សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​អះអាង​ថា ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នឹង​ត្រូវ​ផ្អាក ​ប្រសិន​បើ​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​

GMAC ថា ការអភិវឌ្ឍរបស់កម្ពុជាត្រូវផ្អាក បើអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះ


By

ឌឹ ខេមបូឌា ដេលី

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC ​អំពាវនាវ​ជាថ្មី​ទៀត​ ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​និង​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​វាយ​តម្លៃ​ឱ្យ​បាន​ហ្មត់​ចត់​ចំពោះ​នីតិវិធី​ដែល​អាច​នាំឱ្យ​មាន​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ ពី​កម្ពុជា។ ​

GMAC​បាន​ចោទ​ជាសំ​ណួរ​ថា​ តើ​ដំណើរ​ការ​នីតិវិធី​បែប​នេះ​ វា​សមាមាត្រ​ទៅ​នឹង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិប តេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ឬ​ទេ?​

សេចក្តី​ថ្លែង​ការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC ​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា ​ការ​ផ្អាក​ឬ​ ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​​ពី​កម្ពុជា​នឹង​បង្កើន​ពន្ធ​ចំនួន​ដល់​ទៅ​១២%​ក្នុង​វិស័យ​កាត់​ដេរ​ និង​ពី​៨​ទៅ​១៧%​ សម្រាប់​ផលិត​ផល​ស្បែក​ជើង។​ ក្រុម​នេះ​បារម្ភ​ថា ​ភាព​ប្រកួត​ប្រជែង​នៃ​វិស័យ​ឧស្សាហ​កម្ម​ និង​ស្បែក​ជើង​របស់​កម្ពុជា​នឹង​អាច​ជួប​គ្រោះ​មហន្ត​រាយ​ធ្ងន់ធ្ងរ​ដោយ​មិន​សម​ហេតុផល​ ហើយ​កេរ្តិ៍​ឈ្មោះ​ផ្នែក​ឧស្សាហ​កម្ម​របស់​ប្រទេស​នេះ​និង​រង​ផល​ប៉ះពាល់​ចំណែក​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​នឹង​ត្រូវ​ផ្អាក។​

មិនតែ​ប៉ុណ្ណោះ​ការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់​ដែល​បាន​បង្កើត​ឡើង​ដើម្បី​កសាង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​លើ​វិស័យ​កាត់ដេរ​ ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​នឹង​អន្តរាយ ​ហើយ​វា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង ​សម្រាប់​កម្មករ​ ជា​ពិសេស​អ្នក​ដែល​មក​ពី​ជនបទ។ ​យោង​តាម ​GMAC​ សហ​គ្រាស​កាត់​ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​និង​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ គឺជា​ចំណែក​ដ៏​ធំ​បំផុត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប ​ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ជិត​៤​ពាន់​លាន​អឺរ៉ូ​ក្នុង​ចំណោម​ទំនិញ​នាំចូល​សរុប​ចំនួន​៥​ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៧។​

កម្ពុជា​បាន​ទទួល​នូវ​ឋានៈ​អនុ​គ្រោះ​ពន្ធ ​EBA​ ដោយ​អាត្រា​សូន្យ​ភាគ​រយ​លើ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១។​ ចាប់​តាំង​ពី​ពេល​នោះ​មក​កម្ពុជា​បាន​បង្កើន​ការ​នាំចេញ​របស់​ខ្លួន​ទ្វេ​ដង​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដោយ​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​រឹងមាំ​និង​រស់​រវើក​ដែល​បច្ចុប្បន្ន​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៧០​ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​មក​ពី​ជនបទ​ ហើយ​ក្នុង​នោះ​៨០%​ជា​ស្ត្រី។​

ប្រភព​ដដែល​អះអាង​ថា ​បច្ចុប្បន្ន​កម្ពុជា​មាន​មោទន​ភាព​ក្នុង​ការ​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ធំជាង​គេ​លំដាប់​ទី​៦ ​របស់​សហភាព​អឺរ៉ុប​ ដែល​ឈរ​នៅពី​ក្រោយ​ប្រទេស​ចិន​ តួកគី ​បង់ក្លាដែស ​ឥណ្ឌា​ និង​ប៉ាគីស្ថាន។ EBA​ បាន​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​បាន​បង្កើត​វប្បធម៌​នៃ​ការ​អនុលោម​ភាព ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែក​ជើង​នៅ​កម្ពុជា​ផង​ដែរ។​

ជាមួយ​គ្នា​នេះ​ដែរ ​​GMAC ស្នើសុំ​ឱ្យ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប​ សមាជិក​រដ្ឋ​សភា​និង​សភា​អឺរ៉ុប​ឱ្យ​វាយ​តម្លៃ​យ៉ាង​ប្រុង​ប្រយ័ត្ន​អំពី​ផល​ប៉ះពាល់​សង្គម​និង​សេដ្ឋ​កិច្ច​ទៅលើ​កម្មករ​កម្ពុជា​ដោយ​សារការ​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA។​ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ក៏​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​ធ្វើការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​នយោបាយ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​សម្រាប់​ភាគី​ទាំងអស់​ក្នុង​អំឡុង​ពេល​នេះ៕ ​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​អះអាង​ថា ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នឹង​ត្រូវ​ផ្អាក ​ប្រសិន​បើ​អឺរ៉ុប​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​"

  1. Anonymous says:

    This picture is show all the factory workers loving sadart ‘ but they will cry for sa dart soon ‘haha