អ្នក​ការពារ​សិទ្ធិមនុស្ស​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ហេង រស្មី
2019-02-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី ឈរ​មើល​កម្រង​រូប​ថត​បណ្ឌិត កែម ឡី ដែល​តាំង​នៅ​មុខ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​វត្ត​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrath
ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ បណ្ឌិត កែម ឡី ឈរ​មើល​កម្រង​រូប​ថត​បណ្ឌិត កែម ឡី ដែល​តាំង​នៅ​មុខ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​វត្ត​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chuop Sereyrath


មន្ត្រី​សិទ្ធិមនុស្ស​ស្នើសុំ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​បន្ថែម​ជុំ​វិញ​សំណុំ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី ព្រោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​តែ​​ចង់​ដឹង​ចង់​លឺ​អំពី​ដើមហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ។ គិត​ត្រឹម​ថ្ងៃទី១០ កុម្ភៈ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត កែម ឡី បាន​បែក​កាយ​រំលាយ​ខន្ធ​ទៅ ​អស់​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​កើត​មាន​នោះ គឺ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​រូបលោក និង​ក្រុម​គ្រួសារ។

ព្រឹត្តិការណ៍​សង្គម​ និង​នយោបាយ​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ហាក់​ឃ្លាតឆ្ងាយ​បន្តិច​ម្តងៗ​ ពី​ចំណាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ខុស​ពី​ពេល​ដែល​លោក​ទើប​តែ​ត្រូវ​បា​ន​ឃាតក​បាញ់​សម្លាប់​ភា្លមៗ។ គិត​ត្រឹម​ខែ​កុម្ភៈ​នេះ អំពើ​ឃាតកម្ម​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល​ ២ឆ្នាំ ៧ ខែ​ហើយ ហើយ​ដំណើរ​ការ​រក​យុត្តិធម៌​វិញ ក៏​គ្មាន​អ្វី​វិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​ដែរ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​ អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា តុលាការ​ហាក់​ដូច​ជា​គ្មាន​ចំណាត់​ការ​អ្វី​ទាល់​តែ​សោះ​លើ​សំណុំ​រឿង​បណ្ឌិត កែម ឡី ក្រោយ​ពេល​​កាត់​ទោស​បុគ្គល​ អឿត អាង ហៅ​ ជួប សម្លាប់ នោះ។ លោក​ថ្លែង​បែប​នេះ ដោយសារ​តុលាការ​ខកខាន​មិន​បាន​បង្ហាញ​ព័ត៌មាន​អ្វី​បន្តិច​សោះ​ទាក់ទង​នឹង​សំណុំ​រឿង​នេះ ក្រៅ​តែ​ពី​ការ​លើក​ឡើង​ដដែលៗ​​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​បន្ត​នោះ​។ លោក​ថា មិនមែន​គ្រប់​ព័ត៌មាន​ទាំង​អស់​​សុទ្ធតែ​សម្ងាត់​ ដែល​តុលាការ​មិន​អាច​បញ្ចេញ​បាន​នោះ​ទេ ព្រោះ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ ជា​សំណុំ​រឿង​សំខាន់​ដែល​ពលរដ្ឋ​ទូទៅ​ចង់​ដឹង៖ «មិនមែន​ថា ត្រឹម​តែ​រឿង​របស់​លោក​បណ្ឌិត កែម ឡី នេះ​ទេ យើង​ឃើញ​រឿង​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សកម្មជន​មនសិការ កាល​ណា​មាន​រឿង​នេះ​កើតឡើង​ តែង​តែ​ផ្អឹប​ទុក ហើយ​មិន​មាន​ការ​ធ្វើ​អ្វី​ដែល​បង្ហាញ​ឱ្យ​សាធារណជន​ហ្នឹង​បាន​ដឹង បាន​មាន​ទំនុក​ចិត្ត​ជាមួយ​នឹង​ចំណាត់​ការ​ហ្នឹង​ទេ។ ដូច្នេះ​ហើយ​ យើង​ស្នើ​ឱ្យ​ខាង​តុលាការ​កុំ​ឱ្យ​មាន​ភាព​ស្ងប់​ស្ងាត់​អ៊ីចឹង ព្រោះ​ករណី​នេះ​ជា​ករណី​ឃាត​កម្ម​ទៅលើ​ជន​ដែល​សង្គម​គេ​បាន​​ឱ្យ​តម្លៃ​ទៅ​លើ​វីរភាព​របស់​លោក»

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ ២០១៦ កន្លង​ទៅ។ ក្នុង​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ មាន​មនុស្ស​តែ​ម្នាក់​​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់​ទោស គឺ​បុគ្គល​ ជួប សម្លាប់​ ដែល​មាន​​ឈ្មោះ​ពិត​ថា អឿត អាង។ ក្រោយ​ការ​កាត់​ទោស​ជន​នេះ កាលពី​ចុង​ខែ​មីនា ឆ្នាំ ២០១៧ កន្លង​ទៅ តុលាការ​បាន​ប្រកាស​បំបែក​សំណុំរឿង​នេះ​ជា​ពីរ​ ដើម្បី​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​​កាត់​ទោស​​ ដូច​ជា អ្នក​លក់​កាំ​ភ្លើង​ឱ្យ​ ជួប សម្លាប់ អ្នក​ទទួល​ឱ្យ​ ជួប​ សម្លាប់ ស្នាក់​នៅ​ក្នុង​ក្រុង​ភ្នំពេញ ឬ​​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ជួប សម្លាប់។

ទោះ​ជា​យ៉ាង​ណា ​រហូត​មក​ទល់​នឹង​ពេល​នេះ តុលាការ​មិន​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​អ្វី​បន្តិច​សោះ​ឡើយ​ទាក់ទង​នឹង​សំណុំ​រឿង​ដែល​ត្រូវ​បំបែក​នេះ​ ដែល​ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​អ្នក ​កែម​ ឡី​ និយម​ គិត​ថា តុលាការ​គ្មាន​ឆន្ទៈ និង​រង​ឥទ្ធិពល​នយោបាយ​ក្នុង​ការ​​​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។

អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក លី សុផាណា ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​​ថា ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ចំណាត់​ការ​រឿង​នេះ ហើយ​វិធាន​ការ​ស្រាវជ្រាវ​របស់​ចៅក្រម​ត្រូវ​គោរព​ការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ។ លោក​មិន​ឆ្លើយ​នឹង​សំណួរ​ផ្សេង​ទៀត​ទាក់ទង​នឹង​សំណុំ​រឿង​នេះ​ឡើយ។

ប្រធាន​គ្រប់​គ្រងការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ទទួល​ស្គាល់​​ថា នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​ គឺ​ជា​ការ​សម្ងាត់ ក៏​ប៉ុន្តែ​លោក​ថា តុលាការ​មិន​អាច​យោង​លើ​ហេតុ​ផល​នេះ ហើយ​បន្ត​អូស​បន្លាយ​សំណុំ​រឿង​ដោយ​មិន​ចាត់​ការ​នោះ​ទេ។ លោក​យល់​​ថា សំណុំ​រឿង​ឃាត​កម្ម​បណ្ឌិត កែម ឡី នេះ ក៏​ដូច​ជា សំណុំរឿង​ឃាតកម្ម​លើ​សកម្មជន​សង្គម​ និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាច្រើន​នាក់​ផ្សេង​ទៀត​ដែរ ទំនង​ជា​មិន​អាច​មាន​យុត្តិធម៌​ពេញលេញ​​​ឡើយ ដោយ​សារ​តែ​តុលាការ​មិន​បាន​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ៖ «ខ្ញុំ​គិត​ថា ទាំង​តុលាការ​ ទាំង​អាជ្ញាធរ​គួរ​តែ​បង្ហាញ​ដំណើរ​ការ​វិវឌ្ឍ​ខ្លះ​ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ក៏​ដូច​ជា​សាធារណជន​បាន​ដឹង​ថា អាជ្ញាធរ និង​តុលាការ​កំពុង​ធ្វើ​ការ​មែន​។ ទោះបី​ជា​យើង​គិត​ថា នៅ​ក្នុង​ដៃ​ចៅក្រម​ជា​ការងារ​សំងាត់​ ប៉ុន្តែ​គ្រាន់​ថា​មាន​មួយ​ផ្នែក​ណា​នឹង​អាច​បង្ហាញ​នូវ​ការ​វិវឌ្ឍ​បាន​ដែរ​។ បើ​យើង​យក​លេស​ថា នៅ​កំពុង​ស៊ើប​អង្កេតៗ​ វា​ដូច​តែ​រឿង​មុនៗ អ៊ីចឹង វា​អត់​មាន​ពន្លឺ​អ្វី​សម្រាប់​ស្វែង​រក​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​បណ្ឌិត កែម ឡី បាន​នោះ​ទេ។”

បណ្ឌិត កែម ឡី គឺ​ជា​សកម្ម​ជន​សង្គម​ដ៏​លេចធ្លោ​​មួយ​រូប​ ក្នុង​ចំណោម​សកម្មជន​សង្គម​ និង​សកម្មជន​នយោបាយ ជាង ១០០ នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​​ធ្វើ​ឃាត​ ចាប់​ពី​ឆ្នាំ ១៩៩៣ មក​ទល់​​នឹង​សព្វថ្ងៃ​នេះ​​។ សំណុំ​រឿង​ទាំងអស់​​នេះ គ្មាន​សំណុំ​រឿង​ណាមួយ​​ដែល​ជន​រង​គ្រោះ​ទទួល​បាន​យុត្តិធម៌​ឡើយ ព្រោះ​ឃាតក​ពិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស។ ​

ក្នុង​សំណុំ​រឿង​បណ្ឌិត កែម ឡី នេះ តុលាការ​ក្រុង​​ភ្នំពេញ​បាន​​កាត់​ទោស​ អឿត​ អាង ហៅ​ ជួប​ សម្លាប់ ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ក៏​ប៉ុន្តែ​សាលក្រម​របស់​តុលាការ​នេះ មិន​បាន​ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ស្ងប់​ចិត្ត​នោះ​ឡើយ។ មិន​ស្ងប់​ចិត្ត​នៅ​ត្រង់​ថា តុលាការ​សម្រេច​​ក្ដី​​​នេះ​ដោយ​ផ្អែក​តែ​ទៅ​លើ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ ចំណែក​ឯ​ភាព​​មន្ទិល និង​ភាព​​មិន​ស៊ី​សង្វាក់​គ្នា​មាន​ជា​​​ច្រើន​ចំណុច​ ប៉ុន្តែ​បែរ​ជា​តុលាការ​មើល​រំលង​​ទៅ​វិញ។

យុវជន​ កែម ឡី និយម អះអាង​ថា ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​​ ​មិន​ទាន់​​​ផ្ដល់​យុត្តិធម៌​ពេញ​លេញ​ដល់​​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ។ ពួក​គេ​យល់​ថា សាលក្រម​ផ្ដន្ទាទោស​នេះ​ ​ធ្វើឡើង​ដើម្បី​គ្រាន់​តែ​ជា​ការ​​បំភ័ន្ត​ភ្នែក​មហាជន និង​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles