មតិ​ជាច្រើនថា​ ជោគវាសនា​កម្ពុជា​រឿង EBA ស្ថិត​លើ​របប​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2019-02-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។ Photo Screenshot
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​មហា​សន្និបាទ​អង្គការ​សហប្រជាជាតិ កាល​​នៅ​ថ្ងៃ​ទី២៩ កញ្ញា ​២០១៨។ Photo Screenshot


មជ្ឈដ្ឋាន​ទូទៅ​ថា ជោគវាសនា នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​អាច​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ គឺ​ស្ថិត​នៅ​លើ​របប​លោក ហ៊ុន សែន ជា​អ្នក​សម្រេច ព្រោះ​បាល់ នៃ​ដំណោះស្រាយ ដើម្បី​អាច​បញ្ចៀស​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កំពុង​ស្ថិតនៅ​ជើង​របស់​លោក ហ៊ុន សែន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​សហជីព​កម្មករ អ្នកនយោបាយ អ្នកវិភាគ និង​ពលរដ្ឋ​ទូទៅ សុទ្ធតែ​សម្ដែង​ក្តី​ព្រួយបារម្ភ អំពី​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​ខ្លាំង នៃ​ពពក​ខ្មៅ នៃ​ស្ថានការណ៍​អាក្រក់ ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ដែល​កំពុង​បោកបក់ មក​លើ​ផ្ទៃមេឃ​កម្ពុជា។ ទាំងអស់​គ្នា សុទ្ធតែ​យល់ថា ពពក​ខ្មៅ​នេះ នឹង​អាច​បក់​វៀស​ចៀស​ឆ្ងាយ​ពី​កម្ពុជា ប្រសិនបើ​របប​លោក ហ៊ុន សែន យល់ព្រម​ធ្វើតាម​សំណូមពរ​សហគមន៍​អន្តរជាតិ រឿង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

អ្នកឯកទេស​ខាង​វិស័យ​កសិកម្ម និង​វិទ្យាសាស្ត្រ​នយោបាយ​លោក​បណ្ឌិត យ៉ង សាំងកុមារ ចាត់​ទុក​ការ​ចាប់​ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ដែល​សហភាព​អឺរ៉ុប​ប្រកាស​ថា ចាប់​ផ្តើម​ពី​ថ្ងៃ​ទ១២ ខែ​កុម្ភៈ​នេះ​តទៅ ថា ជា​សារ​មួយ​ពញ្ញាក់​ស្មារតី​រដ្ឋាភិបាល​កម្ពុជា អំពី​ការទទួលខុសត្រូវ នៅ​ចំពោះ​មុខ​ពលរដ្ឋ​របស់​ខ្លួន ក្នុង​ការ​កែទម្រង់​ជាបន្ទាន់ កុំ​ឱ្យ​គេ​ដាក់ទណ្ឌកម្ម​ទាន់៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា ការចាត់ចែង​វិធានការ​បើក​នីតិវិធី ដើម្បី​ឈាន​រហូតដល់​ការ​ព្យួរ ឬ មិន​ព្យួរ​នោះ ជា​រឿង​មួយ​បើ​យើង​ក្នុង​ន័យ​វិជ្ជមាន ជា​រឿង​មួយ​ល្អ​ដែរ ដើម្បី​ឱ្យ​រដ្ឋាភិបាល​យើង​យកចិត្តទុកដាក់​ទៅលើ​អ្វី​ដែល​សហភាព​អឺរ៉ុប គេ​បាន​ខំ​ប្រឹងប្រែង​ជាមួយ​យើង​កន្លងមក។ កុំ​មើលស្រាល​លើ​ការងារ​នេះ​។ យើង​ត្រូវ​គិត​ផលប្រយោជន៍​ប្រទេសជាតិ វែងឆ្ងាយ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ​ប្រទេស។ ការ​កសាង​សេដ្ឋកិច្ច​ជាតិ​មួយ ដើម្បី​ជី​វិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជា​រឿង​អាទិភាព និង​ជា​កាតព្វកិច្ច​មួយ​របស់​រដ្ឋាភិបាល»

តំណាង​សហជីព​កម្មករ​លោក អាត់ ធន់ ដែល​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា ក៏​យល់ឃើញ​ថា រដ្ឋាភិបាល​មាន​ភារកិច្ច ទទួលខុសត្រូវ​ក្នុង​ការ​រក​ដំណោះស្រាយ​នេះ​ដែរ។ លោក​បន្ថែម​ថា ការ​ធ្វើ​តាម​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ​នេះ មិនមែន​ធ្វើឡើង​ត្រឹមតែ​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល ដែល​គ្មាន​ការអនុវត្ត​ជាក់ស្ដែង​នោះ​ឡើយ៖ «យើង​នៅ​មាន​ជំនឿ​ថា នៅ​មាន​ឱកាស​ក្នុង​ការ​កែប្រែ​ស្ថានភាព​នេះ។ យើង​មាន​សុទិដ្ឋិនិយម ថា​នឹង​អាច​កែប្រែ​បាន​មួយ​ចំនួន។ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​បាន​ព្រាង​មួយ​ចំនួន​ហើយ​ដែរ។ ចំណុច​ខ្លះ​អាច​មាន​លទ្ធផល។ ប៉ុន្តែ លទ្ធផល​យ៉ាងណា គឺ​អាស្រ័យ​លើ​សកម្មភាព​របស់​រដ្ឋាភិបាល និង​សហគមន៍​អឺរ៉ុប»

ចំណែក​ឯ​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ក៏​យល់ឃើញ​ថា ពេលនេះ​ទ្រនិច​នាឡិកា​ចាប់ផ្ដើម​វិល ហើយ​បង្ក​ការ​ព្រួយបារម្ភ​ដល់​ពាណិជ្ជករ និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ វា​ក៏​ជា​ឱកាស​មួយ​សម្រាប់ ភាគី​នយោបាយ​ពាក់ព័ន្ធ អាច​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ ដែល​អាច​ឈាន​ទៅ​បញ្ចៀស​ការ​ព្យួរ EBA នេះ​។ នៅ​ក្នុង​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក ព្រាប កុល ថា រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​កែ​លម្អ​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នេះ។

ជុំវិញ​រឿង​នេះ​ដែរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ខ្លី​ថា កូនសោ​សម្រាប់​ដោះស្រាយ​បញ្ហា​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ គឺ​ស្ថិត​នៅ​លើ​ដៃ លោក ហ៊ុន សែន។ បាត់ ឬ នៅ គឺ​អាស្រ័យ​លើ​លោក ហ៊ុន សែន។

ជាមួយ​គ្នា​នេះ​ដែរ កសិករ កម្មករ អាជីវករ និង ពលរដ្ឋ​ទូទៅ ក៏​អំពាវនាវ​ឱ្យ​របប​លោក ហ៊ុន សែន រិះរក​វិធី​យ៉ាងណា ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នេះ។

ក្ដី​កង្វល់​របស់​មជ្ឈដ្ឋាន​ទូទៅ និង​ការ​សម្លឹង​មើល​ឃើញ​របប​លោក ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ ក្នុង​ការ​បញ្ចៀស​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ធ្វើឡើង​ក្រោយ​សហភាព​អឺរ៉ុប បាន​ប្រកាស​កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ ថា ខ្លួន​ចាប់ផ្ដើម​ជា​ផ្លូវការ នូវ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទោះជា​យ៉ាង​នេះ​ក្តី សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា សម​ល្មម​នឹង​ស្ដារ​ស្ថានភាព​នេះ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​មិន​ព្យួរ ឬ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​។​

ភ្លាមៗ​ក្រោយ​ការប្រកាស​ជំហរ​របស់​សហភាព​អឺរ៉ុប ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃទី១២ ខែ​កុម្ភៈ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​កម្ពុជា ឱ្យ​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ពិតប្រាកដ ឱ្យ​បាន​ទាន់​ពេល​វេលា ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។ សហរដ្ឋអាមេរិក ស្នើ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល នូវ​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ការចោទប្រកាន់ តាម​ទំនើងចិត្ត​ទាំងអស់ ប្រឆាំង​នឹង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ហើយ​អនុញ្ញាត​ឱ្យ​សហជីព ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​ក្រុម​ដទៃ​ទៀត​នៃ​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការ​រឹតត្បិត។

ស្ថានទូត​អាមេរិក​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធ (EBA) ថ្នាក់ដឹកនាំ​កម្ពុជា នៅ​មាន​ឱកាស​នៅឡើយ នៅ​ក្នុង​ការ​ជៀស​ផុត​ពី​ផលវិបាក​អវិជ្ជមាន​ផ្នែក​សេដ្ឋកិច្ច នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ EBA នេះ។

ជា​ការ​ឆ្លើយតប របប​លោក ហ៊ុន សែន នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស នៃ​របប​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី១២ ខែ កុម្ភៈ​នេះ​ដែរ ក្រសួង​នេះ​បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប ដោយ​ចាត់​ទុក​ការសម្រេច​បែបនេះ ថា ជា​រឿង​អយុត្តិធម៌​បំផុត។ របប​លោក ហ៊ុន សែន នៅតែ​ប្រកាន់​ជំហរ មិន​ងាករេ​របស់​ខ្លួន​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​របប​នេះ​នៅតែ​រក្សា​ការពារ​ចំណាត់ការ​កន្លង​មក​របស់​ខ្លួន ទោះ​រង​ការរិះគន់ និង​ថ្កោលទោស​ជុំ​ទិស​ក៏ដោយ ថា​ជា​ការ​ការពារ​សន្តិភាព ស្ថិរភាព ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ។

ក្នុង​ស្ថានភាព​បែបនេះ លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត និង ម្ចាស់​ស្រុក ដែល​ជា​អ្នករងគ្រោះ ដោយសារ​ផល​ប៉ះពាល់ ដែល​អាច​កើតមាន​ពី​វិបត្តិ​សេដ្ឋកិច្ច ដែល​កើតមាន​ជាយថាហេតុ បើ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ ត្រូវ​ត្រៀមខ្លួន ចេះ​តស៊ូ​មតិ ឱ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ ដើម្បី​ឱ្យ​មានការ​កែទម្រង់៖ «អ្វី​ដែល​យើង​ត្រូវ​គិតគូរ ដើម្បី​ត្រៀមខ្លួន​នេះ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យល់ថា នយោបាយ និង​សេដ្ឋកិច្ច​មិន​អាច​បែងចែក​គ្នា​បានទេ​។ នយោបាយ​ដើម្បី​អំណាច​បុគ្គល​អ៊ីចឹង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព និង​សេដ្ឋកិច្ច​។ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ធ្វើ​ការ​តស៊ូ​មតិ ឱ្យ​រដ្ឋាភិបាល​កែទម្រង់ កាន់តែ​ឆាប់​តែ​ល្អ»

ចំណែក​ឯ​លោក ព្រាប កុល ក៏​លើកឡើង​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដែរ។ លោក​បញ្ជាក់​ថា បញ្ហា EBA មិនមែន​ជា​បញ្ហា​ពាក់ព័ន្ធ​តែ​ជាមួយ​អ្នកនយោបាយ​ប៉ុណ្ណោះ​ទេ។ វា​ជា​បញ្ហា​ដែល​ជះឥទ្ធិពល ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ និង​ប៉ះពាល់​ដល់​អ្នកជំនួញ​/​ពាណិជ្ជករ ដែល​វិនិយោគ​នៅ​កម្ពុជា។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ មាន​សិទ្ធិ និង​មាន​កាតព្វកិច្ច ដឹងឮ ឈឺឆ្អាល និង​ចូលរួម​ស្វែងរក​ដំណោះស្រាយ ដោយ​មិន​គួរ​នៅ​ស្ងៀម ហើយ​រង់ចាំ​ក្លាយ​ជា​ជនរងគ្រោះ​នោះ​ទេ។

ពិភពលោក នៅ​រង់​ចាំ​មើល ថា តើ​ការ​តស៊ូ​មតិ​របស់​ពលរដ្ឋ និង​ការចូលរួម​ស្វែងរក​ដំណោះស្រាយ​នេះ ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ដូចម្ដេច ក្នុង​ស្ថានភាព​ដែល​របប​លោក ហ៊ុន សែន បង្ក្រាប​រាល់​ការ​ជួបជុំ និង ចាត់​ទុក​អ្នក​តវ៉ា​ដោយ​សន្តិវិធី ថា​ជា​ក្រុម​បដិវត្ត​ពណ៌​បែបនេះ៕


What Next?

Recent Articles

2 Responses to "មតិ​ជាច្រើនថា​ ជោគវាសនា​កម្ពុជា​រឿង EBA ស្ថិត​លើ​របប​លោក ហ៊ុន សែន"

  1. Anonymous says:

    as a Cambodian I would like to raise an important question to all Cambodian nationalist. this is what the main question to all of us. ( the future of our nation under HUN SEN) we knew our history about our nation and we used to say I’m so proud by having been born as a Cambodian. the world recognize Cambodia as a nation because of we have our own culture and the main shamble is ANGKOR WATT that our ancestor build for many century ago. as a Cambodian bored I would like to express my opinion that our sad nation again is in very dangerous situation. I knew HUN SEN will bring this sad nation to another disaster that we can not imagine . every Cambodian should as themselves what are we going to do to bring our nation back. I can see HUN SEN is driving this country to the dead end whit a deep dangerous hole. HUN SEN has to back up if not all Cambodian have to pushing him out of the driver seat. I would like to tell all Cambodian inside the country that all Cambodian nationalist is so worry about this dangerous situation. we knew it is not that easy to kick HUN SEN out of the driver seat. the reason why???? he is addicted of being a bad driver that he though he was the best driver of all. after all the main question is what are we going to do with HUN SEN??????? HUN SEN can ask question to himself what I’m I doing???? and what will the world put me in Cambodia history book. the answer is in very near future HUN SEN should know by now. coffin is there awaiting for the ending of this murder of the 21st century. I would like to tell all Cambodian that when HUN SEN become guilty every evil action will reveal . at those day the water is clear and all Cambodian will holding hand whit tear and start a new chapter for their nation. GOD bless Cambodia and it’s people

  2. Anonymous says:

    Dictator in the world are the sick-head ‘ and never feel a shame ‘ when they show at the international (U N) all the world leaders laughing at haha’