ពលរដ្ឋ​ក្រុង​ក្រចេះ​កំពុង​បារម្ភ​ពី​ប្រភព​ទឹក​ប្រែ​ពណ៌​លឿង​ល្អក់ ​ខ្លាច​មាន​ជាតិពុល​ប៉ះពាល់​សុខភាព

ដោយ វ៉ែន សុមេធ
2019-02-18
RFA

ផែនទី​ខេត្ត​ក្រចេះ។ Photo: RFA
ផែនទី​ខេត្ត​ក្រចេះ។ Photo: RFA


ពលរដ្ឋ​ដែល​ធ្លាប់​ប្រើ​ប្រាស់​ទឹក​ព្រែក​ ឬ​ទឹក​អូរ​ធម្មជាតិ​ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៧​ ក្នុង​សង្កាត់​អូរ​​ឫស្សី​ ក្រុង​ក្រចេះ ​កំពុង​បារម្ភ​ពី​ប្រភព​ទឹក​ប្រែ​ពណ៌​ឡើង​ល្អក់ និង​ខ្លាច​មាន​ជាតិពុល ប្រើប្រាស់​មិន​បាន ដោយ​សារ​​ខ្លាច​ប៉ះពាល់​ដល់​សុខភាព។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ចន្ទ ទី១៨ កុម្ភៈ ឲ្យ​ដឹង​ថា បញ្ហា​នេះ​កើត​ឡើង ដោយសារ​ក្រុមហ៊ុន​ដំឡូង​មី​​ របស់​កូរ៉េ ​ឈ្មោះ ស៊ីង​ សុង​ (Sing Song) បាន​បង្ហូរ​កាក​សំណល់​ចូល​ក្នុង​ទឹក បណ្ដាល​ឲ្យ​ទឹក​នោះ​កខ្វក់ ​ព្រម​ទាំង​មាន​ក្លិន​មិន​ល្អ។ ជាង​នេះ​ទៀត ពលរដ្ឋ​សង្កេត​ឃើញ​មានត្រី​ពុល​ងាប់​ក្នុង​ព្រែក អូរ ទាំង​នោះ។

អ្នក​ភូមិ​ប្រាប់​ថា បើ​ពួក​គាត់​នៅ​តែ​បន្ត​ប្រើប្រាស់​ទឹក​នោះ​ទៀត នឹង​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ​និង​បង្ក​ឲ្យ​ខូច​ខាត​បរិស្ថាន​អេកូឡូស៊ី​ ឬ​ជីវចម្រុះ​ដែល​រស់​នៅ​ក្នុង​ទឹក​នោះ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ​លោក​ ឆាយ​ ដួង​សាវុធ​ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ក្រោយ​ពី​ចុះ​ទៅ​ដល់​ក្រុម​ហ៊ុន​ ទើប​ដឹង​ថា​ ការ​បង្ហូរ​ទឹក​កខ្វក់​នេះ​ មាន​តាំង​ពី​ថ្ងៃ​ទី​៧​ កុម្ភៈ​មក​ម្ល៉េះ​ តែ​ហូត​ដល់​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ទើប​គេ​ប្រទះ​ឃើញ​ត្រី​ងាប់​ ហើយ​នាំ​គ្នា​សង្ស័យ​ថា​ ពុល​ទឹក​ដែល​ក្រុមហ៊ុន​បង្ហូរ​ចូល។ លោក​ថា​ ករណី​នេះ​ នៅ​មិន​ទាន់​ដឹង​ការ​ពិត​នៅ​ឡើយ​ទេ​ ហើយ​លោក​ នឹង​យក​ទឹក​ដែល​បង្ហូរ​ចូល​ព្រែក​ ឬ​បឹង​នោះ​ ទៅ​ពិនិត្យ​នៅ​ក្រសួង​បរិស្ថាន ​តែ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​បន្ត​ទៀត​ថា​ តាម​ការ​សន្និដ្ឋាន​បឋម​ គឺ​ប៉ុន្មាន​ថ្ងៃ​នេះ ​មេឃ​ក្ដៅ​ខ្លាំង ហើយ​ត្រី​ផុស​ឡើង​ ពេល​នោះ​ប្រជាពលរដ្ឋ​ឃើញ​ក៏​នាំ​គ្នា​នេសាទ​ បណ្ដាល​ឲ្យ​ទឹក​ល្អក់​ហើយ​ត្រី​ពុល​ងាប់​តែម្ដង។

អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ឲ្យ​ដឹង​ដែរ​ថា​ ការ​បង្ហូរ​កាកសំណល់​ទឹក កខ្វក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ខ្សែ​ទឹក​បែប​នេះ​បណ្ដាល​ឲ្យ​ត្រី​តូច​ធំ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​បឹង​ ព្រែក​ អូរ​នៅ​តំបន់​នោះ​ពុល​ងាប់​ជា​បន្តបន្ទាប់​។ក្នុង​ស្ថានភាព​ពុល​បែប​នេះ​ ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​សុខភាព​របស់​ពួក​គាត់​ ក៏​ដូច​ជា​សត្វ​ពាហនៈ​ដែល​សព្វ​ថ្ងៃ​​ពឹង​ផ្អែក​លើ​ទឹក​បឹង​ទឹក​ព្រែក​ និង​ទឹកអូរ​នៅ​តំបន់​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ប្រញាប់​ចុះ​ពិនិត្យមើល ករណី​នេះ ដើម្បី​ជាស​វៀង​ដូច​កាល​ពី​ពេល​កន្លង​ទៅ ដែល​ក្រុមហ៊ុន​រ៉ែ​មាស​ធ្វើ​ឲ្យ​មាន​សារធាតុ​គីមី​ពុល​ហូរ​ចូល​ទៅ​ក្នុង​ទឹក​ព្រែក​ទេរ ក្នុង​ខេត្ត​ក្រចេះ ដែល​បណ្ដាល​ឲ្យ​អ្នក​ស្រុក​នៅ​ទីនោះ​ចំនួន​ជាង​ដប់​នាក់​​ស្លាប់ ហើយ​រាប់​រយ​នាក់​ទៀត​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment