១រយ​កោដិ​សំឡេង៖ អំពើ​ហិង្សា​លើ​ស្ត្រី​កំពុង​កើត​មាន​ក្នុង​ទម្រង់​បែប​ថ្មី​នៃ​សម័យ​បច្ចេក​វិទ្យា​ទំនើប

ដោយ អេង គីមហុង
10/02/2019
RFI

media
រូបតំណាងៈ ក្រុម​ស្ត្រី​អ្នក​ភូមិបឹងកក់
@RFI


បណ្ដា​អង្គការ​សង្គម​ស៊ីវិល​នៅ​រសៀល​នេះ​នឹង​រៀបចំ​យុទ្ធនាការ ១រយកោដិ​សំឡេង​លើក​ទី៦ ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី។ អំពើ​ហិង្សា​លើ​ស្ត្រី​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា កំពុង​កើត​មាន​ឡើង​នៅ​ក្នុងទម្រង់​បែប​ថ្មី​នៃ​សម័យ​បច្ចេក​វិទ្យា​ទំនើប ខណៈ​អំពើ​ហិង្សា​ដោយ​កម្លាំង​មាន​ការ​ថយ​ចុះ។ នេះ​បើ​តាម​អង្គការយេឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា។

អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​វង្វង់​គ្រួសារ​បាន​ធ្លាក់​ចុះ ប៉ុន្តែ​អំពើ​ហិង្សា​លើ​ស្ត្រី​បាន​ប្ដូរ​ទម្រង់​បែប​ថ្មី ដែល​ទម្រង់​ថ្មី​នេះកំពុង​តែ​កើត​មាន​តាម​ប្រព័ន្ធ​អនឡាញ ជាពិសេស​បណ្ដាញ​សង្គម​ហ្វេស​បុក​តែ​ម្ដង។ ជាក់​ស្ដែង ការ​បង្ហោះ និងថត​រូប​ស្ត្រី​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ធ្វើការ​ចែក​ចាយ​បន្ត​លើ​បណ្ដាញ​សង្គម​តាមរយៈ​ប្រើប្រាស់​ពាក្យ​សម្ដីលេង​សើច មាក់​ងាយ ឬ​គម្រាម​កំហែង ជា​ដើម​គឺ​សុទ្ធ​តែ​រាប់​បញ្ចូល​ទៅ​ក្នុង​ទម្រង់​អំពើ​ហិង្សា​បែប​ថ្មី។

ក្នុង​នោះ ករណី​ជួល​ស្ត្រី​ឲ្យ​ពពោះ​ជំនួស ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ទម្រង់​បែប​ថ្មី​នៃ​អំពើ​ហិង្សា​ដែរ ខណៈ​សង្គម​ស៊ីវិលកំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ពិភាក្សា​បន្ថែម​លើក​រណី​ពពោះ​ជំនួស​នេះ ថា​តើ​វា​ស្ថិត​នៅ​ក្នុង​ការ​ជួញ​ដូរ​ស្ត្រី​ឬ​យ៉ាងណា។

អ្នកស្រី សុវណ្ណ រដ្ឋវត្តី ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះថា ការ​ផ្ដល់​និយម​ន័យ​ចំពោះ​អំពើ​ហិង្សា​លើ​ស្ដ្រី តាំង​ពី​អតីតកាល​និងបច្ចុប្បន្ន គ្មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​ការ​វិវត្ត​នៃ​សង្គម​ទេ​។ គេ​ចាត់ទុកថា​ជា​អំពើ​ហិង្សា​លើ​ស្ត្រី លុះ​ត្រា​តែ​ជា​ការ វាយ ដំ ច្រំ ធាក់។ ហើយ​នេះ​គឺ​ជា​រឿង​ព្រួយ​បារម្ភ​មួយ​កម្រិត​ទៀត​នៅ​ពេល​ដែល​សង្គម​មិន​បាន​ចាប់​អារម្មណ៍ទម្រង់​ថ្មី​នៃ​អំពើ​ហិង្សា​ដែល​កំពុង​កើត​មាន។ ​បន្ថែម​លើ​នេះ ការ​មិន​ផ្ដល់​ឱកាស​និង​សិទ្ធិ​សេរីភាព​ស្មើ​គ្នា​រវាង​ស្ត្រីនិង​បុរស ក៏​ត្រូវ​បាន​រាប់​ជា​អំពើ​ហិង្សា​ដែរ។

ការ​លើក​ឡើង​ពី​អំពើ​ហិង្សា​ទម្រង់​ថ្មី​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សង្គម​ស៊ីវិល​កំពុង​រៀបចំ​​យុទ្ធការ១កោដិ​សំឡេង ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ដ្រី​។ ជា​យុទ្ធនាការ​លើកទី៦ ដែល​រៀបចំ​ឡើង​ក្រោម​ប្រធានបទ ពីយុទ្ធ​នាការ ក្លាយ​ជា​រស់​នៅ​ប្រចាំ​ថ្ងៃ​ដើម្បី​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី។ យុទ្ធនាការ​នេះ បាន​បង្ហាញ​ពី​ចាប់​ផ្ដើម​នៃ​ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​មួយ​សម្រាប់​បុរស ដែល​ត្រូវ​សួរ​ខ្លួន​ឯង​ថា ទង្វើ​ណា​មួយ​ជា​អំពើហិង្សា ខណៈ​​ស្ត្រីនៅ​តែ​ជា​ជន​រងគ្រោះទី​មួ​យ​​នៃ​អំពើ​ហិង្សា​បុរស។ នេះ​បើតាម អ្នកស្រី សុវណ្ណ រដ្ឋវត្តី។

ផ្អែក​តាម​របាយការណ៍​ដោយឡែក​របស់​អង្គការ​លីកាដូ រយៈពេល ១០ខែ ឆ្នាំ២០១៨ ករណី​អំពើ​ហិង្សា​លើ​ស្ដ្រីមានចំនួន ៥៨​ករណី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជា​ស្ត្រី ១០​នាក់​ស្លាប់ ហើយ​ការ​រំលោភ​សេពន្ថវៈ​លើ​ស្ត្រី និង​កុមារីមាន​ចំនួន ១២៧ករណី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​៨ នាក់​ស្លាប់ ក្នុង​នោះ​ក្មេង​ស្រី​មាន​ចំនួន​៣​នាក់៕

What Next?

Recent Articles