សកម្មជន​បរិស្ថាន និង​សហគមន៍​ចង់​ឱ្យ​អនុវត្ត​ច្បាប់​ដល់​ក្រុម​ឧកញ៉ា​ជួញដូរ​ឈើ​ខុសច្បាប់

ដោយ វ៉ែន សុមេធ
2019-02-09
RFA

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


សកម្មជន​បរិស្ថាន និង​សហគមន៍​ការពារ​ព្រៃឈើ គ្មាន​ទំនុក​ចិត្ត​ថា របប​ក្រុងភ្នំពេញ មាន​លទ្ធភាព​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​បាន​នោះ​ទេ ព្រោះ​អំពើពុករលួយ​រឿង​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ជា​ប្រព័ន្ធ។ ចំណែក​អ្នក​ដែល​នៅ​ពីក្រោយ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ សុទ្ធ​សឹង​ជា​អ្នក​មាន​អំណាច​ស្និទ្ធ​ជាមួយ លោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​របស់​គណបក្ស​កាន់អំណាច។ ការ​លើកឡើង​នេះ ក្រោយពី​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ទៀត ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​សាមី ទទួលខុសត្រូវ ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

សកម្មជន​បរិស្ថាន និង​សហគមន៍​ការពារ​ព្រៃឈើ​ផ្ដល់​មតិ​ថា ប្រសិនបើ​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ការពារ​ព្រៃឈើ​គួរតែ​ទទួលស្គាល់​ជា​សាធារណៈ និង​ត្រូវ​អំពាវនាវ​ឱ្យ​ស្ថាប័ន​នានា​ចូលរួម​កា​ពារ និង​ត្រូវ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ការពារ​ព្រៃឈើ​ដោយ​គ្មាន​ការ​គំរាមកំហែង​។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសិន ( Alejandro Gonzalez Davidson ) គ្មាន​ជំនឿ​ទាល់​តែ​សោះ ថា លោក ហ៊ុន សែន នឹង​ដោះស្រាយ​បញ្ហា​ព្រៃឈើ​បាន​ដោយ​ជោគជ័យ​ព្រោះ ឧកញ៉ា​ធំៗ​ជួញដូរ​ឈើ មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​សង្កេត​ឃើញ​ថា កន្លងទៅ របប​ក្រុងភ្នំពេញ បាន​ជជែក​ជាមួយ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ដោយ​ជំរុញ​ឱ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់ ក៏ប៉ុន្តែ​មាន​ឧកញ៉ា​តិចតួច​បំផុត​បាន​ដក​ខ្លួន​ចេញ ដោយសារ​ស្ថាប័ន​តុលាការ​ឋិត​ក្រោម​ការគ្រប់គ្រង​គណបក្ស​កាន់អំណាច ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​មិន​ខ្លាច​ច្បាប់៖ «អ្នក​ដែល​នៅ​ពីក្រោយ​កាប់​ឈើ និង​ដឹក​ឈើ​ចេញទៅ​ក្រៅ​ដោយ​ខុសច្បាប់​ហ្នឹង សុទ្ធតែ​អ្នក​មាន​អំណាច​កំពូលៗ ហើយ​សុទ្ធតែ​អ្នក​ជិត​ស្និត​ជាមួយ​លោក ហ៊ុន សែន ឬក៏​ស្និត​ជាមួយ​ហ្នឹង ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​យោធា ឬ​ក្នុង​ជូរ​រដ្ឋាភិបាល​។ ខ្ញុំ​អាណិត លោក ហ៊ុន សែន គាត់​ចង់​ទប់​ដែរ តែ​គ្មាន​លទ្ធភាព​ការពារ​ទេ ដោយសារ​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ សុទ្ធតែ​គ្នា​គាត់ ហើយ​សាច់​ញាតិ​គាត់​ក៏​ពាក់ព័ន្ធ​ដែរ»

សកម្មជន​បរិស្ថាន​រូប​នេះ ផ្ដល់​មតិ​ថា ប្រសិនបើ លោក ហ៊ុន សែន មាន​ឆន្ទៈ​ការពារ​ព្រៃឈើ គួរតែ​បង្កើត​អង្គភាព​ឯករាជ្យ​ដាច់ដោយឡែក​មួយ ដែល​មាន​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចូលរួម រួម​ទាំង​សហគមន៍​មូលដ្ឋាន​ផង ហើយ​គណៈកម្មការ​នោះ​ត្រូវ​មាន​អំណាច​ពេញលេញ អនុវត្ត​ច្បាប់​ដល់​ក្រុម​ឧក្រិដ្ឋជន អ្នក​មាន​អំណាច និង​សមត្ថកិច្ច​ណា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ផង ដោយ​ត្រូវ​បញ្ជូន​ពួកគេ ទៅ​តុលាការ ទើប​អាច​សង្គ្រោះ​ព្រៃឈើ​បាន។ លោក​បន្ថែម​ថា ដំណោះស្រាយ​នេះ មាន​ប្រទេស​មួយ​ចំនួន​កំពុង​អនុវត្ត និង​ទទួល​បាន​លទ្ធផល​ប្រសើរ៖ «បើ​លោក ហ៊ុន សែន​មាន​សេចក្ដី​ក្លាហាន​គាត់​ហ៊ាន​សារភាព​ពី អសមត្ថភាព​រដ្ឋាភិបាល​របស់​លោក ខ្ញុំ​ជឿ​ថា មិន​ខ្វះ​ទេ មនុស្ស​ដែល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា»

កាលពី​ថ្ងៃ​ទី៤ មករា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ផ្ដោត​សំខាន់​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព ស្រាវជ្រាវ​រក​ជន​ដែល​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ បញ្ជូន​ទៅ​តុលាការ ដើម្បី​ទប់ស្កាត់ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ដឹកជញ្ជូន​ឈើ​ចេញ​ដោយ​ខុសច្បាប់ ការ​បាញ់ និង​ចាប់​សត្វព្រៃ និង​ការនាំចេញ​សត្វព្រៃ​ដោយ​ខុសច្បាប់ រួម​ទាំង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​ផង​ដែរ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី​ថា កិច្ចប្រជុំ​ដែល​មាន​អាជ្ញាធរ​ខេត្ត​សាមី​ចូលរួម​លើក​នេះ លោក សៅ សុខា បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន អាជ្ញាធរ​ខេត្ត​នីមួយៗ នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ តែ​ទោះ​យ៉ាងណា លោក​បដិសេធ​មិន​ឆ្លើយ​សំនួរ​របស់​អាស៊ីសេរី​ថា តើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ប៉ុន្មាន​នាក់ កាលពី​ឆ្នាំ២០១៦ ដោយ​លោក​គ្រាន់តែ​ឆ្លើយ​ថា គណៈកម្មការ​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​រួចហើយ​៖ «តាម​បណ្ដា​រាជធានី​ខេត្ត អភិបាលខេត្ត​មាន​ឆន្ទៈ​ធ្វើ និង​មានការ​ទទួលខុសត្រូវ»

តែ​ទោះយ៉ាង​ណា​សហគមន៍​ការពារ​ព្រៃឈើ និង​សកម្មជន​បរិស្ថាន​កំពុង​ចាំ​អ៊ុត​មើល​តើ​ការ​ប្ដេជ្ញា​ចិត្ត​ជា​ថ្មី​ទៀត​នេះ ជា​ឆន្ទៈ​ការពារ​ព្រៃឈើ​ពិតប្រាកដ ឬ​គ្រាន់តែ​ធ្វើឡើង​បង្គ្រប់​កិច្ច បន្លំ​ភ្នែក​ពលរដ្ឋ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា សង្កេត​ឃើញ​ថា ពលរដ្ឋ​ភាគច្រើន អស់​ជំនឿ​ចិត្តជា​យូរ​មក​ហើយ លើ​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មការ​នេះ ហើយ​ការ​ប្ដេជ្ញា​ចិត្ត​លើក​នេះ ពួកគេ​នឹង​ចាំ​អ៊ុត​មើល​ថា តើ​បេសកកម្ម​របស់​គណៈកម្មការ​នេះ​មាន​ប្រសិទ្ធភាព​កម្រិត​ណា? លោក​ថា ប្រសិន​គណៈកម្មការ​មួយ​នេះ​មាន​ឆន្ទៈ បង្ក្រាប​បទល្មើស​ព្រៃឈើ​ត្រូវតែ​អនុវត្ត​ច្បាប់​ដល់​ក្រុម​ឧក្រិដ្ឋជន ឬ​ឧកញ៉ា​ដុះ​ស្លែ​មួយ​ចំនួន ជួញ​ដូរ​ឈើ​ខុសច្បាប់​ជា​របប​អាជីព​ចិញ្ចឹមជីវិត ទើប​អាច​ស្រោចស្រង់​ព្រៃឈើ​បាន​ខ្លះ៖ «ខ្ញុំ​ចាត់ទុកជា​នយោបាយ​ទេ បើ​មាន​ឆន្ទៈ​គាត់​ឆន្ទៈ​យូរ​មក​ហើយ ព្រោះ​ពី​ណា​មិន​គិត​ផល​ប្រយោជន៍​ជាតិ មួយៗ​សុទ្ធតែ​ស៊ីប្រាក់ខែ​ពលរដ្ឋ។ ប្រសិនបើ​ថា ខ្ញុំ​ការពារ​ផលប្រយោជន៍​ជាតិ និង​ស្នេហា​ជាតិ តែ​ស្រាប់តែ​ខ្លួន​អ្នក​បំផ្លាញ និង​លោភលន់ ទ្រព្យសម្បត្តិ​កន្លែង​ណា​ក៏​របស់​ខ្លួន​។ ត្រង់​ហ្នឹងហើយ ដែល​ពលរដ្ឋ​លែង​គោរព»

បុរស​ដដែល​គិត​ថា បទបញ្ជា​របស់ លោក សៅ សុខា ពេល​នេះ អាច​នឹង​មាន​ប្រសិទ្ធភាព​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​បេសកកម្ម​របស់​គណៈកម្មការ​មួយ​នេះ​កន្លងទៅ ធ្វើឡើង​តែ​ម្ដងម្កាល​ផ្អែក​តាម​ទំហំ​កញ្ចប់​ថវិកា​របស់​រដ្ឋ។ លោក​ចាត់ទុកថា បទល្មើស​ព្រៃឈើ គឺជា​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ព្យាបាល​បាន​ព្រោះ​មន្ត្រី និង​សមត្ថកិច្ច​ដែល​ប្រព្រឹត្ត​អំពើពុករលួយ មិន​ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ​ផ្ដន្ទាទោស​​តាមច្បាប់​នោះ​ទេ ហើយ​ការ​កម្ទេច​គណបក្សប្រឆាំង គឺជា​កត្តា​សំខាន់ នាំ​ឱ្យ​ព្រៃឈើ​កាន់តែ​វិនាស​មហន្តរាយ ព្រោះតែ​គ្មាន​អ្នក​តាមដាន និង​រិះគន់​ពី​ប្រសិទ្ធភាព​ការងារ​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ធ្វើ​ទៅតាម​បេសកកម្ម​របស់​គាត់​ទេ។ គាត់​មិន​ដែរ​ធ្វើ​នេះ​ជា​ទ្រព្យ​ដូនតា​ខ្ញុំ។ សព្វថ្ងៃ​បទល្មើស​ព្រៃឈើ​ជា​ជំងឺរបេង និង​ជំងឺ​អេដស៍​ដែល​មិន​អាច​ព្យាបាល​បាន»

របាយការណ៍​របស់​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ហាញ​ថា អំឡុង​ឆ្នាំ ២០១៦ គណៈកម្មការ​នេះ​បាន​រឹបអូស​ឈើ​ប្រណិត​បាន​ជាង ៧ ម៉ឺន​ម៉ែត្រ​គួប និង​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​ចំនួន​ជិត ៦០​ករណី (៥៧) ហើយ​ឈើ​ដែល​រឹម​អូស​បាន​ត្រូវ​បាន​លក់ បង្វិល​កញ្ចប់​ថវិកា​ចូល​រដ្ឋ។ ទន្ទឹម​នឹង​នេះ អំឡុង​ឆ្នាំ២០១៨ គណៈកម្មការ​នេះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន ៣៣៨​លើក ឃាត់ខ្លួន​មនុស្ស​ជាង ១០០​នាក់ ក្នុង​នោះ​បញ្ជូន​ទៅ​តុល​ការ ៦៥​នាក់ និង​បាន​រឹបអូស​ឈើ​ចំនួន​ជាង ៤​ពាន់​ម៉ែត្រ​គួប។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា គណៈកម្មការ​នេះ​មិនបាន​អនុវត្ត​ច្បាប់​ដល់​ក្រុម​ឧក្រិដ្ឋជន​មាន​ងារ​ជា​ឧកញ៉ា​ជួញដូរ​ឈើ​ឆ្លងដែន ដុះ​ស្លែ​ណា​ម្នាក់​នោះ​ទេ​។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា ការ​ដេញថ្លៃ​លក់​ឈើ​ដែល​រឹបអូស​បាន​ពី​ក្រុម​ជន​ជនល្មើស រាប់​ម៉ឺន​ម៉ែត្រ​គួប មិន​ត្រូវ​បាន​គណៈកម្មការ​មួយ​នេះ ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង​នោះ​ទេ។ លោក​ថា ឈើ​ជាង ៧​ម៉ឺន​ម៉ែត្រ​គួប ដែល​បង្ក្រាប​បាន​កាលពី​អំឡុង​ឆ្នាំ ២០១៦ គឺ​គ្មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ ថែមទាំង​ដឹកជញ្ជូន​ចេញទៅ​អស់។ បញ្ហា​នេះ​លោក​ចាត់ទុកថា គ្មាន​តម្លាភាព នាំ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ ហើយ​អាច​មាន​ការ​លួច​បន្លំ​ឈើ​ខុសច្បាប់​ដឹកជញ្ជូន​ទៅជា​មួយ៖ «ចំណុច​សង្ស័យ​របស់​យើង ព្រោះ​អត់​មាន​បង្ហាញ​ជា​សាធារណៈ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ចង់​ដឹង តើ​ឈើ​ជាង ៧​ម៉ឺន​ម៉ែត្រ​គួប​ដែល​ចាប់​បាន។ ទើប​មកដល់​ឥឡូវ​បាន​យើង​ដឹង​ថា ឈើ​ហ្នឹង​ដេញ​ថ្លៃ​ហើយ ដឹក​ចេញ​ទៅ​បាត់​អស់​ទៀត ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ទំនុក​ចិត្ត»

តែ​ទោះ​យ៉ាងណា សហគមន៍​មូលដ្ឋាន​មើល​ឃើញ​ថា គណៈកម្មការ​នេះ បំពេញភារកិច្ច​បានតែ​អំឡុង​ឆ្នាំ២០១៦ ប៉ុណ្ណោះ ហើយ​បទល្មើស​ព្រៃឈើ​ផ្ដើម​កើតមាន​ច្រើន​ឡើងវិញ នៅ​ឆ្នាំ​២០១៧ ដល់ ២០១៨។ លើស​ពី​នេះ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​ភាគច្រើន​ដឹង​ចេញពី​ព្រៃ​អភិរក្ស​ស្ទើរ​គ្រប់​តំបន់​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ភាគ​ឦសាន​។ ទន្ទឹម​នឹង​នេះ គណៈកម្មការ​នេះ ហាក់​ខ្លាច​ញញើត មិន​ហ៊ាន​អនុវត្ត​ច្បាប់​ដល់​ក្រុម​ឧក្រិដ្ឋជន​មាន​ងារ​ជា​ឧកញ៉ា​នោះ​ទេ ផ្ទុយទៅវិញ​ក្រុម​ឧកញ៉ា​ទាំងនោះ​នៅតែ​ជួញ​ដូរ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​កាន់តែ​ច្រើន​ឡើង។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ជាថ្មី​នេះ ខណៈ​បច្ចុប្បន្ន​ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅតែ​កើន​មាន​ទ្រង់ទ្រាយ​ធំ ហើយ​ការ​បង្ក្រាប​មាន​តិចតួច​បំផុត៖ «សង្ឃឹម​ថា លោក សៅ សុខា និង​ធ្វើ​ទៅតាម​អ្វី​ដែល​គាត់​បាន​និយាយ​ចុះ​។ បើ​គាត់​មិន​ធ្វើ​ទេ ព្រៃឈើ​នៅ​កម្ពុជា​ប្រាកដជា រលាយ​ហិនហោច​ហើយ»

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​បរិស្ថាន​បាន​គ្រប់គ្រង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ជិត ៦០​កន្លែង ដែល​មាន​ផ្ទៃដី​ជាង ៧ លាន​ហិកតារ (,៥ លាន​) នៅ​ទូទាំង​ប្រទេស និង​មាន​មន្ត្រី​ឧ​ទ្យានរក្ស​ចំនួន​ជាង ១ ពាន់ ២ រយ​នាក (.២២១)​។ លោក​ថា មន្ត្រី​ឧទ្យានុរក្ស​ដែល​កំពុង​បំពេញ​បេសកកម្ម​ការពារ​ធនធាន​ធម្មជាតិ​ទាំងនោះ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​គ្រប់គ្រង​ផ្ទៃដី ៥​ម៉ឺន​ហិកតារ។ ហេតុនេះ​ការ​គ្រប់គ្រង​ព្រៃ​ការពារ​ធម្មជាតិ នៅ​តំបន់​នីមួយៗ​នៅ​មានកម្រិត​នៅឡើយ​។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ប្រឈម ក្រសួងបរិស្ថាន​បាន​ស្នើ​សុំ​ជា​រៀងរាល់​ឆ្នាំ ក្នុង​ការ​បង្កើន​ចំនួន​មន្ត្រី​ឧទ្យានុរក្ស ក៏ប៉ុន្តែ​ការ​ស្នើ​នោះ​មិន​អាច​ទទួល​បាន​គ្រប់​ចំនួន​នោះ​ទេ ហើយ​ក្រសួង​បាន​ចែករំលែក​ការ​ទទួលខុសត្រូវ​ភារកិច្ច គ្រប់គ្រង​ធន​ធនធានធម្មជាតិ​ទៅ​ឱ្យ​ស្ថាប័ន​ផ្សេងៗ​ទៀត​ដែរ៖ «ទោះបីជា​យើង មានការ​លំបាក​ក្នុង​ធនធាន ជាពិសេស​ចំនួន​មន្ត្រី​ឧទ្យានុរក្ស​មិនទាន់​គ្រប់គ្រាន់​ក៏ដោយ យើង​ព្យាយាម​លើកកម្ពស់​ចូលរួម​របស់​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ដែល​គាត់​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ ដោយ​ឱ្យ​គាត់ ដើរ​តួនាទី​សំខាន់​ជា​របង​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ប្រែក្លាយ​ពួកគាត់​តាមរយៈ​ចូល​ទៅ​កាប់​ព្រៃឈើ ដូចជា​បរបាញ់​សត្វព្រៃ​ខុសច្បាប់ មក​ជា​អ្នកការពារ​វិញ តាមរយៈ​ផ្លាស់ប្ដូរ​មុខ​របប​គាត់ ឱ្យ​ពួកគាត់​ហ្នឹង​មានមុខ​របប​នៅ​ហ្នឹង​កន្លែង​។ នេះ​ជា​យន្តការ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន»

កាលពី​អំឡុង​ឆ្នាំ​២០១៨ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ២០​ស្ថាប័ន​រក​ឃើញ​ថា ប្រទេស​វៀតណាម​នៅតែ​គាំទ្រ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ដោយមាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​រវាង​អាជ្ញាធរ​កម្ពុជា និង​វៀតណាម។

សកម្មជន​បរិស្ថាន និង​សហគមន៍​ការពារ​ព្រៃឈើ បន្ថែម​ថា ការអនុវត្ត​ច្បាប់​ធូររលុង អំពើពុករលួយ ការរំសាយ​គណបក្សប្រឆាំង និង ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​មូលដ្ឋាន​ដែល​ហ៊ាន​ចេញមុខ​លាតត្រដាង​បញ្ហា​ព្រៃឈើ និង​ការពារ​ព្រៃឈើ គឺជា​គន្លឹះ​សំខាន់ ដែល​ពួកគេ​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន គួរ​បញ្ឈប់ ដើម្បី​សង្គ្រោះ​ធនធានធម្មជាតិ ដែល​នៅ​សេសសល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles