ដូច​សព្វ​មួយ​ដង​ប្រទេស​កម្ពុជា​ធ្វើ​បុណ្យ​មាឃ​បូជា​ឆ្នាំ​នេះ​​ជា​ផ្លូវការ​​​នៅ​​ភ្នំ​​ព្រះរាជ​ទ្រព្យ

ដោយ ញឹម សុផល
19/02/2019
RFI

media
ពិធីបុណ្យមាឃបូជា
MoR


ពិធី​បុណ្យ​មាឃ​បូជា ​ដែល​ជា​ពិធី​បុណ្យ​ដ៏​ធំមួយ​នៅ​ក្នុង​ព្រះពុទ្ធសាសនា ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​នៅ​ភ្នំព្រះ​រាជ​ទ្រព្យ ​ឬ​ភ្នំ​ឧត្តុង្គ ​ក្នុង​ខេត្ត​កណ្តាល​។ ​សម្តេច​សង្ឃរាជ​ទាំង​ពីរ​គណៈ​ និង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា ​បាន​ដឹកនាំ​ធ្វើ​ពិធី​នេះ ​ដោយ​មាន​ការ​ចូលរួម​ពី ​ប្រធាន​រដ្ឋសភា​លោក ​ហេង សំរិន ​សមាជិក​រដ្ឋសភា ​ព្រឹទ្ធសភា ​សមាជិក​រដ្ឋាភិបាល ​និង​ពុទ្ធសាសនិក​ជាច្រើន​ផង​ដែរ​។

ដោយមាន​ការ​ចូលរួម​ពី​សំណាក់ ​អង្គ​ទូត​នានា​ប្រចាំ​ប្រទេស​កម្ពុជា ​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ រួមមាន​ស្ថានទូត​ថៃ ​ឡាវ ​ជប៉ុន ​ជាដើម​នោះ ​ពិធី​បុណ្យ​មាឃបូជា ​ដែល​ត្រូវ​នឹង​ថ្ងៃ​១៥​កើត​ ពេញបូណ៌មី ​ខែ​មាឃ ​ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម ​នៅ​ឯ​ព្រះ​សក្យមុនី​ចេតិយ ​កំពូល​ភ្នំ​ព្រះរាជ​ទ្រព្យ ​ឬ​ភ្នំ​ឧត្តុង្គ​។

បុណ្យ​មាឃបូជា​នៅ​ឆ្នាំ​នេះ ​មាន​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​៨០​អង្គ ​ក្នុង​គោលបំណង​ឧទ្ទិសកុសល ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វបុរស​ ដែល​បាន​បូជា​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​មាតុភូមិ​កម្ពុជា​។​ ក្រៅពី​ប្រារព្ធ​ពិធី​ផ្លូវការ​ធំ​ជាងគេ​នៅ​ភ្នំ​ព្រះ​រាជទ្រព្យ ​គ្រប់​អារ៉ាម​នៅ​ទូទាំង​ប្រទេស​ក៏​បាន​ប្រារព្ធ​ពិធី​នេះ​ដំណាល​គ្នា​ដែរ​។

តាម​ក្រសួង​ធម្មការ ​និង​សាសនា ​ពិធី​បុណ្យ​មាឃ​បូជា ​គឺ​ជា​បុណ្យ​រំលឹក​ដល់​ថ្ងៃ​ដែល ​ព្រះពុទ្ធ​ជាម្ចាស់​ ទ្រង់​ធ្វើ​ចតុរង្គ​សន្និបាត ​ដោយ​មាន ​ព្រះ​អរហន្តាខីណាស្រប ​ដែលជា​ឯហិភិក្ខុ ​ចំនួន​១២៥០​អង្គ ​សំដែង​នូវ​ឱវាទ​បាតិមោក្ខ ​និង​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​របស់​ព្រះអង្គ​ បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​៣​ខែ​ទៀត​ តថាគត​នឹង​ចូល​បរិនិព្វាន​ហើយ​។

នៅ​ថ្ងៃ​នេះ​ដែរ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏​បាន​សរសេរ​តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ដែរ​ថា ​ពិធី​បុណ្យ​មាឃ​បូជា ​ជា​ពិធី​បុណ្យ​ដ៏​មាន​សារៈសំខាន់ ​គឺ​គេ​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ​“​ព្រះ​ពុទ្ធ​សាសនា”​ ឡើង​នៅ​ឆ្នាំ ​៥៨៨​ មុន​គ្រិស្ត​សករាជ ​នា​ថៃ្ង​ទី ​១៥​កើត ​ខែ ​មាឃ ​ក្រោយ​ពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ដែល​មាន​ចំនួន​៩​ខែ​គត់​។

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា ​ព្រះពុទ្ធ​សាសនា ​មិន​ត្រឹម​តែ​បាន​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ​បានរួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ ​នៅក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់ ​សុខ​សន្តិភាព​ ស្ថិរភាព​សង្គម ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀត​ផង​៕

What Next?

Recent Articles

Leave a Reply

Submit Comment