មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ទោះ​ជា​ប្រឈម​បញ្ហា​ក៏ដោយ

ដោយ ហេង រស្មី
2019-02-12
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាង​ជាថ្មី​ទៀត​ថា របប​របស់​លោក​មិន​យក​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ​នឹង​អ្វីមួយ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​បែបនេះ បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​រក​ដំណោះស្រាយ​រឿង​នេះ មិន​មែន​បង្ហាញ​ពី​អំនួត​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ។

មេដឹកនាំ​របប​ឯក​បក្ស​លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ធ្លាប់​ជា​ប្រទេស​ក្រីក្រ​ខ្លាំង​បំផុត ដែល​សេដ្ឋកិច្ច​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ទណ្ឌកម្ម និង​ការគាបសង្កត់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ ហើយ​សេដ្ឋកិច្ច​វិញ​បាន​លូតលាស់ និង​កាន់តែ​រឹងមាំ។ លោក​រំពឹង​ថា តាមរយៈ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧ភាគរយ ក្នុង​មួយ​ឆ្នាំ និង​កំណើន​នៃ​ចំណូល​ពន្ធ​កាន់តែ​ខ្ពស់ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ខាងមុខ។

លោក​អះអាង​ទៀត​ថា ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ កំពុង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ ដូច្នេះ​កម្ពុជា​មិន​អាច​ពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​នោះ​ទេ។ លោក​បន្ថែម​ថា របប​របស់​លោក​ចង់​ធ្វើជា​មិត្ត​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ដៃគូ​ដែល​ចង់​ឃើញ​កម្ពុជា​រីកចម្រើន​ទៅមុខ​ពិតប្រាកដ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃក្នុង​កម្ពុជា​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី១២ កុម្ភៈ ពោល​គឺ​មួយថ្ងៃ​ក្រោយ​ពេល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា បន្ទាប់ពី​រកឃើញ​ថា របប​លោក ហ៊ុន សែន បាន​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​វិស័យ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បណ្ឌិត មាស នី ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% មិន​មាន​បាន​ន័យថា សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ​នោះ​ឡើយ ដោយសារ​ពលរដ្ឋ​កម្ពុជា​ជាច្រើន​បន្ត​រស់​ក្នុង​ភាព​ក្រីក្រ និង​មាន​ចំណូល​ទាប​ជាងគេ​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន។ លោក​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​នឹង​មិន​អាច​សម្រេច​បាន​ទិសដៅ​សេដ្ឋកិច្ច ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ បាន​ឡើយ ប្រសិនបើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប​មែន​នោះ៖ «បើ​យើង​មាន​វិបត្តិ​ពី​ឥលូវ​ទៅ ឧទាហរណ៍​ថា វិបត្តិ​នេះ​ត្រូវ​ប្រើ​ពេល​ពី ៣ ទៅ ៥ ឆ្នាំ ឬ ៧ ឆ្នាំ ឬក៏ ១០ ឆ្នាំ​ទៀត វា​នឹង​មិន​អាច​បាន​ទេ​ឆ្នាំ២០៣០។ ប្រាក់ចំណូល​មធ្យម​ហ្នឹង វា​អាច​ឈាន​ដល់ ២០៤០ ឬ ២០៥០។ ហើយ​ត្រង់​នេះ​ក៏​យើង​មិន​ទាន់​បាន​ទស្សន៍ទាយ​ថា តើ​ក្រៅពី EBA គេ​នឹង​ធ្វើ​អ្វី​ថែមទៀត ដែល​ជា​បញ្ហា។ ហើយ​បើ​គេ​ធ្វើ​ថែមទៀត វា​អាច​ធ្វើ​ឱ្យ​យើង​មាន​វិបត្តិ​ផ្ទៃក្នុង​កាន់តែ​ធ្ងន់​ថែមទៀត។ ជា​រឿង​ដែល​យើង​ស្ទើរតែ​មិន​ហ៊ាន​និយាយ ឧទាហរណ៍​ថា មាន​ការ​ដាក់ទណ្ឌកម្ម​រឿង​បុគ្គល​ទៀត ហើយ​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ផ្ទៃក្នុង​របស់​អ្នកដឹកនាំ​ខ្មែរ​ដទៃ​ទៀត ហើយ​វា​បង្ក​ឱ្យ​ទៅ​ជា​ការ​បែកបាក់​គ្នា​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ អា​ហ្នឹង​វា​ជា​រឿង​មួយ​ដែល​យើង​អត់​ចង់​ឃើញ​ទាល់តែសោះ​សម្រាប់​ប្រទេស​យើង»

ស្រដៀង​គ្នា​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា (CENTRAL) លោក មឿន តុលា អះអាង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​បញ្ហា ប្រសិនបើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លោក​សង្កត់ធ្ងន់​ថា ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស តាម​សំណើ​របស់​សហភាព​អឺរ៉ុប នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍​នោះ​ទេ ហើយក៏​គ្មាន​មូលដ្ឋាន​ណាមួយ​ដែល​ថា នេះ​ជា​ការ​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យភាព​របស់​ជាតិ​នោះ​ដែរ។ លោក​ជំរុញ​ឱ្យ​អ្នកដឹកនាំ​បច្ចុប្បន្ន​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់​រឿង​បញ្ហា EBA នេះ៖ «ប្រសិនបើ​យើង​មាន​បញ្ហា​ទៅលើ​វិស័យ​កាត់ដេរ យើង​មាន​បញ្ហា​ទៅលើ​សេដ្ឋកិច្ច​ទាំងមូល អ៊ីចឹង​យើង​ប្រហែលជា​ពិបាក​សម្រេច​គោលដៅ​ដែល​យើង​ថា នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៣០។ ដូច្នេះ​ខ្ញុំ​សុំ​ឱ្យ​មេដឹកនាំ​ប្រទេស​គិត​រឿង EBA នេះ​ឱ្យ​បាន​ហ្មត់ចត់​មែនទែន ប្រសិនបើ​អ្នកដឹកនាំ ឬក៏​អ្នកនយោបាយ​ខ្មែរ​គិត​ពី​ប្រយោជន៍​ជាតិ។ វា​មិនមែន​ការ​ព្រម​គោរព​តាម​រដ្ឋធម្មនុញ្ញ​យើង ព្រម​គោរព​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ឯង ព្រម​បើក​សេរីភាព​ឱ្យ​ប្រជាពលរដ្ឋ ទាំងអស់​នោះ​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យភាព​របស់​ប្រទេស​យើង​ទាំងមូល​នោះ​ទេ មិន​មាន​មូលដ្ឋាន​ណា​ទាំងអស់។ ផ្ទុយទៅវិញ ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ គឺជា​គោលការណ៍​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»

ប្រឈមមុខ​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ របប​ក្រុងភ្នំពេញ​បាន​ដាក់​ចេញ​នូវ​យន្តការ​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ឱ្យ​បន្ត​វិនិយោគ​នៅ​កម្ពុជា​តទៅទៀត​។ យន្តការ​ទាំងនោះ​មាន​ជាអាទិ៍ ការលុបចោល​អង្គភាព​ភ្នាក់ងារ​កម្ពុជា​នាវាចរ​កំាសាប (CAMSAB) ការ​ដក​មន្ត្រី​កាំកុងត្រូល​ចេញពី​ច្រក​ទ្វា​ព្រំដែន និង​កា​របញ្ចុះ​ថ្លៃ​អគ្គិសនី​ជាដើម​។ បន្ថែម​ពីលើ​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​ស្វះ​ស្វែងរក​ទីផ្សារ​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ចិន​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​សង្គម​យល់ថា មិន​ទាន់​មាន​ជំនឿ​លើ​ការកែទម្រង់​ផ្ទៃក្នុង​នោះ​ឡើយ ព្រោះ​របប​ក្រុងភ្នំពេញ​តែងតែ​បរាជ័យ​នឹង​រឿង​លុបបំបាត់​អំពើពុករលួយ។ ម្យ៉ាងវិញទៀត របប​ក្រុងភ្នំពេញ​ក៏​ត្រូវ​ស្តារ​ស្ថានការណ៍​នយោបាយ​ឡើងវិញ​ដែរ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​មាន​ទំនុក​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​រកស៊ី​នៅ​កម្ពុជា ទន្ទឹមគ្នា​នឹង​ការ​ដាក់​ចេញ​នូវ​កំណែទម្រង់​នេះ​។​

ថ្វីដ្បិត​តែ​លោក ហ៊ុន សែន អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ ហើយ​កម្ពុជា​មិន​ត្រូវ​ពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​មែន របប​របស់​លោក​បាន​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ចិន និង​បាន​បន្ត​ខ្ចី​លុយ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ ចិន​បាន​ផ្ដល់​ជំនួយ​ប្រមាណ ៦ រយ​លាន​ដុល្លារ បន្ថែម​ទៀត​ដល់​របប​នេះ ខណៈ​បំណុល​ដែល​កម្ពុជា​ជំពាក់​ចិន​បាន​កើន​ឡើង​ដល់​ជាង ៤​ពាន់​លាន​ដុល្លារ នៃ​បំណុល​បរទេស​សរុប​ជាង ៩ ពាន់​លាន​ដុល្លារ៕


What Next?

Recent Articles

Leave a Reply

Submit Comment