រដ្ឋាភិបាល​តែង​តាំង​មន្ត្រី៥០​រូប​ទៀត​​ជា​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ


|
https://www.vodhotnews.com

ក្រសួងមហាផ្ទៃ

មនុស្ស​ដល់​ទៅ ៥០​នាក់​ទៀត ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃបន្ថែម​ទៅ​លើ​ចំនួន​មន្ត្រី​ដ៏​ច្រើន​ដែល​ត្រូវ​បាន​តែង​តាំង​នៅ​ស្ថាប័ន​មួយ​នេះក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​កាល​ពី​ឆ្នាំ​មុន។

ក្នុងព្រះរាជ្យក្រឹត្យចុះថ្ងៃទី២ ខែកុម្ភៈដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ឥស្សរជន​ចំនួន ៥០​រូប ត្រូវ​បាន​ព្រះ​មហាក្សត្រ​សម្រេច​តែង​តាំង​​ជា​ទីប្រឹក្សា​នៃ​ក្រសួង​មហាផ្ទៃទៅ​តាម​សំណើរបស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

បើ​តាម​ព្រះ​រាជ​ក្រឹត្យ​ដដែល​​នេះ ទីប្រឹក្សា​ទាំង៥០​រូប​ ត្រូវ​បា​ន​តែង​តាំង​ឲ្យ​មាន​ឋានៈ​ស្មើ​នឹង​អនុ​រដ្ឋលេខាធិការ។

រដ្ឋាភិបាល​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន ២០៧នាក់ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុនដែលទីប្រឹក្សា​ទាំង​នោះ​ មានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

កាលពីពាក់កណ្ដាលខែកញ្ញាឆ្នាំ​មុន លោក ហ៊ុន សែន ក៏​បានតែងតាំង​មន្ត្រី​ដល់​ទៅ​ជិត ៣០០​នាក់ ជា​ទីប្រឹក្សា​ផ្ទាល់ ជា​ជំនួយ​ការ ជា​លេខា និង​សមាជិក​ក្នុងក្រុម​ពិធីការ​ក្នុង​​ខុទ្ទកាល័យ​របស់​លោក​ផងដែរ។

ចាប់​តាំង​ពី​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​មក មន្ត្រី​មិន​តិច​ជាង ១០០០​​នាក់​នោះ​ឡើយ ត្រូវ​​បាន​តែងតាំង​ជា​អនុរដ្ឋ និង​រដ្ឋ​លេខាធិការ​នៅ​តាម​បណ្ដា​ក្រសួង និង​ស្ថាប័ន​នានា​ទៀត។

ចំនួន​ទីប្រឹក្សា ឬ​ក៏​ជំនួយ​ការ​របស់​មេដឹកនាំ​ស្ថាប័ន​រដ្ឋ​សភា និង​រដ្ឋាភិបាល បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ក្រោយ​ការ​បង្កើត​រដ្ឋ​សភា និង​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មកដែល​ត្រូវ​បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំង ១២៥​នៅ​រដ្ឋ​សភា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​បក្ស​កាន់​អំណាច ត្រូវ​បាន​រំលាយ​ចោលនិង​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ក្រោម​ហេតុផល​ថា «ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles