តុលាការសម្រេចដាក់លោក សម រង្ស៊ី ឱ្យស្ថិតក្រោមការត្រួតពិនិត្យ​ជុំវិញបទចោទញុះញង់កងទ័ព


|
https://www.vodhotnews.com

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ត្រូវបានតុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រោម​ការ​ត្រួត​ពិនិត្យនៅ​ក្រោម​បទ​ចោទ​ប្រកាន់​ថាបាន​ញុះ​ញង់​កង​ទ័ព​កាល​ពី​ចុង​ឆ្នាំ​២០១៧។

តាមលិខិតជូនព័ត៌មានរបស់​ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីចុងខែមករា ហើយអ្នកសារព័ត៌មានទើបនឹងទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា ការសម្រេចដាក់ឱ្យ លោក សម រង្ស៊ី ឲ្យ​ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការក្រោយពេលចៅក្រមស៊ើបសួររូបនេះ ​បានបញ្ចប់ការស៊ើបសួរជុំវិញសំណុំរឿងនេះរួចទៅហើយ។

យោង​តាម​លិខិត​ជូន​ព័ត៌មាន​ដដែល​នេះ លោក សម រង្ស៊ី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ផ្អែក​តាម​មាត្រា ៤៧១ និង ៤៧២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ២០១៧ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេសនោះ បាន​អំពាវ​នាវ​ទៅ​កង​ទ័ព​កម្ពុជា កុំ​ឲ្យ​ស្ដាប់​តាម​បញ្ជា​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ការ​អំពាវ​នាវ​​​របស់​លោក សម រង្ស៊ី បាន​​ធ្វើឲ្យ​​ក្រុម​ឧត្ដមសេនីយ៍​យោធាដាក់​ពាក្យ​បណ្ដឹង​ និង​បាន​ចោទ​​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ថា បាន​ញុះ​ញង់​កង​ទ័ព។

បើទោះ​បី​រង​បណ្ដឹង​នៅ​តុលាការ​ពី​សំណាក់​​ក្រុម​ឧត្ដមសេនីយ៍​ក៏​ដោយក៏​លោក សម រង្ស៊ី នៅតែបន្តអំពាវ​នាវ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ជា​ថ្មី​ម្ដង​ទៀត​​កាល​ពី​ចុង​ខែ​មករា និង​ដើម​ខែ​កុម្ភៈ​នេះ ឲ្យ​កង​ទ័ព​ឈរ​នៅ​ខាង​ប្រជាជន ដែល​លោក​ថា ទាម​ទារ​សេរីភាពនិង​យុត្តិធម៌​ដោយ​សន្តិវិធី។

ក្រៅ​ពី​បណ្ដឹង​​​ពី​សំណាក់​ក្រុម​ឧត្ដមសេនីយ៍​យោធាលោក សម រង្ស៊ី ក៏​កំពុងជាប់​បណ្តឹងជាច្រើនទៀតនៅតុលាការ​ផង​ដែរក្នុង​នោះ​មាន​បណ្តឹងបរិហាកេរ្តិ៍​លោក ហោ ណាំហុង  បណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ​ប្ដឹង​ដោយ​ប្រធានរដ្ឋសភាលោក ហេង សំរិន។

លោក សម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​កាត់ទោស​កំបាំងមុខជុំ​វិញ​បណ្ដឹង​បរិហា​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​ក្រោយពេលលោក​បានថ្លែង​ថា​លោក ហ៊ុន សែន ស្ថិត​នៅពីក្រោយខ្នងនៃការសម្លាប់​អ្នក​វិភាគ​នយោបាយ​​លោក​បណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦ ជាដើម៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles