អតីតបក្សប្រឆាំង និង GDP ថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ បើ EBA បាត់បង់


|
https://www.vodhotnews.com

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក ហ៊ុន សែន

គណបក្ស​នយោបាយ​មួយ​ លើក​ឡើង​ថា អតីត​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ត្រូវ​បាន​ដក​ហូត​នោះ ប៉ុន្តែ បក្ស​ប្រឆាំង​បាន​ច្រាន​ចោល ហើយ​​បាន​រុញ​ការ​​អ្នក​ទទួល​ខុស​ត្រូវ​​ទាំង​ស្រុង​​ទៅ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះសារនយោបាយលើទំព័រហ្វេសប៊ុក​កាលពី​សប្ដាហ៍​មុន​ថាសេដ្ឋកិច្ចរបស់កម្ពុជានៅមិនទាន់រឹងមាំ ដើម្បីទប់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» របស់សហភាពអឺរ៉ុប​នោះ​ឡើយ។

គណបក្សមួយនេះ បាន​លើក​ឡើង​ទៀត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុតប្រសិនបើអឺរ៉ុបឈានទៅដក EBA ពីកម្ពុជាមែននោះ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បាន​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅ​ពី​លោក​ ហ៊ុន សែន ភាគីពាក់ព័ន្ធផ្សេងទៀតក៏ត្រូវមានការទទួលខុសត្រូវផងដែរចំពោះបញ្ហាបាត់បង់ EBA នេះ។ លោកថា អ្នកនយោបាយខ្មែរ​គួរវិលរកតុចរចានយោបាយដើម្បីឈានទៅរកការផ្សះផ្សាជាតិមួយពិតប្រាកដដើម្បីឲ្យកម្ពុជានៅបន្ដទទួលបានភាពអនុគ្រោះរបស់អឺរ៉ុប។

លោក ឡឹក សុធារ ប្រាប់ថា៖ «មិនមានន័យថា អ្នកពាក់ព័ន្ធទាំងអស់រួចខ្លួនទេ។ អ្នកផ្ដើមគំនិតឲ្យមានការដាក់ទណ្ឌកម្មដក EBA រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតក៏ត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ សហគមន៍អឺរ៉ុបគេបានដាក់លក្ខខណ្ឌមួយចំនួន រួមទាំងបើក​ការចរចាជាមួយអតីតគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាឲ្យមានការស្រុះស្រួលឯកភាពជាតិទៅ។ គេនឹងអាចពិនិត្យមើលហើយ ប៉ុន្ដែ យើងមិនប្រាកដ ១០០ភាគរយទេថា ជាលក្ខខណ្ឌដែលថា ធ្វើមួយហ្នឹងបាន គឺត្រូវតែបាន យើងមិនដឹងដែរ»។      

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ច្រានចោល​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហើយ​លើក​ឡើង​ថាគណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​បញ្ហា EBA នេះ​ទាំងស្រុង។

លោក មាជ សុវណ្ណារ៉ា ប្រាប់ថា៖ «ហើយអ្វីដែលសំខាន់ គឺរបបលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវទាក់ទងនឹងប្រព័ន្ធអនុគ្រោះនាំទំនិញនាំអីទៅសហភាពអឺរ៉ុបហ្នឹង គឺថា អត់មានមកឆ្លើយមកពីកំហុសឆ្គងគណបក្សប្រឆាំងទេ […] នៅពេលរដ្ឋាភិបាលគាត់ហាក់ដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សហ្នឹងបានគេយកកិច្ចព្រមព្រៀងទ្វេភាគីរវាងសហភាពអឺរ៉ុបជាមួយកម្ពុជាត្រូវតែអនុវត្តឲ្យបានល្អប្រសើរទៅតាមកិច្ចព្រមព្រៀងទ្វេភាគី។ យើងដើរផ្ទុយអាហ្នឹង មិនមែនមកពីគណបក្សប្រឆាំងហ្នឹងទេ សហភាពអឺរ៉ុបគេមិនជឿគណបក្សប្រឆាំងហ្នឹងទេ»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ឈឹម ផលវរុណ អះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ​ឯករាជ្យ​និង​អធិបតេយ្យ​ជាតិ ដោយ​ថា មិន​អាច​ត្រូវ​បាន​យក​ទៅ​ដោះ​ដូរ​ជាមួយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​ណា​មួយ​នោះ​ឡើយ។

លោក ឈឹម ផលវរុណ ប្រាប់ថា៖ «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺទទួលខុសត្រូវចំពោះការពារឯករាជ្យ អធិបតេយ្យភាពជាតិដោយមិនយកជំនួយបរទេស ឬការអនុគ្រោះណាមួយទៅជាន់ឈ្លីបំផ្លាញឯករាជ្យ អធិបតេយ្យភាពកម្ពុជាទេ។ ឥឡូវនេះ ល្មមដល់ពេលដែលយើងត្រៀមបញ្ចប់។ យើងអត់ EBA គឺយើងមិនស្លាប់ទេពីព្រោះយើងបានឈរដោយខ្លួនឯងហើយ»។

សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក​អំពី​ការ​ចាប់​ផ្ដើម​ដំណើរដែល​ឈាន​ទៅ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យបញ្ហា​សិទ្ធិ​មនុស្ស និង​និតិ​រដ្ឋ​​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

សហភាពអឺរ៉ុបក៏ប្រកាសផងដែរថា កម្ពុជានៅមានពេលវេលា ១៨ខែ​ទៀតក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ដោយជំរុញឲ្យរដ្ឋាភិបាល​កម្ពុជា​គោរពកាតព្វកិច្ចសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលជាបេះដូងនៃភាពជាដៃគូជាមួយសហគមន៍អឺរ៉ុប។

ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិធានការរបស់អឺរ៉ុបនេះថា ធ្វើឡើងដោយលម្អៀងនយោបាយ និងថាមិនខ្លាចចំពោះការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment