តុលាការ​ជូន​ដំណឹង​ពី​ការ​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំ​រឿង​ចោទ​លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ

ដោយ ទីន ហ្សាការីយ៉ា
2019-02-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


សាលាដំបូង​រាជធានី​ភ្នំពេញ ជូនដំណឹង​ស្ដីពី​ការ​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿងប្រមាថ​ព្រះ​មហាក្សត្រ របស់​​​ប្រធាន​ស្តីទី​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែលបាន​ចាត់​ទុក​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨ ជា​ព្រះរាជសារ​ក្លែងក្លាយ ឬ​ត្រូវ​បាន​របប​លោក ហ៊ុន សែន បង្ខំ។ អ្នកវិភាគ យល់ថា លិខិត​ជូនដំណឹង​របស់​តុលាការ​នេះ គឺ​ជា​ការ​បង្អើល​កុំ​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក និង​ជា​រឿង​នយោបាយ​សុទ្ធសាធ។

នគរបាល​រាជធានី​ភ្នំពេញ​មួយ​ក្រុម នៅថ្ងៃទី១៨ ខែ​កុម្ភៈ បាន​យក​លិខិត​ជូន ព័ត៌មាន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅ​បិទ​នៅ​ទីស្នាក់ការ​គណបក្ស សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​អង្កេត​លើ​សំណុំរឿង ចោទ​លោក​ សម​ រង្ស៊ី​ ប្រមាថ​ព្រះមហាក្សត្រ​។

ក្នុង​លិខិត​ជូន​ព័ត៌មាន​នោះ ចៅក្រម​ស៊ើបសួរ លោក ហម ម៉េងសែ បញ្ជាក់ ថា លោក សម រង្ស៊ី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រព្រឹត្ត​ទៅ​រាជធានី​ភ្នំពេញ និង​ទី​កន្លែង​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​ទី៦ ថ្ងៃ​ទី៧ និង​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ២០១៨ តាម​មាត្រា ៤៣៧ (ស្ទួន) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ។ ចៅក្រម​បញ្ជាក់​ថា សំណុំរឿង​ព្រហ្មទណ្ឌ​នេះ បាន​បញ្ចប់​ការ​ស៊ើបសួរ​រួច​ហើយ និង​រង់ចាំ​បន្ត​នីតិវិធី

ចំណាត់​ការ​ផ្លូវច្បាប់​មក​លើ​លោក សម រង្ស៊ី នេះ​ក្រោយ​លោក​បាន​និយាយ​ថា ​របប​ លោក ​ហ៊ុន ​សែន ​ជា​អ្នក​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោតនៅថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ខណៈ ពេល​នោះ​មាន​ពលរដ្ឋ​ជា​ច្រើន បដិសេធ​មិន​ទៅ​បោះ​ឆ្នោត​ដោយ​សារ​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​បាន​រម្លាយ​ដោយ​របប​ក្រុង​ភ្នំពេញ។ លោក សម រង្ស៊ី បាន​ហៅ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ចេញផ្សាយ​នោះ​ថា​ជា លិខិត​ក្លែងក្លាយ ឬ​ត្រូវ​លោក ហ៊ុន សែន បង្ខំ​អោយ​ចេញ​សារ​អំពាវនាវ​នោះ។ ក្រោយពី​លោក សម រង្ស៊ី ចោទប្រកាន់​បែបនេះ មេដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​រួមមាន​៖ លោក ហ៊ុន សែន លោក គង់ សំអុល តំណាង​គណបក្ស​កាន់​អំណាច និង​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​គណបក្ស​តូចៗ ពីរ​ដែល​ជា​កូនជឹង បក្ស​កាន់​អំណាច ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​នាំ​គ្នា​ប្រតិកម្ម​តប និង​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ប្រមាថ​ព្រះមហាក្សត្រ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យក្មេង លោក បុង ដែត លើក​ឡើង​ថា ការ​ចេញ​​លិខិត​ជូន​ដំណឹង​សី្តពី​ការ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត និង​បង្ហាញ​ពី​ដីកា​ផ្សេងៗ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី នេះ គឺ​គ្រាន់​តែ​ល្បិច​នយោបាយ ដើម្បី​គំរាមកំហែង និង​បង្អើល​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក និង​មាន​បំណង​ឲ្យ​មហាជន​ឈប់​ចាប់​អារម្មណ៍​រឿង​សហភាព​អឺរ៉ុប​គ្រោង​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធEBA។ លោក​បន្ត​ថា ការ​អនុវត្ត​ច្បាប់​សព្វ​ថ្ងៃ​នេះ វា​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្ដាច់ការ ដូច្នេះ​កុំ​រំពឹង​ពី​រឿង​យុត្តិធម៌ រឿង​តុលាការ​ឯករាជ្យ ព្រោះ​ប្រព័ន្ធ​នេះ មាន​តែ​មហិច្ឆតា​បង្ក្រាប និង​លុប​បំបាត់​ក្រុម​អ្នក​រិះគន់​តែ​ប៉ុណ្ណោះ៖ «»

អាស៊ី​សេរី​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា តាម​បណ្ដាញ​តេឡេក្រាម នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ។

លោក បុង ដែត បន្តថា ប្រសិន​បើ​តុលាការ​នោះ​ឯករាជ្យ គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ជា​ច្រើន ដែល​លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ អំពើ​ក្បត់​ជាតិ និង​អំពើ​រំលោភ​ច្បាប់។ លោក​លើក​ឧទាហរណ៍​ជាក់​ស្ដែង​ថា ដូច​ជា​ករណី​សារ​សំឡេង​បែក​ធ្លាយ ដែល​លោក ហ៊ុន សែន ថា ទោះ​បី​មាតា​បិតា​ព្រះមហាក្សត្រ ក៏​មិន​ខ្លាច​ដែរ និង​ករណី​រៀបចំ​ផែនការ កាត់​ផ្ដាច់​សរសៃ​ឈាម​គណបក្ស សង្គ្រោះ​ជាតិ នៅ​ក្នុង​ស្រុក​ជា​ដើម៖ «»

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​លោក សម រង្ស៊ី ដើម្បី​ឆ្លើយ​តប​បាន​ទេ នៅ ថ្ងៃទី១៨ ខែ​កុម្ភៈ។

ទោះ​យ៉ាង​ណា​កន្លង​មក លោក សម រង្ស៊ី ធ្លាប់​លើក​ឡើង​ថា គ្មាន​នរណា​មើល​ងាយ​ព្រះមហាក្សត្រ ជាង​ជន​ផ្ដាច់ការ ហ៊ុន សែន ទេ ដែល​ជេរប្រមាថ និង​គំរាមកំហែង​ព្រះមហាក្សត្រ តាំងពី​យូរ​ឆ្នាំ​មក​ហើយ ព្រមទាំង​យក​ព្រះ មហាក្សត្រ ប្រើ​ជា​ខែល ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​របស់​លោក។ លោក សម រង្ស៊ី អះអាង​ថា លិខិត​ណាមួយ​ពី​ព្រះមហាក្សត្រ​ដែល​ធ្វើ​ឡើង​ក្រោម​កា​គំរាមកំហែង គឺ​អត់​មានតម្លៃ​អ្វី​ទេ តាម​ផ្លូវ​ច្បាប់។ លោក​ថែមទាំង​បាន​រម្លឹក​ថា លោក ហ៊ុន សែន ធ្លាប់​ប្រើ​អំណាច​គំរាម​រម្លាយ​របប​រាជានិយម​ចោល ដោយសារតែ​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​ចង់​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០០៥។

លោក សម រង្ស៊ី បន្ត​ថា ចុងក្រោយ​នេះ ជន​ផ្ដាច់ការ ហ៊ុន សែន បាន​ឲ្យ​បក្ខពួក​គាត់​រៀបចំ «ច្បាប់​​ស្ដីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ » គ្រាន់តែ​ដើម្បី​យក​មក​ធ្វើជា​លេស ក្នុង​គោលបំណង​បង្ក្រាប​ប្រជារាស្ត្រ ដែល​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ សេរីភាព​ និង​យុត្តិធម៌។

លោក សម រង្ស៊ី ជាប់​បណ្ដឹង​នៅ​តុលាការ​ជិត ១០បណ្ដឹង​ហើយ ក្នុង​នោះ មាន​បណ្ដឹង​ប្រឆាំង​លោក ទាក់ទង​នឹង​បញ្ហា​ព្រំដែន បណ្ដឹង​បរិហារកេរ្តិ៍​លោក​នាយករដ្ឋមន្ត្រី និង ធី សុវណ្ណថា ដែល​លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត ១០លាន​ដុល្លារ ធី សុវណ្ណថា ទារ​សំណង​ជំងឺ​ចិត្ត ៥០ម៉ឺន​ដុល្លារ និង​បណ្ដឹង​ជា​ច្រើន​ទៀត ដែល​ដើម​បណ្ដឹង​ភាគ​ច្រើន ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment