បទវិភាគ
|
https://www.vodhotnews.com
ថ្វីបើការព្រមានអំពីលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មសម្រាប់កម្ពុជា មិនមែនជាបញ្ហាចម្រូងចម្រាស់ដែលទើបកើតឡើងថ្មីៗក៏ដោយ ប៉ុន្តែ ដំណើរវិវត្តន៍ថ្មីបំផុតកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះត្រូវបានលើកមកជជែកកាន់តែខ្លាំងថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
បញ្ហាប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់កម្ពុជា ត្រូវបានលើកយកមកជជែកកាន់តែខ្លាំងបែបនេះបន្ទាប់ពីសហគមន៍អឺរ៉ុបបានប្រកាសឲ្យដឹងអំពីការចាប់ផ្ដើមនីតិវិធីនានា ដែលក្រុមមន្ត្រីជាន់ខ្ពស់នៃតំបន់ផ្សាររួមមួយនេះចាត់ទុកថា អាចនឹងឈានទៅដល់ការផ្អាក ឬក៏ព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្នសម្រាប់កម្ពុជា។
ការជជែកវែកញែកអំពីបញ្ហានេះ បានកើតឡើងម្ដងរួចមកហើយកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសឲ្យដឹងអំពីការចាប់ផ្ដើមដំណើរការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា និងប្រទេសភូមា។
សហគមន៍អឺរ៉ុបដែលមានប្រទេសចំនួន ២៨ជាសមាជិកនោះ បានប្រកាសអំពីវិធានការមកលើប្រទេសកម្ពុជាបែបនេះក៏ព្រោះតែពួកគេមើលឃើញថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះបានធ្លាក់ចុះហើយរដ្ឋាភិបាលកម្ពុជានៅតែបរាជ័យក្នុងការកែលម្អបញ្ហាមួយនេះឲ្យបានល្អប្រសើរឡើងវិញបើទោះបីជាបានមើលឃើញនូវជំហានវិជ្ជមានខ្លះៗក៏ដោយ។
នៅពេលនិយាយអំពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មអឺរ៉ុបសម្រាប់ប្រទេសកម្ពុជាគេជៀសមិនផុតជជែកអំពីផលប៉ះពាល់ដែលកើតចេញពីបញ្ហានេះ ទៅលើប្រទេសកម្ពុជានិងប្រជាជនផងដែរ។
ការជជែកអំពីផលប៉ះពាល់នៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មមកលើកម្ពុជាបានក្លាយជាបញ្ហាចម្រូងចម្រាស់រវាងរដ្ឋាភិបាលកម្ពុជា ក្រុមមេដឹកនាំបក្សប្រឆាំងនិងក្រុមអ្នកឃ្លាំមើលសង្គមកម្ពុជាផងដែរ។
សម្រាប់ភាគីរដ្ឋាភិបាលកម្ពុជា ពួកគេបានលើកឡើងជាញឹកញយថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់សហគមន៍អឺរ៉ុបនឹងមិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់កម្ពុជានោះឡើយ ដោយពួកគេឈរលើហេតុផលថាអឺរ៉ុបមិនមែនបិទទីផ្សារសម្រាប់ការនាំចូលទំនិញពីកម្ពុជានោះទេ ប៉ុន្តែគ្រាន់តែតម្រូវឲ្យកម្ពុជាបង់ពន្ធគយក្នុងអត្រាមួយជាក់លាក់តែប៉ុណ្ណោះ។
ឧទាហរណ៍ ដូចជានៅក្នុងពិធីសំណេះសំណាងជាមួយពលរដ្ឋដើមកំណើតកម្ពុជានៅតំបន់អឺរ៉ុបកាលពីខែតុលាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនទទួលរងផលប៉ះពាល់ពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ។
ក្រៅពីអះអាងថា កម្ពុជានឹងមិនទទួលរងផលប៉ះពាល់ហើយនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់នៅក្នុងពិធីជួបជុំជាមួយក្រុមអ្នកសារព័ត៌មានកាលពីខែមករាកន្លងមកនេះថាកម្ពុជានឹងមិនស្លាប់នោះឡើយ បើទោះបីជាអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធក៏ដោយ។
ជាថ្មីម្ដងទៀតនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញនេះ ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានត្រឹមបង្ហាញនូវការខកចិត្តនិងសោកស្ដាយចំពោះសេចក្ដីសម្រេចចិត្តរបស់អឺរ៉ុបតែប៉ុណ្ណោះ។
ដោយមិនលើកឡើងពីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធនោះ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានហៅសេចក្ដីសម្រេចចិត្តបែបនេះរបស់សហគមន៍អឺរ៉ុបថា «មានទិដ្ឋភាពនៃហេតុផលនយោបាយនៅពីក្រោយដែលចាប់បង្ខំកម្ពុជាធ្លាក់ទៅក្នុងសមរភូមិនៃភូមិសាស្ត្រនយោបាយ»។
ប្រសិនបើសហគមន៍អឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា តើកម្ពុជានឹងមិនទទួលផលប៉ះពាល់ពិតប្រាកដដូចទៅអ្វីដែលរដ្ឋាភិបាលកម្ពុជាអះអាងមែនទេ?
មិនមែនមតិពីភាគីដទៃទៀតសុទ្ធតែស្របទៅនឹងការអះអាងពីរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ នៅពេលនិយាយដល់ផលប៉ះពាល់នៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធមកលើប្រទេសកម្ពុជានោះ។
តំណាងភាគីថៅកែរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC បានលើកឡើងដោយត្រង់ៗនៅក្នុងសេចក្ដីថ្លែងការណ៍ឆ្លើយតបទៅនឹងសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទកន្លងមកនេះថាការដកហូតប្រព័ន្ធអនុគ្រោះពន្ធអឺរ៉ុប នឹងប៉ះពាល់ទៅលើឧស្សាហកម្មកាត់ដេរនិងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
GMAC បានលើកឡើងបែបនេះដោយឈរលើហេតុផលថា សេចក្ដីសម្រេចចិត្តនោះ ធ្វើឲ្យមានហានិភ័យដល់សមត្ថភាពប្រកួតប្រជែងនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។
ក្រុមតំណាងថៅកែរោងចក្រកាត់ដេរមួយនេះ បានជំរុញទៅសហគមន៍អឺរ៉ុប ឲ្យពិចារណាលើផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចនៃកម្មករកម្ពុជា ប្រសិនបើអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ។
GMAC បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍នោះថាផលិតផលកាត់ដេរកម្ពុជាមានតម្លៃដល់ទៅ ៣.៧៦ពាន់លានអឺរ៉ូ ត្រូវបាននាំចូលទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០១៧កន្លងមកហើយថា ឧស្សាហកម្មមួយនេះបានផ្ដល់ការងារដល់កម្មករមិនតិចជាង៧០ម៉ឺននាក់នោះទេ ដែលចំនួនដល់ទៅ ៨០ភាគរយ គឺជាស្ត្រី។
ចំណែកឯសហគមន៍អឺរ៉ុបវិញបានបង្ហាញថា ខ្លួនគឺជាទីផ្សារធំបំផុតសម្រាប់ទំនិញកម្ពុជាព្រមទាំងជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២ជាមួយកម្ពុជាផងដែរ។
តួលេខពីសហគមន៍អឺរ៉ុប បានឲ្យដឹងថាកម្ពុជានាំចេញទំនិញមានតម្លៃដល់ទៅ៤.៩ពាន់លានដុល្លារចូលទៅទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០១៨កន្លងមក ក្នុងនោះ៩៩ភាគរយនៃទំនិញកម្ពុជា គឺជាផលិតផលកាត់ដេរ បន្លែ ម្ហូបអាហារ និងទោចក្រយានឬកង់ ដែលមានត្រូវបាននាំចូលរួចកាតព្វកិច្ចបង់ពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានតម្លៃដល់ទៅ៤.៨ពាន់លានដុល្លារ។
តួលេខទំហំពាណិជ្ជកម្មកម្ពុជា-អឺរ៉ុបឆ្នាំ២០១៧កន្លងមកនេះបានបង្ហាញថា កម្ពុជាទទួលបានផលចំណេញយ៉ាងហោចណាស់ ៥ដងខណៈអឺរ៉ុបទទួលបានផលចំណេញមិនដល់ ១ដងផងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃសរុបដល់ទៅជាង ៥.៨៦ពាន់លានដុល្លារអាមេរិកនេះ។
តួលេខពីសហគមន៍អឺរ៉ុប បង្ហាញថា ទំហំនៃការនាំចេញទំនិញពីកម្ពុជាចូលទៅទីផ្សារអឺរ៉ុបកាលពីឆ្នាំមុនមានចំណែកជាង ២០ភាគរយនៃទំហំសេដ្ឋកិច្ចកម្ពុជាទាំងមូល។
ក្រៅពីបង្ហាញក្ដីបារម្ភហើយនោះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទកន្លងមកនេះថា សេចក្ដីសម្រេចចិត្តរបស់សហគមន៍អឺរ៉ុបកាលពីថ្ងៃចន្ទកន្លងមកនេះដែលអាចឈានទៅដល់លទ្ធភាពដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានៅឆ្នាំក្រោយនោះនឹងប៉ះពាល់យ៉ាងខ្លាំងទៅលើកម្មករ-កម្មការិនីរាប់សែននាក់របស់កម្ពុជា និងមនុស្សរាប់លាននាក់ទៀត ដែលជាប់ពាក់ព័ន្ធ។
សហគមន៍ពាណិជ្ជករអឺរ៉ុបនៅកម្ពុជា ក៏បានលើកឡើងផងដែរថា ការបោះជំហានទៅមុខបន្ថែមទៀតនៃវិធានការអឺរ៉ុបនេះ
នឹងមិនជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដូចទៅនឹងគោលបំណងនៃកម្មវិធីអនុគ្រោះពន្ធទូទៅរបស់អឺរ៉ុបនោះឡើយ។
អ្នកស្រាវជ្រាវសម្រាប់ការសិក្សាថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យ Leicester City នៅចក្រភពអង់គ្លេសអ្នកនាង Cindy Cao ដែលបានសិក្សាទៅលើហានិភ័យនៃទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាកាលពីខែតុលាឆ្នាំមុនបានរកឃើញថា វិធានការរបស់អឺរ៉ុបមកលើប្រទេសកម្ពុជាប្រសិនជាកើតឡើងនាពេលខាងមុខនោះ វាប៉ះពាល់ទៅលើការកាត់បន្ថយភាពក្រីក្រនិងកំណើនរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។
អ្នកស្រាវជ្រាវរូបនេះ ដែលមានបទពិសោធន៍ធ្វើការនៅទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការមិនមែនរដ្ឋាភិបាលនៅតំបន់អឺរ៉ុប អាស៊ី និងអាហ្វ្រិកនោះ បានរាយរាប់លម្អិតថា
វិធានការរបស់អឺរ៉ុប នឹងបង្កើនគម្លាតភាពក្រីក្រនៅកម្ពុជា ជាពិសេសស្ត្រីសហគមន៍ជនជាតិដើមភាគតិច និងក្រុមតូចៗដទៃទៀត។
អ្នកនាង Cindy Cao បានបញ្ជាក់ថា វិធានការរបស់អឺរ៉ុបនឹងប៉ះពាល់ដល់ពលរដ្ឋ ១៣.៥ភាគរយក្នុងចំណោមពលរដ្ឋកម្ពុជាសរុបប្រហែល១៦លាននាក់ ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
អ្នកនាង Cindy Cao បានយោងតាមតួលេខប៉ាន់ប្រមាណដោយសភាសម្ព័ន្ធសហជីពជាតិកម្ពុជាដែលបានឲ្យដឹងថា ជីវភាពកម្មករ និងក្រុមគ្រួសាររបស់ពួកគេមិនតិចជាង៣លាននាក់ទេ នឹងរងផលប៉ះពាល់ដោយផ្ទាល់ពីវិធានការអឺរ៉ុបនោះ។
ជំហានរបស់សហភាពអឺរ៉ុបដែលអាចឈានទៅដល់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះអាចជះឥទ្ធិពលទៅដល់លទ្ធភាពសងបំណុលនៃពលរដ្ឋកម្ពុជាដែលពឹងផ្អែកលើប្រាក់បញ្ញើពីសាច់ញាតិរបស់ពួកគេដែលធ្វើការងារចំណាកស្រុកផងដែរ។
ការសិក្សាមួយអំពីទំនាក់ទំនងរវាងប្រាក់បញ្ញើត្រឡប់ទៅផ្ទះនិងបំណុលគ្រួសារ ដែលធ្វើឡើងដោយស្ថាប័នស្រាវជ្រាវវេទិកាអនាគតកាលពីឆ្នាំ២០១៨កន្លងមក បានរកឃើញថា ប្រាក់ចំណូលដែលត្រូវបានផ្ញើត្រឡប់ទៅគ្រួសារវិញពីសំណាកសាច់ញាតិធ្វើការងារចំណាកស្រុកនោះបានជំរុញឲ្យគ្រួសារមានបំណុលកាន់តែធំជាងមុន ដោយកើនឡើង៦ភាគរយថែមទៀត។
របាយការណ៍ធនាគារជាតិកម្ពុជាដែលចេញកាលពីចុងខែមករាកន្លងមកបានឲ្យដឹងថា ពលរដ្ឋកម្ពុជាដល់ទៅជាង ៤លាននាក់ បានប្រើប្រាស់កម្ចីមានទឹកប្រាក់ដល់ទៅ៣០ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨កន្លងមកនេះ។
យ៉ាងណាក៏ដោយ សហគមន៍អឺរ៉ុបនៅមិនទាន់សម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានៅឡើយទេរហូតមកដល់ពេលនេះខណៈដែលកម្ពុជានៅមានពេលវេលារហូតដល់ពាក់កណ្ដាលឆ្នាំ២០២០ សម្រាប់កែលម្អស្ថានភាពសិទ្ធិមនុស្សឆ្លើយតបនឹងការទាមទារពីសហភាពអឺរ៉ុប និងដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធផងដែរ៕
if HUN SEN can solve this problem I will tell the whole world that he is the real HERO of this poor nation. at last I just warning to our be love Cambodian please do not bleed your own blood . GOD bless Cambodia and it’s people