ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​អឺរ៉ុប​​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​

ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​សភា​អឺរ៉ុប​​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា


By

ឌឹ ខេមបូឌា ដេលី

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​នាំគ្នា​ធ្វើ​មហា​បាតុកម្ម​ នៅ​​មុខ​សភា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១​ខែ​មីនា​​ក្នុង​ទីក្រុង​ប្រ៊ុចស្សែល​ ប្រទេស​ប៊ែលហ្ស៊ិក​ ដើម្បី​ឲ្យ​អឺរ៉ុប​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ។​

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ប្រទេស​បារាំង​លោក​ ថៃ មករា​ បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​ឃ្លីប​បង្ហ្រោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​មហា​បាតុកម្ម​នេះធ្វើ​ឡើង​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​ពី​កម្ពុជា។​

លោក​បន្ត​ថា​ ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​ទាំង​មូល​ពីគ្រប់​និន្នាការ​នឹង​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យ​សម្បត្តិ​ក្រុម​មន្រ្តី​ជាន់ខ្ពស់​នៃ​របប​លោក ​ហ៊ុន សែន ​ប្រសិន​បើ​របប​មួយ​នេះ​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ទេ​នោះ។​

ចំណែក​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ ព្រាប កុល ​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ល្បែង​នយោបាយ​ បើ​ឈ្នះ​បាន​អំណាច​ បើ​ចាញ់​ពលរដ្ឋ​ជា​អ្នក​ចេញ​ថ្លៃ​ខាត។​
លោក​បន្ត​ថា​ បញ្ហា​គោល​នយោបាយ​អនុគ្រោះពន្ធ ​EBA ​(Everything But Arms) បាន​ក្លាយ​ជា​គ្រាប់​អុក​នយោបាយ​និង​ជា​មធ្យោបាយ​ដោះស្រាយ​ទំនាស់​នយោបាយ​ខ្មែរ​បុច្ចប្បន្ន។​

ខ្មែរ​អាច​មាន​ទស្សន​:ខុស​គ្នា​ចំពោះ​បញ្ហា​នេះ​ អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​ប្រហែល​គាំទ្រ​ឲ្យ​មាន​ការ​ដក ​ឬ​ព្យួរ​EBA​រី​ឯ​អ្នក​មាន​និន្នាការ​គាំទ្រ​អ្នក​កាន់​អំណាច ​និង​ពាណិជ្ជករ​/អ្នក​ជំនួញ​ មិន​ចង់​ឲ្យ​មាន​វិធាន​ការ​បែប​នេះ​ទេ។​

លោក ​ព្រាប កុល ​អះអាង​ថា ​ទោះបី​ខ្មែរ​មាន​ទស្សន:​បែប​ណាក្តី​ ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​បារម្ភ ​ប្រសិន​បើ​កម្ពុជា​បាត់បង់​ EBA ​ ដែល​បាន​ផ្តល់​ផលចំណេញ​ដល់​កម្ពុជា​ជិត​ ៨រយ​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។​ បន្ថែម​ពីនេះ​ កម្ពុជា​បាន​នាំ​ផលិត​ផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​មាន​​ទឹក​ប្រាក់​ជាង​៤​ពាន​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ ​ដែល​ភាគ​ច្រើន​ចេញ​ពីវិស័យ​កាត់ដេរ​ វាយ​ណភណ្ឌ ​អង្ករ​ គ្រឿង​កង់​ វត្ថុធាតុ​ដើម​ផ្សេងៗ​ក្នុង​វិស័យ​កសិកម្ម ​និង​ឧស្សាហ​កម្ម។ ​លោក​បន្ត​ថា ​ផល​ចំណេញ​បាន​ពី​ការ​អនុ​គ្រោះពន្ធ​ EBA ​នេះ​ ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង​វិស័យ​សហគ្រាស ​និង​រោងង​ចក្រ​ធំៗ​ ដែល​ចង់​ធ្វើ​ពាណិជ្ជ​កម្ម​ដើម្បី​លក់នៅ​ទីផ្សា​អឺរ៉ុប។​

ដូច្នេះ​ការ​បាត់​បង់ ​EBA​ អាច​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សហគ្រាស​ធំៗ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​ការងារ​ ទំហំ​ផលិត​កម្ម ​ការ​ចំណាយ ​និង​សក្តានុពល​នៃ​ប្រាក់​ចំណេញ។ ​

លោក​បន្ត​ថា​ ប្រសិន​បើ​ក្រុម​វិនិយោគ​ទុន​មើល​ឃើញ​ថា​ សក្តានុពល​នៃ​ប្រាក់​ចំណេញ​មាន​ការ​ថយ​ចុះ​ខ្លាំង ​បាន​ត្រឹម​តែ​រួច​ខ្លួន​ ឬឈាន​ដល់​ការ​ខាតបង់​ នោះគេ​នឹង​ពិចារណា​ថា​ គួរ​បន្ត​វិនិយោគ​ទៀត​ ឬ​ក៏​ឈប់។​ ក្នុង​ករណី​ដែល​មាន​ការ​បន្ថយ​ការ​វិនិយោគ ​ឬ​ឈប់​វិនិយោគ​ ពលរដ្ឋ​ខ្មែរ​ជា​ពិសេស​បុគ្គលិក​ កម្មករ ​កម្មការនី​នឹង​ត្រូវ​បាត់បង់​ការងារ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment