នយោបាយ
|
https://www.vodhotnews.com
គណបក្សនយោបាយមួយ លើកឡើងថា អតីតបក្សប្រឆាំង និងបក្សកាន់អំណាច គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបត្រូវបានដកហូតនោះ ប៉ុន្តែ បក្សប្រឆាំងបានច្រានចោល ហើយបានរុញការអ្នកទទួលខុសត្រូវទាំងស្រុងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះសារនយោបាយលើទំព័រហ្វេសប៊ុកកាលពីសប្ដាហ៍មុនថាសេដ្ឋកិច្ចរបស់កម្ពុជានៅមិនទាន់រឹងមាំ ដើម្បីទប់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» របស់សហភាពអឺរ៉ុបនោះឡើយ។
គណបក្សមួយនេះ បានលើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុតប្រសិនបើអឺរ៉ុបឈានទៅដក EBA ពីកម្ពុជាមែននោះ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានឲ្យដឹងបន្ថែមថា ក្រៅពីលោក ហ៊ុន សែន ភាគីពាក់ព័ន្ធផ្សេងទៀតក៏ត្រូវមានការទទួលខុសត្រូវផងដែរចំពោះបញ្ហាបាត់បង់ EBA នេះ។ លោកថា អ្នកនយោបាយខ្មែរគួរវិលរកតុចរចានយោបាយដើម្បីឈានទៅរកការផ្សះផ្សាជាតិមួយពិតប្រាកដដើម្បីឲ្យកម្ពុជានៅបន្ដទទួលបានភាពអនុគ្រោះរបស់អឺរ៉ុប។
លោក ឡឹក សុធារ ប្រាប់ថា៖ «មិនមានន័យថា អ្នកពាក់ព័ន្ធទាំងអស់រួចខ្លួនទេ។ អ្នកផ្ដើមគំនិតឲ្យមានការដាក់ទណ្ឌកម្មដក EBA រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតក៏ត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ សហគមន៍អឺរ៉ុបគេបានដាក់លក្ខខណ្ឌមួយចំនួន រួមទាំងបើកការចរចាជាមួយអតីតគណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាឲ្យមានការស្រុះស្រួលឯកភាពជាតិទៅ។ គេនឹងអាចពិនិត្យមើលហើយ ប៉ុន្ដែ យើងមិនប្រាកដ ១០០ភាគរយទេថា ជាលក្ខខណ្ឌដែលថា ធ្វើមួយហ្នឹងបាន គឺត្រូវតែបាន យើងមិនដឹងដែរ»។
អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ច្រានចោលការចោទប្រកាន់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយលើកឡើងថាគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកទទួលខុសត្រូវលើបញ្ហា EBA នេះទាំងស្រុង។
លោក មាជ សុវណ្ណារ៉ា ប្រាប់ថា៖ «ហើយអ្វីដែលសំខាន់ គឺរបបលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវទាក់ទងនឹងប្រព័ន្ធអនុគ្រោះនាំទំនិញនាំអីទៅសហភាពអឺរ៉ុបហ្នឹង គឺថា អត់មានមកឆ្លើយមកពីកំហុសឆ្គងគណបក្សប្រឆាំងទេ […] នៅពេលរដ្ឋាភិបាលគាត់ហាក់ដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សហ្នឹងបានគេយកកិច្ចព្រមព្រៀងទ្វេភាគីរវាងសហភាពអឺរ៉ុបជាមួយកម្ពុជាត្រូវតែអនុវត្តឲ្យបានល្អប្រសើរទៅតាមកិច្ចព្រមព្រៀងទ្វេភាគី។ យើងដើរផ្ទុយអាហ្នឹង មិនមែនមកពីគណបក្សប្រឆាំងហ្នឹងទេ សហភាពអឺរ៉ុបគេមិនជឿគណបក្សប្រឆាំងហ្នឹងទេ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ឈឹម ផលវរុណ អះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ទទួលខុសត្រូវចំពោះការការពារឯករាជ្យនិងអធិបតេយ្យជាតិ ដោយថា មិនអាចត្រូវបានយកទៅដោះដូរជាមួយប្រព័ន្ធអនុគ្រោះពន្ធណាមួយនោះឡើយ។
លោក ឈឹម ផលវរុណ ប្រាប់ថា៖ «រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺទទួលខុសត្រូវចំពោះការពារឯករាជ្យ អធិបតេយ្យភាពជាតិដោយមិនយកជំនួយបរទេស ឬការអនុគ្រោះណាមួយទៅជាន់ឈ្លីបំផ្លាញឯករាជ្យ អធិបតេយ្យភាពកម្ពុជាទេ។ ឥឡូវនេះ ល្មមដល់ពេលដែលយើងត្រៀមបញ្ចប់។ យើងអត់ EBA គឺយើងមិនស្លាប់ទេពីព្រោះយើងបានឈរដោយខ្លួនឯងហើយ»។
សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងមកអំពីការចាប់ផ្ដើមដំណើរដែលឈានទៅផ្អាកជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យបញ្ហាសិទ្ធិមនុស្ស និងនិតិរដ្ឋនៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ។
សហភាពអឺរ៉ុបក៏ប្រកាសផងដែរថា កម្ពុជានៅមានពេលវេលា ១៨ខែទៀតក្នុងការរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ដោយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពកាតព្វកិច្ចសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដែលជាបេះដូងនៃភាពជាដៃគូជាមួយសហគមន៍អឺរ៉ុប។
ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិធានការរបស់អឺរ៉ុបនេះថា ធ្វើឡើងដោយលម្អៀងនយោបាយ និងថាមិនខ្លាចចំពោះការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធនេះឡើយ៕