2019-02-11
RFA
ប៉ូលិសអន្តោប្រវេសន្តចាប់ជនជាតិដីគោកនៅបន្ទប់ជួលជាប់អូរព្រំដែន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១៧។ Photo provided
ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យ ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទៅតាមផ្លូវច្បាប់បានតឹងរ៉ឹងករណីជនជាតិដែលបានបាញ់រះបង្ករបួសស្នាមនៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១០កុម្ភៈ។ ពួកគេថា ករណីនេះជាការបង្កអសន្តិសុខសង្គម ដែលធ្វើឲ្យពលរដ្ឋខ្មែររស់នៅមិនមានសុវត្ថិភាព។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត លោក ប៊ុន សុទ្ធី ថ្លែងប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១១កុម្ភៈថា តាំងតែជនជាតិចិនមករស់នៅក្រុងប៉ោយប៉ែតកាន់តែច្រើនធ្វើឲ្យមួយរយៈចុងក្រោយនេះ ពួកគេរស់នៅទាំងភ័យខ្លាច ព្រោះជនជាតិទាំងនោះបានបង្កជម្លោះជាមួយចិនគ្នាឯងជាច្រើនលើកមកហើយ ។លោកបន្តថា ជនជាតិចិនរហូតហ៊ានបាញ់បោះដោយសេរីនៅលើទឹកដីខ្មែរដូច្នេះគឺជាការគ្រោះថ្នាក់ដល់ពួកគាត់យ៉ាងខ្លាំង ហើយអាជ្ញាធរត្រូវតែចាត់វិធានការជនជាតិបរទេសទាំងនេះឲ្យបានតឹងរ៉ឹង ដើម្បីកុំឲ្យពួកគេបង្កអសន្តិសុខនៅក្នុងសង្គមទៀត៖ «ហើយដើរអត់មានសណ្ដាប់ធ្នាប់ទេពីមុនយើងឃើញខ្មែរដើរមិនគោរពច្បាប់ តែឥឡូវខ្មែរទៅណាមកណាខ្លាចម៉ូតូខ្លាចឡានបុក ប៉ុន្តែបើពួកចិនវិញ បើថាមានគ្នា២នាក់គឺដើរពីរជួ គឺដើរ៥នាក់ប្រាំជួ ហើយវាមិនស្ដាប់ស៊ីផ្លេឡានម៉ូតូទេ ហើយយើងមានតែបង្អន់សិន ហើយរកផ្លូវគេចទៅព្រោះខ្លាចប៉ះពាល់ចិនមានបញ្ហាដល់ខ្លួនឯង ព្រោះយើងមិនដឹងថាគេមានកាំភ្លើងឬមានកាំបិតជាប់ខ្លួននោះទេ បានជាគេដើរគ្មានសណ្ដាប់ធ្នាប់ដូច្នេះ»។
ប្រតិកម្មរបស់ពលរដ្ឋនេះបន្ទាប់ពីជនជាតិចិនពីរក្រុមបានឈ្លោះទាស់ទែងគ្នា ហើយដកកាំភ្លើងខ្លីបាញ់ចិនគ្នាឯង នៅក្នុងខារ៉ាអូខេឈ្មោះឡាហ្វីរ៉ា នៅភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត បណ្ដាលឲ្យជនជាតិម្នាក់របួសជើងខាងស្ដាំ កាលពីយប់ថ្ងៃទី១០កុម្ភៈ។
អាស៊ីសេរីមិនទាន់អាចសុំអត្ថាធិប្បាយពីស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ បាននៅឡើយទេ ដោយលោកប្រាប់ថាជាប់ចុះបេសកកម្ម រីឯមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ប៊ន ប៊ិន ក៏មិនអាចសុំអត្ថាធិប្បាយបានដែរនៅថ្ងៃទី១១កុម្ភៈ ដោយលោកប្រាប់ថា កំពុងស៊ើបអង្កេតការងារមួយទៀតនៅក្នុងកាស៊ីណូ។ ប៉ុន្តែអភិបាលក្រុងប៉ោយប៉ែតលោក សាន ស៊ានហូ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចកំពុងស៊ើបអង្កេតលើសំណុំរឿងនេះ ដើម្បីចាប់អ្នកពាក់ព័ន្ធបញ្ជូនទៅដោះស្រាយនៅតុលាការហើយ៖ «យើងកំពុងតែធ្វើការស្រាវជ្រាវតើវាមានអីកើតឡើង ក្រោយពីឃាត់ខ្លួនខាងព្រះរាជអាជ្ញាគាត់កំពុងធ្វើការសាកសួរ។ និយាយរួមយើងត្រូវចាត់វិធានការតាមច្បាប់របស់កម្ពុជា»។
ទោះជាយ៉ាងនេះក្ដីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ហាក់គ្មានជំនឿទៅលើវិធានការរបស់សមត្ថកិច្ចជុំវិញការបាញ់បង្ករបួសស្នាមរបស់ជនជាតិចិននេះទេ ព្រោះកន្លងមកពួកគេតែងតែបង្កបញ្ហាជាច្រើនករណីហើយ ប៉ុន្តែបានត្រឹមចាប់អប់រំ ហើយក៏ដោះលែងពួកគេឲ្យមានសេរីភាពវិញ ដោយមិនបានផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នោះទេ។លោកអះអាងថា ការអនុវត្តច្បាប់ធូររលុង គឺជាការធ្វើឲ្យជនបទេសមិនខ្លាចច្បាប់ ហើយចេះតែនាំគ្នាបង្កបញ្ហានៅក្នុងសង្គមកាន់តែច្រើន៖ «អ្វីដែលសំខាន់ឲ្យតែថាកំពុងធ្វើការស្រាវជ្រាវ ឬធ្វើការស៊ើបអង្កេត គឺស្មើនឹងអត់ កន្លងមក ហើយបើកំពុងស៊ើបអង្កេតដោយបង្កើតគណៈកម្មការស៊ើបអង្កេតក៏កាន់តែអត់មានអីទៀត។ចំណែកពលរដ្ឋខ្មែរវិញបើកើតឡើងត្រូវបានគេចាប់ភ្លាមៗយកមកផ្ដន្ទាទោស ហើយបើប៉ះមន្ត្រីធំៗអ្នកមានលុយនិងមានអំណាចវិញ គេបង្កើតគណៈកម្មការដើម្បីស្រាវជ្រាវអីទៅ ហើយឥឡូវជនជាតិចិនគេក៏ប្រើពាក្យនេះតទៅទៀត»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទៅលើជនជាតិចិន ដែលបានបាញ់បោះនេះឲ្យបានតឹងរ៉ឹង និងស្រាវជ្រាវរកមុខសមត្ថកិច្ចពាក់ព័ន្ធដែលបានផ្ដល់អាវុធឲ្យពួកគេកាន់កាប់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោះស្រាយតាមច្បាប់ ដើម្បីកុំឲ្យពួកគេធ្វើសកម្មភាពនៅថ្ងៃក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។