បទយកការណ៍៖ កសិករស្រុកកោះធំត្អូញត្អែរថាធ្វើស្រែខាត ដោយសារទិន្នផល និងតម្លៃធ្លាក់ចុះ


|
https://www.vodhotnews.com

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

ប្រជាកសិករនៅតាម​បណ្ដា​ខេត្តនានា ដែល​ធ្វើស្រែប្រាំងកំពុ​ង​​ប្រមូលភោគ​​ផល​ស្រូវ​ដែល​ពួកគាត់បាន​ដាំដុះ​ជាបណ្តើរៗ។

មិន​ខុស​ពីកសិករ​នៅតាម​តំបន់ផ្សេង កសិក​រដែលធ្វើស្រែប្រាំងនៅ​ស្រុកកោះធំ ខេត្តកណ្ដាល ​ក៏កំពុ​ងមមាញឹកក្នុងការច្រូតកាត់​ស្រូវ​របស់​ពួកគាត់​ផងដែរ។ ជាធម្មតានៅពេលប្រមូល​ផលម្ដង​ៗ ប្រជាកសិករតែងតែ​បង្ហាញ​ក្តីសប្បាយរីក​រាយ ព្រោះពួកគាត់នឹងទទួលបាន​​ចំណូលសម្រាប់​យក​ចាយវាយ ​ទិញ​សម្ភារ និងរបស់​របរ​ប្រើប្រាស់​ដែល​ជាតម្រូវការរបស់​ពួកគាត់។

ប៉ុន្តែ សម្រាប់​កសិករ​មួយ​ចំនួននៅស្រុក​កោះធំ ខេត្តកណ្ដាល បែរជាត្អូញត្អែរ​ប្រាប់​អ្នកយក​ព័ត៌មាន វីអូឌី​ ពេល​ដែល​ចុះផ្ទាល់​ដល់​កន្លែងប្រមូលផលរបស់​ពួកគាត់ ​ថា ការ​ធ្វើស្រែ​ប្រាំងឆ្នាំនេះ មិន​ចំណេញ​នោះទេ ដោយសារតែ​ទិន្នផល​ស្រូវក៏បាត់ ហើយតម្លៃ​ក៏ធ្លាក់​ចុះ​ច្រើន​ បើប្រៀបធៀបនឹង​ឆ្នាំមុន។

អង្គុយនៅកណ្តាលវាលស្រែ កសិករ​មកពី​ភូមិពោធិ៍ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល  លោក មាស ដាំ មានវ័យជាង៤០ឆ្នាំ បានរៀបរាប់ថា គាត់​ធ្វើស្រែឆ្នាំនេះប្រហែលជា៣ហិកតា ដោយចំណាយថវិកាសរុបជិត២ពាន់ដុល្លារ។ លោក បន្តថា ការធ្វើស្រែ​របស់លោក​ឆ្នាំនេះ មិនចំណេញ​នោះទេ ដោយសារទិន្នផលស្រូវមានការថយចុះប្រហែលជា២០ភាគរយ ហើយលក់​បាន​ក្នុងតម្លៃថោកទៀតផង។​

កសិករ​មកពី​ភូមិពោធិ៍ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល លោក មាស ដាំ មានវ័យជាង៤០ឆ្នាំ ផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារ វីអូឌី។ រូបភាព៖ ហេង វិចិត្រ


លោកមានប្រសាសន៍ថា៖ «ម៉េចបានថាខាត សាំងថ្លៃ ជីក៏ថ្លៃ សាំងក៏ថ្លៃ ដល់ពេលយើងបានផល លក់បានថោក វាខាតច្រើន ប៉ះពាល់ដល់ជីវភាពគ្រួសារ វាចំណាយទៅលើរបស់យើងទិញធ្វើ ដូចជា ជី សាំង»។

កសិករូបនេះបានរៀបរាប់ថា កាលពីឆ្នាំមុនស្រូវសើម ឈ្មួញចុះទៅទិញដល់វាលស្រែ តម្លៃចន្លោះពី៩៨០រៀល ទៅ១១៥០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែ ឆ្នាំនេះ ឈ្មួញទិញតម្លៃចន្លោះពី​៧០០រៀល ​ទៅ ៧៤០រៀលក្នុងមួយគីឡូតែប៉ុណ្ណោះ។

អង្គុយនៅក្រោមផ្ទះក្បែរជង្រុក​ដាក់ស្រូវ កសិករ ជី ភី រស់នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ បានរៀប​រាប់ថា ស្រូវធ្លាក់ថ្លៃឆ្នាំនេះ ធ្វើឲ្យគាត់លក់មិនបានចំណេញនោះទេ។ ករណីនេះ អ្នកស្រី ថាស្រូវដែលច្រូតហើយជាងកន្លះខែនេះ គាត់រក្សាទុក​លក់ក្រោយចូលឆ្នាំចិន ព្រោះគាត់បាន​លឺថាស្រូវនឹងឡើងថ្លៃក្រោយ​ចប់​បុណ្យនេះ​។

ប្រជាកសិកររូបនេះ ស្នើទៅរដ្ឋាភិបាលយកចិត្តទុកដាក់ជួយរកទីផ្សារឲ្យកសិករលក់ស្រូវសើម​ឲ្យបាន​តម្លៃ ៩០០រៀល និងស្រូវស្ងួតតម្លៃ១២០០រៀល ទើបធ្វើឲ្យកសិករមានដើមទុន និងទឹកចិត្ត ប្រកបមុខរបរកសិកម្មនេះបន្តទៀត។

កសិករ ជី ភី រស់នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារ វីអូឌី។ រូបភាព៖ ហេង វិចិត្រ


អ្នកស្រីសំណូមពរថា៖ «សូមឲ្យរបស់ ជ្រូក គោ ស្រូវ ឲ្យបានថ្លៃ ប្រជាពលរដ្ឋបានរស់ហើយ សូមឲ្យរដ្ឋាភិបាលចាត់អ្នកធ្វើការ អ្នកដែលស៊ីប្រាក់ខែរាស្ត្រ ឲ្យជួយរាស្ត្រផង រាស្ត្រវេទនាណាស់​»។

ប្រភពដដែលនិយាយថា ដើមចមដែលនាំឲ្យកសិករធ្វើស្រែខាត ដោយសារតម្លៃស្រូវធ្លាក់ចុះ ហើយត្រូវចំណាយថវិកាច្រើនដូចជា ចំណាយ​លើថ្នាំ  ជួលគេបាញ់ថ្នាំ ជួលគេរាស់ដី ទិញជី ជួលគេបូម​ទឹកដាក់ស្រូវ និងជួលម៉ាស៊ីនច្រូតស្រូវជាដើម។

វ័យជាង៧០ឆ្នាំ ដែលអះអាងថា មានបទពិសោធន៍ធ្វើស្រែជាង៣០ឆ្នាំ លោក នៅ ហុង បានរៀប​រាប់ថា គាត់លក់ស្រូវឆ្នាំនេះខាត ដោយសារត្រូវចំណាយដើមទុនច្រើនចាប់ពីថ្ងៃដាំដុះរហូតដល់ថ្ងៃប្រមូលផល។ ប្រជាកសិកររូបនោះបញ្ជាក់ថា គាត់សម្រេច​ចិត្តលក់ស្រូវនេះ ដោយសារយកលុយសងថ្លៃចំណាយផ្សេងៗដែលជំពាក់គេ។

កសិករម្នាក់ លោក ជី ភី រស់នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ កំពុងផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារ វីអូឌី។ រូបភាព៖ ហេង វិចិត្រ


លោកមានប្រសាសន៍ថា៖ «គេគិតចុងការ ឧទាហរណ៍ថា ថ្នាំមួយដប ៣ម៉ឺនរៀល គេយកវិញ៣ម៉ឺន៥ពាន់រៀល គេគិតចុងការ៥ពាន់រៀល ល្មមដល់ពេលស្រូវដល់រដូវចូលរបស់គេ៣ខែ គេគិតវិលទៅ ហើយជីមួយបាវ៨ម៉ឺនរៀល ឡើង៨ម៉ឺន៥ពាន់រៀល ទៅ៩ម៉ឺនរៀល​»។

ឈរកត់ត្រាគីឡូស្រូវនៅកណ្តាលវាលស្រែ អ្នកស្រី មិន មុត ដែលអះអាងថា ជា​​ឈ្មួញទិញស្រូវយកទៅលក់នៅប្រទេសវៀតណាមរាប់រយតោនក្នុងមួយឆ្នាំៗ មានប្រសាសន៍ថា តម្លៃស្រូវឆ្នាំនេះធ្លាក់ចុះ ដោយសារភាគី​វៀតណាម មិនសូវ​សម្រុកទិញច្រើនដូចកាលពីឆ្នាំមុន។ អ្នកស្រី​​ អះអាងថា តម្លៃស្រូវធ្លាក់ចុះ ធ្វើឲ្យប្រជាកសិករ និងឈ្មួញទិញស្រូវជួបការលំបាកដូចគ្នា។

ឈ្មួញកណ្ដាលរូបនេះ បាន​ស្នើឲ្យរដ្ឋាភិបាល​ និងភាគីពាក់ព័ន្ធ​​ជួយធ្វើយ៉ាងណាឲ្យ​មានឡសម្ងួតស្រូវដូចប្រទេសជិតខាង។

អ្នកស្រី មិន មុត ដែលអះអាងថា ជា​​ឈ្មួញទិញស្រូវយកទៅលក់នៅប្រទេសវៀតណាម ផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារ វីអូឌី។ រូបភាព៖ ហេង វិចិត្រ


អ្នកស្រីនិយាយថា៖ «សំខាន់ជាងគេ មានទីផ្សារ មានកន្លែងលក់ មានឡសម្ងួត មានរោងម៉ាស៊ីនកិនស្រូវ មានកន្លែងនាំអង្ករចេញដូចគេ ស្រុកខ្មែរយើងមានតម្លៃណាស់​ ​ត្រូវការតែប៉ុណ្ណឹងទេ​»។

ម្ចាស់ត្រាក់ទ័រដែល​ស៊ីឈ្នួល​ភ្ជួរស្រែ និងជាកសិករ​ម្នាក់ដែរ​​លោក រម្យ នឿន មានប្រសាសន៍ថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ជួយប្រជាកសិករទេនឹងធ្វើឲ្យពួកគេធ្វើចំណាកស្រុក ឬបោះបង់ការងារធ្វើស្រែនេះទៀតផង។

លោកមានប្រសាសន៍ថា៖ «គាត់ខំធ្វើហើយ មិនបានទទួលប្រាក់ចំណេញ យូរៗគាត់បាក់ទឹកចិត្ត ប្រហែលជាគាត់បោះបង់ការធ្វើស្រែចំការគាត់ ទុកដីលែងធ្វើ មានតែធ្វើការចំណាកស្រុកទៅប្រទេសថៃ ឬមួយធ្វើការរោងចក្រ ចូលកាស៊ីណូវិញ»។

ទីប្រឹក្សា​អង្គការ​សេដាក លោក សម វិទូ សង្កេតឃើញថា តម្លៃស្រូវធ្លាក់ចុះជាផ្នែកមួយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់ជាងនេះទៀត នៅពេលដែលឈ្មួញមួយចំនួនចុះទៅទិញស្រូវ ពួកគេនិយាយបំភ័យប្រជាកសិករថា ស្រូវឆ្នាំនេះធ្លាក់ចុះ ដោយសារសហភាពអឺរ៉ុប និងអាមេរិកយកពន្ធនាំចូលលើទំនិញ​ស្រូវអង្ករនោះ។ លោកលើកទឹកចិត្តទៅរដ្ឋាភិបាលចុះទប់ស្កាត់ឈ្មួញទិញស្រូវទាំងនោះផងដែរ។

លោក វិទូ ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃនេះបាន រដ្ឋាភិបាលត្រូវទំលាក់ថវិកាចន្លោះពី៨០ ទៅ១០០លានដុល្លារ ជំរុញទៅស្ថាប័នពាក់ព័ន្ធធ្វើការស្រាវជ្រាវលើថ្លៃចំណាយរបស់ប្រជាកសិករ ទើបប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ​និងធ្វើឲ្យពួកគេមានជីវភាពធូធារបាន។

 លោកមានប្រសាសន៍ថា៖ «តម្លៃ យើងអាចធៀបគ្នាដែរ ថាតម្លៃទៅលើទីផ្សារដែលកសិករដែលគាត់ថាចំណេញប៉ុណ្ណា ហើយតម្លៃដែលសម្រាប់ថ្លៃដើមឆ្នាំនេះ យើងអាចវាយតម្លៃប៉ុណ្ណា? តើវាអាចចុះតិចតួចឬយ៉ាងម៉េច ដើម្បីកុំឲ្យឈ្មួញ ឬក៏ក្រុមហ៊ុនដែលទិញស្រូវនៅក្នុងស្រុកខ្មែរមានការខាតបង់ ហើយកសិករក៏ចំណេញ ខាងក្រុមហ៊ុនក៏ចំណេញ​ ធ្វើឲ្យចំណេញទាំងអស់គ្នា​»។

វី.អូ.ឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុទ្ធី បានទេ ខណៈប្រធានមន្ទីរកសិកម្មខេត្តកណ្តាល លោក បុណ្យ ទួនស៊ីម៉ូណា សុំមិនធ្វើការបកស្រាយជុំវិញបញ្ហា ដោយលោកថា ជាប់រវល់។ ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី០២ ខែកុម្ភៈ បានសសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក លោកថា មូលហេតុស្រូវធ្លាក់ថ្លៃដោយសារឈ្មួញវៀតណាមមិនទាន់ចូលមកទិញព្រោះគេរវល់បុណ្យចូលឆ្នាំប្រពៃណីរបស់គេ។

​កាលពីឆ្នាំ​២០១៨​ កម្ពុជា​នាំ​ចេញ​អង្ករបាន​ជាង​៦២​ម៉ឺន​តោន​ ថយ​ចុះ​១,៥​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៧​ ជាង​៦៣​ម៉ឺន​តោន ខណៈ​រដ្ឋាភិបាល​បាន​បន្ទោស​បញ្ហា​នេះ​ទៅ​លើ​​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles