អាជ្ញាធរខេត្តព្រះវិហារ​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ ក្រោយ​អ្នក​ភូមិ​ម្នាក់​បាត់​ខ្លួន​ក្នុង​វិវាទ​ដី​ធ្លី


|
https://www.vodhotnews.com

លោក ស៊ុំ ម៉ឺន ដែលត្រូវតុលាការឃុំខ្លួន ដោយចោទថា ជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសបរិស្ថាន នៅខេត្តព្រះវិហារ។ រូបភាព៖ ផ្ដល់ឲ្យ

អាជ្ញាធរពាក់ព័ន្ធ​ខេត្ត​ព្រះវិហារ បានច្រានចោលការទទួលខុសត្រូវចំពោះ​ការ​បាត់ខ្លួនពលរដ្ឋ​ម្នាក់ដែល​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ ចាប់​ខ្លួនកាលពីខែ​មករា​កន្លង​មក​នេះ។

បុរស​ឈ្មោះ ស៊ុំ ម៉ឺន ត្រូវ​បាន​ទាហាន​នៅ​កង​ពល​តូច​លេខ ៦ ចាប់​ខ្លួន​នៅ​ក្នុង​ចំណោម​ពលរដ្ឋ ១៤​នាក់​ទៀតនៅ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយជាមួយ​ក្រុម​ហ៊ុន​មេត្រីភាព ​នៅ​ឃុំ​យាង ស្រុក​ជាំក្សាន្ត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​កន្លង​មក ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​អះ​អាង​ថាបាន​បាត់​ខ្លួន​រហូត​មក។

នាយ​សេនាធិការកងពលលេខ​៦ លោក លុយ សម្បត្តិ បានប្រាប់​ វីអូឌី ​កាល​ពី​សប្ដាហ៍​មុន​ថា លោកពិតជាបានចាប់ខ្លួនពលរដ្ឋ​រូប​នោះ​មែន នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​ដទៃ​ទៀត។

នៅ​ពេល​ត្រូវ​បាន​សួរ​នាំ​អំពី​ការ​បាត់​ខ្លួន​អ្នក​ម្នាក់ មន្ត្រី​យោធា​រូប​នេះ ​បានបដិសេធ​បក​ស្រាយ​លម្អិត ហើយ​ចង្អុល​បង្ហាញ​ឲ្យទៅសាក​សួរ​ទៅ​មន្ត្រីបរិស្ថាន និងអាជ្ញាធរ​ស្រុក។

លោក លុយ សម្បត្តិ ប្រាប់ថា៖ «សួរទំនាក់ទំនងទៅអាជ្ញាធរស្រុក ហើយមន្ត្រីបរិស្ថាន ព្រោះកម្លាំងហ្នឹង ខាងមន្ត្រីបរិស្ថាន និងកងរាជអាវុធហត្ថស្រុកជាអ្នកយកទៅ»

ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្ត លោក ស៊ឹង ចាន់សុជាតិ សុំមិនធ្វើអត្ថាប្បាយអំពី​បញ្ហា​នេះ​ទេ ដោយថា ជាបញ្ជារបស់ថ្នាក់លើ ហើយ​លោករុញឲ្យទៅសួរប្រធាន​មន្ទីរ​បរិស្ថាន​វិញ។

លោក ស៊ឹង ចាន់សុជាតិ ប្រាប់​ថា៖ «ពាក់ព័ន្ធបញ្ហាឆ្លើយតប ខ្ញុំអត់អាចឆ្លើយបតបបានទេ ដោយសារ​យើងមានការណែនាំពីថ្នាក់​លើ​មក​។ ក្នុងសេចក្ដីណែនាំហ្នឹង គេថា មានតែប្រធានមន្ទីរទេ អាចទាក់ទងប្រធានមន្ទីរទៅ»

ប៉ុន្តែ ប្រធានមន្ទីរបរិស្ថានខេត្ត​ព្រះវិហារ លោក អៀ សុខា អះ​អាង​ថា លោកមិនបានដឹងរឿងនេះទេដោយថា​ លោកកំពុង​ចូលរួម​រៀនសូត្រ​នៅរាជ​ធានី​ភ្នំពេញ ហើយ​លោក​ក៏បាន​រុញ​ឲ្យ​សួរ​ទៅ​ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តលោក ស៊ឹង ចាន់សុជាតិ វិញ។

លោក អៀ សុខា ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំអត់បានជ្រាបព័ត៌មានហ្នឹងទេ ដោយសារ ឥឡូវ ខ្ញុំជាប់មករៀននៅ​សាលាភូមិន្ទរដ្ឋបាលរយៈពេល ១​ឆ្នាំហើយ អាចទាក់ទងអ្នកទទួលខុសត្រូវនៅនោះ»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយអភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បានទេ ដោយទូរសព្ទចូល ប៉ុន្តែ គ្មានអ្នក​ទទួល។

ព្រះរាជអាជ្ញារង​សាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ សុំមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែ លោកបង្វែរសំណួរនេះ ឲ្យសួរ​ទៅ​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​វិញ។

លោក ទី សុវិនថាល់ មាន​ប្រសាសន៍​ថា៖ «សួរព្រះរាជអាជ្ញាបណ្ដោយ​ទៅ ខ្ញុំ[ព្រះ​រាជ​អាជ្ញា]រងខ្ញុំម៉េចដឹង។ ខ្ញុំអត់ដឹងទេ សួរព្រះអាជ្ញារទៅ ខ្ញុំព្រះរាជអាជ្ញាររង»

ភរិយាលោក ស៊ុំ ម៉ឺន គឺអ្នកស្រី ភូ ភឹមម៉ៅ បង្ហាញ​ក្ដី​បារម្ភ​អំពី​សុវត្ថិភាព​ស្វាមី​របស់​អ្នកស្រី ក្រោយ​ពី​​អ្នកស្រី​​បាន​សាក​សួរ​​​ទៅ​អាជ្ញាធរ​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​នៅ​ស្រុកជាំក្សាន្ត​​អំពី​ស្វាមី​អ្នកស្រី​​ហើយប៉ុន្តែ អ្នក​ស្រី​នៅ​តែ​​គ្មាន​បាន​ដំណឹង​អំពី​ស្វាមី​របស់​អ្នកស្រី​ស្ថិត​នៅ​កន្លែង​ណា​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

អ្នកស្រី ភូ ភឹមម៉ៅ ប្រាប់​ថា៖ «លោកពូ ប្ដីខ្ញុំគេចាប់ទៅថា រត់ ថាអីនោះ ទៅណាមកណាដែរ​​ដល់ពេលនេះ? គេថា ប្ដីចែឯងរត់រួចហើយ ខ្ញុំថា រត់រួចទាំងជាប់ខ្នោះអញ្ចឹង? គេថា សុំគេដោះលែងហូបបាយ ​ដល់ពេលគេឲ្យហូបបាយហើយទៅងូតទឹក ងូតទឹកហើយរត់បណ្ដោយ។ ខ្ញុំថា រត់ចុះ បើរត់ហើយ តាំងពីថ្ងៃនោះរហូតដល់ថ្ងៃនេះ ម៉េចមិនប្រាប់ប្រពន្ធកូនឲ្យដឹងផង។ វា​មិន​ដែល! វាមិនដែល​អា​​ណា បើខ្ញុំដឹងដំណឹង ខ្ញុំមិនដើររកទេ។ ខ្ញុំដើររកចង់ឆ្កួតហើយ ខ្ញុំរកគ្រប់កន្លែងទាំងអស់ គេ​ថា វាមិន​បាត់​ទេ​ប្ដី​ហ្នឹង​នោះ បន្តិច​ទៀត​រក​ឃើញ»

មន្ត្រីសម្របសម្រួលសមាគគមន៍អាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បាន​ជំរុញ​ទៅ​មន្ត្រី​យោធា លោក លុយ សម្បត្តិ ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​ខ្លួន​ពលរដ្ឋ​រូប​នេះ ហើយ​លោកក៏​ស្នើទៅក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ឲ្យ​ចាត់វិធានការទៅលើមន្ត្រីថ្នាក់ក្រោមដែលមិនទទួលខុសត្រូវចំពោះការបាត់ខ្លួនពលរដ្ឋ​ផង​ដែរ។

លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា៖ «លោក លុយ សម្បត្តិ គាត់ជាអ្នកប្រព្រឹត្តផ្ទាល់ គាត់ជាអ្នកចាប់គេផ្ទាល់ ប៉ុន្តែ នៅពេលមានបញ្ហាអីកើតឡើង រហូតដល់មានការបាត់ខ្លួនបែបនេះ គឺចុងក្រោយគាត់ដោះដៃទៅវិញ។ […] យើងឃើញថា ខាងអាជ្ញាធរយើងក៏ដូចជា ខាងកងពល​លេខ ៦ គឺពុំមានការទទួលខុសត្រូវផ្នែកច្បាប់ណាមួយទេ ដោយសារ​ទង្វើដែលគាត់ធ្វើ នៅពេលត្រូវអត់អីទេ នៅពេលខុស គឺគាត់តែងដោះសារ ហើយបើយើងមើល វាជាទម្លាប់របស់អាជ្ញាធរទៅហើយ»

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោកកំពុងធ្វើពិនិត្យចំពោះរឿងនេះ។

វីអូឌី មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា បានទេ​នៅ​ថ្ងៃ​នេះ។

អ្នក​ភូមិ​ជាង ២០០​នាក់ ដែល​មាន​ជម្លោះ​ដី​ធ្លី​​ទំហំ​ជាង ៨៥០០​ហិកតា​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព​នោះបាននាំគ្នាមក​ស្វែង​រក​​អន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ម្ដង​រួច​មក​ហើយ​កាល​ពីថ្ងៃទី៣១ ខែមករា​កន្លង​មក ដើម្បីស្នើ​ឲ្យ​ដោះលែងពលរដ្ឋ ១៤នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីជួនពួកគេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles