លោក សម រង្ស៊ី ព្រមានពី​ហានិភ័យ​លើ​ផល​ប្រយោជន៍ជន​ជាតិ​ចិន​កើត​ពី​កំហឹង​ពលរដ្ឋ​កម្ពុជា


|
https://www.vodhotnews.com

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បានព្រមាន​ទៅ​ក្រុម​វិនិយោគិន និង​ជន​ជាតិ​ចិន​នៅ​កម្ពុជា ឲ្យ​​ពិនិត្យ និង​ពិចារណា​ឡើង​វិញ​អំពី​សកម្មភាព​របស់​ពួកគេ​នៅ​កម្ពុជា ដោយ​ថា ពួកគេ​អាច​ប្រឈម​មុខ​នឹង​កំហឹង​ពី​ពលរដ្ឋ​កម្ពុជា។

លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ព្រមាន​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ។

អតីតមេដឹកនាំបក្សប្រឆាំងដែល​កំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសរូប​នេះ
បាន​ប្រាប់ទៅ​វិនិយោគិន​ចិន ឲ្យ​ពិចារណាឡើងវិញអំពីបញ្ហាផលប្រយោជន៍និងគម្រោងវិនិយោគទាំងឡាយរបស់ខ្លួននៅកម្ពុជា ដោយ​លោក​ថា វត្ដមានរបស់​ពួកគេ​បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្ដៅក្រហាយហើយថា ពួកគេនឹងធ្វើការផ្លាស់ប្ដូរមេដឹកនាំសព្វថ្ងៃនេះ។

លោក សម រង្ស៊ី ក៏ប្រាប់ឲ្យក្រុមអ្នកវិនិយោគចិននៅកម្ពុជាសងដីធ្លីជូនទៅប្រជាពលរដ្ឋខ្មែរវិញទាមទារឲ្យពួកគេបិទបនល្បែងកាស៊ីណូ និងចាប់ក្រុមម៉ាហ្វីយ៉ា​ជាជនជាតិចិន ដែលប្រព្រឹត្ដខុសច្បាប់នៅកម្ពុជា។

លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុកថា៖ «ពួកគេបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល មានការក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះ ជាការប្រុងប្រយ័ត្នដ៏ត្រឹមត្រូវ បើពួកគេឈប់បំពានមកលើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែងការគោរពខ្លះចំពោះជនជាតិខ្មែរដែលជាម្ចាស់ស្រុក។ បើមិនយ៉ាងដូច្នោះទេ ពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខពីការផ្ទុះកំហឹង ពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មីនឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ នេះ»។

១១ កុម្ភៈ ២០១៩ / 11 February 2019 សេចក្តីព្រមានដល់អ្នកវិនិយោគចិន នៅកម្ពុជា Warning to Chinese investors in Cambodia…

Posted by Sam Rainsy on Sunday, February 10, 2019

VOD មិន​អាច​ស្វែង​រក​ការ​បក​ស្រាយ​ពី​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ទេ ជុំ​វិញ​សារ​ព្រមាន​​ពី​លោក សម រង្ស៊ី នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់​ទុក​សារព្រមាន​របស់​អតីត​មេដឹកនាំ​​បក្ស​ប្រឆាំង​រូប​នេះថាមានលក្ខណៈនយោបាយ និងបំផ្លាញផលប្រយោជន៍ជាតិ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន


លោកបន្ដថា៖ «គេហៅថា ចិត្តប្រទូស្ដរាយចំពោះផលប្រយោជន៍របស់ប្រទេស និងប្រជាជនកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី។ ខ្លួនឯងអស់សង្ឃឹមខ្លួនឯង ធ្វើនយោបាយបរាជ័យសល់តែគូថខោហើយ នៅតែចង់មកឈ្នានីសញុះញង់ទៅដល់ផលប្រយោជន៍ជាតិ។ ខ្ញុំយល់ថា ការដែលទណ្ឌិត សម រង្ស៊ី ប្រកាសពីក្រៅប្រទេសមក វាគ្មានប្រសិទ្ធិភាពអីទេ»

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កម្ពុជា-ចិន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ចិន​កាលពីខែមករា​កន្លង​មក​ថាមាន​តម្លៃ​ដល់​ទៅ​ ៥.៦​ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​នេះហើយមេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​កើន​ឡើង​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ផង​ដែរ។

របាយការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​ពី​ឆ្នាំ​មុនបាន​ឲ្យ​ដឹង​ថា ទំហំ​វិនិយោគ​ប្រទេស​ចិន​ចូល​មក​កម្ពុជា បាន​កើន​ឡើង​ពី​ចំនួន៣.៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ មក​ដល់​ទំហំ៦.៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ឬ​កើន​ឡើង​ទ្វេ​ដង។

អ្នកវិភាគនយោបាយ លោក ​ឯម សុវណ្ណារ៉ា ហៅ​​សារនយោបាយរបស់លោក សម រង្ស៊ី នេះថាដើម្បីស្វែងរកប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋ ស្របពេលដែលលោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំងផ្សេងទៀត ដែលកំពុងរស់នៅក្រៅប្រទេស​នោះ គ្រោងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនោះ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ


លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា៖ «ខ្ញុំគិតថា គាត់ចង់ឲ្យអ្នកដែលរងគ្រោះនេះឯង មកគាំទ្រគាត់ ដើម្បីជាកម្លាំងមួយដើម្បី​ផ្លាស់ប្ដូររបប​រដ្ឋាភិបាលបច្ចុប្បន្ន។ អាហ្នឹង គឺជាគោលដៅរបស់គាត់ ហើយអ្នកដែលគាត់អាចកៀងគរបានច្រើនជាងគេ គឺអ្នកដែលរងគ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច​»។

លោក សម រង្ស៊ី បានប្រកាសពីគម្រោងធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ ប៉ុន្ដែ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលស្វាគមន៍ដោយការព្រមានបង្ក្រាប និងការចាប់ដាក់ពន្ធនារ ក្រោមហេតុផលថា អាចនឹងបង្កអសន្ដិសុខ និងអស្ថិរភាពសង្គម។

ក្រៅពីប្រកាសអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា រដ្ឋាភិបាលបច្ចុប្បន្នបានកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ និង​មិន​យុត្តិធម៌នោះទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles