របប​ក្រុង​ភ្នំពេញ​រៀបចំ​ទីតាំង​ធ្វើ​សម​យុទ្ធ​យោធា​នាគ​មាស​ជាមួយ​កងទ័ព​ចិន​នៅ​ខែ​មីនា​ខាង​មុខ

2019-02-12
RFA

​វគ្គបិទ​បញ្ចប់​​លំហាត់​យោធា​កម្ពុជា-ចិន នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
​វគ្គបិទ​បញ្ចប់​​លំហាត់​យោធា​កម្ពុជា-ចិន នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth


របប​ក្រុង​ភ្នំពេញ​កំពុង​រៀប​ចំ​ទីលាន អាគារ​ស្នាក់​នៅ ប្រព័ន្ធ​ផ្លូវ និង​ហេដ្ឋារចនាសម្ពន្ធ​ផ្សេង​ទៀត ដើម្បី​បម្រើ​ឱ្យ​សម​យុទ្ធ​យោធា​នាគ​មាស​ឆ្នាំ ២០១៩ ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​គ្រោង​ធ្វើ​នៅ​ខែ​ក្រោយ​នេះ​។

អគ្គ​មេបញ្ជាការ​រង​ និង​ជា​នាយក​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ លោក​ ឥត សារ៉ាត់ ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​សាងសង់​ទីតាំង​ធ្វើ​សម​យុទ្ធ នៅ​ថ្ងៃ​ទី១១ កុម្ភៈ​ថា សម​យុទ្ធ​នាគ​មាស​លើក​នេះ នឹង​មាន​ទ្រង់​ទ្រាយ​ធំជាង​មុន ដូច្នេះ​លោក​បញ្ជា​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ប្រឹង​ប្រែង​តាម​ជំនាញ​ និង​កែ​សម្រួល​ចំណុច​ខ្វះខាត​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​លំហាត់​នាគ​មាស​នេះ ទទួល​បាន​ជោគជ័យ។

សម​យុទ្ធ​យោធា​នាគ​មាស​នៅ​ឆ្នាំនេះ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​នៃ​កង​ពល​តូច​លេខ ៧០ ស្ថិត​ក្នុង​ស្រុក​ជុំ​គិរី ខេត្ត​កំពត។ សម​យុទ្ធ​យោធា​​ជាមួយ​កង​ទ័ព​ចិន​នៅ​ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​របៀបវារៈ “ប្រឆាំង​ភេរវកម្ម និង​ផ្នែក​មនុស្សធម៌”។ របប​ក្រុង​ភ្នំពេញ​អះអាង​ថា សម​យុទ្ធ​​​នេះ នឹង​ធ្វើ​ឱ្យ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​កាន់​តែ​ជិត​ស្និទ្ធ​ក្នុង​បេសកកម្ម​ការងារ​រួម​គ្នា។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របប​លោក ហ៊ុន សែន បាន​ធ្វើ​​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន​​ជា​បន្ត​បន្ទាប់ ហើយ​ក្រុង​ប៉េកាំង​ក៏​បាន​ផ្ដល់​ជំនួយ​ច្រើន​សន្ធឹក​សន្ធាប់​ដល់​របប​នេះ​ផង​ដែរ។ ជាក់​ស្ដែង​កាល​ពី​ពាក់​កណ្ដាល​​​ឆ្នាំ ២០១៨ កន្លងទៅ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក​ ដល់​វិស័យ​យោធា​កម្ពុជា។

ជំនួយ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ចិន​នេះ បាន​ធ្វើ​ឱ្យ​របប​ក្រុង​ភ្នំពេញ​បែរ​ខ្នង​ដាក់​បស្ចិម​ប្រទេស​កាន់​តែ​ខ្លាំង​នៅ​លើ​វិស័យ​យោធា។ ជា​ឧទាហរណ៍ របប​​នេះ​​បាន​លុប​​ចោល​សម​យុទ្ធ​​យោធា “ឆ្មាំ​អង្គរ” ជាមួយ​សហរដ្ឋ​អាមេរិក និង​សម​យុទ្ធ​យោធា​ ដន គោព្រៃ (Dawn Kouprey) ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ ២០១៧ កន្លងទៅ។ មក​ទល់​ពេល​នេះ របប​ក្រុង​ភ្នំពេញ​​មិន​បាន​បង្ហាញ​ចេតនា​ណា​មួយ​ក្នុង​ការ​បង្កើត​ឡើង​វិញ​នូវ​សម​យុទ្ធ​យោធា​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នេះ​​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment