ពលរដ្ឋ​ថា ជនខិលខូច​ទន្ទ្រាន​ដី​ព្រៃ​ការពារ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ក្នុង​ស្រុក​សំឡូត​អស់​ជាច្រើន​ហិកតារ

ដោយ សេក បណ្ឌិត
2019-02-10
RFA

៣០-តុលា-២០១៣៖ អគ្គនាយក​នៃ​អង្គការ​អភិរក្ស​ព្រៃ​ឈើ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt) លោក ស្តេហ្វាន បក់ណា (Stephan Bognar) លើក​បង្ហាញ​ឈើ​ដែល​គេ​កាប់​នៅ​​ក្នុង​តំបន់​ព្រៃឈើ​ការពារ​សំឡូត ខេត្ត​ប៉ៃលិន។ MJP Photo
៣០-តុលា-២០១៣៖ អគ្គនាយក​នៃ​អង្គការ​អភិរក្ស​ព្រៃ​ឈើ ម៉ាដក្ស ចូលី ភីត (Maddox Jolie-Pitt) លោក ស្តេហ្វាន បក់ណា (Stephan Bognar) លើក​បង្ហាញ​ឈើ​ដែល​គេ​កាប់​នៅ​​ក្នុង​តំបន់​ព្រៃឈើ​ការពារ​សំឡូត ខេត្ត​ប៉ៃលិន។ MJP Photo


​ ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​អះអាង​ថា​ សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឃុបឃិត​ជា​មួយ​អ្នក​មាន​លុយ​ជួល​ប្រជាពលរដ្ឋ​​កាប់​ទន្ទ្រាន​ដី​ព្រៃ​តំបន់​ការពារ​នៅ​ជាប់​ព្រំដែន​ថៃ​ក្នុងស្រុក​សំឡូត​​​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ហើយ​មិន​មាន​អាជ្ញាធរ​ណា​ទប់​ស្កាត់​នោះ​ទេ​។ មេឃុំ​សំឡូត​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ប្រជាពលរដ្ឋ​ស្រុក​សំឡូត​ព្រួយបារម្ភ​ថា​ ព្រៃ​ឈើ​តំបន់​ការពារ​នៅ​ជាប់​ព្រំដែន​ថៃ​ក្នុង​ស្រុក​នេះ​នឹង​ហិនហោច​​ក្នុង​ពេល​ឆាប់​ៗ​ ខាង​មុខ​ ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​បណ្ដោយ​ឲ្យ​ជន​ប្រព្រឹត្តិ​លួច​ទន្ទ្រាន​ព្រៃ​ដោយ​សេរី​នោះ។ សហគមន៍​ការពារ​ព្រៃឈើ​ស្រុក​សំឡូត​ អ្នក​ស្រី អ៊ុំ នឿម ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១០​កុម្ភៈ​ថា ក្រុម​អ្នក​មាន​លុយ​បាន​ជួល​ប្រជាពលរដ្ឋ​ទៅ​កាប់​បំផ្លាញ​ព្រៃ​តំបន់​ការពារ​នៅ​ជាប់​ព្រំដែន​ថៃ​ដែល​ជា​តំបន់​ព្រៃ​ក្រាស​ត្រង់​ចំណុច​សែន​ចៅ​នៅ​អម​សង្ខាង​ផ្លូវ​ច្រក​ព្រំដែន​ ក្នុង​ភូមិ​សំឡូត ឃុំ​សំឡូត បណ្ដាល​ឲ្យ​ហិនហោច​ព្រៃឈើ​រាប់​រយ​ហិកតារ។អ្នក​ស្រី​បន្ត​ទៀត​ថា ​ក្រុម​អ្នក​មាន​លុយ​ទំនង​មាន​​អ្នក​ធំ​នៅ​ពី​ក្រោយ​ខ្នង​បាន​ជា​ហ៊ាន​ជួល​ពលរដ្ឋ​ទន្ទ្រាន​ព្រៃ​យ៉ាង​ច្រើន​ហិកតារ​ដូច្នេះ ពី​ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ដឹង​រឿង​នេះ​ដែរ ក៏ប៉ុន្តែ​ធ្វើ​ជា​មិន​ដឹង​មិន​ឭ ដោយ​មិន​ហ៊ាន​ចាត់វិធានការ​ទៅ​លើ​ជនល្មើស​នោះ​ឡើយ៖ «ខ្ញុំ​ស្ដាយ​ណាស់​តែ​មិន​ដឹង​ធ្វើ​មិច​បើ​យើង​ធ្វើ​អី​មិនកើត​មាន​តែ​និយាយ​ទេ ព្រោះ​គេ​មាន​ខ្សែ​ធំ​ហើយ​យើង​ត្រឹម​តែ​ប្រជាពលរដ្ឋ​ធម្មតា​ធ្វើ​អី​គេ​បាន​។ បើ​ថា​នៅ​កាប់​ដូច​សព្វ​ថ្ងៃ​មិន​យូរ​ទេ​លីង​ហើយ។ហើយ​អ្នក​ស៊ីឈ្នួល​កាប់​ព្រៃ​មួយ​ខែ​៣លាន​រៀល​ គឺ​ប្រជាពលរដ្ឋ​គាត់​អត់​មាន​ការងារ​ធ្វើ​ចេះ​តែ​ស៊ីឈ្នួល​កាប់​ឈើ​ឲ្យ​គេ​ទៅ ហើយ​គ្មាន​ពីណា​ដោះស្រាយ​បាន​ទេ សូម្បី​តែ​មេភូមិ​ក៏​បិត​មុខ​អស់​ ព្រោះ​លុយ​បិទមុខ​ក៏​មិន​ដឹង​ បាន​ជា​គាត់​មិន​អើពើ»។ ចំណែក​ពលរដ្ឋ​នៅ​ស្រុក​សំឡូត​សុំ​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត អះអាង​ថា​ ជន​ខិល​ខូច​បាន​​ទន្ទ្រាន​ដី​ព្រៃ​នេះ តាំង​ពី​វិច្ឆិកា​រហូត​មក​ទល់​សព្វ​ថ្ងៃ​ គឺ​ព្រៃ​ការពារ​បាន​​ក្លាយ​ទៅ​ជា​ទីវាល​អស់​រាប់​រយ​ហិកតារ​ទៅ​ហើយ។ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ការ​ទន្ទ្រាន​ព្រៃ​នេះ​ ទំនង​យក​ទៅ​សាង​សង​ធ្វើ​ជា​សំណង​អាគារ​ និង​កាស៊ីណូ​ ព្រោះ​ជាប់​ព្រំដែន​ថៃ​ដែល​ទើប​មាន​​ការ​អភិវឌ្ឍន៍៖ «ខ្ញុំ​ចង់​ឲ្យ​នៅ​ព្រៃឈើ​ កាត់​ណា​អស់​ព្រែ​ធ្វើ​ឲ្យ​ភ្លៀង​មិន​ទៀងទាត់​ ហើយ​ពួក​ខ្ញុំ​កសិករ​ដាំ​ដំណាំ​មិន​បាន​ហូប ព្រោះ​អី​កាល​ណា​មាន​ការ​អភិវឌ្ឍន៍​គឺ​មាន​ការ​ទន្ទ្រាន​ដី​អស់​ហើយ​ព្រៃឈើ​គ្មាន​សង់​ទេ។តំបន់​នេះ​នោះ​ប៉ូលិស​និង​ទាហាន​នៅ​ទី​នោះ​ទាំង​អស់​ បើក​ច្រក​នៅ​ទីនោះ​ ហើយ​ភាគច្រើន​ជា​ដី​​ទាហាន​និង​ប៉ូលិស​នោះ​ឯង​អ្នក​វាទ​ទី​យក​ដី។អ្នក​​ឧទ្យាន​រក្ស​​គ្នា​បាន​ត្រឹម​តែ​ទៅ​មើល​ព្រៃ​ហើយ​ត្រឡប់​មក​វិញ​មិន​អាច​ធ្វើ​អី​កើត​ទេ»។ អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​ស្រុក​សំឡូត​លោក សើ សាម៉េត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១០​កុម្ភៈ ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល​។ ប៉ុន្តែ​មេឃុំ​សំឡូត លោក ធឹម ព្រឿង មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ដី​នេះ​ជា​តំបន់​ដែល​​ប៉ូលិស​និង​ទាហាន​ប្រចាំ​ការ​នៅ​ទី​នោះ​ ដោយ​មិន​មាន​ការទន្ទ្រាន​ដី​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «មិន​មាន​ប្រជាជន​រស់នៅ​ដូច​មិន​មាន​ទេ គ្រាន់​តែ​ថា​នៅ​ចំណុច​នោះ​ជា​តំបន់​របស់​ប្រជាពលរដ្ឋ​តាំង​បី​សម័យ​សង្គ្រាម ហើយ​ចំការ​គាត់​ចាស់​កាល​បី​សម័យ​សង្គ្រាម​ ឥឡូវ​គាត់​កាប់​ឆ្ការ​ព្រៃ​ឫស្សី​ដែល​ដុត​អី​រឿង​នេះ​វា​មាន​មែន»។ ទោះ​យ៉ាង​នេះ​ក្ដី​ប្រជាពលរដ្ឋ​ទាំង​២​រូប​នៅ​តែ​អះអាង​ថា កាល​ពីដើម​ឆ្នាំ​២០១៨​ដែល​​មិន​ទាន់​មាន​អ្នក​ចូល​ទៅ​កាប់​ទន្ទ្រាន​គឺ​ជា​តំបន់​ព្រៃ​ឈើ​ខៀវ​ស្រស់បំព្រង​សម្រាប់​ជា​ជម្រក​សត្វ​ព្រៃ​ ដោយ​ពុំ​មែន​ព្រៃ​កម្មសិទ្ធិ​របស់​បុគ្គល​ណា​មួយ​នោះ​ឡើយ​។ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េង លី មាន​ប្រសាសន៍​ថា​ ការ​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​អំពើ​ខុស​ច្បាប់ ហើយ​​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ចាប់​ជន​ប្រព្រឹត្ត​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់។លោក​បន្ថែម​ទៀត​ថា កន្លង​មក​បញ្ហា​ការ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​កើត​មាន​ជា​ច្រើន​ករណី​ ក៏​ប៉ុន្តែ​ជា​ទូទៅ​អាជ្ញាធរ​ច្រើន​តែ​ចាប់​បាន​តែ​ពលរដ្ឋ​ក្រីក្រ រីឯ​អ្នក​មាន​លុយ​និង​មាន​អំណាច​មិន​ទាន់​ចាប់​យក​មក​ផ្ដន្ទាទោស​មាន​ម្នាក់​នៅ​ឡើយ​ទេ៖ «ហើយ​ប្ដឹង​ជន​ប្រព្រឹត្ត​ទៅ​តុលាការ​ ដើម្បីឲ្យ​ទាំង​នោះ​រាងចាល​ឬ​ពេល​ខ្លះ​យើង​ឃើញ​ពេល​នៅ​ព្រៃ​ប្រជាពលរដ្ឋ​អ្នក​កាប់ ដែល​គាត់​គ្រាន់​តែ​ស៊ីឈ្នួល​គេ​យក​លុយ​ទេ​ តាម​ពិត​ដល់​ដី​ស្រឡះ​ទៅ​វា​មិន​មែន​ជា​ប្រជាពលរដ្ឋ​ វា​អាច​មាន​អ្នក​មាន​លុយ​អ្នក​មាន​អំណាច​នៅ​ក្រោយ​ខ្នង​ទៅ​វិញ​ ហើយ​រឿង​នេះ​ត្រូវ​ស្រាវជ្រាវ​ទប់ស្កាត់​ដើម្បី​ថែរក្សា​ព្រៃ​ឈើ​នេះ​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង»។ លោក យិន ម៉េង លី បន្ថែម​ទៀត​ថា ការ​អនុវត្ត​ធូររលុង​ជា​មូលហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​ហិនហោច​ឆាប់រហ័ស ព្រោះ​អ្នក​​ប្រព្រឹត្ត​មិន​ខ្លាច​ច្បាប់ ហើយ​ពួកគេ​ចេះ​តែ​នាំ​គ្នា​ទៅ​ទន្ទ្រាន​ព្រៃ​យក​ដី​បាន​តាម​អំពើ​ចិត្ត៕ កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles