ក្រុមហ៊ុន​មួយ​នៅ​បាត់ដំបង​បន្ត​សម្រុក​កាប់​ឈើ​ធ្វើ​អាជីវកម្ម​​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

ដោយ សុ ជីវី
2019-02-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឡាន​ដឹក​ឈើ​ក្រុមហ៊ុន រតនៈសម្បត្តិ ដឹក​ពី​ព្រៃ​ភ្នំ​សំកុស ឆ្លង​កាត់​ចំណុច​ឃុំ​តតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ រូប​ថត​ដោយ​ប្រជាពលរដ្ឋ​នៅ​ចុង​ខែ​មករា ឆ្នាំ២០១៩។
ឡាន​ដឹក​ឈើ​ក្រុមហ៊ុន រតនៈសម្បត្តិ ដឹក​ពី​ព្រៃ​ភ្នំ​សំកុស ឆ្លង​កាត់​ចំណុច​ឃុំ​តតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ រូប​ថត​ដោយ​ប្រជាពលរដ្ឋ​នៅ​ចុង​ខែ​មករា ឆ្នាំ២០១៩។


ក្រុមហ៊ុន​រត្ន​សម្បត្តិ បន្ត​ជួល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ឱ្យ​ចូល ទៅ​លួច​កាប់​ឈើ​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ការពារ​ព្រៃឈើ​ភ្នំ​សំកុស ស្រុក​សំឡូត ខេត្ត​បាត់ដំបង។ ពលរដ្ឋ​ព្រួយបារម្ភ​ថា ព្រៃឈើ​តំបន់​ការពារ​មួយ​នេះ នឹង​ហិនហោច​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ព្រោះ​ក្រុមហ៊ុន​នេះ​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដឹក​ឈើ​យក​ទៅ​អា​ច្រៀក​នៅ​ក្នុង​ដី​សម្បទាន​របស់​ខ្លួន ហើយ​គ្មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅឡើយ​ទេ​។​ប៉ុន្តែ​អ្នក​យាម​ឱ្យ​ក្រុមហ៊ុន រត្ន​សម្បត្តិ បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ក្បែរ​តំបន់​ព្រៃ​ការពារ​ភ្នំ​សំកុស លើកឡើង​ថា ថ្មីៗ​នេះ​ខាង​ក្រុមហ៊ុន​រត្ន​សម្បត្តិ​បាន​បញ្ជូន​រថយន្ត​ចំនួន ៣​គ្រឿង​ទៀត​បន្ថែម ពីលើ​រថយន្ត​ប្រមាណ ១៥​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ពី​មុន​មក ដើម្បី​ចូល​ទៅ​ដឹក​ឈើ​ចេញពី​ក្នុង​ព្រៃ​ឱ្យ​បាន​កាន់តែ​ច្រើន​ម៉ែត្រ​គីប។

ពលរដ្ឋ​ម្នាក់​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន រស់នៅ​ឃុំ​តាតោក ស្រុក​សំឡូត រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ចាត់វិធានការ​ទៅ​ក្រុមហ៊ុន​មួយ​នេះ​ទេ ព្រោះ​ចាប់ពី​រួច​ចូលឆ្នាំ​ចិន​មក​ក្រុមហ៊ុន​បាន​បញ្ជូន​កម្មករ​រាប់​សិប​នាក់​ដោយមាន​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ចូល​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​នៅ​ចំណុច​តង់​ខៀវ ឆ្នាំង​៥ និង​ឆាំឆា ក្នុង​ភូមិ​អូរ​ក្រូច ឃុំ​តា​តោក​។​ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន​កាប់​ឈើ​បាន​ដល់​ទៅ​រាប់រយ​ម៉ែត្រ​គីប ហើយ​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃ​សំកុស យក​ទៅ​អារ​ច្រៀក​ជា​ក្ដារ​បន្ទះ​នៅ​ក្នុង​ដី​របស់​ខ្លួន​ដែល​បាន​ដោយ​ការ​សម្បទាន​ពី​រដ្ឋ​នៅ​ក្នុង​ស្រុក​សំឡូត ដែល​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ពី​តំបន់​ព្រៃ​ការពារ៖ «ប្រជាពលរដ្ឋ​កំពុងតែ​ឡើង​ទៅ​កាប់​ឈើ ហើយ​ឥឡូវ​ពួកគាត់​កំពុង​ដើរ​ប្រមូល​គ្នា​តាំង​ពី​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ នៅ​ភូមិ​ជិតៗ​នេះ​ប្រមូល​គ្នា​ទៅ​កាប់​ឈើ​ស្ងាត់​ពី​ភូមិ មេខ្យល់​គេ​កំពុង​ដើរ​ហៅ​តាម​ភូមិ​ឡើង​ទៅ​កាប់​ជា​បន្តបន្ទាប់»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ឡាន​ដឹក​ឈើ​របស់​ក្រុមហ៊ុន​នេះ​ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ហើយ​មាន​អ្នកយាម​ការពារ​តាម​ផ្លូវ​យ៉ាង​តឹងតែង ដោយមាន​ការ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ថតរូប​រថយន្ត​របស់​ពួកគេ​បាន​ឡើយ។

ចំណែក​ពលរដ្ឋ​នៅ​ឃុំ​តាតោក ដែល​ឃើញ​សកម្មភាព​នេះ​ដែរ សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ទៀត អះអាង​ថា ក្នុង​មួយថ្ងៃ​មានកម្មករ​ទៅ​ជួល​កាប់​ឈើ ឱ្យ​ក្រុមហ៊ុន​នេះ​ចន្លោះ​ពី ៥០ ទៅ​ជាង ១០០​នាក់ ហើយ​មាន​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​ផ្សេងទៀត​ក៏បាន​ស៊ី​ឈ្នួល​អារ​ឈើ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ដែរ​។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ឈើ​ដែល​ក្រុមហ៊ុន​នេះ​ដឹក​តាម​រថយន្ត​មានមុខ​កាត់​ចាប់ ៧​តឹក​ឡើងលើ ជា​ប្រភេទ​ឈើ​ចម្រុះ​ដូចជា​ដើម​គគីរ ឈើទាល និង​ធ្នង់​ជាដើម ដែល​មាន​ប្រវែង​ចាប់ពី​៥​ទៅ​ជាង​១០​ម៉ែត្រ​ក្នុង​មួយ​ដើមៗ​។ ពលរដ្ឋ​រូប​នេះ​ថា កម្មករ​ស៊ីឈ្នួល​អារ​ឈើ​នៅ​ក្នុង​ព្រៃ​បាន​ប្រាក់​ឈ្នួល​ចំនួន ៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ ប៉ុន្តែ​ប្រមាណ​ពី ១​សប្ដាហ៍​ទៅ ជាង ១​ខែ ទើប​តំណាង​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ជូន​កម្មករ​ម្ដង៖ «ស៊ីឈ្នួល​កាប់​មាន​ច្រើន​ក្រុម ដូច​ថា​មួយ​ក្រុម​មាន​ស៊ី​អារ​ឈើ​មួយ​គ្រឿង មាន​គ្នា ៣ ទៅ ៤​នាក់ ហើយ​ក្នុង​មួយក្រុមៗ​គេ​ចែក​ឱ្យ​៣​ឡាន ដែល​មាន​គ្នា​ជាង​១០​នាក់ ដូច្នេះ​មាន​ម៉ាស៊ីន​អារ​ឈើ​ប្រមាណ ៤​ម៉ាស៊ីន តាម​កម្លាំង​ដែល​គេ​កាប់​ឈើ​បាន ជួល​កាល​៣​នាក់​២​ម៉ាស៊ីន​ក៏​មាន​ដែរ ហើយ​គេ​កាត់​ដឹក​ជាប្រចាំ​រាល់ថ្ងៃ។ គេ​មាន​គ្រឿងចក្រ​រុញ​ធ្វើ​ផ្លូវ​សម្រាប់​ឱ្យ​ឡាន​ចូល​ទៅ​ដឹក​ឈើ​ចេញពី​ព្រៃ»

លោក​បន្ថែម​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បាន​ត្រឹមតែ​សោកស្ដាយ​មិន​អាច​ការពារ​ព្រៃភ្នំ​សំកុស​ឱ្យ​បាន​គង់វង្ស​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​មាន​អ្នកយាម​ការពារ​មិន​ឱ្យ​ពលរដ្ឋ​ណា​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​ការពារ​បាន​ឡើយ លើកលែងតែ​ក្រុម​កម្មករ​ដែល​ជួល​កាប់​ឈើ​ឱ្យ​ពួកគេ​ប៉ុណ្ណោះ ដែល​អាច​ចូល​ទៅ​ព្រៃ​បាន ប៉ុន្តែ​ក៏​មិន​អាច​កាប់​ឈើ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ដែរ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន រត្នសម្បត្តិ ឈ្មោះ វុធ ឆ្លើយតប​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដោយ​ទូរស័ព្ទ មិន​អាច​ទាក់ទង​បាន។

ប៉ុន្តែ​អ្នកយាម​ការពារ​ឡាន​ដឹក​ឈើ​របស់​ក្រុមហ៊ុន រត្នសម្បត្តិ ឈ្មោះ ឆេង អះអាង​ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ក្រុមហ៊ុន​បាន​ផ្អាក​កាប់​ឈើ​ជាច្រើន​ថ្ងៃ​ហើយ៖ «គេ​ឈប់​កាប់​ហើយ បាទ​ខ្ញុំ​ប្រការ​ចាំ​នៅ​បារាស ខ្ញុំ​អត់​ដឹង​គេ​កាប់​ឈើ​តំបន់​ព្រៃ​ការពារ​នោះ​ទេ»

អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ថា លោក​មិនទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ពី​ការ​កាប់​ឈើ​នេះ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា​លោក​ថា លោក​នឹង​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ឱ្យ​ទៅ​បញ្ឈប់​ការ​កាប់​ឈើ​នេះ​ភ្លាមៗ និង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ចាត់វិធានការ​តាម​ផ្លូវ៖ «ឱ្យ​តែ​បាន​ព័ត៌មាន​មកដល់​គឺ​ចុះទៅ​បង្ក្រាប​ដល់​ទៅ​កន្លែង ព្រោះ​នៅ​ទីនោះ​មាន​មន្ត្រី​បរិស្ថាន​ការពារ​រាល់ថ្ងៃ។ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ឃើញ​របាយការណ៍​នេះ មាន​កន្លែង​ឃើញ​មានការ​កាប់​ឈើ យើង​បាន​បង្ក្រាប​ចាប់​ឡាន​ចាប់​គ្រឿងចក្រ​ជា​ហូរហែ។ ប៉ុន្តែ​ដល់​កន្លែង​ដី​សម្បទាន​របស់​ក្រុមហ៊ុន រត្នសម្បត្តិ គាត់​មាន​ដី​សម្បត្តិ​ទាន​សេដ្ឋកិច្ច​នៅ​ទីនោះ​មួយ​កន្លែង»

អាស៊ីសេរី​មិន​អាច​ទាក់​ទាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទូទាំង​ប្រទេស​លោក សៅ សុខា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ដោយ​អង្គរក្ស​លើក​ទទួល​ទូរស័ព្ទ​ជំនួស​ប្រាប់​ថា លោក​ជាប់រវល់​មិន​អាច​ទទួល​ទូរស័ព្ទ​បាន។

ប៉ុន្តែ​កាលពី​ថ្មី​នេះ លោក សៅ សុខា បាន​ដាក់​បញ្ជា​ទៅ​មន្ត្រី​ក្រោមឱវាទ​ចាត់វិធានការ​បទល្មើស​ព្រៃឈើ​តឹងរ៉ឹង ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​ចាប់​ជនល្មើស​ផ្ដន្ទាទោស​ឱ្យ​ទាល់តែ​បាន។ ប៉ុន្តែ​ការ​កាប់​ព្រៃឈើ​នៅតែ​កើតមានឡើង​ទូទាំង​ប្រទេស​ដដែល ដោយ​មិន​ឃើញ​លោក សៅ សុខា ទៅ​ចាប់​ជន​ប្រព្រឹត្ត​មក​ដាក់ទោស​នៅឡើយ​ទេ។

ប្រជាពលរដ្ឋ​ទាំង​២​រូប​អះអាង​ថា ក្រុមហ៊ុន​នេះ យក​លេស​ជួល​ដី​សម្បទាន​ពី​រដ្ឋ​ដើម្បី​ធ្វើការ​អភិវឌ្ឍ ប៉ុន្តែ​ភាព​ពិត​គឺ​មិន​ដូច្នោះ​ឡើយ គឺ​ក្រុមហ៊ុន​នេះ​បែរជា​លួច​អារ​ឈើ​ក្នុង​ព្រៃ​ការពារ​យក​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​ទៅវិញ។ ពលរដ្ឋ​ថា ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​ដែល​អារ​ច្រៀក​ហើយ​ចេញពី​ដី​សម្បទាន​យក​ទៅ​លក់​ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង និង​នៅ​ប្រទេស​វៀតណាម។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ អាច​ជា​ការ​ព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ ព្រោះ​ចំនួន​ឈើ​ដ៏​ច្រើន​បែបនេះ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង មិន​អាច​ធ្វើ​មិន​ដឹង​មិន​លឺ​បានទេ ព្រោះ​ជា​បទល្មើស​ឧក្រិដ្ឋ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ សហគមន៍​ការពារ​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ដឹង​រឿង​នេះ មាន​សិទ្ធិ​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ឱ្យ​ចាត់​វិធាន​ផ្លូវច្បាប់​ទៅ​ជន​ប្រព្រឹត្ត​បាន៖ «ហើយ​បើ​ជាប់​ទៅ​សូក​លុយ​មានទោស​ពី ៧​ឆ្នាំ ទៅ ១៥​ឆ្នាំ ដូច្នេះ​រឿង​កក្រើក​ធំៗ​វា​មិនមែន​ជា​រឿង​ធម្មតា​ទេ វា​សុទ្ធតែ​ពាក់ព័ន្ធ​រឿង​បទឧក្រិដ្ឋ​ហើយ ដោយសារ​ឥឡូវ​នឹង​ពលរដ្ឋ​គាត់​មិនសូវ​យល់ ហើយ​ក្រោយពី​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​នៅ​បាត់ដំបង​ហើយ​ពេល​ណាមួយ​ខ្ញុំ​នឹង​ទៅ​បង្រៀន​សហគមន៍​នៅ​ទីនោះ ឬក៏​កន្លះ​ខែ​ទៀត​ខ្ញុំ​ក៏​អាច​ដាក់​បណ្ដឹង​ជា​ផ្លូវការ​ពី​ភ្នំពេញ​បាន​ដែរ»

ពលរដ្ឋ​លើកឡើង​ថា ព្រៃ​ការពារ​ភ្នំ​សំកុស ជា​ព្រៃ​ដែល​សំបូរ​ឈើ​ចុងក្រោយ​នៅ​តំបន់​ព្រៃ​ការពារ​ក្នុង​ខេត្ត​បាត់ដំបង និង​ប៉ៃលិន ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ ដែល​ជា​ជម្រក​សត្វព្រៃ​ដ៏​សំខាន់​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ទៀត​ផង។ អ្នកភូមិ​ប៉ាន់ប្រមាណ​ថា ព្រៃ​មួយ​នេះ​យ៉ាង​យូរ ២​ឆ្នាំ​ទៀត​នឹង​ហិនហោច​អស់ ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​កាប់​បំផ្លាញ​អស់​ឈើ​ជាង​៣០​ភាគរយ​ហើយ នៅតែ​បន្ត​ធ្វើ​សកម្មភាព​មិនទាន់​ឈប់​នៅឡើយ៕


What Next?

Recent Articles

Leave a Reply

Submit Comment