អំណាច​ច្បាប់ Magnitsky ក្នុង​ការ​ដាក់​ទណ្ឌកម្ម លើ​មន្ត្រី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2019-02-13
RFA

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen Facebook Page
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង (ឆ្វេង) អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ក្នុង​ពិធី​​សម្ពោធ​សមិទ្ធផល​នានា​នៅ​ទី​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង ៤​លាន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen Facebook Page


របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា នៅ​កម្ពុជា មាន​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ករណី ដែល​ប្រព្រឹត្ត​ឡើង ដោយ​មន្ត្រី​បក្ស​កាន់អំណាច។ ប៉ុន្តែ អ្នក​ទាំងនេះ តែងតែ​រួចខ្លួន​ជានិច្ច ដោយសារតែ​ប្រព័ន្ធ​យុត្តិធម៌ ខ្វះ​ភាព​ឯករាជ្យ និង​រង​ឥទ្ធិពល​ពី​អ្នកនយោបាយ។

ទោះជា​យ៉ាង​នេះ​ក្តី ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​កម្ពុជា ទាំងនោះ​រួចខ្លួន​ទេ ដោយ​អាមេរិក​បង្កើត​ច្បាប់​មួយ មាន​ឈ្មោះថា the Global Magnitsky Act យក​មក​អនុវត្ត ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​ទាំង​នោះ​បាន។

តើ​ច្បាប់ the Global Magnitsky Act មាន​ប្រវត្តិ​យ៉ាងណា និង​មាន​អានុភាព​ប៉ុនណា​?

សូម​ស្ដាប់​សេចក្តី​រាយការណ៍ របស់​លោក មួង ណារ៉េត អំពី​រឿង​នេះ ដូច​តទៅ៖

ច្បាប់ the Global Magnitsky Act គឺជា​ច្បាប់​សម្រាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេស ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ច្បាប់​នេះ​យក​តាម​ឈ្មោះ​របស់​ជនជាតិ​រុស្ស៊ី​មួយ​រូប ដែលជា​មន្ត្រី​សវនករ ឈ្មោះ​លោក ស៊ើហ្គេ ម៉ែកនីតស្គី (Sergei Magnitsky)។ លោក ស៊ើហ្គេ ម៉ែកនីតស្គី គឺជា​អ្នកឯកទេស ខាង​វែកមុខ​ជន​ប្រព្រឹត្ត​អំពើពុករលួយ។ ប៉ុន្តែ​សមត្ថកិច្ច​រុស្ស៊ី បាន​ចាប់ និង​ឃុំខ្លួន​លោក​កាលពី​ឆ្នាំ​២០០៨​។ លោក​រង​ទារុណកម្ម​យ៉ាង​ដំណំ និង​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​បង្អត់​ថ្នាំសង្កូវ និង ការ​ថែ​សុខភាព រហូត​ធ្វើ​ឱ្យ​លោក​ស្លាប់ នៅ​ក្នុង​ពន្ធនាគារ នៅ​ខែ វិច្ឆិកា ឆ្នាំ២០០៩។ មុន​រង​ការ​វាយដំ រហូតដល់​ស្លាប់​នេះ លោក​ជាប់ឃុំ​អស់​រយៈពេល ៣៥៨​ថ្ងៃ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ក្តី​អ្វី​ទាំងអស់​។

សភា​អាមេរិក និង​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​អនុម័ត​ច្បាប់​ដំបូង ដាក់​ឈ្មោះ​ថា ច្បាប់ the Magnitsky Act នៅ​ចុង​ឆ្នាំ ២០១២ ក្នុង​បំណង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រុស្ស៊ី​ទាំងឡាយ​ណា ដែល​ចូល​ដៃ​ក្នុង​ការ​ធ្វើ​ឱ្យ​លោក ស៊ើហ្គេ ម៉ែកនីតស្គី ស្លាប់​។ ទណ្ឌកម្ម​ទាំងនោះ រួមមាន ការ​បិទ​ទិដ្ឋាការ មិន​ឱ្យ​មន្ត្រី​រុស្ស៊ី​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ ឬ ហាមឃាត់​មន្ត្រី​ទាំងនោះ មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក។ ច្បាប់ the Magnitsky Act ដំបូង​នេះ ដាក់ទណ្ឌកម្ម​តែ​មន្ត្រី​រុស្ស៊ី ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​ក្នុង​ប្រទេស​រុស្ស៊ី តែប៉ុណ្ណោះ​។

ប៉ុន្តែ ក្រោយមក​សភា​អាមេរិក កាលពី​ចុង​ឆ្នាំ ២០១៥ បាន​ពង្រីក​វិសាលភាព​នៃ​ច្បាប់​នេះ ដោយ​ពន្លាត​យុត្តាធិការ ឬ​អំណាច​អនុវត្ត ឱ្យ​ហួស​ពី​ប្រទេស​រុស្ស៊ី ដោយ​ដាក់ឈ្មោះ​ច្បាប់​នេះ ថា​ច្បាប់ the ‘‘Global Magnitsky Human Rights Accountability Act’’ ឬ ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ការរំលោភ​សិទ្ធិមនុស្ស​ជា​សាកល ដែល​អនុវត្ត​ទៅលើ​ប្រទេស​ទាំងអស់ នៅ​លើ​ពិភពលោក។ ច្បាប់​ទី​ពីរ​នេះ ចូល​ជា​​ធរមាននៅ​ឆ្នាំ ២០១៦ ដោយ​ស្គាល់​ជាទូទៅ ថា​ជា​ច្បាប់ the Global Magnitsky Act ដែល​ផ្ដល់​អំណាច​ឱ្យ​ផ្នែក​នីតិប្រតិបត្តិ គឺ​រដ្ឋាភិបាល ក្នុង​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី នៃ​រដ្ឋ​បរទេស ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ក្នុង​ការ​កំណត់​ថា តើ​ជន​ណាខ្លះ ដែល​បាន​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះ ក្រសួង​ការបរទេស​អាមេរិក មាន​ភារកិច្ច​ក្នុង​ការ​ប្រមូល​ភស្តុតាង រួច​បញ្ចូន​ទៅ​ក្រសួង​រតនាគារ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​ជន​ទាំងនោះ​។ ភស្តុតាង​ទាំងនេះ បាន​មក​ពី​ប្រភព​ផ្សេងៗ​របស់​រដ្ឋាភិបាល​អាមេរិក រួមទាំង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជាដើម​ផង។

នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា អង្គការ​របស់​លោក គឺជា​ប្រភព​ឯកសារ​ភស្តុតាង ដ៏​សំខាន់​មួយ​ទាំង​សម្រាប់​រដ្ឋាភិបាល​អាមេរិក និង​ប្រទេស​ដទៃ​ទៀត ដែល​ត្រូវការ​ភស្តុតាង អំពី​ការរំលោភ​សិទ្ធិមនុស្ស​គ្រប់​ប្រទេស​ទាំងអស់ រួម​ទាំង​ភស្តុតាង អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង។

លោក​លើក​ឧទាហរណ៍​ជាក់ស្ដែង មួយ ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​លើ​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀ​ង នា​ពេល​ថ្មីៗ​នេះ គឺ​មួយ​ផ្នែក ផ្អែកលើ​ឯកសារ​ភស្តុតាង ដែល​អង្គការ​លោក​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​អាមេរិក៖៖ «ក្នុង​ករណី​លោក ហ៊ីង ប៊ុនហៀ​ង រដ្ឋាភិបាល​អាមេរិក ចាត់​ទុក​របាយការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ថា​ជា​ភស្តុតាង​រឹងមាំ ដែល​ឈរ​លើ​អង្គហេតុ​ពិតប្រាកដ និង​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន ព្រោះ​រដ្ឋាភិបាល​អាមេរិក​បាន​ប្រើប្រាស់ ភស្តុតាង​ទាំងនេះ មុននឹង​សម្រេច​ដាក់ទណ្ឌកម្ម​គាត់។ ភារកិច្ច​របស់​ក្រសួង​ការបរទេស​អាមេរិក គឺ​ពិនិត្យមើល​រាល់​ប្រភព​ភស្តុតាង​ទាំងអស់ ដែល​ពួកគេ​ទុកចិត្ត»

លោក ហ៊ីង ប៊ុនហៀ​ង ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន លើកដំបូង​គេ ដែល​ត្រូវ​រដ្ឋាភិបាល​អាមេរិក កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ ចាត់វិធានការ ដោយ​អនុវត្ត​ច្បាប់​ដាក់​ទណ្ឌកម្ម លើ​ការរំលោភ​សិទ្ធិមនុស្ស​ជា​សាកល ឬ the Global Magnitsky Act នេះ។

នៅ​ក្បែរ​កម្ពុជា​ដែរ សហរដ្ឋអាមេរិក កាលពី​ចុង​ឆ្នាំ​២០១៧ បាន​អនុវត្ត​ច្បាប់ the Global Magnitsky Act នេះ​ទៅលើ​មន្ត្រី​យោធា​សរុប ១៣ រូប​នៅ​ប្រទេស​ភូមា ឬ មីយ៉ាន់ម៉ា រួម​ទាំង​ឧត្តមសេនីយ៍​មួយ​រូប​ផង ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា។

ច្បាប់​ដដែល​នេះ អាមេរិក​បាន​អនុវត្ត​លើ​ប្រទេស អារ៉ាប៊ី សាអ៊ូឌីត កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​ដាក់ទណ្ឌកម្ម លើ​មន្ត្រី​នៃ​រដ្ឋាភិបាល​ប្រទេស​នេះ​ចំនួន ១៧​នាក់ ក្នុង​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​អ្នកកាសែត​ជនជាតិ អារ៉ាប៊ី សាអ៊ូឌីត ដែល​ធ្វើការ​ឱ្យ​សារព័ត៌មាន the Washington Post ឈ្មោះ​លោក ចាម៉ាល់ ខាហ្សូជី (Jamal Khashoggi) ដែល​គេ​សម្លាប់​ក្នុង​ទូត អារ៉ាប៊ី សាអ៊ូឌីត ប្រចាំ​ប្រទេស​ទួគី កាលពី​ខែ​ដើមខែ​តុលា ឆ្នាំ​២០១៨។

ចំពោះ​ប្រទេស​កម្ពុជា បើ​ទោះ​បី​មានតែ​លោក ហ៊ីង ប៊ុនហៀង តែ​ម្នាក់​ប៉ុណ្ណោះ ដែល​រង​ទណ្ឌកម្ម ពី​ច្បាប់​នេះ ក៏​នៅ​មាន​មន្ត្រី​ជាន់ខ្ពស់ ក្នុង​ជួរ​យោធា​កម្ពុជា​ជា​ច្រើន​រូប​ទៀត អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប៉ុន្តែ នៅ​មិនទាន់​ទទួល​ទណ្ឌកម្ម​នៅឡើយ។

ឧត្តមសេនីយ៍​ខ្មែរ​ចំនួន ១២​រូប ត្រូវ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស រក​ឃើញ ក្នុង​របាយការណ៍ កម្រាស់ ២១៣​ទំព័រ ចេញផ្សាយ​កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០១៨ ថា​ជា​មន្ត្រី​មាន​បាតដៃ​ប្រឡាក់​ឈាម ក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ឧត្តមសេនីយ៍​ទាំងនោះ មាន​ទាំង​មេបញ្ជាការ​យោធា កងរាជអាវុធហត្ថ និង​នគរបាល។ អង្គការ​នេះ ក៏​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក និង សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​ដែរ។

លោក ប្រ៊ែដ អាដាម មាន​សុទិដ្ឋិនិយម​ថា ថ្ងៃ​ណាមួយ​មន្ត្រី​ទាំងនេះ នឹង​ទទួល​ទណ្ឌកម្ម​នេះ ជាក់​ជាមិនខាន៖ «យើង​ដឹង​ជា​ផ្លូវការ ថា​មាន​មន្ត្រី​ខ្មែរ​កាន់តែ​ច្រើន ស្ថិត​ក្នុង​បញ្ជី​នៃ​អ្នក​ដែល​នឹង​ត្រូវ​រង​ទណ្ឌកម្ម​នេះ។ ដំណើរការ​នេះ ត្រូវការ​ពេលវេលា​បន្តិច​។ ប៉ុន្តែ ចុងក្រោយ ទណ្ឌកម្ម​នឹង​កើតមាន»

បន្ថែម​លើ​ឧត្ដមសេនីយ៍​ទាំងនេះ សមាជិកសភា​អាមេរិក ក៏បាន​ស្នើ​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន មួយ​ចំនួន​ទៀត សរុប ១៧​នាក់ ដើម្បី​ដាក់ទណ្ឌកម្ម​ផង​ដែរ។ មន្ត្រី​ទាំងនោះ រួមមាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន អនុប្រធាន​បក្ស​កាន់អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី ជា​ច្រើន​រូប​ផ្សេងទៀត រួម​ទាំង កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត និង កូនស្រី​លោក ហ៊ុន សែន គឺ​លោកស្រី ហ៊ុន ម៉ាណា និង កូនប្រសា​រលោក ហ៊ុន សែន លោក សុខ ពុទ្ធីវុធ ម្នាក់​ផង។

បន្ថែម​លើ​មន្ត្រី​ទាំងនេះ កាលពី​ខែ កក្កដា ឆ្នាំ ២០១៨ អង្គការ​ឃ្លាំមើល​ពិភពលោក ឱ្យ​អាមេរិក​ដាក់​ឧកញ៉ា​បួន​នាក់ ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ដាក់ទណ្ឌកម្ម ដោយសារ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើ​រត់ពន្ធ​។ ឧកញ៉ា​ទាំង​បួន រួមមាន​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា លី យ៉ុងផាត់ លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា ឡៅ ម៉េងឃីន។ បីនាក់​ក្នុងចំណោម​នោះ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់អំណាច​។ អង្គការ​ឃ្លាំមើល​ពិភពលោក ក្លូបបល វីណេស (Global Witness) រក​ឃើញ​ថា ឧកញ៉ា​ដែល​មាន​ទ្រព្យ​មហាសាល និង​ជិតស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ទាំង​បួន​រូប​នេះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់បំផ្លាញ​ព្រៃឈើ បូម​ខ្សាច់ រត់ពន្ធ​កញ្ឆា​ទ្រង់ទ្រាយ​ធំ និង​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​ដណ្តើម​យក​ដីធ្លី​ពី​ពួកគាត់​ជាដើម និង ចាត់ទុកថា អ្នក​ទាំងនេះ សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ទទួល​ផល​ចំណេញ ពី​ការ​រលំរលាយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្រប​ពេល​ដែល​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា គ្មាន​ភាព​ឯករាជ្យ ក្នុង​បំពេញ​មុខងារ​ត្រឹមត្រូវ ដើម្បី​ផ្ដន្ទាទោស មន្ត្រី​បក្ស​កាន់អំណាច ដែល​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ លោក ប្រ៊ែដ អាដាម មើល​ឃើញ​ថា មានតែ​យន្តការ​អន្តរជាតិ ដូចជា​តាមរយៈ​ការអនុវត្ត​ច្បាប់ the Global Magnitsky Act របស់​អាមេរិក​នេះ ទើប​អាច​ធ្វើ​ឱ្យ​មន្ត្រី​នៃ​របប​ផ្ដាច់ការ ទទួល​ទណ្ឌកម្ម​បាន៕

What Next?

Recent Articles