សង្គម​ស៊ីវិល​និង​អ្នក​ច្បាប់​ទាមទារ​ឱ្យ​អាជ្ញាធរ​ចាប់​អ្នក​វាយ និង​បាញ់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ យន់ សាមៀន
2019-02-09
RFA

ពលរដ្ឋ​ម្នាក់​ដេក​រង​របួស  ក្នុង​ចំណោម​អ្នក​ដែល​​​អាជ្ញាធរ​ចាប់​ខ្លួន ៦នាក់ ពេល​​​​អាជ្ញាធរ​​​​​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​លើ​ដី​មាន​វិវាទ​ជាមួយ​ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Chhun Vean Khmer
ពលរដ្ឋ​ម្នាក់​ដេក​រង​របួស ក្នុង​ចំណោម​អ្នក​ដែល​​​អាជ្ញាធរ​ចាប់​ខ្លួន ៦នាក់ ពេល​​​​អាជ្ញាធរ​​​​​ចម្រុះ​ខេត្ត​ព្រះសីហនុ ចុះ​អនុវត្ត​សាល​ដីកា​តុលាការ​កំពូល​លើ​ដី​មាន​វិវាទ​ជាមួយ​ឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Chhun Vean Khmer


សង្គម​ស៊ីវិល និង​អ្នកច្បាប់​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជន​ដៃដល់ ដែល​បាន​វាយ និង​បាញ់​ប្រហារ​លើ​ពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់ នៅ​ពេល​អាជ្ញាធរ​បង្ក្រាប និង​ចាប់​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ឱ្យ​ចេញពី​លំនៅឋាន ជា​មុន​សិន មុន​ពេល​បន្ត​នីតិវិធី​ស៊ើបអង្កេត​មេខ្លោង​នៅ​ពីក្រោយ​នៃ​ជម្លោះដីធ្លី​នេះ។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ដែល​ជា​អ្នកដឹកនាំ​កម្លាំង​ប្រដាប់​អាវុធ​បង្ក្រាប​ពលរដ្ឋ​ចោទ​ប្រកាន់​ថា មេឃុំ​បិតត្រាំង អាណត្តិ​ទី​២​ម្នាក់ មក​ពី​គណបក្ស​សម រង្ស៊ី ជា​អ្នក​បង្ក​ឱ្យ​មាន​ជម្លោះ​ដីធ្លី ហើយ​សមត្ថកិច្ច​លោក​កំពុង​ស្វែងរក​មន្ត្រី​បក្ស​ប្រឆាំង​នេះ។ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​ធ្លាប់​បាន​ជូនដំណឹង​ឱ្យ​អតីត​មេឃុំ​រូប​នោះ បញ្ឈប់​សកម្មភាព​បញ្ជាក់​ឯកសារ​ទិញ​លក់​ដី ឱ្យ​ពលរដ្ឋ​ម្ដង​ហើយ អាជ្ញាធរ​នឹង​ស៊ើបអង្កេត​មើល​ករណី​នេះ ឡើង​វិញ​ទៀត៖ «យើង​បាន​ធ្វើ​លិខិត​ជូនដំណឹង​ជូន​គាត់ (អតីត​មេឃុំ​បិតត្រាំង) ដើម្បី​ធ្វើការ​បញ្ឈប់​ឯកសារ​តាំងពី​ជំនាន់​នោះ​មក។ គាត់ (អតីត​មេឃុំ​បិតត្រាំង) នៅ​តែ​ព្យាយាម​បញ្ជាក់​ទៀត ប៉ុន្តែ​ខាង​រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ ដើម្បី​ស៊ើបអង្កេត​ការងារ​ហ្នឹងហើយ»

អាស៊ីសេរី​មិនទាន់​អាច​រក​ប្រភព​ទាក់ទង​អតីត​មេឃុំ​បិតត្រាំង អាណត្តិទី២ មក​ពី​គណបក្ស​សម រង្ស៊ី លោក ឡាក់ គៀន បាន​ទេ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ។ ប៉ុន្តែ លោក ឡាក់ គៀន បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ តាមរយៈ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍។ លោក​ថា បើ​សិន ជា​អាជ្ញាធរ​ខេត្ត​ចោទ ប្រកាន់​ដូច្នេះ លោក​គ្មាន​សិទ្ធិ​អ្វី ទៅ​តតាំង​ជាមួយ​ការចោទប្រកាន់​នោះ​ទេ ព្រោះ​លោក​ជា​មនុស្ស​តូចតាច គ្មាន​អំណាច។ លោក​ថា កាល​នៅ​ធ្វើ​ជា​មេឃុំ គឺ​តែងតែ​មាន​ការ​ចុះ​ហត្ថលេខា លើ​ឯកសារ​ទិញ​លក់​ដី តែ​មិន​ដឹង​ថា កន្លែង​ណា ជា​កន្លែង​ណា​ទេ ព្រោះ​នៅ​ក្នុង​ឃុំ​បិតត្រាំង តែងតែ​មាន​ការទិញ​លក់​ដី តែ​គេ​មាន​លិខិត និង​ទីតាំង​ជាក់ស្ដែង។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មករា កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ៣​រយ​នាក់ បើក​ការ​បាញ់​ប្រហារ ដោយ​កាំភ្លើង​គ្រាប់​ពិត​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដីធ្លី បណ្ដាល​ឱ្យ​កម្មករ​សំណង់​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ។ ចំណែក​ពលរដ្ឋ ៤​នាក់​ទៀត ត្រូវ​បាន​កងកម្លាំងប្រដាប់អាវុធ​ចាប់ខ្លួន និង​ចងស្លាបសេក ហើយ​វាយ​នឹង​កាំភ្លើង និង​ជាន់​ពីលើ ផ្ទប់​នឹង​ដី​ថែមទៀត។ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ ត្រូវ​បាន​ដោះលែង​វិញ នៅ​យប់​ថ្ងៃ​កើត​ហេតុ​ដោយ​មាន​កិច្ចសន្យា​ឈប់​តវ៉ា ហើយ​សមត្ថកិច្ច​តម្រូវ​ឱ្យ​គ្រួសារ​ពួកគេ យក​លុយ​មក​បង់​លួស​ខ្លួន ក្នុង​ម្នាក់​លុយ​ម្នាក់ ១​រយ​ដុល្លារ ព្រមទាំង​ចិញ្ចៀន​មួយ​វង់។ ក្រោយ​មាន​ហេតុការណ៍​ចុះ​បង្ក្រាប​ហិង្សា​នោះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)

មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ប្រកាស​ឱ្យ​ស៊ើបអង្កេត​លើ​ប៉េអិម ដែល​ជាប់​ទាក់ទង​ករណី​ហិង្សា​នោះ។ ជា​លទ្ធផល គណៈកម្មការ​រក​ឃើញ​ប៉េអិម​ម្នាក់​ជាប់​ទាក់ទង តែ​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ទេ។ ចំពោះ​ការ​បាញ់​ពលរដ្ឋ​ឱ្យ​រង​របួស​នេះ លោក ផៃ ប៊ុនវណ្ណៈ បដិសេធ​ខាង​អាជ្ញាធរ​មិន​បាន​បាញ់​ពលរដ្ឋ​ទេ គឺ​បាញ់​ទៅលើ ប៉ុន្តែ​គ្រាប់កាំភ្លើង​ធ្លាក់​ទើប​បណ្ដាល​ពលរដ្ឋ​ម្នាក់​រង​របួស​។ ប៉ុន្តែ លោក ផៃ ប៊ុនវណ្ណៈ បញ្ជាក់​ប្រាប់ អាស៊ីសេរី​ថា ការ​អះអាង​នេះ គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​បឋម​ទេ មិនមែន​ជា​លទ្ធផល​ផ្លូវការ​នោះ​ទេ។

សមាជិក​គណៈមេធាវី លោក សួស វណ្ណៈ ពន្យល់​ថា ចំពោះ​ទិដ្ឋភាព​ច្បាប់ សមត្ថកិច្ច​មិន​ចាំបាច់​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ទេ ព្រោះ​ការ​វាយ និង​បាញ់​ប្រហារ ទោះ​ឡើង​លើ​មេឃ​ក្ដី វា​តែ​ជា​ការ​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្ដែង ហើយ​ការ​យក​កាំភ្លើង​វាយ​ពលរដ្ឋ​កំពុង​ជាប់​ខ្នោះដៃ និង​ការ​ទាត់​ធាក់ ជាន់​ពលរដ្ឋ​កំពុង​ជាប់​ខ្នោះដៃ ជា​អំពើ​ទារុណកម្ម ប្រព្រឹត្តិ​ដោយ​មន្ត្រី​សាធារណៈ សុទ្ធតែ​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ដូច្នេះ សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​ចាប់​អ្នក​ប្រព្រឹត្តិ​ល្មើស​ភ្លាមៗ៖ «មាន​ន័យថា មាន​ស្ថាន​ទម្ងន់ (ទោស) ដោយសារ​គាត់​ជា​មន្ត្រីរាជការ។ បទល្មើស​ប្រព្រឹត្តិ​ដោយ​មន្ត្រីរាជការ នៅ​ក្នុង​កំឡុង​ពេល​បំពេញបេសកកម្ម ឬ​តួនាទី​របស់​ខ្លួន​។ អ៊ីចឹង បើ​យើង​ងាក​មក​មើល ចំណុច​កន្លែង​ឃុំ​បិតត្រាំង​វិញ ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ប្រជាពលរដ្ឋ គាត់​(​កងកម្លាំង​)​ប្រើ​កម្លាំង​ហ្នឹង​ហួសហើយ។ គេ​ហៅ​ប្រើ​កម្លាំង​ស្លាប់​រស់​ហើយ បាញ់​ទៅលើ​ពលរដ្ឋ។ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​របួស ហើយ​យើង​មើល​ទៅ​ក្នុង​ទិដ្ឋភាព​មួយ​ចំនួន​ទៀត ដូចជា​ការ​វាយ​នឹង​កាំភ្លើង វា​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម»

សង្គម​ស៊ីវិល​ផ្សេង​ទៀត​ថា ការប្រើប្រាស់​អំពើ​ហិង្សា ជា​ទម្លាប់​របស់​សមត្ថកិច្ច​ទៅ​ហើយ។ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ​ថា សមត្ថកិច្ច​ត្រូវ​ចាប់​ជន​ដៃដល់​ប្រព្រឹត្តិ​បទល្មើស​លើ​ពលរដ្ឋ​ជា​មុន​សិន មុននឹង​បន្ត​នីតិវិធី​ណាមួយ ព្រោះ​ការ​អះអាង​ណាមួយ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន គ្រាន់តែ​ជា​ការ​គេចវេះ​ពី​ការទទួលខុសត្រូវ​របស់​សមត្ថកិច្ច​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment