“​សំចត​”​ ​កម្មវិធី​ទូរស័ព្ទ​ជួយ​រក​ទីតាំង​ចត​រថយន្ត​ ​គ្រោង​បន្ថែម​មុខងារ​ពីរ​បន្ថែម​ទៀត

ដោយ សន ចាន់រដ្ឋា
2019-02-10
RFA

ស្ដាប់ ឬ ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមាជិក​ក្រុមកម្មវិធី​ទូរស័ព្ទ "សំចត" ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator Program រដូវកាលទីពីរ (រូបភាពពី៖ ទំព័រហ្វេសប៊ុក Smart for Cambodia)
សមាជិក​ក្រុមកម្មវិធី​ទូរស័ព្ទ “សំចត” ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator Program រដូវកាលទីពីរ (រូបភាពពី៖ ទំព័រហ្វេសប៊ុក Smart for Cambodia)


សំចត​” ​ដែល​ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ដោះស្រាយ​បញ្ហា​ចត​យានយន្ត ​និង​ជា​កម្មវិធី​ទូរស័ព្ទ​ ​ដែល​ទើប​ទទួលបាន​ជ័យជម្នះ​ក្នុង​ការប្រកួត​ SmartStart Young Innovator Programគ្រោង​នឹង​បន្ថែម​មុខងារ​ថ្មី​ចំនួន​ពីរ​បន្ថែម​ទៀត​ ​ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ម្ចាស់​ទីតាំង​ចត​យានយន្ត ​និង​ម្ចាស់​យានជំនិះ​។

មុខងារថ្មី​ចំនួន​​ពីរ​ដែល​ ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ដៃ​ “​សំចត​” ​បាន​បន្ថែម​ទៅលើ​មុខងារ​ដែល​មាន​ស្រាប់​នោះ​ ​គឺ​ការផ្តល់​លទ្ធភាព​អោយ​ម្ចាស់​យានជំនិះ​ ​កក់​ទីតាំង​សម្រាប់​ចត​យាន​យន្ត​ពី​ចម្ងាយ​ តាមរយៈ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ និង​មុខងារ​មួយ​ទៀត​គឺ​ការផ្តល់​លទ្ធភាព​ដល់​ម្ចាស់​ទីតាំងចំណត​​យានយន្ត​ ​ក្នុង​គ្រប់គ្រង​ចំនួន​ទីតាំង​ចំណត​​យានយន្ត​របស់​ខ្លួន​ និង​ទីកន្លែង​ចន្លោះ​ទំនេរ​ ​ដែល​អាច​ដាក់​នូវ​យានយន្តបន្ថែម​ទៀត​។

កម្មវិធី​ទូរស័ព្ទដៃ​ ​ដែល​និស្សិត​សាកលវិទ្យាល័យ​ចំនួន​ ៤ នាក់​បាន​រួមគ្នា​បង្កើត​មក​សម្រាប់​ជួយ​ដល់​ម្ចាស់​យានយន្ត ​និង​ម្ចាស់​ចំណត​រថយន្ត​ក្នុង​ការស្វែងរក​ទីតាំង​ចត​រថយន្ត​នេះ​ ​គឺជា​គំនិត​អាជីវកម្ម​លើក​ដំបូង​ ​ដែល​និស្សិត​មួយ​ក្រុម​នេះ​បាន​ ​ផ្តួចផ្តើម​ឡើង​តាមរយៈ​កម្មវិធី​មួយ​ឈ្មោះ​ថា​ SmartStart Young Innovator Program ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មាត ​និង​មជ្ឈមណ្ឌល​ Impact Hub Phnom Penh

សមាជិក​ក្រុម​ផលិតកម្មវិធី​ “​សំចត​”​ វ័យ​ ២១ ឆ្នាំ​ លោក​ ​ព្រំ ​វិសាល ​បាន​រៀបរាប់​ថា​តាមរយៈ​កម្មវិធី​ SmartStart Young Innovator Program ​នេះ​ ​បាន​ធ្វើឱ្យ​ពួកគេ​បាន​ស្គាល់​គ្នា​ ​និង​បាន​បង្កើត​គំនិត​អាជីវកម្ម​រួមគ្នា​មួយ​នេះ​។ ​លោក​ ​ព្រំ ​វិសាល ​ឱ្យដឹង​បន្ថែម​ថា​ ​ដោយសារតែ​មើល​ឃើញ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​តែង​កើតឡើង​ ​នៅ​កន្លែង​ចត​យានយន្ត ​ទើប​ធ្វើអោយ​ពួក​គេ​សម្រេច​បង្កើត​ជា​ ​កម្មវិធី​ទូរស័ព្ទ​ “​សំចត​”​ ​នេះ​ឡើង​។


“​គឺ​ដោយសារតែ​មើល​ឃើញ​វិស័យ​ ​ទាក់ទង​នឹង​ការចត​ឡាន​ម៉ូតូ​នៅ​ស្រុក​ខ្មែរ​ ​មាន​ហានិភ័យ​ច្រើន​ ​ដូចជា​ចំនួន​នៃ​ការបាត់​សំបុត្រ​ម៉ូតូ​ឡាន​ ​គឺ​កើនឡើង​។ ​ពួកយើង​ក៏​ចង់​ដោះស្រាយ​នូវ​ចំនួន​នៃ​ការបាត់​ម៉ូតូ​សម្រាប់​អ្នក​ដែល​មាន​កន្លែង​ចត​ឡាន​ ចត​ម៉ូតូ​។ ​យើង​យល់​ថា​ ​បើ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ​គឺ​យើង​អាច​ជួយ​ពួក​គាត់​ជាច្រើន​ សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​”

គំនិត​ដែល​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​មួយ​ផ្នែក​នៅក្នុង​សង្គម​របស់​និស្សិត​មួយ​ក្រុម​នេះ​ ​នឹង​លេច​ចេញ​ជា​រូបរាង្គ​នៅ​ខែមិថុនា​ ​ក្នុង​ឆ្នាំ​ ២០១៩ នេះ​។

ក្រៅពី​ជួយ​ដោយ​ផ្ទាល់​ដល់​សេវាកម្ម​ចត​យាន​យន្ត​ ​កម្មវិធី​ “​សំចត​” ​ក៏​បាន​ចូលរួម​អភិរក្ស​បរិស្ថាន​ដោយ​ប្រយោល ​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ សំបុត្រ​​ចត​យាន​យន្ត ​ជាមួយនឹង​បច្ចេកវិទ្យា​ QR Code ​ដែល​បាន​បង្កើត​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ចល័ត​។

បច្ចុប្បន្ន​កម្មវិធី​ទូរស័ព្ទ​ “​សំចត​” ​បាន​គ្រោង​ដាក់​ឱ្យ​ ​ដំណើ​ការលើ​ប្រព័ន្ធ​ទូរស័ព្ទដៃ​ទាំង​ ​ប្រព័ន្ធ​អែន​ដ្រយ ​( Android )​ ​និង​ប្រព័ន្ធ​អាយ​អូ​អែស ​( iOS ) ​ដែល​អ្នកប្រើប្រាស់​អាច​ទាញ​យក​ទៅ​ដំឡើង​លើ​ទូរស័ព្ទ​ដោយ​ឥត​គិត​ថ្លៃ​។

និស្សិត​ឆ្នាំ​ទី ៣ ​ផ្នែក​វិស្វកម្ម​ព័ត៌មានវិទ្យា​ ​មកពី​ខេត្ត​បាត់ដំបង​ លោក​ ​ព្រំ ​វិសាល ​សង្ឃឹម​ថា​កម្មវិធី​នេះ​ ​នឹង​អាច​ជួយ​ទៅ​ដល់​ ​ម្ចាស់​យានយន្ត ​និង​ម្ចាស់​ទីតាំង​សម្រាប់​ចត​យាន​យន្ត​។ ​លោក​ ​ព្រំ ​វិសាល​បាន​ពន្យល់​អំពី​វិធី​ប្រើប្រាស់​កម្មវិធី​នេះ​ ​ថា​គ្រាន់តែ​បញ្ចូល​នូវ​ព័ត៌មាន​មួយចំនួន​ ​នឹង​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន​ ​នៅ​តាម​ទីតាំង​ដែល​ជា​ដៃគូ​របស់​ “​សំចត​” ​បាន​ហើយ​។


“​ទាក់ទង​ជា​នឹង​ដំណើការ​របស់​សំចត ​គឺ​អ្នក​ដែល​មាន​យាន​ជំនិះ​គាត់​គ្រាន់តែ​ ​មាន​ទូរស័ព្ទ​ដៃ​ ​ហើយ​ដំឡើង​កម្មវិធី​សំចត ​ហើយ​ត្រូវ​បំពេញ​នូវ​ព័ត៌មាន​សំខាន់​ៗ​ដូចជា​ ​ឈ្មោះ​ ​និង​កាត​គ្រី​របស់​យានយន្ត​ទៅក្នុង​ហ្នឹង​ បន្ទាប់មក​កម្មវិធី​ ​សំចត ​នឹង​បង្កើត​ QR Code ​ដែល​ Unique (តែមួយគត់) ​សម្រាប់​គាត់​ផ្ទាល់​ ​ហើយ​គាត់​អាច​យក​ QR Code ​ឬ​កម្មវិធី​សំចត ​ដែល​គាត់​ដំឡើង​នៅលើ​ទូរស័ព្ទ​ ​ទៅ​ចត​នៅ​កន្លែង​ដែល​ជា​ដៃគូ​សំចត​បាន​”


បើ​ទោះបីជា​យ៉ាងណា​ ​កម្មវិធី​ទូរស័ព្ទ​ថ្មី​នេះ​នៅ​មិន​ទាន់​មាន​មុខងារ​ទូរទាត់​សាច់ប្រាក់​ដោយ​ផ្ទាល់​ពី​គណនី​ធនាគារ​នៅឡើយ​ទេ ​គឺ​អ្នកប្រើប្រាស់​កម្មវិធី​នេះ​ត្រូវ​ ​បង់​ជា​សាច់ប្រាក់​ ​សម្រាប់​ការទូទាត់​ដោយ​ផ្ទាល់​វិញ​។

ជា​និស្សិត​ដែល​មិន​ទាន់​បញ្ចប់​ការសិក្សា​ផង​នោះ​ លោក​ ​ព្រំ ​វិសាល ​ឱ្យដឹង​ថា​ការបង្កើត​កម្មវិធី​នេះ​ឡើង​ ​ចៀស​មិន​ផុត​ពី​ការប៉ះពាល់​ចំពោះ​ការសិក្សា​របស់​លោក​ផ្ទាល់​ ​ក៏​ដូច​នឹង​សមាជិក​ផ្សេងទៀត​នោះ​ទេ​ ​ប៉ុន្តែ​លោ​កថា​ដើម្បី​ចៀស​វៀង​ការប៉ះពាល់​ខ្លាំង​ដល់​ការសិក្សា​ ​លោក​បាន​ធ្វើ​ការបែងចែក​ពេលវេលា​ច្បាស់លាស់​សម្រាប់​កិច្ចការ​សាលា​ ​និង​ពេលវេលា​សម្រាប់​គម្រោង​ផ្ទាល់ខ្លួន​មួយ​នេះ​។

ការប្រែក្លាយ​គំនិត​ ​ឱ្យ​ចេញ​ជា​រូបរាង្គ​ពិតប្រាក​ឡើង​មក​នេះ​ ​ក្រុម​របស់​ “​សំចត​” ​ក៏​បាន​ជួប​នូវ​ឧបសគ្គ ​មួយចំនួន​ផ្សេងទៀត​ផងដែរ​ ប៉ុន្តែ​ទោះបីជា​មាន​ឧបសគ្គ​យ៉ាងនេះក្តី​ក៏​ពួកគេ​ ​មិន​បាន​បោះបង់​គំនិត​ក្នុង​ការបង្កើត​កម្មវិធី​ “​សំចត​”​ ​នេះ​ឡើង​មក​ដែរ​។

“​ពួកយើង​មិន​ដែល​មាន​គំនិត​ចង់​បោះបង់​កម្មវិធី​នេះ​ទេ​ ​បើ​ទោះបីជា​មាន​ឧបសគ្គ​ផ្សេង​ៗ​មក​រារាំង​ក៏​ដោយ​ ​ដោយសារតែ​កម្មវិធី​សំចត​នេះ​ ​ពួកយើង​មាន​ការ​ឈ្មុសឈ្មុល​ ​ខំ​ស្វែងរក​គំនិត​នេះ​ឡើង​ ​ដូច្នេះ​យើង​មិន​អាច​បោះបង់​ដោយ​ទទេរ​ៗ​នោះឡើយ​”

កាលពី​ចុង ​ខែ ​មក​រា ​ឆ្នាំ ២០១៩ ​កម្មវិធី​ទូរស័ព្ទ​ “​សំចត​” ​ត្រូវបាន​គណៈកម្មការ​ក្នុង​កម្មវិធី​ SmartStart Young Innovator Program ​ជ្រើសរើស​ជា​អ្នក​ឈ្នះ​ ក្នុង​វគ្គ​ជម្រើស​ប្រាំ​ក្រុម​ចុងក្រោយ​ ​និង​ត្រូវបាន​អ្នករៀបចំ​កម្មវិធី​ ​ឧបត្ថម្ភ​ដំណើ​ទស្សនៈកិច្ច​ ​ទៅ​ប្រទេស​សិង្ហបុរី​នៅក្នុងពេល​ឆាប់​ៗ​នេះ​ផងដែរ​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Smart ​លោក​ ​ថូម៉ាស​ ហ៊ុន​ ​( Thomas Hundt ) ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​គំនិត​អាជីវកម្ម​ដំបូង​របស់​ក្រុម​ “​សំចត​” ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ ​និង​បាន​ចាត់ទុក​ថា​ ​នេះ​ជា​សញ្ញា​វិជ្ជមាន​មយយ ​សម្រាប់​ទស្សនៈ​វិស័យ​រួម​ ក្នុង​ការបង្កើត​សេដ្ឋកិច្ច​ឌីជីថល​អោយ​មាន​និរន្តរភាព​។

ចំណែក​ក្រុម​យុវជន​ចំនួន​ ៤ ផ្សេងទៀត​ ​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ “​សំចត​” ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា ​ដើម្បី​បង្កើត​សេវាកម្ម​ផ្សេង​ៗ​ ​សម្រាប់​ផ្គត់ផ្គង់​នូវ​តម្រូវការ​របស់​ពលរដ្ឋ​កម្ពុជា​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​។

សេវាកម្ម​ទាំង​នេះ​ ​មាន​ដូចជា​ ​សេវាកម្ម​ “​តោះ​រៀន – Tos Rean” ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកប្រើប្រាស់​ស្វែងរក​គ្រូ​បង្រៀន​តាម​ផ្ទះ​ ​នៅលើ​កម្មវិធី​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​។ ​សេវាកម្ម​ “​ហូម​មិច – Homex​” ​បាន​ផ្តោត​ទៅលើ​ ​ការផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើ​ក្នុង​ការស្វែងរក​សេវាកម្ម​ ​ជាង​ជួសជុល​ផ្ទះ​។ ​សេវាកម្ម​ ​“​ម្លិះ – Malis​” ​បាន​ងាក​ទៅ​ ​ដោះស្រាយ​បញ្ហា​នារី​ៗ​ ​ក្នុង​ការស្វែងរក​ និង​កក់​ទីតាំង​ជាង​ផាត់​មុខ​ ​និង​សេវាកម្ម​ “ហេស្តូម – Haystome ” ​គឺ​ផ្តោត​លើ​ការកក់​សេវាកម្ម​សម្រាប់​ទទួលបាន​បទពិសោធន៍​សិល្បៈ​ពិតប្រាកដ​នៅ​កម្ពុជា​។

បើ​ទោះបីជា​ក្រុម​ទាំង​ ៤ នេះ​ ​មិន​បាន​ទទួល​ជ័យជម្នះ​នៅក្នុង​ការប្រកួត​វគ្គ​ចុងក្រោយ​យ៉ាងណា​ក្តី​ ​ប៉ុន្តែ​សមាជិក​ក្រុម​ទាំង​បួន​ កាលពី​ខែមិថុនា ​ឆ្នាំ​ ២០១៨ ​ក៏​បាន ​ទទួល​ប្រាក់​រង្វាន់​ចំនួន​ ​បួន​ពាន់​ដុល្លារ​ និង​បាន​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​អាជីវកម្ម​រយៈពេល​ ៦ ខែ ​រួច​ទៅហើយ​។

មក​ទល់​ពេលនេះ​ “​សំចត​” ​ត្រូវបាន​ម្ចាស់​ទីតាំង​ចំណត​រថយន្ត​ចំនួន​ពីរ​កន្លែង​បាន​ទាក់ទង​ដើម្បី​សាកល្បង​សេវាកម្ម​មួយ​នេះ​។ ​ចំណែក​ក្រុមការងារ​របស់​ “​សំចត​” ​ក៏​គ្រោង​នឹង​ទាក់ទង​ទៅ​បណ្តាសាកលវិទ្យាល័យ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​សាកល្បង​សេវាកម្ម​មួយ​នេះ​ផងដែរ​។

ស្ថាបនិក​កម្មវិធី​ទូរស័ព្ទ​ “​សំចត​” ​លោក​ ​ព្រំ ​វិសាល ​ឱ្យដឹង​ថា​ក្រុម​លោក​ក៏​មាន​មហិច្ឆតា​ចង់​ដាក់​ដំណើការ​កម្មវិធី​ “​សំចត​” ​នេះ​នៅ​ទូទាំង​ប្រទេស​ ​ប្រសិនបើ​គម្រោង​នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ជោគជ័យ​។

​លោក​ ​ព្រំ ​វិសាល ​ថ្លែង​ថា​ ​ការឈ្នះ​ក្នុង​ការប្រកួត​ SmartStart Young Innovator Program ​នេះ​ ​គឺជា​ជោគជ័យ​ក្នុង​ជីវិត​មួយ​សម្រាប់​លោក​ ​បន្ទាប់ពី​បាន​ចំណាយ​ពេលវេលា​ ​និង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន​កន្លង​មក​។

លោក​ ​ព្រំ ​វិសាល ​ក៏​ចង់​ឃើញ​យុវជន ​ដែល​រៀន​នៅ​តាម​សាក​វិទ្យាល័យ​ផ្សេង​ៗ​ ​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​បង្កើត​ជា​ ​គំនិត​អាជីវកម្ម​មួយ​សម្រាប់​ខ្លួនឯង​ ​និង​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ផ្សេង​ៗ​ ​ដើម្បី​បង្កើន​ចំណេះដឹង​ បទពិសោធន៍​ ​និង​ឱកាស​នៅក្នុង​ថ្ងៃ​អនាគត​៕​


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles