ពលរដ្ឋ​ម្នាក់​បាត់​ខ្លួន​រក​មិនទាន់​ឃើញ ខណៈ​ ១៣នាក់ កំពុង​ជាប់​ពន្ធនាគារ​ក្នុង​រឿង​វិវាទ​ដីធ្លី​​នៅ​ខេត្ត​ព្រះ​វិហារ

ដោយ វ៉ែន សុមេធ
2019-02-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ សមាគម អាដហុក (ADHOC)
ពលរដ្ឋ​ពីរ​នាក់​ជាប់​ខ្នោះ រស់នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន មេត្រីភាព។ រូបថត៖ សមាគម អាដហុក (ADHOC)


ពលរដ្ឋ​ម្នាក់​កំពុង​បាត់​ខ្លួន ខណៈ​ដែល​ក្រុម​គ្រួសារ​កំពុង​តាម​រក​គ្រប់​ទី​កន្លែង​តែ​រក​មិន​ឃើញ​នៅ​ឡើយ គិត​មកដល់​ពេល​នេះ ជិត​មួយ​ខែ​មក​ហើយ​។ អាជ្ញាធរ​ខេត្ត​អះអាង​ប្រាប់​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ ថា​ការ​បាត់​ខ្លួន​ពលរដ្ឋ​ម្នាក់​នោះ គឺ​ដោយ​សារ​តែ​ពលរដ្ឋ​រូប​នោះ​រត់​គេច​ពី​ការ​ឃុំ​ខ្លួន​ពី​ការិយាល័យ​បរិស្ថាន​មួយ​កន្លែង​​ដោយ​​ខ្លួនឯង។ ក្រុម​គ្រួសារ​ពលរដ្ឋ​ដែល​បាត់​ខ្លួន ស្នើ​សុំ​ក្រសួង​ការពារ​ជាតិ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ ឲ្យ​ជួយ​ស្វែង​រក​ស្វាមី​គាត់​ឲ្យ​ឃើញ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ។

លោកស្រី​ ភឹម ម៉ៅ វ័យ ​៥២​ឆ្នាំ ជា​ភរិយា​លោក​ ស៊ុំ ម៉ឺន វ័យ ​៥៤ឆ្នាំ​ដែល​​បាន​បាត់​ខ្លួន​នោះ ប្រាប់​អាស៊ី​សេរី​ថា រូប​គាត់​ដើរ​ស្វែង​រក​ប្ដី​ជាច្រើន​កន្លែង​ហើយ​ មិន​ថា​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​វិហារ តុលាការ​ខេត្ត និង​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​ទេ នៅ​តែ​រក​មិន​ឃើញ មិន​ដឹង​ថា​ប្ដី​គាត់​បាត់​ទៅ​ទី​ណា​នោះ​ទេ។ ក្រោយ​មក​ទៀត​ លោកស្រី ភឹម ម៉ៅ ក៏​តាម​ទៅ​រក​នៅ​ខេត្ត​តាកែវ ​ក្រែង​ថា​រក​ឃើញ​នៅ​ផ្ទះ​ដន្លង ​ប៉ុន្តែ​ក៏​នៅ​តែ​រក​មិន​ឃើញ។

ក្រៅ​ពី​នេះ លោក​ស្រី ភឹម ម៉ៅ ក៏​ដើរ​រក​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ក្រុងភ្នំពេញ​បន្ថែម​ទៀត នៅ​តែ​រក​ប្ដី​មិន​ឃើញ បន្ទាប់​ពី​គាត់​ទទួល​ដំណឹង​ពី​អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត លោក វុធ តារា ប្រាប់​ថា លោក ស៊ុំ ម៉ឺន ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ដោយ​សារ​តែ​បាក់​ឆ្អឹង​ដង​កាំបិត តែ​មិន​បាន​ប្រាប់​ថា​នៅ​មន្ទីរពេទ្យ​ណាមួយ​នោះ​ទេ។

ក្រោយ​ពី​បាត់​ខ្លួន​លោក ស៊ុំ ម៉ឺន ជិត​១ខែ​មក​នេះ លោកស្រី សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ស្វែង​រក​ប្ដី។ ស្ត្រី​រូប​នេះ​យល់​ថា ការ​បាត់​ខ្លួន​ប្ដី​គាត់ ដែល​រក​មិន​ឃើញ​រហូត​មក​ដល់​ពេល​នេះ គឺ​​ដោយ​សារ​តែ​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត រួម​នឹង​កង​អន្តរាគមន៍​យោធា​វរៈ​លេខ​២៦១ ប្រចាំ​ខេត្ត​ឧត្តរ​មានជ័យ ឬ​ហៅ​ថា​ទាហាន​កងពល​លេខ៦ ដែល​ឈរជើង​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​មេត្រី​ភាព បាន​ចាប់ខ្លួន​កូន​ប្រុស​និង​ប្ដី​គាត់ និង​អ្នកភូមិ​ផ្សេង​ទៀត យក​ទៅ​ឃុំ​ខ្លួន​ដោយ​គ្មាន​មូល​ហេតុ៖ «ខ្ញុំ​សំណូមពរ​ថា បើ​ឥឡូវ​ហ្នឹង​ប្ដី​ខ្ញុំ​រក​មិន​ឃើញ​ទេ ធ្វើ​មិច​ជួយ​ដោះលែង​កូន​ខ្ញុំ​ ឲ្យ​ខ្ញុំ​ហ្នឹង​មាន​កម្លាំង​ចិត្ត​ផង។ ដើម្បី​ឲ្យ​វា​ហ្នឹង​បាន​ជា​ជំហរ​ បាន​នាំ​ខ្ញុំ​ដើរ​ឆ្ងាយ​អ៊ីចឹង។សូម​ដោះលែង​កូន​ខ្ញុំ​ទៅ កូន​ខ្ញុំ​វា​អត់​ដឹង​អី​ទេ។ ពេល​ដាក់​ញត្តិ​អី​ហ្នឹង​ទៅ គេ​ថា​ដោះលែងៗ នៅ​តែ​មិន​ឃើញ តាំង​ពី​ថ្ងៃ​ទី​២២​ហ្នឹង​មក»។

អាស៊ី​សេរី​មិន​អាច​​សុំ​ការ​បំភ្លឺ ពី​អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត លោក វុធ តារា និង អនុប្រធាន​ការិយាល័យ​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព លោក សោម សុផាត បាន​ទេ ទាក់ទិន​នឹង​រឿង​បាត់ខ្លួន​ពលរដ្ឋ​ម្នាក់​នេះ។

ក្រោយ​ពី​ចុះ​ស៊ើប​អង្កេត​ករណី​ចាប់​ខ្លួន​ពលរដ្ឋ១៤​នាក់​មាន​ម្នាក់​​បាត់​ខ្លួន​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត ឲ្យដឹង​ថា ទាំង​មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ខាង​តុលាការ​ រួម​ទាំង​មន្ត្រី​បរិស្ថាន​ អះអាង​ដូច​ៗ​គ្នា​ថា លោក ស៊ុំ ម៉ឺន ​បាន​រត់គេច​ខ្លួន​ពី​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព កាល​ពី​ថ្ងៃ​ទី​២១​មករា ខណៈ​អាជ្ញាធរ​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ។ លោក សំ អាត​ យល់​ថា ផ្អែក​តាម​ផ្លូវ​ច្បាប់ គឺ​ស្ថិត​នៅ​ក្នុង​ការសង្ស័យ​នៅ​ឡើយ​ ចំពោះ​ការ​លើកឡើង​របស់​អាជ្ញាធរ​អំពី​ការ​បាត់​ខ្លួន​ពលរដ្ឋ​នេះ។ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​រឿង​នេះ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​រក​មើល​ ថា​តើ​ការ​បាត់​ខ្លួន​លោក ស៊ុំ ម៉ឺន​ កើត​ចេញ​ពី​បញ្ហា​អ្វី៖ «យើង​បាន​ជួប​ហើយ​អាជ្ញាធរ​ហ្នឹង។ខ្ញុំ​ជឿ​ថា​អាជ្ញាធរ​ក៏​កំពុង​រក​ព័ត៌មាន​ពី​លោក ស៊ុំ ម៉ឺន ដូច​គ្នា​ដែរ។ យើង​ជា​សង្គម​ស៊ីវិល​ហើយ​ក៏​ដូច​ជា​គ្រួសារ​គាត់ កំពុង​រក​ព័ត៌មាន​ឲ្យ​ជាក់​លាក់​អំពី​លោក​ ស៊ុំ ម៉ឺន​ហ្នឹង​ដែរ ​ថា​តើ ​ក្រោយ​ពី​បាត់​ព័ត៌មាន​បាត់​ខ្លួន​មក​នេះ គាត់​ទៅ​កន្លែង​ណា សុខទុក្ខ​យ៉ាង​ណា​ហើយ»

កាលពី​ថ្ងៃទី២០ មករា លោក ស៊ុំ ម៉ឺន និង​កូន​ប្រុស​​ឈ្មោះ អឿ ឈៀន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន នៅ​ពេល​បើក​គោយន្ត​ដឹក​ឥវ៉ាន់​លក់​ចាប់​ហួយ​សំដៅ​ទៅ​ផ្ទះ ធ្វើដំណើរ​តាម​ផ្លូវ​ឆ្លងកាត់​រនាំង​ក្រុមហ៊ុន​មេត្រី​ភាព។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ លោកស្រី​ ភឹម ម៉ៅ​ប្រាប់​ថា អាជ្ញាធរ​ដែល​មាន​កម្លាំង​ទាហាន​ចូលរួម​ផង បាន​យក​កាំភ្លើង​វាយ​ធ្វើ​បាប​ពួក​គាត់។

ក្នុង​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​​៣៣០​គ្រួសារ​ជាមួយ​នឹង​ក្រុមហ៊ុន​មេត្រីភាព មាន​ពលរដ្ឋ​១៣​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ម្នាក់​​បាត់​ខ្លួន ហើយ​អ្នក​ភូមិ​ខ្លះ​ទៀត ​រត់​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។ ក្រៅ​ពី​នេះ​ពលរដ្ឋ​ថា កង​អន្តរាគមន៍​វីរ​យោធា​លេខ​២៦១ ឬ​ហៅ​ថា ក្រុម​​​កងកម្លាំង​ទាហាន​កងពល​លេខ៦ បាន​​ឈូស​កម្ទេច​ផល​ដំណាំ និង​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ជាច្រើន​ខ្នង។

កាលពី​ចុងខែ​មករា ឆ្នាំ​២០១៩ ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ៣៣០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព នាំគ្នា​មក​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ជូន​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះដីធ្លី ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ ២៥​នាក់ និង​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ ១៤​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ មាន​ម្នាក់​បាត់​ខ្លួន។ ក្រោយ​មក​នៅ​ថ្ងៃ​ទី៦ ​កុម្ភៈ អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម តំណាង​ក្រុមហ៊ុន និង​មន្ត្រី​សង្គម​ស៊ីវិល​មក​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​រវៀង​ពលរដ្ឋ ៣៣០​គ្រួសារ និង ក្រុមហ៊ុន​មេត្រីភាព​។ អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ក៏​សម្រេច​ដាក់​ចេញ​វិធានការ​៥​ចំណុច​សម្រាប់​រឿង​វិវាទ​ដី​ធ្លី​នេះ។

វិធានការ ៥​ចំណុច​នោះ​រួមមាន បង្កើត​ក្រុមការងារ វាស់វែង​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាក់ស្ដែង ជំរុញ​ឱ្យ​មានការ​ចុះបញ្ជី​ដី​ក្រុមហ៊ុន​មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន កំណត់​ព្រំ​ដី ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន។ ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​លើ​ដី​មាន​ជម្លោះ​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើសុំ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

មន្ត្រី​សមាគម អាហុក ប្រចាំ​ខេត្ត​ព្រះវិហារ​ លោក ឡោ ចាន់ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ឲ្យ​ដឹង​ថា​អាជ្ញាធរ​ខេត្ត​នៅ​មាន​កិច្ច​ប្រជុំ​មន្ត្រី​ជំនាញ​មួយ​លើក​ទៀត មុន​និង​ឈាន​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment