ដោយ ទីន ហ្សាការីយ៉ា
2019-02-12
RFA
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការកណ្ដាលគណបក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ RFA
លោក សម រង្ស៊ី ព្រមានអ្នកវិនិយោគចិនឲ្យឈប់ព្រហើន ប្រយ័ត្នពលរដ្ឋខ្មែរផ្ទុះកំហឹង
លោក សម រង្ស៊ី ព្រមានអ្នកវិនិយោគចិនឲ្យឈប់ព្រហើន ប្រយ័ត្នប្រឈមការផ្ទុះកំហឹងពីពលរដ្ឋខ្មែរម្ចាស់ស្រុក។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចឆ្លើយតបថា ទង្វើរបស់លោក សម រង្ស៊ី នេះជាការបំភិតបំភ័យវិនិយោគិនបរទេស ដែលជាឧបាយកលទុច្ចរិតចង់បំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ។
លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុកថ្ងៃទី១១ កុម្ភៈ ចោទប្រកាន់ថា អ្នកវិនិយោគចិន បានឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីពុករលួយ រឹបអូសដីធ្លីពីពលរដ្ឋខ្មែរ និងបានបើកបនល្បែងស៊ីសង (កាស៊ីណូ) ព្រោងព្រាត ហើយថែមទាំងមានក្រុមចោរ ម៉ាហ្វីយ៉ា (Mafia) នៅលើទឹកដីកម្ពុជា។
ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ រូបនេះប្រាប់ទៅឈ្មួញជនជាតិចិនទាំងនោះថា ពួកគេត្រូវប្រគល់ដីធ្លីឲ្យពលរដ្ឋខ្មែរវិញ ត្រូវបិទបនល្បែង ហើយក្រុមចោរ ម៉ាហ្វីយ៉ា ត្រូវចាកចេញពីកម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស អះអាងថា លោកសង្កេតឃើញរូបភាពជនជាតិចិនមកកម្ពុជានៅពេលនេះ មិនមែនជាការវិនិយោគទេ។ លោកយល់ថា អាចមានការព្រមព្រៀងសម្ងាត់មួយរវាងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ជាមួយប្រទេសកុម្មុយនិស្តចិន ព្រោះលោក គឹម សុខ សង្កេតឃើញថា កន្លងមករបបក្រុងភ្នំពេញតែងចេញមុខការពារក្រុមហ៊ុន ឬអ្នកវិនិយោគចិន ទាំងនោះ នៅពេលពួកគេធ្វើឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋខ្មែរ៖ «លោក ហ៊ុន សែន នឹងមានកុងត្រា ដែលមិនស្មោះត្រង់នឹងជនជាតិឯងប្រទេសជាតិឯងក្នុងលក្ខណ្ឌណាមួយ ហើយតាមក្រុមហ៊ុនចិនតាមរយៈមានឈ្មោះថា ប្រទេសចិនហ្នឹង ហើយលោក ហ៊ុន សែន នឹងដូរមកវិញនូវលុយជាក់ស្ដែងលុយសុទ្ធ ដែលត្រូវការជាបន្ទាន់ ដើម្បីសង្គ្រោះអំណាចរបស់គាត់»។
ប៉ុន្តែ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារការវិនិយោគរបស់ជនជាតិចិននៅកម្ពុជា។ អ្នកនាំពាក្យរូបនេះបានសរសេរនៅប្រព័ន្ធតេឡេក្រាមថ្ងៃទី១១ កុម្ភៈថា ការដែលលោក សម រង្ស៊ី ចោទប្រកាន់លើអ្នកវិយោគចិនបែបនេះ គឺជាបំភិតបំភ័យវិនិយោគបរទេស ដែលលោកចោទប្រកាន់ថា ជាឧបាយកលទុច្ចរិតចង់បំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ដោយឡែកពលរដ្ឋមានបញ្ហាដីធ្លីម្នាក់នៅខេត្តព្រះសីហនុ លោក ហ៊ី រ៉ា ដែលម្ដាយរបស់លោកកំពុងជាប់ឃុំនៅពន្ធនាគារដោយរងការចោទប្រកាន់ពីក្រុមឈ្មួយដីធ្លីមានងារជាឧកញ៉ា ឲ្យអាស៊ីសេរីដឹងថា ចាប់តាំងពីជនជាតិចិនសម្រុកមករកស៊ីនៅខេត្តព្រះសីហនុ ធ្វើឲ្យពលរដ្ឋក្រីក្រដូចលោក ជួបទុក្ខលំបាក និងរងគ្រោះដោយបញ្ហាដីធ្លី។ លោកបន្តថា នៅពេលដីក្នុងខេត្តនេះឡើងថ្លៃ អ្នកមានអំណាចខ្លះ ដែលគ្មានដីធ្លីនៅខេត្តនេះ បានមករំលោភបំពានពលរដ្ឋហើយយកទៅលក់ ឬជួល ឲ្យឈ្មួញចិន៖ «តាំងពីជនជាតិមកវិនិយោគនៅខេត្តព្រះសីហនុយើងហ្នឹង ធ្វើឲ្យមានសន្ទុះឡើងថ្លៃខ្លាំងទៅជាអ្នកដែលគ្មានដីនៅកន្លែងហ្នឹង មានសិទ្ធិមកធ្វើប័ណ្ណធ្វើប្លង់ជារបស់ខ្លួន ហើយប្រជាពលរដ្ឋនៅកន្លែងហ្នឹងក្លាយជាអ្នកអនាធិបតេយ្យទៅវិញ»។
លោក សម រង្ស៊ី ព្រមានអ្នកវិនិយោគជនជាតិចិនថា ពួកគេត្រូវដឹងថា ស្ថានការណ៍នយោបាយ នៅប្រទេសកម្ពុជា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះតទៅដោយសារតែពលរដ្ឋខ្មែរ មានបំណងចង់ប្តូររបប ហ៊ុន សែន ចេញ។ លោក សម រង្សី បន្តថា ការវិនិយោគរបស់ជនជាតិ ចិនកន្លងមកបានបង្កឲ្យពលរដ្ឋខ្មែរក្លាយជាអ្នករងគ្រោះ និងមានការក្ដៅក្រហាយ ចំពោះជនជាតិចិន ដូច្នេះ ជនជាតិចិនត្រូវឈប់បំពានមកលើជនជាតិខ្មែរ ហើយត្រូវចេះសម្ដែងការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។