​​ ជាពិសេស ​ក្រសួង​រ៉ែ និង​ថាមពល ឬ​ក៏​ក្រសួង​បរិស្ថាន​ សូម​ឱ្យ​ចូលរួម​ផ្ដល់​រូប​ភាព ផ្ដល់​ឯកសារ ឬ​ក៏​ផ្ដល់​ព័ត៌មាន​អ៊ីចឹង​ទៅ ដើម្បី​ការពារ​អ្វី​ដែល​សេសសល់»

លោក អាឡិច ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បណ្ដេញ​ចេញពី​កម្ពុជា កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៥ ដោយ​​ផ្អែកលើ​ហេតុផល​ថា ទិដ្ឋាការ​របស់​លោក​ផុត​កំណត់។ សកម្មជន​បរិស្ថាន​រូប​នេះ ​​បាន​ស្វះស្វែង​តាម​មធ្យោបាយ​ជាច្រើន ដើម្បី​អាច​វិលត្រឡប់​​មក​កម្ពុជា​វិញ ក៏​ប៉ុន្តែ​​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​បាន​បដិសេធ ដោយ​សារ​របប​នេះ​​បាន​ដាក់​ឈ្មោះ​លោក​នៅ​ក្នុង​បញ្ជី​​ខ្មៅ​នៃ​ជន​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​កម្ពុជា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment