អង្គការ​សមាគម​ជិត​២០​ស្ថាប័ន​ស្នើ​របប​ក្រុង​ភ្នំពេញ​ពន្លឿន​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

2019-02-09
RFA

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA


ក្រុម​អង្គការ និង​សមាគម​ជិត ២០​ស្ថាប័ន បាន​អំពាវនាវ​រួមគ្នា​ឱ្យ​របប​ក្រុង​ភ្នំពេញ​ពន្លឿន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ រីឯ​អ្នកនាំពាក្យ​រដ្ឋាភិបាល ក៏​មិន​ទាន់​ដឹង​ថា សេចក្ដី​ព្រាងច្បាប់​មួយ​នេះ នឹង​បញ្ជូន​ឱ្យ​រដ្ឋ សភា​អនុម័ត​ពេលណា​នោះ​ដែរ។

អង្គការ និង​សមាគម​ទាំង ១៩​ស្ថាប័ន កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួង​ព័ត៌មាន ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធិ​សភា និង​រដ្ឋាភិបាល ដើម្បី​ឱ្យ​ពន្លឿន​ធ្វើការ​ពិនិត្យ ដេញដោល និង​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់ៗ និង​ដាក់​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ (២០១៩២០២៣) ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API ) និង​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល លោក ឡាំ សុជាតិ មាន​ប្រសាសន៍​ថា សមាគម​ចង់​បាន​ច្បាប់​នេះ​ជា​ប្រញាប់ ដោយសារ​ច្បាប់​នេះ សារសំខាន់។ លោក​បញ្ជាក់​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន មាន​គោលបំណង​ធានា​ឱ្យ សាធារណជន​មាន​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​តួនាទី សកម្មភាព​ប្រតិបត្តិ និង​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល។ លើស​ពី​នេះ​ទៀត ច្បាប់​នេះ ក៏​មាន​ចែង​អំពី​តួនាទី​របស់​ស្ថាប័ន​សាធារណៈ​នានា ត្រូវ​ផ្ដល់​និង​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ និង​ជំរុញ​ឱ្យ​ស្ថាប័ន សាធារណៈ ត្រូវ​បំពេញ​ភារកិច្ច​ប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ជាពិសេស​កាត់បន្ថយ​ព័ត៌មាន​សម្ងាត់​ឱ្យ មាន​កម្រិត​ទាប​បំផុត និង​ធានា​ឱ្យ​មានការ​ចូលរួម ពី​សាធារណជន​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​កិច្ចការ វប្បធម៌​ជាតិ​យ៉ាងសកម្ម និង​មាន​គុណភាព​ខ្ពស់​ទៀត​ផង៖ «បើ​មាន​ច្បាប់​នេះ​គឺ​មិនបាច់​មាន​អ្នកសារព័ត៌មាន​ក៏បាន គឺ​ប្រជាជន​ម្នាក់ៗ មាន​សិទ្ធិ​ទៅ​ក្រសួង​មន្ទីរ​ការិយាល័យ​ដែល​ជិត​គាត់ ឬក៏​ពាក់ព័ន្ធ​ព័ត៌មាន​ដែល​គាត់​ចង់​សួរ គឺ​អាច​ទៅ​សុំ​តែម្ដង។ ឧទាហរណ៍​ថា ធ្វើ​ផ្លូវ​មួយ​ខ្សែ​ហ្នឹង តើ​ផ្លូវ​នេះ​មាន​ផលប្រយោជន៍​និង​ផល​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​គាត់ ដូច្នេះ​គាត់​អាច​ទៅ​សុំ​គម្រោង​ផែនការ​របស់​រដ្ឋាភិបាល​បាន។ នេះ​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នៅ​ប្រទេស​កម្ពុជា បាន​ផ្ដួចផ្ដើម​រៀបចំ​ឱ្យ​មាន​ច្បាប់​មួយ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​យូរ​ណាស់​មក​ហើយ បើ​គិត​មកទល់​ឆ្នាំ​២០១៣ នេះ គឺ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​កំពុង​ឋិត​នៅ​ក្នុង​ក្រសួង​ព័ត៌មាន ហើយ​បាន​ឆ្លង​អន្តរក្រសួង​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចហើយ និង​រង​ចាំតែ​សម្របសម្រួល​ឃ្លា​ប៉ុណ្ណោះ។ ទោះ​យ៉ាងណា លោក​មិនទាន់​ដឹង ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​បញ្ជូន​ទៅ​អនុម័ត​ពេលណា​ឡើយ៖ «សួរ​ទៅ​ក្រសួង​ព័ត៌មាន​អំពី​ផល​នៃ​ការ​រំពឹង​ទុក នៃ​ការ​ចេញ​ច្បាប់​នេះ ហើយ​មក​គណៈរដ្ឋមន្ត្រី ក្នុង​ការ​ពិនិត្យមើល ហើយ​បញ្ជូន​ទៅ​សភា ហើយ​លទ្ធភាព​ពេលណា​ទៀត គឺ​មានតែ​ក្រសួង​ព័ត៌មាន​ទេ​ដែល​ជា​ម្ចាស់​នៃ​ពង្រាង​ច្បាប់​នេះ ដែល​គាត់​អាច​ឆ្លើយ​បាន»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹមសេង និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ជា​ច្រើន​លើក ប៉ុន្តែ​លោក​ទាំងពីរ មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ ក្នុង​ជំនួប​លើក​ទី​៣ របស់​លោក ហ៊ុន សែន ជាមួយ​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ លោក ហ៊ុន សែន ក៏បាន​គាំទ្រ និង​ធានា​ឱ្យ​មាន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្នុង​នីតិកាល​ទី​៦ ​បនេះ​ដែរ។

លោក ឡាំ សុជាតិ ឱ្យ​ដឹង​ថា ប្រសិនបើ​ច្បាប់​នេះ មិន​ត្រូវ​បាន​អនុម័ត​នោះ​ទេ គឺ​ព័ត៌មាន​សំខាន់ៗ​ជា​ជាច្រើន​ក្នុង​ស្ថាប័ន​សាធារណៈ​នឹង​ត្រូវ​បាន​បិទ​បាំង ហើយ​ពេល​ខ្លះ​រដ្ឋាភិបាល តែងតែ​ចាត់​ទុក​ព័ត៌មាន ដែល​មាន​ប្រយោជន៍​សម្រាប់​សាធារណជន​គឺជា​ព័ត៌មាន​សម្ងាត់​ជាដើម៕


What Next?

Recent Articles