លោក​ សម រង្ស៊ី​ ព្រមាន​ពី​ការ​ «សម្លាប់​រង្គាល»​ ក្រោយពី​លោក​ ហ៊ុន សែន ​ចេញ​បញ្ជា​សម្ងាត់

នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)


18 កុម្ភៈ 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

មេដឹកនាំ​ក្រុម​ជំទាស់​នឹង​នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន​ ​សែន​ ​រូប​នេះ​ ​បាន​ចាត់​ទុក​​ថា​ ​ការ​គំរាម​«​សម្លាប់​រង្គាល​»​ដែល​មាន​ឡើង​ខាងលើ​ ​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​«​បាត់បង់​នូវ​ភាព​ស្របច្បាប់​របស់​ខ្លួន​»​។

ក្រោយពី​មានការ​ចែកចាយ​ខ្សែអាត់​សំឡេង​បែកធ្លាយ​មួយ​ ​ដែល​ស្ដែង​ឡើង​នូវ​ខ្លឹមសារ​នៃ​យុទ្ធសាស្ត្រ​របស់​ លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​ចាត់ការ​ផ្តាច់​សរសៃ​ឈាម​នៅ​ផ្ទៃក្នុង​ប្រទេស​ដែល​នៅ​សេសសល់​ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​ជា​ស្ថាបនិក​គណបក្សនេះបាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ថា​ ​កំពុង​រៀប​គម្រោង​ការ​ «​សម្លាប់រង្គាល​»​ លើ​ក្រុម​ជំទាស់​ ​ដូចដែល​មេដឹកនាំ​ខ្មែរក្រហម​ ​ប៉ុល​ ​ពត​ ​ធ្លាប់​បាន​ធ្វើ​ពីពេលមុន​មក​នោះ។​

លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ ប្រសិន​បើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​ការអធិប្បាយ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​ដែល​បាន​លេច​ធ្លាយ​ដល់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​និយាយ​ពី​ទំនាក់ទំនង​នៃ​ការ​ផ្ដាច់​ដង្ហើមរស់​ដល់​ក្រុម​អ្នកជំទាស់​ ​និង​ការព្រមាន​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​ ​ឋានៈ​ប្រទេស​ទទួល​ប្រយោជន៍​ពី​កម្មវិធី​ ​«​គ្រប់មុខ​ទំនិញលើក​លែង​តែសព្វាវុធ» ឬ EBA​ ​ដែល​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ផលិតផល​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប។​

កាលពី​សប្ដាហ៍​មុន​ ​សហភាព​អឺរ៉ុប​ ​បា​នប្រ​កាស​ចាប់ផ្ដើម​នីតិវិធី​ជា​ផ្លូវការ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការ​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ EBA​ ​ទាក់ទិន​នឹង​ការ​បង្ក្រាប​នយោបាយ​មុន​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ២០១៨​ ​ដែល​គណបក្សប្រជាជន​កម្ពុជា​ ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ឈ្នះ​ប្រមូល​អាស​នៈ​ទាំងអស់១២៥​ ​នៅ​សភាតំណាងរាស្រ្ត ​ដោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​ដាក់​ឱ្យ​នៅ​ក្រៅច្បាប់​ ​មិន​អាច​ចូលរួម​ការបោះឆ្នោត​បាន​។

តែ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​បាន​ព្រមាន​មួយ​ដង​ជា​ពីរ​ដង​ថា​ ​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ EBA ​ចេញ​ពី​កម្ពុជា​មែន​នោះ មាន​ន័យ​ស្មើនឹង​«​សម្លាប់​»​ក្រុម​ជំទាស់​នឹង​របប​របស់​លោក​។

ពីរ​ថ្ងៃក្រោយ​ការ​ចេញ​ខ្សែអាត់​សំឡេង​បែកធ្លាយ​របស់​លោក​ ​ហ៊ុន​ ​សែន ​នេះ​ ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​វាយ​បក​ប្រឆាំង​នឹង​លោក​ហ៊ុន​ ​សែន​ ​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​ ​ដោយ​លោក​ សម​ ​រង្ស៊ី​ ​បាន​ផ្តល់​ការអធិប្បាយ​ថា​ ​ការ​ថ្លែង​ទាំងអម្បាល​មា​ណ​ ​របស់​លោក​ ហ៊ុន​ ​សែន​ ​គឺ​ស្មើនឹង​ ​«​បទបញ្ជា​ឲ្យ​សម្លាប់​»​ ​ដែល​អាច​ដូច​អ្វី​ដែល​ ​ប៉ុល​ ​ពត​ ​ធ្លាប់ធ្វើ​កន្លងមក​ ​អំឡុង​ការ​កាន់អំណាច​នៃ​បក្ស​កុម្មុយ​នី​ស្ដ​កម្ពុជា​ពីឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៧៩​។​

ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​បាន​សរសេរ​បន្ថែម​ជា​ភាសាអង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា​៖​

«ការ​ថ្លែង​នេះ​ស្មើនឹង​បទបញ្ជា​មួយ​ឲ្យ​សម្លាប់​។​ ​ឆន្ទៈ​របស់​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ងាក​ទៅ​រក​ការ​សម្លាប់​ ​បោសសម្អាត​អ្នករិះគន់​ ​ត្រូវ​បាន​បង្ហាញ​ជាច្រើន​សារ​កាលពី​ពេលមុន​។​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ ​ហើយ​គណបក្ស​នេះ​បាន​ទទួល​សំឡេង​ជិត​ពាក់​កណ្តាល​ប្រទេសនៅក្នុង​ការបោះឆ្នោត​ទាំងពីរ​គឺ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​ ​និង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧​»​។

លោក​ ​សម​ ​រង្ស៊ី​ ​បាន​អះអាង​បន្ត​ថា​៖​ ​«​ក្នុង​បរិការណ៍​នេះ​ ​ការ​អំពាវនាវ​ឲ្យ​បំផ្លាញ​ក្រុមប្រឆាំង​ ​បាន​ស្ដែង​ឡើង​អំពី​ ​គ្រោះថ្នាក់​នៃ​ការសម្លាប់រង្គាល​នៅ​កម្ពុជា​ ​ដែល​មិនធ្លាប់​មាន​ឡើយ​ ​តាំងពី​សម័យ​ខ្មែរក្រហម​មក​»​។​

មេដឹកនាំ​ក្រុម​ជំទាស់​នឹង​នាយក​រដ្ឋមន្ត្រី​លោក ​ហ៊ុន​ ​សែន​ ​រូប​នេះ​ ​បាន​ចាត់​ទុកថា​ ​ការ​គំរាម​«​សម្លាប់​រង្គាល​»​ដែល​មាន​ឡើង​ខាងលើ​ ​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​«​បាត់បង់​នូវ​ភាព​ស្របច្បាប់​របស់​ខ្លួន​»​ ​ហើយ​លោក​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ ​និង​សហគមន៍​អន្តរជាតិ​រិះរក​វិធី​ទប់ស្កាត់​ ​និង​ការពារ​ប្រជាជន​កម្ពុជា​ពី​ហានិភ័យ​នេះ​ ​ដែល​លោក​ព្រមាន​បន្ត​ថា​អ្នករងគ្រោះ​អាច​មាន​ចំនួន​រាប់​លាន​នាក់។​

គិត​ត្រឹម​ម៉ោង៥ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ ​មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ ​ឬ​ស្ថាប័ន​រដ្ឋាភិបាល​ចេញ​សេចក្តី​ថ្លែងការណ៍​តបត​នឹង​សារ​នយោបាយ​របស់​លោក​ សម​ ​រង្ស៊ី​ ​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​លោក ​សម​ ​រង្ស៊ី​ ចោទ​លោក ​ហ៊ុន​ ​សែន ​ថា​ ​«​ចង់​សម្លាប់​ប្រជាពលរដ្ឋ​ ​ដូច​ក្រោម​របប​ប៉ុល​ ​ពត​»​។

ក្នុង​ខ្សែអាត់​សំឡេង​បែកធ្លាយ​របស់​លោក​ ហ៊ុន​ ​សែន​ ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​ ​កាលពី​ថ្ងៃទី១៤​ ​កុម្ភៈ​ ​ឆ្នាំ២០១៩​ ​លោក​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​ក្រុម​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ​ស្ថាប័ន​ថ្នាក់​ជាតិនានា​ ​រួម​ទាំង​កងកម្លាំង​កងទ័ព​ ​និង​កម្លាំង​នគរបាល​ ​កុំ​ឲ្យ​មាន​ប្រតិកម្ម​តបត​នឹង​ការអធិប្បាយ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​យល់ថា​ ​ការ​ប្រតិកម្ម​តប​ណាមួយ​នោះ​នឹង​ផ្តល់​តម្លៃបន្ថែម​ដល់​លោក​ ​សម​ ​រង្ស៊ី​។​ ​

​លោក​ ​ហ៊ុន​ ​សែន​ ​ក៏​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​កុំ​ធ្វើការ​អធិប្បាយ​ណាមួយ​ដែល​មាន​លក្ខណៈ​វាយប្រហារ​លើ​សហភាព​អឺរ៉ុប​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​ការសម្រេច​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដក​កម្ពុជា​ពី​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នោះ​ ​គឺ​ធ្វើឡើង​ដោយ​បុគ្គល​ពីរ​នាក់​ប៉ុណ្ណោះ​ ​មិនមែន​ដោយ​សំ​ឡង​ឯកច្ឆន្ទ​ក្នុង​សហភាព​អឺរ៉ុប​នោះ​ទេ​។

នាយក​រដ្ឋមន្ត្រី​យូរឆ្នាំ​របស់​កម្ពុជា​ ​ក៏បាន​សម្ដែង​ការ​ជឿជាក់​ដែរ​ថា​ ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នោះ​នឹង​មិន​ធ្វើឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ​ ​ព្រោះ​រយៈពេល១៨ខែ​ទៀត​ ​កម្ពុជា​នឹង​ប្រឹង​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លាំងក្លា​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​។​

ភ្លាម​ៗ​ ​ក្រោយ​មាន​សារ​លេច​ធ្លាយ​របស់​ ​លោក​ ​ហ៊ុន​ ​សែន​ ​ព្រមាន​ផ្តាច់​ដង្ហើម​ក្រុម​គណបក្ស​ប្រឆាំង​នោះ​ ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់VOAថា​ ​កម្ពុជា​នឹង​រស់​ដោយ​ត្រដរ​ ​ប្រសិនបើ​ប្រទេស​នេះ​ធ្វើឲ្យ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ផលិតកម្ម​របស់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋខ្មែរ​ដែល​ភាគច្រើន​ជា​ស្ត្រី​ប្រមាណ​ជា​ជាង៧០ម៉ឺន​នាក់​។

កាលពី​សប្តាហ៍​មុន​ ​សហភាពអឺរ៉ុប​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ដែល​អាច​ឈាន​ទៅ​ដកហូត​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ​។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ​ដោយ​បាន​នាំ​ផលិតផល​ចូល​គិតជា​ទឹកប្រាក់​ចំនួន​ជាង៥,៥ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​មិន​បង់ពន្ធ​ ​ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ប្រមាណ​ជា៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀកបំពាក់​ ​ស្បែកជើង​ ​ផលិតផល​កសិកម្ម​និង​កង់​ជាដើម​។​

ប៉ុន្តែ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ ​និង​គណបក្ស​ប្រឆាំង​ ​នៅមុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ឆ្នាំមុន​ ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​និង​សហគមន៍​អន្តរជាតិ​ស្នើ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថានការណ៍​ឱ្យ​បាន​ល្អ​ឡើងវិញ​ ​បើមិនដូច្នោះទេ​ ​អាច​ប្រឈម​នឹង​ទណ្ឌ​កម្ម​ផ្សេង​ៗ​ទៀត​៕

What Next?

Recent Articles

One Response to "លោក​ សម រង្ស៊ី​ ព្រមាន​ពី​ការ​ «សម្លាប់​រង្គាល»​ ក្រោយពី​លោក​ ហ៊ុន សែន ​ចេញ​បញ្ជា​សម្ងាត់"

  1. Anonymous says:

    I’m agree to what SAM RASY saying . by listening to leaking video tap of HUN SEN speak we Cambodian feeling so sorry to have this evil of our nation. as we used to say the curly dog tail will never get it straight unless we cut it off. HUN SEN has been known as a new roughly dictator of the world in this century is showing his true color. as Cambodian wanted to see HUN SEN and SAM RANSY come to the ring fighting fairly to see who will be capable to be the leader . we knew the uneducated person always using force and speaking like animal . it is very deferent from those who get enough education. when ever they fighting by words the one who not enough EQ hurt the most . now we Cambodian is seeing those animal will use his evil action. wakeup Cambodian time to fight back to those evil not to let him hurt you first. we knew Cambodian are already been hurt more then enough . get up and fight for your life for your last change. GOD bless Cambodia and it people

Leave a Reply

Submit Comment