ក្រោយ​ចប់​ពិធី​បុណ្យ​ព្រៃ​ឡង់​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ព្រួយ​បារម្ភ​ថា​ព្រៃ​ឡង់​នៅ​តែ​រង​ការ​បំផ្លាញ

ដោយ ទីន ហ្សាការីយ៉ា
2019-02-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ឈើ​មូល​ដឹក​តាម​ត្រាក់ទ័រ​គោយន្ត​ ដែល​បណ្ដាញ​ព្រៃ​ឡង់ និង​ព្រះសង្ឃ​ជួប ពេល​ចុះ​ទៅ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី១៦ និង ១៧ ខែ​កុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ ពី​ហ្វេសប៊ុក​ព្រះតេជព្រះគុណ អូន ឡុង (Oun Long)
ឈើ​មូល​ដឹក​តាម​ត្រាក់ទ័រ​គោយន្ត​ ដែល​បណ្ដាញ​ព្រៃ​ឡង់ និង​ព្រះសង្ឃ​ជួប ពេល​ចុះ​ទៅ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី១៦ និង ១៧ ខែ​កុម្ភៈ ឆ្នាំ២០១៩។ រូបថត៖ ពី​ហ្វេសប៊ុក​ព្រះតេជព្រះគុណ អូន ឡុង (Oun Long)


សហគមន៍ព្រៃឡង់ប្រកាសថាពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ បានរៀបចំដោយជោគជ័យ


បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បទ​ល្មើស​ព្រៃ​ឈើ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​នៅ​បន្ត​កើត​ឡើង​ដដែល។ កង្វល់​របស់​អ្នក​ស្រឡាញ់​ព្រៃ ឈើ​បែប​នេះ ក្រោយ​ពេល​ពួក​គេ​បាន​ចូលរួម​ប្រារព្ធ​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម​ឈើ រក​ឃើញ​ថា ឃើញ​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ដដែល​ក្នុង​តំបន់​ព្រៃ​ឡង់។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​អ្នក​ស្រឡាញ់​ព្រៃ​ឈើ​អះអាង​ថា ទោះ​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម​ឈើ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ក្តី ក៏​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើតឡើង​ពេញ​ព្រៃ​ដដែល។ សកម្មជន​ព្រៃ​ឈើ​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ជន​ល្មើស​ហាក់​បាន​ដឹង​ថា ពួក​គេ​ចុះ​ល្បាត​ព្រៃឈើ ដោយ​អ្នក​ខ្លះ​បាន​ឈប់​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ពេល​ពួក​គេ​ចុះ​ល្បាត និង​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ ហើយ​ពួក​គេ​ស្លុត​ចិត្ត​នៅ​ពេល​ឃើញ ដើម​ឈើ​ធំ​ត្រូវ​ជន​ខិល​ខូច​កាប់​រំលំ។

ព្រះតេជព្រះគុណ អូន ឡុង ដែល​បាន​ដើរ​ល្បាត​ព្រៃ​ឈើ និង​ជា​អ្នក​ដឹក​នាំ​ពិធី​បំបួស​ដើម​ឈើ​ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្នុង​ពេល​ចុះ​ល្បាត​ពលរដ្ឋ​ចាប់​បាន​ឈើ ម៉ាស៊ីន​អារ​ឈើ និង​អ្នក​កាប់​ឈើ​ប៉ុន្តែ​របាយការណ៍​រួម​ព្រះ​អង្គ​មិន​ទាន់​អាច​បញ្ជាក់​ក្នុង​ពេល​នេះ​នៅ​ឡើយ​ទេ។ ព្រះ​អង្គ​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ពលរដ្ឋ​ចាប់​បាន​ឈើ​ធំៗ បី​គោយន្ត​ដោយ​រក្សា​ទុក​មួយ​កន្លែង ដើម្បី​បន្ត​ដំណើរ​ទៅ កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ ឈើ​ដែល​ចាប់​បាន​នោះ​ត្រូវ​បាន​បាត់​មិន​ដឹង​ថា អ្នក ណា​លួច​ដឹក​យក​ទៅ​ណា?«យើង​បាន​ធ្វើ​កម្មវិធី​ចប់​ហើយ ប៉ុន្តែ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​កើត​ឡើង។ មនុស្ស​ចាប់​បាន​ប៉ុន្តែ​យើង​មិន​ធ្វើ​អី​ទេ គ្រាន់តែ​អប់រំ​សួរ​នាំ​អ្នក​ណា​ជា​អ្នក​បញ្ជា​គាត់ និង​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា»

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃ​ឈើ​ខ្លះ ពិបាក​ក្នុង​ការ​បង្ក្រាប​ដោយសារ​ក្រុម​ជន​ល្មើស​ប្រព្រឹត្ត​នៅ​ក្នុង​ព្រៃ​ឈើ​នៅ​ពេល​យប់ ហើយ​មាន​ទាំង​អាវុធ​កែច្នៃ​ទៀត​ផង។ លោក​បន្ត​ទៀត​ថា បទ​ល្មើស​កើត​ឡើង ប៉ុន្តែ​អ្នក​ការពារ​មាន តិចតួច ហើយ​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​ក៏​មិន​បាន​ផ្ដល់​កិច្ចសហការ​ជាមួយ​ពលរដ្ឋ​នោះ​ដែរ៖ «ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​នៅ​តែ​មាន​ជានិច្ច​ ព្រោះ​កម្លាំង​តិចតួច​មិន​អាច​ដើរ​បាន​សព្វ​ព្រៃ»

កង្វល់​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ និង​អ្នក​ស្រឡាញ់​ព្រៃ​ឈើ​បែប​នេះ ក្រោយ​ពេល​ពួក​គេ​ចុះ​ល្បាត​ការពារ​ព្រៃ​ឡង់​ជា​ច្រើន​ថ្ងៃ និង​បាន​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម ឈើ​កាល​ពី​ថ្ងៃ​ទី១៦ និង​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ​កន្លង​ទៅ។ ក្រុម​សហគមន៍​ព្រៃ​ឡង់​ទាំង ៤​ខេត្ត និង​អ្នក​ការពារ​ព្រៃ​ឈើ​បាន​ប្រារព្ធ​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម​ឈើ​នៅ​ចំណុច (វាល​តា​នូ) ក្នុង​តំបន់​ព្រៃ​ឡង់ ភូមិសាស្ត្រ​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ ក្រចេះ និង​ស្ទឹងត្រែង។

អ្នក​រៀបចំ​ពិធី​បុណ្យ​ព្រៃ​ឡង់​ម្នាក់​លោក ម៉ិញ នី ដែល​ជា​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត កំពង់ធំ​ឲ្យ​ដឹង​ថា ពិធី​នេះ​មាន​អ្នក​ចូលរួម​ជិត ៤០០នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ ១៥អង្គ អាជ្ញាធរ​ដែន​ដី និង​មន្ត្រី​ក្រសួង​បរិស្ថាន​ផង​ដែរ។ លោក​យល់​ថា បើ​មនុស្ស​គ្រប់​រូប​បាន​យល់​ដឹង​ពី សារសំខាន់​នៃ​ព្រៃ និង​ចេះ​ស្រលាញ់​ព្រៃ​ឈើ​នោះ​បទ​ល្មើស​ព្រៃ​ឈើ​មិន​កើត​ទេ៖ «ក្នុង​ចិត្ត​សប្បាយ​ចិត្ត​រីករាយ​មែនទែន​បាន​បង្កើត​កម្មវិធី​ឡើង​ជោគជ័យ​ព្រៃ​ឈើ​ព្រៃ​ឡង់​យើង​ទទួល​បាន​ប្រយោជន៍​ពី​ព្រៃ​ត្រូវ​តែ​រំលឹក​ពី​បុព្វ​គុណ​ព្រៃ»

ពិធី​បុណ្យ​ព្រៃ​ឡង់​នេះ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ឧទ្ទិស​រំឭក​គុណ​ដល់​ព្រៃឈើ និង​បួងសួង​សុំ​ឱ្យ​ព្រៃ​ឡង់​នៅ​គង់វង្ស ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹង​អាស្រ័យ​នឹង​ព្រៃ​ឈើ​នេះ។

កម្មវិធី​បុណ្យ​ដែល​មាន​រយៈ​ពីរ​ថ្ងៃ​នេះ​នឹង​ធ្វើ​ឡើង​តាម​ទំនៀម​ពី​ដើម​រៀង​មក ដោយ​ថ្ងៃ​ទី១ គឺ​ថ្ងៃ​ទី១៦ កុម្ភៈ គេ​ធ្វើ​ពិធី​សែន​ព្រេន​តាម​ជំនឿ​ជនជាតិ​ដើម​ភាគ​តិច​កួយ និង​ពិធី​ក្រុង​ពិលី។ ចំណែក​នៅ​ពេល​រសៀល​ព្រះសង្ឃ​សូត្រ​មន្ត​ចម្រើន​ព្រះបរិត្ត និង​ស្ដាប់​ព្រះធម៌​ទេសនា។ រីឯ​ថ្ងៃ​ទី២ ដែល​ជា​ថ្ងៃ​បញ្ចប់ គឺ​ជា​កម្មវិធី​បំបួស​ដើម​ឈើ ដើម្បី​រំលឹក​គុណ​ព្រៃ​ឈើ។

ព្រះតេជព្រះគុណ អូន ឡុង ដែល​ដឹក​នាំ​ពិធី​បំបួស​ដើម​ឈើ​មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា ព្រះអង្គ និង ព្រះសង្ឃ​ផ្សេង​ទៀត​បំបួស​ដើម​ឈើ​បាន​ជិត ៤០ដើម។ ព្រះអង្គ​បន្ត​ថា ពិធី​នេះ​មាន​អត្ថ ប្រយោជន៍​ច្រើន ព្រោះ​បាន​បង្ហាញ​នូវ​វប្បធម៌​ទំនៀមទម្លាប់​របស់​ខ្មែរ​ផង ព្រម​ទាំង​បាន​បង្ហាញ ឲ្យ​ពលរដ្ឋ​បាន​ដឹង​បាន​ឃើញ​ពី​បទ​ល្មើស​ព្រៃ​ឈើ​ផង និង​បាន​បណ្ដុះ​គំនិត​ឲ្យ​យុវជន​ចូលរួម ថែរក្សា​ព្រៃ​ឈើ​បន្ត​ទៀត៖ «យើង​មើល​ឃើញ​ថា យើង​ធ្វើ​ពិធី​បុណ្យ​នេះ ដើម្បី​រំលឹក​ដល់​ជីដូន​ជីតា ឬ​ចាស់​ពី​ដើម ដែល​គាត់​បាន​បន្សល់​ទុក​ម៉្យាង​ទៀត​ប្រជាជន​ក៏​ដូច​យុវជន ដែល​គាត់​បាន​លះបង់​ពេល​វេលា​មាន​តម្លៃ​ចូលរួម​អ៊ីចឹង​ដល់​ថ្ងៃ​ក្រោយ​ទៀត​គាត់​ហៅ​មិត្តភ័ក្ដិ​មក​ចូលរួម​បុណ្យ​ព្រៃ​ឡង់»

ពិធី​បំបួស​ដើម​ឈើ​នេះ​ចាប់​ផ្ដើម​ពី​ព្រះសង្ឃ​សូត្រ​ធម៌​កាន់​ស្បង់ និង​និមន្ត​កាន់​ស្បង់​រុំ​ជុំ​វិញ​ដើម​ឈើ ប៉ុន្តែ​គ្រប់​ដើម​ឈើ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​ត្រូវ​ព្រះសង្ឃ​រុំ​ស្បង់​ទាំង​អស់​នោះ​ទេ។ ដើម​ឈើ​ដែល​ត្រូវ​បំបួស​នោះ​ភាគ​ច្រើន​ជា​ដើម​ឈើ​ធំៗ ឬ​ប្រភេទ​ឈើ​កម្រ។

ហេតុផល​មួយ​ទៀត​នៃ​ពិធី​បំបួស​ដើម​ឈើ​ត្រូវ​បាន​គេ​លើក​ឡើង​ថា ដើមឈើ​ដែល​បាន​បំបួស អាច​ចៀស​ផុត​ពី​ការ​កាប់​ទន្ទ្រាន​ពី​សំណាក់​ឈ្មួញ ព្រោះ​ពេល​ឃើញ​ស្បង់​ព្រះសង្ឃ​ដែល​រុំ​ជាប់ នៅ​នឹង​ដើម​ឈើ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​នឹង​ប្រែ​ចិត្ត​ឈប់​កាប់​ដោយសារ​ដើម​ឈើ​ដែល បំបួស​នោះ​ជា​ដើម​ឈើ​ការ​ពារ​តាម​ជំនឿ​ពុទ្ធ​សាសនា។

ប៉ុន្តែ ទោះ​ឈើ​ទាំង​នោះ​ត្រូវ​ព្រះសង្ឃ​បំបួស​ហើយ​ក្តី ក៏​នៅ​តែ​មាន ជន​ខិលខូច​លួច​កាប់​ជួញ​ដូរ ដោយ​បន្សល់​ត្រឹម​ស្បង់​ព្រះសង្ឃ​ជាប់​គល់​ឈើ​ប៉ុណ្ណោះ។ ព្រះសង្ឃ​ខ្លះ​ដាក់​បណ្ដាសា​អ្នក​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​ស្រលាញ់​ធនធាន​ធម្មជាតិ​អះអាង​ថា ពួក​គេ​នឹង​ចូលរួម​បុណ្យ​ព្រៃ​ឡង់ និង​ពិធី​បំបួស​ដើម​ឈើ​នៅ​ឆ្នាំ​ក្រោយ​ជា​បន្ត​ទៀត ដើម្បី​ចូល​រួម​ការពារ​ព្រៃ​ឈើ។

របាយការណ៍​ជាតិ និង​អន្តរជាតិ​បាន​បង្ហាញ​ជា​បន្ត​បន្ទាប់​ថា ព្រៃ​ឈើ​កម្ពុជា និង​ព្រៃ​ឡង់​នៅ​តែ​បន្ត​រង​ការ​កាប់​រំលំ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត។ របាយការណ៍​របស់​បណ្ដា​ញ​សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ថា ទំហំ​ព្រៃ​ឡង់​បច្ចុប្បន្ន​នៅ​សល់​តែ​ប្រមាណ​៣៦​ម៉ឺន​ហិកតារ ដែល​ពីមុន​នៅ​ក្នុង​អនុក្រឹត្យ ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវៈ​ចម្រុះ​ព្រៃ​ឡង់​គឺ​មាន​ផ្ទៃដី​ទំហំ​ជាង៦១​ម៉ឺន​ហិកតារ​លាតសន្ធឹង​ចាប់​ពី​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ដល់​ខេត្ត​ស្ទឹង ត្រែង។​ សកម្មជន​បរិស្ថាន​ការពារ​ព្រៃ ឲ្យ​ដឹង​ថា របប​ក្រុង​ភ្នំពេញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន​ បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles