ទំនាក់ទំនងអន្តរជាតិ
|
https://www.vodhotnews.com
ក្រសួងការពារជាតិប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមួយស្ដីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលធ្វើឡើងនៅប្រទេសកម្ពុជានាពាក់កណ្ដាលខែនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងការពារជាតិកម្ពុជាអះអាងថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ និងរដ្ឋមន្ដ្រីការពារជាតិថៃ លោក ប្រាវីត វង្សសូវណ្ណ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ បន្ដថែរក្សាសន្ដិភាពនិងស្ថិរភាពនៅតំបន់ជាប់ព្រំដែននិងដោះស្រាយបញ្ហាប្រឈមនានានៅតំបន់ព្រំដែនប្រទេសទាំងពីរ។
បើតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ គឺកើតចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៦ ដោយមានការជួបប្រជុំប្ដូរវេនគ្នាជាទៀងទាត់ហើយនៅឆ្នាំ២០១៩ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ៕